2019-04-27 12:33
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
"សោកស្ដាយណាស់ ដែលពួកយើងមិនទាន់អាចទៅបាន” កាពីទែនវ៉ាយថ៍ និយាយទាំងដកដង្ហើមធំ។ នាវា អឺល អូហ្វ អូកស្វ៉ដ បានចេញផុតពីទន្លេថាមស៍១ម៉ោងមុន ហើយកំពុងធ្វើដំណើរ លើផ្ទៃទឹក នៃសមុទ្រខាងជើង។ វីល្លាមនិងវេជ្ជ.ថូម៉ាស ឈរក្បែរលោកកាពីទែន លើកន្សៃទូក។ “បើជនជាតិបារាំង នៅតែច្បាំង នឹងពួកយើងអ៊ីចឹង ស្ថានការណ៍គ្រោះថ្នាក់ណាស់” លោកកាពីទែននិយាយបន្ដ។ “គ្រាន់តែងើយភ្នែកទៅ ក៏ឃើញទូករបស់ពួកគេហើយ ហើយខ្ញុំខ្លាចក្រែងថា ពួកយើងគ្មានវាសនា បានទៅដល់មហាសមុទ្រអាត្លង់ទិកទេ។”
វីល្លាមងក់ក្បាល។ គាត់ខ្លួនឯងក៏មើលឃើញទូករបស់ពួកព្រីវ៉ាទែរដែរ។ ទូកទាំងនោះ ហាក់ត្រៀមជាស្រេច ដើម្បីវាយប្រហារទូកអង់គ្លេសណា ដែលហ៊ានចូលកៀកពួកគេ។
“ចេញទៅជាក្បួនប្រសើរជាង។ ខ្ញុំបានស្នើទូកដំបូងនោះ ឱ្យចាំនៅឆ្នេរសិន ទំរាំយើងទៅដល់ អែល អូហ្វ វ៉ាយថ៍។ ពួកយើងនឹងបោះយុថ្កា ក្បែរផូតស្មោស រហូតដល់ទូកមកគ្រប់ចំនួន ល្មមប្រឈមមុខ នឹងការវាយប្រហារបាន។”
“ត្រូវចាំយូរប៉ុណ្ណាទៅ?” វេជ្ជ.ថូម៉ាស សួរកាពីទែនវ៉ាយថ៍ ដោយអាការៈជ្រួលច្រាល់។
“អាស្រ័យលើទូកផ្សេងទៀត មកដល់ផែពេលណា។ ខ្ញុំគិតថា មិនលើស១ថ្ងៃ២ថ្ងៃនោះទេ យូរបំផុត១អាទិត្យ។”
“១អាទិត្យ!” វេជ្ជ.ថូម៉ាសបន្ទរ។
វីល្លាមចងចិញ្ចើម។ ទោះលឿនយឺតត្រឹម២-៣ថ្ងៃ តែដៃគូគាត់ មើលទៅព្រួយខុសធម្មតា។
ពេលទូកនោះ មកដល់ អែល អូហ្វ វ៉ាយថ៍ ស្ថានភាពពុំសមប្រាថ្នាឡើយ។ ក្បួនទូក បានចាកចេញទៅ ១ថ្ងៃមុននោះ ហើយទាល់តែចាំ១ខែ ឬលើស១ខែទៀត ទើបមានទូកមកផ្ដុំគ្នា បានជាក្បួនថ្មី១ទៀត។
កាពីទែនវ៉ាយថ៍ផ្ដល់យោបល់ថា ឱ្យក្រុមពួកគេស្នាក់នៅទីប្រជុំជនផូតស្មោសសិនទៅ ក៏ងាយស្រួលម្យ៉ាងដែរ។ វីល្លាមឡើងលើត្រើយវិញ ហើយជួលផ្ទះសំណាក់ធូរថ្លៃ១កន្លែង ដែលពួកគេទាំងអស់គ្នា អាចស្នាក់នៅ ទម្រាំទូកមកផ្ដុំគ្នារួចរាល់។ ពួកគេទុកឥវ៉ាន់ស្ទើរទាំងអស់ក្នុងទូក យកទៅតាមខ្លួន តែខោអាវ២-៣បម្លាស់ប៉ុណ្ណោះ។ វីល្លាមសរសេរសំបុត្រទៅដូល្លី ដើម្បីពន្យល់ពីហេតការណ៍អាក់ដំណើរនោះ និងសាកសួរនាងថា កូនកើតហើយឬនៅ។ ក្នុងសំបុត្រនោះ គាត់សរសេរថា៖
