2019-04-05 17:02
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
វីល្លាម ឃែរី យកដៃចាប់ផ្ងារស្រោមសំបុត្រ។ គាត់ផ្អៀងផ្អងមើលអក្សរដៃឆ្មារៗ ដែលសរសេរ លើស្រោមសំបុត្រនោះ។ សំបុត្រនោះ ផ្ញើមកពីវេជ្ជបណ្ឌិត ចូន ថូម៉ាស និងមានបិទតែមក្រុងឡុងដ៍។ វីល្លាមវះបើកសំបុត្របណ្ដើរ រកនឹកបណ្ដើរថាតើ ម្នាក់នៅក្រុងឡុងន៍នោះ មានទំនាក់ទំនងអ្វីនឹងគាត់ទៅ។ ខ្លួនគាត់មិនដែលទៅក្រុងឡុងដ៍ផង ពិតជាគិតមិនចេញថា ជានរណានោះឡើយ។
វីល្លាមទាញសំបុត្រចេញមក ហើយផ្ដើមអាន។ កាន់តែអាន កាន់តែរំភើប។ វេជ្ជ.ថូម៉ាស បានទៅរស់នៅ ក្នុងតំបន់បេងកាល់ នៃប្រទេសឥណ្ឌា ៤ឆ្នាំហើយ។ ដើមឡើយ គាត់បានធ្វើដំណើរ ទៅកាន់ឥណ្ឌា ក្នុងឋានៈជាគ្រូពេទ្យប្រចាំទូក។ ពេលស្នាក់នៅកាល់គូថា គាត់បានក្លាយជាគ្រិស្ដៀន រួចភ្លាមៗបន្ទាប់ពីនោះ ដោយសារមានតម្រូវការផ្នែកវិញ្ញាណ និងផ្នែកវេជ្ជសាស្ដ្រច្រើនពេក គាត់ក៏ចាកចេញពីទូក ដើម្បីស្នាក់នៅបន្ដ និងធ្វើការជួយប្រជាជន នៅទីនោះ តែម្ដងទៅ។ នៅទីនោះ គាត់បានចងមិត្ត ជាមួយគ្រិស្ដបរិស័ទអង់គេ្លសជាច្រើនរូប ដែលជួយផ្ដល់ប្រាក់កាស ឱ្យគាត់បន្ដការងារ ដែលគាត់ត្រូវធ្វើ។ តែចុងបញ្ចប់ ប្រាក់នោះក៏អស់ទៅ ហើយវេជ្ជ.ថូម៉ាស ត្រូវត្រឡប់មកអង់គ្លេស រៃអង្គាសបន្ថែមទៀត ដើម្បីអាចត្រឡប់ ទៅតំបន់បេងកាល់វិញ។ ពេលគាត់មកដល់ក្រុងឡុងដ៍ មិត្តម្នាក់ប្រាប់គាត់ ពី វីល្លាម ឃែរី និងសមាគមបេសកកម្មថ្មីនោះ។
ជារឿងទៅរួចទេ ដែលព្រះជាម្ចាស់ នឹងចាប់បញ្ជូនបេសកជនដំបូង មកកាន់ពួកគេ ក្នុងពេលឆាប់ៗនេះ? វីល្លាមអានបណ្ដើរ គិតបណ្ដើរ។ ក្រោយអានចប់ វីល្លាមក៏អន្ទះសា ចង់ចូលរួម កិច្ចប្រជុំ នៃគណៈកម្មការសមាគមបេសកកម្ម ឱ្យបានឆាប់ ដើម្បីចែកចាយខ្លឹមសារ ក្នុងសំបុត្រនោះ ដល់អ្នកផ្សេងទៀត។
សមាជិកគណៈកម្មការ ពេញចិត្តពេញថ្លើម នឹងសំបុត្រនោះ ដូចវីល្លាមដែរ។ អានឌ្រូ ហ៊្វូលល័រ ទទួលភារកិច្ចសរសេរតប ទៅវេជ្ជ.ថូម៉ាស និងអញ្ជើញគាត់ មកចូលរួម កិច្ចប្រជុំគណៈកម្មការ លើកក្រោយ នៅខេថថឺរីង។ កិច្ចប្រជុំនោះចាត់ឡើង នៅថ្ងៃ១០ខែមករាឆ្នាំ១៧៩៣។
វេជ្ជ.ថូម៉ាស ដែលយល់តាមលិខិតអញ្ជើញនោះ មកដល់យឺត ដូច្នេះកិច្ចប្រជុំ ក៏ចាប់ផ្ដើម ដោយគ្មានរូបគាត់។ ទីបញ្ចប់ ខណៈកិច្ចប្រជុំជិតចប់ ក៏ឮសំឡេងមនុស្សគោះទ្វារ។ វីល្លាមរូតរះទៅបើកទ្វារ ព្រោះចង់ជួបចង់ទទួល បេសកជនរូបពិតសំឡេងពិតនោះ ឱ្យបានមុនគេ។ គាត់ចាប់ដៃវេជ្ជ.ថូម៉ាសរលាក់ ដោយអារម្មណ៍រំភើបអស់ពីចិត្ត ហើយសង្កេតឃើញថា មើលទៅវេជ្ជ.ថូម៉ាស អាយុបងគាត់ ប្រហែល៥ឆ្នាំប៉ុណ្ណោះ និងមានកម្ពស់លើសគាត់ ៦អ៊ិញ។
ត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ វីល្លាមក៏មានអារម្មណ៍ថា គាត់និងវេជ្ជ.ថូម៉ាស ហាក់ដូចជាមិត្តចាស់ ដែលស្គាល់គ្នាយូរហើយ។ វេជ្ជ.ថូម៉ាស ជាមនុស្សដែលឆេះឆួល ក្នុងការផ្សព្វផ្សាយសារដំណឹងល្អ ជាមួយមនុស្សក្រៅសាសនា ដូចរូបវីល្លាមដែរ។ វេលាល្ងាចនោះ កន្លងទៅលឿនណាស់។
