សំណួរ
១. ដូចម្តេចដែលហៅថាបរិស្ថាន ? មានអ្វីខ្លះ ? ចូររៀបរាប់ ?
២. តើគ្រូបង្រៀនត្រូវរួមចំណែកអ្វីខ្លះ ដល់ការកសាងនិងការពារបរិស្ថានឱ្យមានការអភិវឌ្ឍន៍ ?
៣. ក្នុងនាមជាគ្រូបង្រៀនម្នាក់ដើម្បីអប់រំសិស្សឱ្យមានការរីកចំរើនគ្រប់ផ្នែកចាំបាច់ត្រូវធ្វើការអប់រំបញ្ញា ស្មារតីនិងកាយសម្បទានដោយផ្សាភ្ជាប់ជានិច្ចទៅនឹង សីលធម៌នឹងគុណធម៌ ។ ចូរពន្យល់ ។
៤. ដើម្បីឱ្យប្អូនៗកុមារ កុមារី យុវជនក្លាយជា “ទំពាំងស្នងឬស្សី” ពិតប្រាកដ ដែលជាទីសង្ឃឹមរបស់ប្រទេសជាតិ ក្នុងនាមគ្រូជាបង្រៀនម្នាក់ តើអ្នកមានគោលបំនងអប់រំគេទាំងនោះយ៉ាងណាខ្លះ ?
៥. ការសិក្សាពីវប្បធម៌ អរិយធម៌ខ្មែរអាចឱ្យអ្នកមានចំណេះដឹងចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេះរស់នៅក្នុងសង្គមដូចម្តេចខ្លះ ?
៦. តាមទ្រឹស្តីនៃព្រះពុទ្ធសាសនាបានកំនត់ថា មនុស្សដែលអាចធ្វើមេដឹកនាំដ៏ល្អបានត្រូវឈរលើ “ខន្តីនិយមជានិច្ច” ។ តើគោលខន្តីសំខាន់ៗដែលត្រូវប្រកាន់មានអ្វីខ្លះ ?
ចម្លើយ
១. បរិស្ថានគឺជាអ្វីៗដែលនៅជុំវិញខ្លួនយើងដែលយើងមានទំនាក់ទំនងដោយ ផ្ទាល់ ឬដោយប្រយោលជាមួយវាហើយជីវិតត្រូវការខ្វះមិនបាន ។ បរិស្ថានទាំងនោះរួមមាន ៖ បរិស្ថានធម្មជាតិ បរិស្ថានមនុស្សនិងបរិស្ថានសង្គមវប្បធម៌ ។
ក. បរិស្ថានធម្មជាតិគឺជាអ្វីៗដែលកើតឡើងដោយឯកឯង ក្រៅពីសកម្មភាពពលកម្មផលិតកម្មរបស់ មនុស្ស គឹវាកើតឡើងដោយធម្មជាតិខ្លួនឯងផ្ទាល់ ។ និយាយម៉្យាងទៀត គឹរាល់សរីរាង្គ ដែលកើតឡើងដោយភាវៈធម្មជាតិដែលផ្សំបង្កើតឱ្យវាមានឡើង ។ ឧ. ធម្មជាតិគ្មានជីវិត ៖ ទឹក ដី ភ្លើង ខ្យល់ ។ ឧ. ធម្មជាតិមានជីវិត ៖ សត្វគ្រប់ប្រភេទរាប់ម៉ឺនជំពូករុក្ខជាតិនានារាប់សិន ប្រភេទ ។
ខ. បរិស្ថានសង្គមវប្បធម៌ (មានជីវិត និងឥតជីវិត) គឺអ្វីៗដែលកើតមានរូបរាងឡើងដោយស្នាដៃពលកម្មផលិតកម្មប្រកបដោយការ ប៉ិនប្រសប់ និងច្នៃប្រឌិតរបស់មនុស្សដើម្បីសំនូរពរ និងតំរូវការក្នុងជីវភាពរស់នៅ ។ ដោយសមិទ្ធិផលនៃបរិស្ថានសង្គមវប្បធម៌នេះបានញុំាឱ្យមនុស្សចាក់ផុតពីភាពចំនុះធម្មជាតិនិងដកខ្លួនឱ្យចេញផុតពីស្ថានភាពជាសត្វ ។ ប៉ុន្តែរាល់សមិទ្ធិផលទាំងនោះមនុស្សបានច្នៃបង្កើតឡើងដោយធ្វើការកែច្នៃបរិស្ថានធម្មជាតិបើគ្មានបរិស្ថានធម្មជាតិ គឺមិនមានបរិស្ថានសង្គមវប្បធម៌បានឡើយ ។ ឧ. បរិស្ថានសង្គមវប្បធម៌គ្មានជីវិត ៖ អគារផ្សេងៗ ផ្លូវថ្នល់ ស្ពាន ក្រុង ភូមិនានា ប្រលាយទឹក ប្រព័ន្ធធារាសាស្រ្ត ឧបករណ៍ផលិតកម្ម បច្ចេកទេសផលិតកម្ម សំណង់ ។ ឧ. ផលិតកម្មបរិស្ថានសង្គមវប្បធម៌មានជីវិត ៖ ដូចជាសកម្មភាពសង្គម ស្ថាប័ន ការគ្រប់គ្រងដឹកនាំសង្គមនយោបាយសេដ្ឋកិច្ច ការអប់រំ សាសនាប្រវត្តិសាស្រ្ត ការរាំ កំសាន្ត ។
២. បរិស្ថានមនុស្ស (មានជីវិត និងគ្មានជីវិត) គឺជាមនុស្សជាតិទូទៅរស់នៅលើភពផែនដី ។
- បរិស្ថានមនុស្សមានជីវិត មនុស្សដែលកំពុងតែមានជីវិតរស់នៅសព្វថ្ងៃ គឺស្ថិតនៅក្នុងចំណោមភាវៈមានជីវិត
- បរិស្ថានមនុស្សឥតមានជីវិត គឹមនុស្សដែលបានបាត់បង់ជីវិតទៅហើយ (បុព្វបុរសជំនាន់មុន) និងមនុស្សជំនាន់ក្រោយដែលពុំទាន់មានកំណើតគឹស្ថិតនៅក្នុងភាវៈឥតជីវិត ។ គ្រូបង្រៀនត្រូវរួមចំណែកដល់ការកសាងនិងការពារបរិស្ថានដើម្បីឱ្យមានការ អភិវឌ្ឍព្រោះបរិស្ថានជាភាវៈសំរាប់ទ្រទ្រង់ភាវៈគ្មានជីវិត និងមានជីវិតហើយជាប្រភពធនធានធម្មជាតិដែលជាប្រភពនៃជីវិតព្រមទាំងវត្ថុធាតុដើម សំរាប់ធ្វើការកៃច្នៃ បង្កើតភោគទ្រព្យនានាសំរាប់បំរើតំរូវការរបស់មនុស្ស ។ កន្លងមកបើមនុស្សគ្រាន់តែ ទាញផលពីធម្មជាតិដើម្បីបំរើសំណូមពរចាំបាច់នៃជីវភាពប្រចាំថ្ងៃ ធនធានធម្មជាតិក៏ដូចជាបរិស្ថានមិនទទួលនូវការវិនាស ខូតខាត បាតុល្យភាពជះឥទ្ធិពលអាក្រក់ដល់ ប្រព័ន្ធអេកូឡូស៊ីនៃភពផែនដីឡើយ ។ យើងដឹងហើយថាឆ រាល់អង្គធាតុសុទ្ធតែឡើងពី ធាតុផ្សំនៃរូបធាតុនិងកត្តាផ្សេងៗតែបើកត្តាណាមួយត្រូវវិនាសខូចខាត អង្គធាតុនោះមិនអាចមានលក្ខណៈរឹងមាំបានយូរអង្វែងឡើយ ។ ចំពោះមុខទោះបីបរិស្ថានធម្មជាតិ ឬភពផែនដីអាចបន្តពូជមនុស្សឱ្យរស់នៅបានតែបរិស្ថានសព្វថ្ងៃមានការប្រែប្រួលគួរឱ្យព្រួយបារម្ភដូចជាការកើនឡើង នៃកំដៅ គ្រោះទឹកជំនន់ គ្រោះទឹកជំនន់ គ្រោះរាំងស្ងូតរដូវមិនទៀង បណ្តាលឱ្យមានគ្រោះទុរភិក្ស ហើយបញ្ជាក់ថាបរិស្ថាននៃភពផែនដីទទួលរងការខូតខាតដ៊ោយសារសកម្មភាពមនុស្ស ។ ដូច្នេះយើងត្រូវតែអប់រំមនុស្សទាំងអស់ឱ្យពួកគេ យល់ថា កិច្ចកសាងការពារបរិស្ថានជាភារកិច្ចរបស់យើងទាំងអស់គ្នា និងមនុស្សជាតិសកលលោកទាំងមូល “ជួយការពារគុណភាពបរិស្ថាន” មានន័យថាស្រលាញ់ខ្លួន ស្រលាញ់ជាតិហើយបានរៀបចំអនាគតល្អសំរាប់កូនចៅជំនាន់ក្រោយ ថែមទាំបានស្រលាញ់មនុស្សជាតិទាំងមូលលើភពផែនដី ។
២. ក្នុងនាមជាគ្រូបង្រៀនម្នាក់ដើម្បីអប់រំសិស្សឱ្យមានការរីកចំរើនគ្រប់ផ្នែកចាំបាច់ត្រូវធ្វើការអប់រំបញ្ញា ស្មារតីនិងកាយសម្បទានដោយផ្សាភ្ជាប់ជានិច្ចទៅនឹង សីលធម៌ គុណធម៌ជានិច្ច ៖
ក. ការអប់រំបញ្ញាសា្មរតី
- ធ្វើឱ្យមនុស្សម្នាក់ៗមានពុទ្ធិគ្រប់គ្រាន់ឈ្លាស់វៃ ច្នៃប្រឌិតខ្ពស់ប្រកបដោយ តំលៃជីវិតស្របតាមគោលដៅអប់រំដែលមានលក្ខណៈត្រឹមត្រូវ និងទៅតាម គុណធម៌
- ចំនេះដឹងវិទ្យាសាស្ត្របច្ចេកទេស
- ចំណេះអនុវត្តលើគ្រប់ការងារ
- ចំណេះចេះរស់នៅត្រឹមត្រូវទៅតាមតំរូវការរបស់សង្គមសមស្របជាមនុស្សជឿនលឿនមានមនសិការជាតិថែរក្សាជាតិ និងសាមគ្គីជាតិ
ខ. ការអប់រំកាយសម្បទាន
- អប់រំរូបរាងកាយឱ្យមាំមួនមានសុខភាពល្អអាចបញ្ចេញកំលាំងខ្លាំងក្លាក្នុង ការពារនិងកសាងប្រទេសជាតិឱ្យជឿនលឿន ជាហេតុនាំឱ្យវប្បធម៌អរិយធម៌រីកចំរើន ។
- សន្និដ្ឋាន ៖ ការអប់រំបញ្ញាសា្មរតីនឹងកាយសម្បទានចាំបាច់ត្រូវផ្សារភ្ជាប់ សមត្ថភាព ស្មារតី រូបរាងកាយ ។ ការអប់រំទាំងនេះមិនផ្តាច់ចេញពីផ្នែកណាមួយឡើយ ។ បើពុំដូចនេះទេការអប់រំពុំអាចធ្វើឱ្យសង្គមជាតិលូតលាស់បានឡើយ ។ ផ្ទុយទៅវិញវានឹងធ្វើឱ្យមហន្តរាយដល់វប្បធម៌ និងសង្គមរបស់ជាតិថែមទៀតផង ។
៣. ដើម្បីឱ្យប្អូនៗកុមារ កុមារី យុវជនក្លាយជា “ទំពាំងស្នងឬស្សី” ពិតប្រាកដ ដែលជាទីសង្ឃឹមរបស់ប្រទេសជាតិ ក្នុងនាមគ្រូជាបង្រៀនម្នាក់មានគោលបំណងដូចតទៅ ៖
ក. យុវជនជាមនុស្សកំពុងលូតលាស់ខាងកាយសម្បទាននិងបញ្ញា ៖
- ពន្លកដែលក្លាយជាដើមឬស្សី
- មនុស្សដែលអភិវឌ្ឍន៍ខ្លួនដើម្បីក្លាយជាពលរដ្ឋ