«បើពិភពលោកទាំងមូលជារបស់ខ្ញុំ ខ្ញុំនឹងលះបង់ទាំងអស់ ប្ដូរយកអ្នកនិងកូនៗសំឡាញ់ទាំងអស់ មកនៅជាមួយខ្ញុំ តែស្មារតីតួនាទី មានថាមពល លើសជម្រើសផ្សេងទៀតទាំងអស់ បើខ្ញុំបែរក្រោយ ខ្ញុំនឹងមានអារម្មណ៍ខុសឆ្គង ជាប់នៅនឹងដួងព្រលឹង រហូតទៅជាមិនខាន... សុំប្រាប់ឈ្មោះកូនសម្លាញ់ ដែលទើបកើតមកនោះ ឱ្យខ្ញុំបានស្គាល់ផង——ពីប្ដីដែលស្មោះនឹងអ្នក ស្រឡាញ់អ្នក គ្មានថ្ងៃប្រែ, វីល្លាម ឃែរី»
ខណៈរវល់បង្រៀនហ្វេលីកស៍ ឱ្យចេះសរសេរអក្សរ ហើយរវល់ដើរសួរសុខទុក្ខ ក្រុមជំនុំនៅមូលដ្ឋាននោះ គាត់សង្កេតឃើញថា វេជ្ជ.ថូម៉ាសចាប់ផ្ដើមមានទង្វើប្លែកៗ។ ឱ្យតែមានសម្លេងគោះទ្វារ វេជ្ជ.ថូម៉ាសតែងរូតរះ ទៅកាន់បន្ទប់ខាងក្រោយ រួចខំសម្លឹងមើល ភ្ញៀវដែលមកនោះ តាមប្រឡោះជញ្ជាំង។ ម្យ៉ាងទៀត គាត់តែងសួរម្ចាស់ផ្ទះសំណាក់ ក្នុង១ថ្ងៃ ៣ទៅ៤ដង ក្រែងមាមនុស្សផ្ញើសំបុត្រមកគាត់។ តែពេលទទួលបានសំបុត្រហើយ គាត់ហាក់ខ្លាច មិនចង់បើកមើលទៅវិញ។
វីល្លាមឆ្ងល់ណាស់ តើមានអ្វីកំពុងកើតឡើងទៅ។ ហេតុអ្វីដៃគូគាត់ មានអាការៈប្លែកៗដូច្នេះ? មិនយូរ គាត់ក៏បានដឹង។ នៅសប្ដាហ៍ទី៣ ក្នុងអំឡុងពេល ដែលពួកគេស្នាក់នៅផូតស្មោស វេជ្ជ.ថូម៉ាសអះអាងថា គាត់ត្រូវទៅក្រុងឡុងដ៍ ព្រោះមានរឿងបន្ទាន់។ ក្រោយគាត់ទៅបាត់ ភ្ញៀវម្នាក់ក៏មកដល់ ជាភ្ញៀវដែលវេជ្ជ.ថូម៉ាស ខ្លាចមិនហ៊ានជួបមុខឡើយ។ ម្នាក់នោះជាពាណិជ្ជករម្នាក់ មកពីប្រាយថុន។ គាត់និយាយថា វេជ្ជ.ថូម៉ាសជំពាក់គាត់១០០ផោនដ៍ ហើយគាត់មកទារប្រាក់នោះ។
វីល្លាមភាំងស្មារតី។ វេជ្ជ.ថូម៉ាសប្រាប់វីល្លាមថា ខ្លួនមានវិក័យបត្រលើសកំណត់១ចំនួន ដែលត្រូវទូទាត់ តែគាត់ច្បាស់ជា មិនមានចេតនា ចាកចេញពីអង់គ្លេស ទាំងមានបំណុល១០០ផោនដ៍ ដូច្នេះនោះទេ។ ប្រហែលមានរឿងយល់ច្រឡំអ្វី១ហើយ។
វីល្លាមរង់ចាំលោកវេជ្ជបណ្ឌិត ត្រឡប់ពីក្រុងឡុងដ៍វិញ ដើម្បីពន្យល់ពីស្ថានភាពនោះ។ តែវេជ្ជ.ថូម៉ាស ពន្យល់មិនចេញឡើយ។ ទាំងអស់ជាការពិត។ វេជ្ជ.ថូម៉ាសពិតជាជំពាក់ប្រាក់ ពាណិជ្ជករនៅប្រាយថុននោះ ១០០ផោនដ៍ពិតមែន ធ្ងន់ធ្ងរជាងនោះ គាត់នៅមានបំណុលផ្សេងទៀត សរុបទៅ៥០០ផោនដ៍ឯណោះ។ វីល្លាមបារម្ភណាស់។ បើ អឺល អូហ្វ អូកស្វ៉ដ ចេញលឿនជាងនេះ១ថ្ងៃ ហើយបានទៅជាមួយក្បួនទូកមុននោះ ម្ល៉េះគាត់ពុំបានដឹងរឿងសោះឡើយ។ ពេលនេះ គាត់មានអារម្មណ៍ថា ធ្ងន់ទ្រូងខ្លាំងណាស់។ តើធ្វើដំណើរឥណ្ឌា ជាមួយបេសកជន ដែលមានបំណុលជាច្រើនដូច្នេះ ជារឿងត្រឹមត្រូវឬទេ?