វីល្លាមដែលបានសរសេរសៀវភៅបេសកកម្ម ផ្ទុកដោយទិន្នន័យជាច្រើន និងកម្រាស់ក្រាស់ជាងគេ នៅសម័យនោះ មានសំណួរច្រើនណាស់ ដែលត្រូវសួរបេសកជនរូបពិតសំឡេងពិតម្នាក់នេះ។ ដើម្បីចិញ្ចឹមគ្រួសារនៅឥណ្ឌា តើគេត្រូវការប្រាក់ប៉ុន្មាន? តើវេជ្ជ.ថូម៉ាស ចេះនិយាយភាសាបេងកាល់ទេ? តើគាត់មានសំណេរសំណៅជាភាសានោះ ដែលអាចយកមកមើលឱ្យដឹងថា វាមានរូបរាងយ៉ាងម៉េចដែរទេ? តើមានជនជាតិឥណ្ឌាប៉ុន្មាននាក់ ដែលចេះភាសាអង់គ្លេស? តើមានឯកសារគ្រិស្ដៀនអ្វី ដែលបានបោះពុម្ព ជាភាសាដើមរបស់ពួកគេរួចហើយ? តើវេជ្ជ.ថូម៉ាស បានធ្វើឱ្យមាន មនុស្សប្ដូរជំនឿ ប៉ុន្មាននាក់ហើយ? តើគេត្រូវការប្រាក់ប៉ុន្មាន ដើម្បីសង់តៀមតូច១ ពីដីនិងចំបើង នៅឥណ្ឌា? គាត់សួរ១ហើយ១ទៀត ហើយពេលកាន់តែស្ដាប់វេជ្ជ.ថូម៉ាស វីល្លាមកាន់តែរំភើប និងទទួលបានកម្លាំងបណ្ដាលចិត្តខ្លាំងឡើងៗ។
ចុងបញ្ចប់ វេជ្ជ.ថូម៉ាស ក៏ទាញយកសំត្រ១ច្បាប់ ពីហោប៉ៅ យកមកអាន២-៣បន្ទាត់។ ជាសំបុត្រផ្ញើមក ពីពួកព្រាហ្មណ៍ជាន់ខ្ពស់ (សមាជិកវណ្ណៈបញ្ញវ័ន្ដរបស់ឥណ្ឌា) ដែលគាត់ធ្លាប់អធិប្បាយដំណឹងល្អឱ្យស្ដាប់។ ពួកព្រាហ្មណ៍ទាំងនោះ សរសេរថា "សូមអាណិតដល់យើង សូមបញ្ជូនគ្រូអធិប្បាយមកឯយើង មកជួយប្រែឯកសារ ឱ្យយើងបានអានបានមើលផង។"
ពេលវីល្លាម ស្ដាប់ឮពាក្យទាំងនេះ បេះដូងគាត់ស្ទើរលោតចេញមកក្រៅទ្រូង។ គាត់ដឹងថា ព្រះជាម្ចាស់ផ្ដល់អំណោយទាន ឱ្យគាត់រៀនភាសាឆាប់ចេះ ហើយពេលនេះ មានមនុស្សក្រៅសាសន៍ កំពុងចង់បានមនុស្ស ទៅជួយប្រែព្រះគម្ពីរឱ្យពួកគេ។ ខណៈនោះឯង ដែលវីល្លាមដឹងថា គាត់ត្រូវតែទៅឥណ្ឌា។
ក្រោយដាក់សំបុត្រ ចូលហៅប៉ៅវិញ វេជ្ជ.ថូម៉ាសនិយាយបន្ដ ដោយចិត្តរំភើប និងសំឡេងលាន់ឮជាងមុនថា “នៅទីនោះ ជនជាតិអង់គ្លេស មិនពិបាករកការងារធ្វើទេ។ ត្រឹម៣ខែ រកបានហើយ។ នឹងមានប្រាក់ខែ ល្មមចិញ្ចឹមខ្លួនឯងនិងគ្រួសារ ហើយសល់ខ្លះ សម្រាប់ចំណាយ ក្នុងកិច្ចការអធិប្បាយដំណឹងល្អទៀតផង។”
នេះជាអ្វី ដែលវីល្លាមចង់ស្ដាប់ចង់ឮយូរហើយ។ ក្នុង“សំណើ” ជាសៀវភៅគាត់នោះ គាត់បានផ្ដល់យោបល់ថា សមាគមបេសកកម្ម ត្រូវបង់ថ្លៃធ្វើដំណើរទៅបរទេស និងថ្លៃតាំងទីលំនៅថ្មី ឱ្យបេសកជន។ តែបេសកជន ត្រូវរកការងារ និងមានសមត្ថភាពឧបត្ថម្ភ ខ្លួនឯង កាន់តែលឿនកាន់តែល្អ។ ពេលនេះ បេសកជនរូបពិតសំឡេងពិត កំពុងឈរជ្រងោមុខគាត់ ហើយផ្ដល់យោបល់ថា នៅឥណ្ឌា វិធីនេះ អាចទៅរួច។
“តើលោកចង់ឱ្យយើងជួយអ្វីទេ?” អានឌ្រូ ហ៊្វូលល័រ សួរវេជ្ជ.ថូម៉ាស។ “សូមជួយបង់ថ្លៃចាយវាយ ឱ្យខ្ញុំ ប្រពន្ធខ្ញុំ និងកូនស្រីខ្ញុំ ១ឆ្នាំដំបូង ព្រោះខ្ញុំ ត្រូវទៅបេងកាល់វិញ ហើយបន្ដកិច្ចការ ដែលខ្ញុំបានចាប់ផ្ដើមនោះ។”
មនុស្សនៅក្នុងបន្ទប់នោះ ងក់ក្បាលព្រមៗគ្នា។
“ហើយមាន១ទៀត” វេជ្ជ.ថូម៉ាសបន្ថែម។ “បើមានគូកនស័ក្ដិសមណាម្នាក់ អាចទៅជាមួយខ្ញុំបាន កាន់តែល្អ ព្រោះបើមានគ្នា យើងនឹងធ្វើបានច្រើន ជាងធ្វើម្នាក់ឯង។”
បេះដូងវីល្លាម លោកក្ឌុកក្ឌាក់ៗ ស្ទើរធ្លាយចេញពីទ្រូង។ គាត់ហ្នឹងហើយ ជាគូកនដែលស័ក្ដិសមនោះ។ គាត់ដឹង។ គាត់ក៏ងើបឈរយ៉ាងខែងរ៉ែង។ “ខ្ញុំនឹងទៅ” គាត់ប្រកាសឡើង។
ភ្នែកគ្រប់ដួង បែរមករកគាត់។
“ខ្ញុំនឹងទៅ” គាត់និយាយសាឡើងវិញ។
“ហ្នឹងហើយ។ ទៅចុះ! នៅឥណ្ឌា មានអណ្ដូងរ៉ែមាសនៃដួងព្រលឹង ដែលត្រូវការមនុស្សទៅជីក” អានឌ្រូ ហ៊្វូលល័រ និយាយឡើង រួចស្ទុះទៅចាប់ដៃមិត្តរលាក់។
