សំនួរ
១. តើសីលធម៌សង្គមធ្លាក់ចុះបណ្តាលមកពីកត្តាអ្វីខ្លះ ?
២. តាមដែលអ្នកសង្កេតឃើញបច្ចុប្បន្ន តើសិស្សដែលទទួលបរាជ័យក្នុងការសិក្សា បណ្តាលមកពីអ្វី ?
៣. ទស្សនៈមួយបានលើកឡើងថា “ការបង្រៀនឱ្យគេចេះស្ទួចត្រី ប្រសើរជាងឱ្យត្រីគេហូប” ។ ចូរពន្យល់ទស្សនៈនេះដោយលើកឧទាហរណ៍នៅក្នុងការអប់រំមកបញ្ជាក់ ។
៤. គេថា “ ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយ” ។ ចូរស្រាយបំភ្លឺ ។
ចម្លើយ
១. សីលធម៌សង្គមធ្លាក់ចុះដោយសារកត្តាជាច្រើនដូចជា ៖
- ជាទូទៅអាជ្ញាធរ គ្រួសារ សាលារៀន មិនទាន់បានឯកភាពគ្នា ដោយឈរលើគោលការណ៍អប់រំសីលធម៌ដល់ប្រជាពលរដ្ឋ ឬកូនប្រុស ស្រី
- ការហូបចូលនៃវប្បធម៌បរទេស ដែលជាអំពើពាលាអាវ៉ាសែ
- បណ្តោញព័តមានដូចជា ភាពយន្ត ស៊ីចស៊ី ទស្សនាវដ្តីអាសអាភាស ល្បែងស៊ីសង ហ្គេម ខារ៉ាអូខេ
- ការប្រើប្រាស់គ្រឿងញៀន ថ្នាំសំរើប ចាប់ជម្រិតជួញដូរផ្លូវភេទ អំពើឆក់ប្លន់ បោកប្រាស ឃាតកម្ម
- ប្រជាពលរដ្ឋភាគច្រើនមានកម្រិតវប្បធម៌ទាប ជីវភាពក្រីក្រ
- ពួកគេមិនយកចិត្តទុកដាក់រៀនមុនវិជ្ជាសីលធម៌ពលរដ្ឋ ឬវប្បធម៌ អរិយធម៌ខ្មែរទេ ព្រោះគេមិនឱ្យតម្លៃ
- ការប្រើប្រាស់បក្សពួក និងអំពើពុករលួយមានគ្រប់ស្រទាប់វណ្ណៈនៃមជ្ឈដ្ឋានសង្គម
- មានសង្រ្គាមរុំារ៉ៃយូរអង្វែង
- បានបន្សល់ទុកពីមនោគវិជ្ជានៃបនប្រល័យពូជសាសន៍
- សង្គមទាំងមូលមិនឱ្យតម្លៃ ឬមិនលើកតំកើង ពីខឹមសារអប់រំសីលធម៌នៅគ្រប់កម្រិតសិក្សាឡើយ
- របត់សង្គមធ្វើឱ្យអ្នកមាន និងអ្នកក្រ មានគម្លាតឆ្ងាយពីគ្នាខ្លាំងពេក
- កង្វះមនសិការទទួលខុសត្រូវ ដូចជាការទប់ចិត្តអារម្មណ៍ស្រើបស្រាលរហូតហ៊ានប្រព្រឹត្តអំពើអាណាចារ ខុសសីលធម៌ ពិសេសចាប់រំលោភកូនឯងជាដើម ។
២. តាមដែលអ្នកសង្កេតឃើញបច្ចុប្បន្ន សិស្សដែលទទួលបរាជ័យក្នុងការសិក្សា បណ្តាលមកពី ៖
ក. កត្តាសង្គម
- អំពើពាលាអាវ៉ាសែក្នុងសង្គម (ឆក់ប្លន់ កាប់សម្លាប់ ល្បែងស៊ីសង គ្រឿងញៀន)
- ការសេពគប់មិត្តភក្តិមិនល្អ
- វប្បធម៌ពាលាអាវ៉ាសែរបស់បរទេស
- អំពើពុករលួយក្នុងសង្គម
- ភាពអត់ការងារធ្វើ ធ្វើឱ្យសិស្សបាក់ចិត្តក្នុងការសិក្សា ។
ខ. កត្តាគ្រួសារ
- កង្វះខាតនូវជីវភាពក្នុងគ្រួសារ
- គ្រួសារខ្វះការអប់រំ ឪពុកម្តាយគ្មានចំនេះដឹងនាំឱ្យគ្មានសមត្ថភាពអប់រំកូន
- ស្ថានភាពនិងបរិយាកាសមិនចុះសំរុងក្នុងគ្រួសារ
- គ្រួសារគ្មានភាពកក់ក្តៅ ឪពុកម្តាយគិតតែពីការងារមុនរបរ ឃ្លាតឆ្ងាយពីកូន ការយកចិត្តទុកដាក់តាមដាននិងផ្តល់លទ្ធភាព ទាំងផ្នែកស្មារតី និងសម្ភារៈក្នុងការសិក្សា និងការលូតលាស់បុគ្គលិកលក្ខណៈរបស់កុមារមិនបានសមស្រប
- ឪពុកម្តាយគ្មានមុខរបរច្បាស់លាស់ បង្ខំឱ្យកូនជួយធ្វើការងារចិញ្ចឹមជីវិត