- កុមារ កុមារី យុវជនជាទំពាំងស្នងឬស្សីប្រៀបដូចជាពលរដ្ឋត្រូវបន្តវេនពី មនុស្សចាស់តៗគ្នា
- ទំពាំងល្អក្លាយជាឬស្សីល្អ
ខ. គោលបំណង
- កុមារ កុមារី យុវជនល្អក្លាយជាពលរដ្ឋត្រូវមានចំណេះដឹងសីលធម៌ គុណធម៌វិទ្យាសាស្រ្ត បច្ចេកទេសជឿនលឿន គោរពសិទ្ធិមនុស្សប្រជាធិបតេយ្យ និងបរិស្ថានបានល្អ មានសុខភាពមាំមួនមានមនសិការខ្ពស់មានសាមគ្គីភាពល្អ មានល្បិចនិងវិធីសាស្រ្តដើម្បីផ្តល់ចំណេះដឹង និងការអប់រំដល់មនុស្ស កុមារ កុមារី យុវជនឱ្យក្លាយជាពលរដ្ឋល្អពិតប្រាកដ ។
- ខិតខំស្រាវជ្រាវចំណេះដឹងថ្មីៗ ដើម្បីផ្ទេរទៅឱ្យសិស្ស
- ស្រាវជ្រាវ បទពិសោធន៍ល្អៗ ផ្តល់ឱ្យសិស្ស
- ត្រូវចេះអភិវឌ្ឍខ្លួន ស្វ័យអភិវឌ្ឍជានិច្ច ។
៤. ការសិក្សាពីវប្បធម៌ អរិយធម៌ខ្មែរអាចឱ្យអ្នកមានចំណេះដឹងចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេះរស់នៅក្នុងសង្គមដូចជា ៖
ក. ចំណេះដឹង
- បើលាយនូវចំណេះដឹងទូទៅឱ្យបានទូលំទូលាយបន្ថែមទៀតស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិនិងព្រលឹងជាតិ
- យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមានដែលល្អហើយគេស្របនិងគេទទួល ស្គាល់តាំងពីបុរាណកាល
ខ. ចំណេះធ្វើ
- បណ្តុះមនោសញ្ចេតនាលើការងារគ្រប់ផ្នែកដោយស្រលាញ់ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ
- ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌ អរិយធម៌របស់ជាតិឥរិយាបទ ដេក ដើរ ឈរអង្គុយ ទំនៀមកទំលាប់ ប្រពៃណី ជំនឿសិល្បៈ
- ចេះយកអ្វីដែលមិនមែនជារបស់ជាតិខ្លួនមកកែច្នៃប្រឌិតឱ្យសមស្របតាម ចំណង់ចំនូលចិត្តរបស់ប្រជាជាតិខ្លួន ឱ្យមកជាលក្ខណៈខ្លួនសមស្របតាមដួងព្រលឹងរបស់ជាតិ
- ចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេស ទាំងឡាយណាដែលមកបំផ្លាញដល់វប្បធម៌អរិធម៌ជាតិខ្លួន
គ. ចំណេះអប់រំ
- ធ្វើ់ការអប់រំឱ្យស្វែងយល់កាន់តែស៊ីជំរៅលើអត្តសញ្ញាណជាតិនិងដួងព្រលឹង របស់ជាតិខ្មែរ (ប្រជាជន ទឹកដី ប្រវត្ថិការគ្រប់គ្រងភាសា អក្សរសិល្ប៍ សិល្បៈ ទំនៀម ទំលាប់ ប្រពៃណី ជំនឿ សាសាន ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូចគ្នា ។