“ខ្ញុំនឹងចុះក្នុងអណ្ដូងរ៉ែនោះ” វីល្លាមតប ដោយទឹកមុខម៉ឺងម៉ាត់ “បើអ្នករាល់គ្នា ជួយកាន់ខ្សែឱ្យខ្ញុំ។”
នោះជាខណៈពេល ដែលសំខាន់ណាស់។ វីល្លាមសម្លឹងមើលមុខ អានឌ្រូ ហ៊្វូលល័រ, ចន ស៊ូតគ្លីហ្វ, និង ចន រ៉ាយលែនដ៍ យ៉ាងប្រយ័ត្នប្រយែង។ បើគាត់ទៅឥណ្ឌាមែន គឺពួកគេទាំននេះហើយ ដែលគាត់ជឿជាក់១០០ភាគរយថា នឹងជួយឧប្ថម្ភគាត់។ មនុស្សទាំង៣នាក់ ក៏ខិតមកឈរអមវីល្លាម ហើយសន្យានឹងគាត់។ “ខ្ញុំសន្យាថា ខ្ញុំនឹងជួយឧប្ថម្ភអ្នក រហូតដល់ថ្ងៃខ្ញុំស្លាប់ទៅ មិនថាមានអ្វីកើតក៏ដោយ” ពួកគេនិយាយម្ដងម្នាក់ៗ។ ពេលនោះឯង ទីនោះឯង ដែលបុព្វហេតុសម្រាប់ខ្សែជីវិត ដែលនៅសេសសល់របស់វីល្លាម បានតាំងស៊ប់មាំ។ គាត់ដឹងថា នឹងគ្មានពាក្យថា ត្រឡប់ក្រោយនោះឡើយ។
វីល្លាមនិងវេជ្ជ.ថូម៉ាស និយាយគ្នា រហូតយប់ជ្រៅ។ លុះដល់ពេលព្រឹកឡើង ជាពេលដែលពួកគេ ត្រូវបែកចាកពីគ្នានោះ ផែនការទាំងអស់ សម្រេចច្បាស់លាស់អស់ហើយ។ ពួកគេនឹងចេញទៅឥណ្ឌា ប្រហែលថ្ងៃ១ខែមេសា ដែលនៅប្រហែល៣ខែទៀត។ ពួកគេនឹងប្រើរយៈពេលនោះ ដើម្បីដើររៃប្រាក់។ វេជ្ជ.ថូម៉ាសប្រាប់វីល្លាមថា ត្រូវប្រើពេលធ្វើដំណើរ ប្រហែល៥ខែ ទើបទៅដល់ឥណ្ឌា ហើយបើពួកគេ មិនចេញទៅ ឱ្យបានមុនពាក់កណ្ដាលខែឧសភាទេ ខ្យល់នឹងប្ដូរទិស ធ្វើដំណើរពុំកើតឡើយ។
ខណៈដើរតាមផ្លូវជនបទ ត្រឡប់មកផ្ទះ នៅឡាយសេស្ទ័រវិញ វីល្លាមក៏ចាប់ផ្ដើមចោទសួរខ្លួនឯងថា តើអ្នកដទៃ នឹងយល់ដូចម្ដេច ពីអ្វីការសម្រេចចិត្តរបស់គាត់នោះ។ តើពួកគេយល់ទេ? តើដូល្លីនឹងនិយាយដូចម្ដេច? នាងមិនធ្លាប់ចេញពីផ្ទះតៀម ដែលខ្លួនមានកំណើតកើតជានោះ ហួស៥០គីឡូនោះឡើយ។ វីល្លាមក៏មិនធ្លាប់ដែរ តែដូល្លីពុំមានចិត្តជាអ្នកផ្សងព្រេង ដូចវីល្លាមនោះទេ។ នាងបន្តិចខ្លាចអ៊ីចេះ បន្ដិចខ្លាចអ៊ីចុះ។ ហើយឥឡូវនាងកំពុងពរពោះទៀត។ ដូល្លី ឃែរី ជិតសម្រាលកូនម្នាក់ទៀតហើយ។ នាងត្រូវសម្រាល នៅខែឧសភា ហើយវីល្លាមដឹងថា នោះមានន័យថា កូននោះនឹងកើតមក នៅលើសមុទ្រ។ តែភ័ព្វល្អ បានវេជ្ជ.ថូម៉ាសនិងអ្នកស្រីថូម៉ាស នៅលើទូក ជួយមើលខុសត្រូវ បើមានអ្វីមិនស្រួល។
រួចនៅមានឪពុកគាត់ទៀត។ ត្រូវនិយាយទៅឪពុកថាម៉េចទៅ? ឪពុកគាត់ នៅធ្វើជាស្មៀន ក្នុងក្រុមជំនុំអង់គ្លេសនៅឡើយ ហើយវីល្លាមគិតថា អ្វីដែលគាត់ប្រុងធ្វើនោះ ឪពុកគាត់នឹងពុំពេញចិត្តឡើយ។ រួចនៅមានក្រុមជំនុំគាត់ទៀត។ តើសមាជិក នៃក្រុមជំនុំបាប់ទីស្ដហារវីឡេន នឹងមានប្រតិកម្មយ៉ាងដូចម្ដេច ពេលពួកគេឮដំណឹងនេះ? ក្រោមការដឹកនាំរបស់វីល្លាម ក្រុមជំនុំបានឆ្លងផុត ពីបញ្ហាដែលខ្លួនមានពីអតីត ហើយកំពុងរីកចម្រើនយ៉ាងរហ័ស។ ក្រុមជំនុំទើបតែសង់ថែវបន្ថែមទៀតផង ដើម្បីផ្ដល់កន្លែងអង្គុយបន្ថែម ដល់ពួកអ្នក ដែលមកចូលរួមក្នុងក្រុមជំនុំ។
វីល្លាមដើរផង អធិស្ឋានអំពីរឿងទាំងនេះផង។ គាត់គ្មានសង្ស័យបន្ដិចសោះឡើយ ទាក់ទងទៅនឹងការដែលថា ព្រះជាម្ចាស់បានត្រាស់ហៅគាត់ ឱ្យធ្វើដំណើរ ទៅកាន់ឥណ្ឌា ដែលនៅចម្ងាយពាក់កណ្ដាលពិភពលោកនោះ។ គាត់គ្រាន់តែសង្ឃឹម ចង់ឱ្យមនុស្ស ដែលគាត់ស្រឡាញ់បំផុត ក្នុងពិភពលោក យល់ប៉ុណ្ណោះ។