- អំពើហិង្សា ការឈ្លោះទាស់ទែងគ្នា វាយកូនចៅ
- ការលែងលះគ្នានាំឱ្យប៉ះពាល់ដល់ការសិក្សារបស់កូន
គ. កត្តាសាលារៀន
- គ្រូបង្រៀន បរិយាកាសក្នុងម៉ោងបង្រៀនមិនគួរជាទីចាប់អារម្មណ៍របស់សិស្ស សមត្ថភាពនៃការបណ្តុះបណ្តាលនិងអប់រំមានកំរិតទាប ខ្វះសមត្ថភាពក្នុងការគ្រប់គ្រង
- បរិយាកាសថ្នាក់រៀន ៖ ការរៀបចំថ្នាក់រៀនមិនគោរពទៅតាមនិយាមគរុកោសល្យ (ថ្នាក់រៀនមានសិស្សច្រើនលើសលុប) ខ្វះខាតសម្ភារៈបង្រៀន
ឃ. កត្តាសកម្មភាពផ្ទាល់ខ្លួន
- មិនខិតខំរៀន (ខ្ចិលច្រអូស) = មានបញ្ញាអន់
- ការរីកលូតលាស់បុគ្គលិកលក្ខណៈមិនល្អ
- មានជម្ងឺប្រចាំកាយ ។
៣. ទស្សនៈ “ការបង្រៀនឱ្យគេចេះស្ទួយត្រីប្រសើរជាងឱ្យត្រីគេហូប”
ក. នេះជាទស្សនៈគរុកោសល្យមួយសំរាប់លោកគ្រូ អ្នកគ្រូក៏ដូចជាសម្រាប់អ្នកអប់រំទាំងឡាយក្នុងការបណ្តុះបណ្តាលសិស្ស និងធនធានមនុស្ស ។
ខ. ការបង្រៀនអោយគេចេះស្ទួចត្រី មានន័យថាគេត្រូវអប់រំមនុស្សឱ្យចេះប្រតិបត្តិ អនុវត្តរាល់ការងារ ចេះគិតគួរដោយខ្លួន ចេះបំពេញមុនវិជ្ជាជីវៈ ដើម្បីជីវិតរស់នៅរបស់ខ្លួន និងដើម្បីរួមចំណែកកសាងសង្គមជាតិ ។
គ. ការបង្រៀនអោយគេចេះគិតគូរ ចេះអនុវត្តរាល់ការងារ ចេះបំពេញមុខវិជ្ជាជីវៈ ប្រសើរណាស់ដើម្បីម្ចាស់ការសម្រាប់ខ្លួនម្នាក់ៗ ពោលគឹ គេអាចរស់ដោយខ្លួនគេអស់ជីវិត ។ ប្រសើរជាជាងឱ្យត្រីគេហូបមានន័យថាប្រសើរជាជាងការបង្រៀនផ្តល់ពុទ្ធិដល់គេតែមិនចេះអនុវត្តនិងរកស៊ីប្រកបរចិញ្ចឹមជីវិតដោយខ្លួនឯង ។
ឃ. តាមរយៈទស្សនៈខាងលើនេះ ក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស លោកគ្រូ អ្នកគ្រូត្រូវបង្រៀនសិស្សមានពុទ្ធិរឹងមាំ ចេះអនុវត្តប្រតិបត្តិ និងមានចំណេះចេះរស់នៅដោយខ្លួនឯងនាពេលអនាគត ។ ការបង្ហាត់បង្រៀនត្រូវផ្សារភ្ជាប់នឹងការអនុវត្ត ។ ត្រូវបណ្តុះបណ្តាលមុខវិជ្ជាជីវៈ ដើម្បីធានាមុខរបរមួយឱ្យសិស្ស ។
៤. ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយ
- ចិត្តវិទ្យា ៖ ជាវិទ្យាសាស្រ្តមួយសិក្សាពីបាតុភូតនៃចិត្តរបស់មនុស្ស
- វិទ្យាសាស្រ្តសង្គមជាវិទ្យាសាស្រ្តសិក្សាពីទ្រង់ទ្រាយនៃចលនារបស់សង្គម ។ ឧទាហរណ៍ អក្សរសាស្រ្ត , ប្រវត្តិសាស្រ្ត , សង្គមវិទ្យា , គរុកោសល្យ ។
- ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយព្រោះ
- វិទ្យាសាស្រ្តសង្គមទាំងអស់សុទ្ធតែសិក្សាពីមនុស្សទាំងអស់
- ដើម្បីស្គាល់មនសុ្សត្រូវមានចំណេះដឹងចិត្តវិទ្យា
- ចិត្តវិទ្យាអាចអោយអ្នកសិក្សាបញ្ហាទិសដៅ
- អ្នកសិក្សាវិទ្យាសាស្រ្តសង្គមទាំងអស់ ត្រូវមានមូលដ្ឋានចិត្តវិទ្យា ។ អាស្រ័យហេតុនេះចិត្តវិទ្យា គឹជាមាតានៃបណ្តាវិទ្យាសាស្រ្តទាំងអស់ ។