ឃ. ចំណេះរស់នៅក្នុងសង្គម
- ចេះរស់នៅប្រកបដោយចរិយាធម៌និងគុណធម៌ដើម្បីរស់នៅសមរម្យក្នុង សង្គម
- ចេះយកទ្រឹស្តី រីដំបូន្មានទាំងឡាយណាដែលដឹកនាំមនុស្សទៅរកផ្លូវល្អ
- ស្គាល់កាត្វកិច្ច និងស្វ័យអប់រំខ្លួនឱ្យក្លាយទៅជាពលរដ្ឋល្អ
- មានមនសិការក្នុងវិជ្ជាជីវៈតាមសម្មាជីវោមិនរំលោភលើអ្នកដទៃ
- មានសាមគ្គីភាពល្អ ស្រលាញ់យុត្តិធម៌ស្រលាញ់មនុស្សជាតិទូទៅ
- ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ
- មានទំនាក់ទំនងល្អជាមួយជាតិ និងអន្តរជាតិមិនប្រកាន់ជាតិសាសនា ជំនឿ សាសនា ។
៥. តាមទ្រឹស្តីនៃព្រះពុទ្ធសាសនាបានកំនត់ថា មនុស្សដែលអាចធ្វើមេដឹកនាំដ៏ល្អបានត្រូវឈរលើ “ខន្តីនិយមជានិច្ច” គោលខន្តីសំខាន់ៗដែលត្រូវប្រកាន់មាន ៖
- ខន្តីចំពោះសេចក្តី លំបាក គឺការភអត់ធន់ចំពោះការលំបាករបស់ការងារ មិនរុញរាចំពោះឧបសគ្គ ការនឿយហត់ សេចក្តីស្រេកឃ្លានក្តៅត្រជាក់ជាដើម ។
- ខន្តីចំពោះទុក្ខវេទនា ៖ ដូចជាការឈឺចាប់ ជំងឺតម្កាត់ភាពសោកស់ភ ការព្រាត់ ប្រាស់ របួសជាដើម ។
- ខន្តីចំពោះការឈឺចិត្ត ៖ ដូចជាការរងទទួលភាពអយុត្តិធម៌ដោយត្រូវគេនិន្ទា មូលបង្កាច់ ចំអកឡកឡឹយប្រមាថមើលងាយ រារាំងមិនឱ្យសំរេចកិច្ចការជាដើម ។
- ខន្តីចំពោះអំនាចកិលេស ៖ ដូចជាអត់ធន់ចំពោះវត្ថុដែលមកជន្លអារម្មណ៍របស់យើងឱ្យស្រើបស្រាល ។ អត់ធន់ចំពោះការបញ្ជោរ អួតលើកជើង ចង់អំណាចមិនត្រឹមត្រូវ តាមធម៌ ។ ពិសេសអត់ធន់ចំពោះចិត្តដែលចង់ស្រេចតែចិត្តចង់់ខ្វះការពិចារិណា ដូចគេថា “គើគតិមុនគូ” ។
- ខន្តីចំពោះបដិបត្តិធម៌គឺការបដិបត្តិតាមទសពិធរាជធម៌ទាំង ១០ឱ្យបានត្រឹមត្រូវ ។
- ខន្តីចំពោះភាព ល្ងង់ខ្លៅរបស់ខ្លួន គឺត្រូវចេះអត់ធន់មិនបង្ខំធ្វើអ្វីដែលខ្លួន បានទាំងងងើលគ្មានការសិក្សាឡើយ ព្រោះនាំឱ្យមានផលអាក្រក់ ។
- ខន្តីចំពោះអ្នកតូចរឺអ្នកក្រោមបង្គាប់ ៖ ដើម្បីជៀសផុតពីការបែកបាក់គ្នាជីវិតជាវត្ថុដ៏មានតំលៃបំផុត ។