“ហេតុអ្វីគិតផ្ដេសផ្ដាសខ្លាំងម៉្លេះ!” ដូល្លីស្រែកឡើង ពេលប្ដីនាង ប្រកាសដំណឹងនោះ ប្រាប់នាង។ “ខ្ញុំកំពុងមានផ្ទៃពោះ ហេតុដូចម្ដេចបានជាអ្នក ចង់ឱ្យខ្ញុំទៅឥណ្ឌាអ៊ីចឹង?” ព្រះជាម្ចាស់អើយទតចុះ តើនៅអង់គ្លេសនេះ អ្នកធ្វើមិនទាន់ឆ្អែតទេឬ? គិតពីកូនៗផងមើល៍។ ហ្វេលីកស៍, វីល្លាម, ភីធ័រ។ ចុះបើឆ្លងជំងឺ ពីជនជាតិដើម នៅទីនោះ ត្រូវធ្វើយ៉ាងម៉េច? ខ្ញុំកប់ខ្មោចកូន អស់២នាក់ហើយ បើឱ្យខ្ញុំកប់១ទៀត ខ្ញុំនឹងស្លាប់មិនខាន។” ទឹកភ្នែកខកចិត្ត ហូរចុះពីលើថ្ពាល់នាង តែនាងមិនទាន់និយាយចប់ទេ។ “ហើយជិះទូកតូច១ កាត់មហាសមុទ្រដ៏ធំ ខ្ញុំធ្វើមិនកើតទេ ខ្ញុំធ្វើមិនកើតទេ។ អ្នកព្រៃផ្សៃណាស់ ដែលយករឿងអ៊ីចឹងៗ មកនិយាយនឹងខ្ញុំ។
វីល្លាមលូកដៃ ទៅចាប់ដៃប្រពន្ធ។ ទោះនាងមិនដែលឃើញសមុទ្រ តែគាត់ដឹងថា នាងខ្លាចសមុទ្រណាស់។
“យើងត្រូវប្រគល់រឿងនេះ ទៅដល់ដៃព្រះជាម្ចាស់” គាត់និយាយលួងនាង។
“ដៃព្រះជាម្ចាស់? មិនខុសទេ!” នាងនិយាយម៉ាត់ៗមកវិញ ដោយអាការៈខឹងសម្បា រួចទាញដៃចេញ។ “ខ្ញុំមិនទៅទេ។ ប៉ុណ្ណឹងបានហើយ។ បើអ្នកចង់ទៅចោលពួកយើង សុំទៅម្នាក់ឯងចុះ។ ខ្ញុំគ្មានអ្វីនិយាយទៀតទេ។”
វីល្លាម ឃែរី ដកដង្ហើមធំៗ។ តាមបទពិសោធគាត់ គាត់ដឹងថា ប្រពន្ធគាត់នឹងមិនប្ដូរចិត្ត ងាយៗនោះឡើយ។ ម្យ៉ាងទៀត កាលជំនាន់សតវត្សរ៍ទី១៨ ការដែលមនុស្សប្រុស ត្រូវចាកចេញពីប្រពន្ធនិងគ្រួសារ ទៅឆ្ងាយ យូរៗទើបមកវិញ មិនមែនជារឿងចម្លែកនោះឡើយ។ អ្នកខ្លះទៅធ្វើសង្គ្រាម អ្នកទៅដើររកមាស ហើយអ្នកខ្លះទៀត តួយ៉ាងកាពីទែន ចេមស៍ ឃុក បានចាកចេញពីផ្ទះ ម្ដងៗរាប់ឆ្នាំ ដើម្បីរុករកដែនដីថ្មីៗ។ ហើយច្បាស់ណាស់ ចាកចេញទៅ ដើម្បីចែកចាយសារដំណឹងល្អ ដល់អស់អ្នក ដែលមិនធ្លាប់ឮពីមុនមក ជាបុព្វហេុត ដែលប្រសើរថ្លៃថ្លា ជាងអ្វីៗខាងលើទៅទៀត ហើយមនុស្សម្នា គួរហ៊ានចេញទៅ ដើម្បីធ្វើការងារនេះ ទោះត្រូវទៅម្នាក់ឯងក្ដី។ វីល្លាផ្ដល់កម្លាំងចិត្ត ដល់ខ្លួនឯង ថាដូច្នេះ។
បន្ទាប់មកទៀត គាត់ត្រូវប្រាប់ផែនការគាត់ ដល់ឪពុកគាត់។ ថ្ងៃសៅរ៍បន្ទាប់មក វីល្លាមអង្គុយចុះ ហើយសរសេរសំបុត្រនេះ ទៅឪពុកគាត់៖
... ឡាយសេស្ទ័រ ១៧មករា១៧៩៣, ជូនដល់លោកឪពុកជាទីស្រឡាញ់និងគោរព, ឧទ្ទិសពេលវេលាដែលយើងមាន ដល់ព្រះជាម្ចាស់ ជាបច្ច័យគោល នៃដំណឹងល្អ។ ប៉ូល និយាយថា ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយព្រះជាម្ចាស់ មានព្រះហឫទ័យអាណិតអាសូរបងប្អូន ចូរ ថ្វាយខ្លួនទៅព្រះអង្គ ទុកជាយញ្ញបូជាដ៏មានជីវិតដ៏វិសុទ្ធ ហើយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើព្រះអង្គ តាមរបៀបត្រឹមត្រូវមែន។ ឧទ្ទិសខ្លួន ដូច យញ្ញបូជា ជាឧបករណ៍បរិសុទ្ធ បម្រើការងារសំខាន់ ក្នុងឋាៈជាគ្រិស្ដបរិស័ទ... ខ្ញុំយល់ថា ខ្លួនខ្ញុំដូចជាយញ្ញបូជា សម្រាប់ឧទ្ទិសដល់ព្រះជាម្ចាស់ ហើយភារកិច្ច កំពុងដង្ហោយហៅខ្ញុំហើយ។ ខ្ញុំទទួលបានការតែងតាំង ឱ្យទៅបេងកាល់ នៅអ៊ីស្ដអ៊ីនឌីស៍ ក្នុងឋានៈជាបេសកជន សម្រាប់ជនជាតិហិណ្ឌូ... មានអ្វីៗជាច្រើន ដែលខ្ញុំត្រូវលះបង់ ខ្ញុំត្រូវបែកពីគ្រួសារជាទីស្រឡាញ់ និង មិត្តភ័ក្ដិជាទីរាប់អាន... តែខ្ញុំបានដាក់ដៃ លើកន្ទុយនង្គ័លហើយ, ស្រឡាញ់ស្មោះស្ម័គ្រលោកឪពុកជានិច្ច, ពីខ្ញុំ វ. ឃែរី ...
