ពន្យល់ថា “លោកគ្រូអ្នកគ្រូជាវិស្វករព្រលឹង” ៖
ដើម្បីជាត្រីវិស័យ ក្នុងការចង្អុលបង្ហាញ នូវឃ្លាលើនេះគប្បីយើងយល់ន័យនៃពាក្យ ៖
- វិស្វករ មានន័យជាអ្នកសាងសង់ ។
- ព្រលឹង មានន័យថាជាវិញ្ញាណដែលស្ថិតនៅក្នុងខ្លួនមនុស្ស ។ មនុស្សគ្មានព្រលឹងប្រាកដជាក់ជាស្លាប់មិនខាន ។ គ្រូបង្រៀន ត្រូវបានគេ ចាត់ទុកថាជាវិស្វករព្រលឹងមានន័យថាគ្រូបង្រៀនខុសពីមន្រ្តីរាជការឯទៀតៗ វិស្វករព្រលឹងរបស់គ្រូគឺ សំដៅលើតួនាទីរបស់គ្រូ ក្នុងការកសាងមនុស្សឱ្យក្លាយទៅជា អ្នកមានព្រលឹងពោលគឺមនុស្សដែលមានចំណេះដឹង ជ្រៅជ្រះ ប្រកបដោយ មនសិការ សីលធម៌និងគុណធម៌ ។ ឯវិស្វករសំណង់មានតួនាទីជាអ្នកសាងសង់ នូវអាគារស្ពានសាលារៀន ផ្លូវថ្នល់ជាដើម ការសាងសង់អាគារស្ពានធំៗវាមានភាពងាយស្រួល ជាងការកសាងបណ្តុះបណ្តាលធនមនុស្ស ពីព្រោះរាល់វត្ថុដែលយកប្រើប្រាស់សុទ្ធតែជាវត្ថដែលគ្មានវិញ្ញាណ ។ ផ្ទុយទៅវិញចំពោះគ្រូបង្រៀនពិតមានការលំបាកណាស់ នៅក្នុងការបណ្តុះបណ្តាលមនុស្សឱ្យមានធនធាន ។ មនុស្សមានធនធាន ៦យ៉ាងគឺ ៖
- ចំណេះដឹង
- សីលធម៌
- ជំនាញ
- បញ្ញា
- បំណិនប្រសព្វ
- កាយសម្បទាមាំមួន
- ម៉្យាងទៀតគ្រូបង្រៀន ប្រសិនបើអប់រំមនុស្សខុសគឺខុសមួយជីវិត នេះជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់អាជីព ជាគ្រូបង្រៀន ។ ដូច្នេះគ្រូបង្រៀនត្រូវតែមានបម្រុងប្រយ័ត្នខ្ពស់ក្នុងការអប់រំមនុស្សទើបសក្តិសមទៅនឹងពាក្យថា “គ្រូបង្រៀនជាវិស្វករព្រលឹង” ។