បឹងមានទំហំប្លែកៗពីគ្នា ទៅតាមកំនើតរបស់វា ហើយគេចែកបឹងជាប្រាំប្រភេទដូចខាងក្រោម ៖
- បឹងសំរុត ៖ ច្រើនតែធំៗ ហើយជ្រៅផងដែលមានកំនើតពីបំនាក់ស្រុតនៃសំបកផែនដី ដូចជាបឹងតង់កានីអ៊ីកា (ទ្វីបអាព្រិច) មានជំរៅ ១៤៣៥ម៉ែត្រ និងបឹងបៃកាល់នៅស៊ីបេរី (អាស៊ី)មានជំរៅ ១៧០០ម៉ែត្រ ។
- បឹងមាត់ភ្នំភ្លើង ៖ គឺបឹងដែលកើតពីមាត់ភ្នំភ្លើងងាប់ដែលមានរាងមូល ដូចជាបឹងយក្សឡោមនៅខេត្តេរតនគិរី ។
- បឹងថ្នក់ទឹកកក ៖ គឺជាបឹងដែលកើតពីថ្នក់ទឹកកកនៅតាមចង្កេះភ្នំ ក្រោយពីផែនទឹកកកបានរលាយបាត់អស់ទៅ ។
- បឹងទំបន់ ៖ កើតឡើងក្នុងជ្រលងដែលបិទដោយឧបសគ្គធម្មជាតិ ។ កាកទឹកកកក៏អាចបិទជ្រលង ហើយបង្កើតបានជាបឹង ។ កំអែភ្នំភ្លើងដែលហូរកាត់ទទឹងជ្រលងក៏អាចរាំងស្ទះជ្រលង បង្កើតបានបឹងដែរ ។ ក្រៅពីនេះបឹងខ្លះជាបាតឈូងសមុទ្រ ដែលលប់បំពេញដោយដីល្បាប់ដូចជាបឹងទន្លេសាប ។
- បឹងសិប្បនិមិ្មត ៖ គឺជាបឹងដែលកើតឡើងដោយមនុស្សធ្វើទំនប់កាត់ជ្រលង ដើម្បីទាញយកថាមពលវារីអគ្គិសនីរឺយកទឹកសំរាប់បញ្ចូលទៅក្នុងស្រែចំការ ។