ល្អដែរ ដែលវីល្លាម មិនទៅប្រាប់ដោយខ្លួនឯង ហើយផ្ញើសំបុត្រនោះទៅ។ ព្រោះក្រោយមកបន្ដិច ផូល្លីប្អូនស្រីគាត់ មកប្រាប់គាត់ថា ពេលអានសំបុត្រនោះ ឪពុកខឹងខ្លាំងណាស់ ហើយស្រែកថា “វីល្លាមវាឡប់ហើយក៏អី? នៅអង់គ្លេស ថ្ងៃក្ដៅបន្ដិច គេចទៅចូលម្លប់ ហើយចង់ទៅនៅតំបន់ត្រូពិកទៀត តើមិនស្លាប់ទេឬ? ហើយប្រពន្ធនិងកូនៗវា គិតយ៉ាងម៉េច?” អេដមូនដ៍ ឃែរី ច្បាស់ជាបានយល់ផងដែរថា បើវីល្លាមទៅតាមគម្រោងការមែន គាត់អាចនឹងមិនបាន ជួបមុខកូនប្រុសខ្លួនទៀតឡើយ។ ហើយគាត់គិតត្រូវមែន។
នៅថ្ងៃអាទិត្យបន្ទាប់មក វីល្លាមសម្រេចចិត្តថា ដល់ពេលដែលគាត់ ត្រូវប្រាប់ក្រុមជំនុំ អំពីផែនការគាត់ហើយ។ គាត់គិតថា បើមិនប្រញាប់ប្រាប់ពួកគេទេ ក៏គង់មាននរណាម្នាក់ ប្រាប់ពួកគេដដែល ព្រោះដំណឹងតែងរត់ពីមាត់១ទៅមាត់១ បិទមិនជិតឡើយ។ វីល្លាមក៏ទម្លាយដំណឹងនោះ ប្រាប់ដល់ក្រុមជំនុំ ដោយអារម្មណ៍ធ្ងន់ទ្រូងខ្លាំងណាស់។ ថ្ងៃបន្ទាប់មក គាត់សរសេរក្នុងកំណត់ហេតុថា “ខ្ញុំមិនធ្លាប់ឃើញសេចក្ដីសោកសៅណា ស្ដែងឡើង ពេញពាសកន្លែងថ្វាយបង្គំ ដូចនៅថ្ងៃនៃព្រះអម្ចាស់ លើកចុងក្រោយនោះឡើយ។”
តែច្រើនសប្ដាហ៍ក្រោយមក ក្រុមជំនុំក៏លែងសូវពិបាកចិត្ត នឹងដំណឹងនោះ។ អស់ពេលជាច្រើនឆ្នាំហើយ ដែលសមាជិក្រុមជំនុំបានអធិស្ឋាន ឱ្យព្រះជាម្ចាស់ចាត់បញ្ជូនបេសកជន ទៅកាន់មនុស្សក្រៅសាសនា ហើយឥឡូវនេះ ពួកគេបានយល់ថា គឺក្រុមជំនុំពួកគេហ្នឹងឯង ដែលត្រូវធ្វើពលិកម្មដំបូងនោះ។ ពួកគេបាត់គ្រូគង្វាលជាទីស្រឡាញ់ម្នាក់ តែពួកគេនឹងបានបេសកជនម្នាក់មកវិញ។ មិនយូរ ពួកគេក៏ប្ដូរអារម្មណ៍ ទៅជារំភើប នឹងដំណើរផ្សងព្រេងនោះទៅវិញ។
តែ ដូល្លី ឃែរី ពុំប្ដូរការតាំងចិត្ត សូម្បីបន្ដិច។ មិត្ត២នាក់របស់វីល្លាម គឺ ចន ស៊ូតគ្លីហ្វ និង អានឌ្រូ ហ៊្វូលល័រ បានដើរទៅឡាយសេស្ទ័រទាំង២នាក់ ដើម្បីអង្វរនាង ឱ្យពិចារណាម្ដងទៀត តែនាងមិនពិចារណាឡើយ។ ទីបញ្ចប់ វីល្លាមត្រូវត្រៀមខ្លួន ធ្វើដំណើរទៅឥណ្ឌា ដោយគ្មាននាងទៅជាមួយ។ ផែនការថ្មីរបស់គាត់គឺ តាំងមូលដ្ឋានបេសកកម្ម ត្រង់កន្លែងណា១ ក្នុងតំបន់បេងកាល់ ហើយពេលមានផ្ទះ មានសួនបន្លែស្រួលបួលហើយ សឹមមកយកគ្រួសារទៅតាមក្រោយ។ គាត់គិតថា គាត់ត្រូវប្រើពី៣ទៅ៤ឆ្នាំ ដើម្បីសម្រេចកិច្ចការនេះ។ គាត់មានសង្ឃឹមថា រហូតដល់ពេលនោះ ដូល្លីនឹងប្ដូរចិត្តប្ដូរថ្លើម ទាក់ទងនឹងរឿងធ្វើដំណើរទៅឥណ្ឌានោះ។ យ៉ាងណាក្ដី ពេលគិតដល់រឿងទៅចោលគ្រួសារម្ដងៗ វីល្លាមពិបាកចិត្តណាស់។ ចុងបញ្ចប់ គាត់បញ្ចុះបញ្ចូលដូល្លី សុំយកហ្វេលីកស៍វ័យ៨ឆ្នាំ ទៅជាមួយ។ បើដូច្នេះ យ៉ាងហោចណាស់ ក៏គាត់បានសមាជិកគ្រួសារម្នាក់ នៅជាមួយគាត់ដែរ។
បញ្ហាបន្ទាប់ទៀត គឺបញ្ហា ដូល្លី ឃែរី, កូនប្រុស២នាក់, និងកូនកើតថ្មី។ តើពួកគេត្រូវរស់នៅដូចម្ដេច ក្នុងរយៈពេលប៉ុន្មានឆ្នាំ ដែលវីល្លាមមិននៅនោះ? ដោយសារវីល្លាម ឈប់ធ្វើគ្រូគង្វាល នៅក្រុមជំនុំ នោះដូល្លីមិនអាចបន្ដស្នាក់នៅ ក្នុងអគារក្រុមជំនុំទៀតឡើយ ហើយនាងក៏គ្មានលទ្ធភាព ឧបត្ថម្ភខ្លួនឯងដែរ។ សមាគមបេសកជន យល់ព្រមឧបត្ថម្ភនាង ហើយដូល្លីសម្រេចចិត្ត រើទៅនៅជាមួយឃីធធីប្អូនស្រីនាង នៅភីឌឌីងថុន។
សមាគមហាក់មានចិត្តសប្បុរស ដោយបានចេញមុខ ឧប្ថម្ភគ្រួសារវីល្លាម ពេលគាត់មិននៅមែន តែតាមពិត ពួកគេពុំមានប្រាក់កាសច្រើននោះទេ។ សមាគមទាំងមូល មានប្រាក់តែ៨៨ផោនដ៍ប៉ុណ្ណោះ ក្នុងធនាគារ។
បន្ថែមលើប្រាក់ឧបត្ថម្ភដូល្លីនិងគ្រួសារ សមាគមត្រូវមានប្រាក់ ដើម្បីចំណាយទៅលើវីល្លាម ហ្វេលីកស៍ និងសមាជិក៣នាក់ ក្នុងគ្រួសារថូម៉ាស ក្នុងការធ្វើដំណើរ និងតាំងលំនៅ នៅឥណ្ឌាទៀត។ សរុបទៅ សមាគមត្រូវការ ដល់ទៅ៥៥០ផោនដ៍ឯណោះ ជាប្រាក់ច្រើនណាស់ នៅសម័យនោះ។ វីល្លាមយល់ថា ដើម្បីរៃប្រាក់ច្រើនយ៉ាងនេះបាន ពួកគេត្រូវឱ្យក្រុមជំនុំបាប់ទីស្ដ នៅអង់គ្លេសទាំងអស់ រួមចំណែកជាមួយ។ តែតើពួកគេ ត្រូវធ្វើដូច្នោះ យ៉ាងដូចម្ដេច?
ចុងបញ្ចប់ ពួកគេសម្រេចចិត្ត ឱ្យវីល្លាម, វេជ្ជ.ថូម៉ាស, និង អានឌ្រូ ហ៊្វូលល័រ ប្រើពេលច្រើនសប្ដាហ៍ ធ្វើដំណើរជុំវិញប្រទេស និយាយឧទ្ទេសនាមបញ្ចុះបញ្ចូលមនុស្សម្នា ឱ្យរួមចំណែក បំពេញសេចក្ដីខ្វះខាត នៃពួកបេសកជនទាំងនេះ។ ពួកគេត្រូវដើរលក់សៀវភៅ“សំណើ”របស់ឃែរី និងសុំទៅអ្នកចូលរួម ធ្វើវិភាគទានប្រាក់កាស ដើម្បីបុព្វហេតុខាងលើ។ ពុំធ្លាប់មាននរណា ធ្វើដូច្នេះឡើយ ហើយពួកគេក៏ពុំដឹងថា បានឬមិនបានសម្រេចនោះដែរ។ ជាលទ្ធផល ជួនកាលសម្រេច ជួនកាលមិនសម្រេចទេ។ នៅបឺមីងហាំ អ្នកឧទ្ទេសនាមទាំងនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយមនុស្សនៅទីនោះសន្យាថា នឹងផ្ដល់២០០ផោនដ៍ រួមចំណែកក្នុងបុព្វហេតុនេះ។
តែនៅទីប្រជុំជនបាស មិនដូច្នេះឡើយ។ នៅបាស បានតង្វាយសរុប បានតែ១ផិននីគត់! វេជ្ជ.ថូម៉ាសហួសចិត្ត ដែលមនុស្សនៅបាស ព្រងើយកន្ដើយចម្ពោះបេសកកម្ម ដល់ថ្នាក់នោះ។ នៅចុងបញ្ចប់ នៃកិច្ចប្រជុំ គាត់ក៏ងើបឈរឡើង ប្រកាសថា “អរគុណដែលបានមកចូលរួមស្ដាប់ពួកយើង។ រួមជាមួយនឹងបច្ច័យ ដែលបានពីទីប្រជុំជនផ្សេងៗទៀត វិភាគទាន១ផិនស៍របស់អ្នករាល់គ្នា នឹងត្រូវកត់ត្រាទុកក្នុងបញ្ជី នៃសមាគមបេសកកម្ម ដោយទឹកចិត្តដឹងគុណបំផុត។”
មនុស្សម្នាក៏ផ្ដើមខ្សឹបខ្សៀវគ្នា។ ពួកគេបាក់មុខខ្លាំងណាស់។ បើទីប្រជុំជនដទៃទៀតដឹងថា ពួកគេឱ្យទៅសមាគមបេសកកម្ម តែ១ផិនស៍ ច្បាស់ជាខ្មាសគេស្លាប់ហើយ! មនុស្សមា្នក់ក៏មកយកកញ្ជើតង្វាយ រួចនាំគ្នារៃតង្វាយម្ដងទៀត។ លើកនេះ បានដល់ទៅ២០ផោនដ៍ ហើយប្រាក់១ផិនស៍ ដែលបាសឱ្យនោះ ពុំត្រូវបានកត់ត្រាទុក ក្នុងបញ្ជីនោះឡើយ។
នៅក្រុងឡុងដ៍ គ្មានក្រុមជំនុំបាប់ទីស្ដណា១ ឧបត្ថម្ភដល់ពួកគេឡើយ។ បណ្ដាគ្រូគង្វាលនៅទីនោះ បានប្រជុំគ្នា ដើម្បីពិភាគ្សារឿងនេះ តែនៅចុងបញ្ចប់ ពួកគេសម្រេចចិត្តថា កិច្ចការបង្រៀនដល់មនុស្សក្រៅសាសនា ជាការងាររបស់ព្រះជាម្ចាស់ មិនមែនការងារពួកគេទេ។ ក្រៅពីនេះ នៅអង់គ្លេស មានកិច្ចការច្រើនណាស់ ដែលត្រូវធ្វើ ហើយការដែលនរណាម្នាក់ ត្រូវផ្សងគ្រោះផ្សងថ្នាក់ដូច្នោះ ដើម្បីទៅចែកចាយសារដំណឹងល្អនោះ ជារឿងហួសហេតុពេកហើយ។
ទោះជួបបរាជ័យ នៅក្រុងឡុងដ៍ក្ដី តែវីល្លាមរីករាយ នឹងការធ្វើដំណើរ ជុំវិញអង់គ្លេសនោះណាស់។ ជួនជិះសេះ ជួនដើរដោយជើង វីល្លាមនិងមិត្តរួមដំណើរ ធ្វើដំណើរ ចម្ងាយផ្លូវរាប់រយគីឡូ។ តាមដងផ្លូវ វីល្លាមបានឃើញជាលើកទី១នូវអ្វីៗ ដែលគាត់ធ្លាប់អានធ្លាប់ឮកន្លងមក។ គាត់ឈរលើឆ្នេរ ហើយសម្លឹងមើលទៅសមុទ្រខាងជើងដ៏ត្រជាក់ស្រេង។ គាត់ដើរគិតដេកគិត អំពីសមុទ្ររហូតមក ហើយពេលនេះ គាត់បានឃើញវាហើយ។ គាត់ទៅក្រុងឡុងដ៍ គាត់ឆ្លងទន្លេថាមស៍ គាត់ឃើញប៉មក្រុងឡុងដ៍។ អ្វីៗដែលគាត់ឃើញនេះ ល្អលើសអ្វី ដែលគាត់ធ្លាប់គិតធ្លាប់ស្រមៃឆ្ងាយណាស់។ តែវីល្លាមរីករាយ នឹងការធ្វើដំណើរនេះ ដោយសារគាត់មានឱកាសចែកចាយដោយផ្ទាល់ ជាមួយមនុស្សរាប់ពាន់នាក់ មិនថាតាមក្រុមជំនុំធំៗ មិនថាតាមតៀមតូច អំពីទស្សនៈ ទាក់ទិននឹងតម្រូវការបេសកជន លើសបានឃើញទិដ្ឋភាពទាំងអម្បាលម៉ាននោះទៅទៀត។
ក្នុងកិច្ចប្រជុំ១ នៅហ៊ុល វីល្លាមជួបយុវជនម្នាក់ ឈ្មោះ វីល្លាម វ៉ាដ ដែលជាប់ចិត្តជាប់ថ្លើមគាត់ជាខ្លាំង។ ក្រោយកិច្ចប្រជុំចប់ វីល្លាម វ៉ាដ នៅចាំនិយាយជាមួយ វីល្លាម ឃែរី បន្ថែមទៀត។ គាត់ប្រាប់ថា គាត់ជាជាងបោះពុម្ព សព្វថ្ងៃធ្វើការ នៅកាសែតក្នុងស្រុក១។ គ្រាន់តែឮភ្លាម ចិត្តវីល្លាមកញ្ជ្រោលឡើងភ្លែត។ គាត់នឹកដល់សំបុត្រ ដែលវេជ្ជ.ថូម៉ាស ទទួលមកពីពួកព្រាហ្មណ៍ ជាសំបុត្រដែលចែង អំពីការងារបកប្រែ ហើយគាត់ក៏បើកភ្នែកធំៗ។ “បើព្រះជាម្ចាស់ប្រទានពរដល់យើង យើងប្រហែលជានឹងត្រូវការមនុស្សដូចលោកអ៊ីចឹង ទៅជួយយើងបោះពុម្ពបទគម្ពីរ នៅឥណ្ឌា។ ខ្ញុំសង្ឃឹមថា លោកអាចចូលរួម ជាមួយយើង នៅប្រមាណ៣-៤ឆ្នាំខាងមុខ” គាត់ប្រាប់ទៅ វីល្លាម វ៉ាដ។
ទាំង២នាក់ចាប់ដៃគ្នា ហើយ វីល្លាម ឃែរី ក៏ចាកចេញទៅ ដើម្បីទៅចូលកិច្ចប្រជុំ១ទៀត តែជាងបោះពុម្ពវ័យក្មេងនោះ មិនដែលភ្លេចកិច្ចសន្ទនានោះទេ។ គាត់និងវីល្លាម មាននិស្ស័យ ត្រូវជួបគា្នម្ដងទៀត។
ក្រោយចំណាយពេលរាប់សប្ដាហ៍ ធ្វើដំណើរពេញទឹកដីអង់គ្លេសរួចមក បងធំទាំង៣ ក៏អង្គាសប្រាក់បានល្មមបង់ថ្លៃធ្វើដំណើរសម្រាប់មនុស្ស៥នាក់ ថ្លៃសម្លៀកបំពាក់ និងថ្លៃហូបចុករស់នៅរបស់ដូល្លីនិងកូនៗ បាន១ឆ្នាំ។ មានប្រាក់កាសសល់ ទិញគ្រឿងដែកបាន១ហិប ទុកយកទៅលក់ ពេលទៅដល់ឥណ្ឌាទៀតផង។
វេជ្ជ.ថូម៉ាស បញ្ជាក់វីល្លាមនិងគណៈកម្មការថា ប្រាក់បានពីលក់គ្រឿងដែកនោះ នឹងមានចំនួនគ្រប់គ្រាន់ អាចឱ្យពួកគេ ចាយវាយបានយ៉ាងតិច១ឆ្នាំ។ យ៉ាងណាមិញ ក្នុងអំឡុងពេល ដែលពួកគេចេញដើរអង្គាសប្រាក់ សម្រាប់ការធ្វើដំណើរនោះ ព្រឹត្តិការណ៍សំខាន់២បានកើតឡើង។ ព្រឹត្តិការណ៍ទី១ ជាប់ពាក់ព័ន្ធ នឹងបារាំង។ បារាំងបានប្រកាសសង្គ្រាម ទៅលើអង់គ្លេសនិងហូឡងដ៍ម្ដងទៀត។ នេះបានន័យថា ដែនសមុទ្រ នៅជុំវិញអង់គ្លេស នឹងមានសុទ្ធតែទូកចោរបារាំង ឬហៅថា ពួកព្រីវ៉ាទែរ។ ដោយមានការអនុញ្ញាត ពីរដ្ឋាភិបាលបារាំង ពួកទាំងនេះនៅចាំវាយប្រហារ និងឆ្មក់ចាប់ទូកអង់គ្លេស ដែលចេញផែទៅ។ កាពីទែនជាច្រើនរូប ភ័យស្ទើរស្លាប់ស្ទើររស់ ពេលចេញទូកពីផែទៅម្ដងៗ។ បង្ហូតទង់អង់គ្លេស នៅកណ្ដាលសមុទ្រ ជារឿងគ្រោះថ្នាក់ណាស់ នៅពេលនោះ។
ព្រឹត្តិការណ៍ទី២ រឹងរឹតតែសំខាន់ព្រោះថា ទោះទូកអាចនាំវីល្លាម និងគ្រួសារលោកថូម៉ាស ឆ្លងផុតពួកព្រីវ៉ាទែរ ទៅដល់ឥណ្ឌា ដោយសុវត្ថិភាពក្ដី ក៏ពួកគេមិនអាច ស្នាក់នៅឥណ្ឌា ដោយងាយៗបានដែរ។ នៅឆ្នាំ១៦០០ ម្ចាស់ក្សត្រីយ៍ អេលីសាបេសទី១ បានផ្ដល់ដល់ពាណិជ្ជករស្ដុកស្ដម្ភ១ក្រុម នូវឯកសិទ្ធិ ក្នុងការស្ថាបនាឡើង នូវក្រុមហ៊ុន១ ជាទីភ្នាក់ងារផ្ដាច់មុខរបស់អង់គ្លេស ទាក់ទងនឹងកិច្ចការជំនួញ ជាមួយឥណ្ឌា។ ក្រុមហ៊ុននេះឈ្មោះថា ក្រុមហ៊ុនឥណ្ឌាខាងកើត ហើយមិនយូរប៉ុន្មាន ក៏ក្លាយជាក្រុមហ៊ុននាំមុខក្នុងពិភពលោក ខាងការនាំចេញផាឌិប, ល័ខ, កប្បាស, សូត្រ, គ្រឿងទេស, និងតែ។ នៅឆ្នាំ១៧៩៣ ក្រឹត្យពន្យារសុពលភាព នៃឯកសិទ្ធិក្រុមហ៊ុនឥណ្ឌាខាងកើត ចូលទៅដល់ដៃសភា។ យ៉ាងណាមិញ នៅអង់គ្លេស មនុស្សកាន់តែច្រើនឡើងៗយល់ថា ជនជាតិអង់គ្លេស មានករណីយកិច្ច ជួយធ្វើអរិយធម្មូបកម្ម ដល់ពួកជនជាតិដើម នៅតាមដែនដីឆ្ងាយៗទាំងនោះ។ មនុស្សទាំងនេះ ផ្ដើមស្នើទៅសភា ឱ្យអនុញ្ញាត ឱ្យគ្រូបង្រៀន ឬបេសកជន ទៅឥណ្ឌា ជួយធ្វើកិច្ចការនេះ។
រហូតដល់ពេលនោះ យោងតាមគោលការណ៍ឯកសិទ្ធិនោះ ក្រុមហ៊ុនឥណ្ឌាខាងកើត មានសមត្ថកិច្ច ក្នុងការផ្ដល់ឬមិនផ្ដល់ឱ្យ នូវលិខិតអនុញ្ញាតចេញចូលឥណ្ឌា ហើយកន្លងមក ក្រុមហ៊ុននេះផ្ដល់លិខិត ឱ្យតែពួកអ្នកជំនួញ និងមន្រ្តីរដ្ឋាភិបាលប៉ុណ្ណោះ។ ក្រុមហ៊ុនចង់រក្សាស្ថានភាព ឱ្យនៅដដែល។ ពួកគេខ្លាចក្រែងពួកគ្រូបង្រៀន និងបេសកជន ចូលទៅលូកលាន់ នឹងកិច្ចការផ្ទៃក្នុងរបស់ឥណ្ឌា។ ពេលប្រជាជនឥណ្ឌា ចាប់ផ្ដើមឮពាក្យថាសេរីភាពនិងឯករាជ្យ តើនរណាអាចដឹងបាន ថានឹងមានអ្វីកើតឡើងនោះ?! កុំឱ្យប្រជាជនមូលដ្ឋានដឹងឮ ពីរឿងទាំងនេះ នោះក្រុមហ៊ុននឹងបានប្រយោជន៍ច្រើនជាង។ បែបនោះ ប្រជាជននឹងបន្ដខិតខំធ្វើការ ហើយមិនសួរមិននាំ ពីអ្វីឡើយ។ ដូច្នេះ ក្រុមពាណិជ្ជករមានអំណាច ក៏ខំបញ្ចុះបញ្ចូលសភា កុំឱ្យស្ដាប់តាមការលើកឡើងរបស់បណ្ដាអ្នក ដែលចង់“លូកលាន់”កិច្ចការផ្ទៃក្នុងរបស់ឥណ្ឌា ហើយឱ្យអនុម័តិ ពន្យារសុពលភាពឯកសិទ្ធិរបស់ក្រុមហ៊ុន ដោយពុំមានការផ្លាស់ប្រែអ្វីឡើយ។ សភាសក៏ធ្វើតាមនោះទាំងអស់។
នេះជាដំណឹងអាក្រក់ សម្រាប់ពួកបេសកជនបាប់ទីស្ដដំបូងបង្អស់ ដែលដឹងថាខ្លួននឹងមិនអាច ទទួលបានលិខិតអនុញ្ញាត ឱ្យចូលទៅឥណ្ឌានោះឡើយ ហើយបើពួកគេចូលទៅខុសច្បាប់ ច្បាស់ជាត្រូវរងពិន័យ និងជាប់គុកមិនខាន។ បញ្ហានេះ ធ្វើឱ្យវីល្លាមនិងវេជ្ជ.ថូម៉ាស ពិបាកចិត្ត អស់១រយៈ។ រួចវេជ្ជ.ថូម៉ាស ក៏គិតឃើញមធ្យោបាយ១។ គាត់ធ្លាប់ធ្វើគ្រូពេទ្យ ប្រចាំទូក អឺល អូហ្វ អូកស៉្វូដ ហើយគាត់នៅតែជាមិត្តភ័ក្ដិជិតស្និទ្ធ របស់កាពីទែនទូកដដែល។ វេជ្ជ.ថូម៉ាស បានបញ្ចុះបញ្ចូល ឱ្យកាពីទែនវ៉ាយថ៍ ទទួលនាំក្រុមពួកគេ ទៅកាន់ឥណ្ឌា ដោយគ្មានលិខិតអនុញ្ញាត។ ពេលដល់ទីនោះហើយ សឹមគិតរកវិធី ស្នាក់នៅបន្ដទៀត។
វីល្លាមមិនអរសប្បាយ នឹងមធ្យោបាយនេះទេ។ តែគាត់ត្រូវទទួលស្គាាល់ថា គ្មានផ្លូវផ្សេង ក្រៅពីត្រូវនៅក្រោមច្បាប់ទម្លាប់ នៃក្រុមហ៊ុនឥណ្ឌាខាងកើតនោះឡើយ។ គាត់ក៏សម្រេចចិត្ត ទៅសុំយោបល់ ពីមនុស្សម្នាក់ ដែលគាត់ស្ដាប់ឮញឹកញាប់ ម្នាក់នោះគឺលោកគ្រូគង្វាល ចន នូថុន។ នូថុន ធ្លាប់ធ្វើជាកាពីទែនទូកទាសករ មុននឹងក្លាយខ្លួនជាគ្រិស្ដសាសនិក ហើយពេលនេះ គាត់ជាគ្រូគង្វាលល្បីល្បាញ១រូប។ វីល្លាមពន្យល់ស្ថានភាព ទៅ ចន នូថុន ហើយសួរថា បើអាជ្ញាធរនៅឥណ្ឌា មិនឱ្យគាត់ចតអាស្រ័យ ព្រោះគ្មានលិខិតអនុញ្ញាត តើគាត់ត្រូវធ្វើដូចម្ដេច? លោកគ្រូគង្វាលនូថុនឆ្លើយថា “នោះមានន័យថា ព្រះជាម្ចាស់គ្មានអ្វី ឱ្យអ្នកធ្វើ នៅទីនោះទេ។ តែបើទ្រង់មាន គ្មានអំណាចអ្វី លើផែនដីនេះ អាចរារាំងអ្នកបានឡើយ។”
ពាក្យទាំងនេះ ផ្ដល់កម្លាំងចិត្តជាច្រើន ដល់វីល្លាម។ “គ្មានអំណាចអ្វី លើផែនដីនេះ អាចរារាំងអ្នកបានឡើយ” គាត់នឹងនិយាយពាក្យ១ឃ្លានេះ ឱ្យបានញឹកញាប់។ បើព្រះជាម្ចាស់ ចង់ឱ្យគាត់ទៅឥណ្ឌា នឹងគ្មានអំណាចណា១ នៅផែនដីនេះ អាចមកបញ្ឈប់គាត់បានឡើយ! នៅថ្ងៃ៤មេសា១៧៩៣ ត្រឹម៣ខែ ក្រោយកិច្ចប្រជុំដំបូងនោះ វីល្លាម ឃែរី, ហ្វេលីកស៍ កូនប្រុសគាត់, វេជ្ជ.ថូម៉ាសនិងអ្នកស្រីថូម៉ាស, និងអេលីសា កូនស្រីវ័យ៤ឆ្នាំរបស់ពួកគេ ក៏៏៏៏បានឈរទន្ទឹមគ្នា លើទូក អឺល អូហ្វ អូកស៉្វូដ ក្នុងខណៈទូកនោះ កំពុងចេញដំណើរ ចុះពីទន្លេថាមស៍ ចេញទៅកាន់សមុទ្រខាងជើង។ ក្នុងវ័យ៣១ឆ្នាំ វីល្លាមកំពុងស្ថិតនៅតាមផ្លូវ ឆ្ពោះទៅវាលបេសកកម្មហើយ។ គាត់ខ្លួនឯង កំពុងគិតថាដូច្នេះ!