ចម្លើយដែលសំណួរនេះទទួលបាន ហាក់ធ្វើឱ្យគាត់ អស់សង្ឃឹមរលីងតែម្ដង។ ៣ថ្ងៃក្រោយមក មានសំណេរខ្លី១ ផ្ញើមកពីកាពីទែនវ៉ាយថ៍។ លោកកាពីទែន បានទទួលសំបុត្រអនាមិក១ ដែលសរសេរថា ក្រុមហ៊ុនឥណ្ឌាខាងកើតដឹងថា គាត់មានអ្នកធ្វើដំណើរប្រុស នៅលើទូក ជាមនុស្សដែលចង់ធ្វើដំណើរទៅឥណ្ឌា ដោយគ្មានលិខិតអនុញ្ញាត ហើយថាគាត់នឹងត្រូវបាត់បង់បណ្ណប្រកបអាជីវកម្ម បើហ៊ានយកពួកនោះទៅជាមួយ។
វីល្លាមបង្ហាញសំណេរនោះ ទៅវេជ្ជ.ថូម៉ាស។ “ប្រហែលមិនអាចធ្វើដំណើរទៅបានទេ តាមមើលទៅ” គាត់និយាយ ទាំងដកដង្ហើមធំ។
“ច្បាស់ជាស្នាដៃរបស់ម្ចាស់បំណុលខ្ញុំហើយ” វេជ្ជ.ថូម៉ាសឆ្លើយ។ “ខ្ញុំនឹងទៅក្រុងឡុងដ៍វិញ ក្រែងមានវិធីដោះស្រាយ។”
តែហួសពេលហើយ។ ពេលវីល្លាម ទៅកាន់មាត់ទឹក ជាមួយហ្វេលីកស៍ អ្នកស្រីថូម៉ាស និងអេលីសានោះ អឺល អូហ្វ អូកស្វ៉ដ កំពុងអែបច្រាំង ហើយកាពីទែនវ៉ាយថ៍ បានរើឥវ៉ាន់ពួកគេ ចេញពីទូកអស់ហើយ។ ក្រុមអ្នកដើរទូក កំពុងរួសរាន់បណ្ដែតក្ដោង ដែលនេះមានន័យយ៉ាងច្បាស់ក្រឡែតថា ទូកជិតចេញទៅហើយ។ វីល្លាមអង្វរកាពីទែនវ៉ាយ៍ ឱ្យពិចារណាម្ដងទៀត តែគាត់មិនពិចារណាឡើយ។ គាត់មិនសុខចិត្តបាត់បង់មុខរបរ ជាថ្នូរនឹងការដឹកយកបេសកជន២នាក់ ទៅជាមួយនោះទេ។ ទោះយ៉ាងណា គាត់យល់ព្រម យកអ្នកស្រីថូម៉ាសនិងអេលីសាទៅជាមួយ ព្រោះលិខិតនោះ និយាយសំដៅហាមតែមនុស្សប្រុសប៉ុណ្ណោះ។
១ម៉ោងក្រោយមក វីល្លាមនិងហ្វេលីកស៍ អមដោយកេសឈើនិងហិបជុំវិញខ្លួន ក៏បានឃើញ អឺល អូហ្វ អូកស្វ៉ដ ដំឡើងក្ដោងចាកចេញទៅ។ ទោះសោកស្ដាយព្រោះមិនបានទៅជាមួយទូក តែវីល្លាមជក់ចិត្ត នឹងទិដ្ឋភាពនោះណាស់។ មានទូក៦ ចេញទៅជាមួយគ្នា ចូលទៅក្នុងច្រកសមុទ្រអង់គ្លេស នាពេលរសៀល នារដូវក្ដៅដ៏ស្រស់ស្រាយ។ អ្នកស្រីថូម៉ាសនិងអេលីសា ឈរលើកន្សៃទូក អឺល អូហ្វ អូកស្វ៉ដ បក់ដៃលាពួកគេ។
ពេលទូកចេញទៅឆ្ងាយបន្ដិច វីល្លាមក៏មានមន្ទិលក្នុងចិត្ត។ តើការដែលគាត់ ឱ្យអ្នកស្រីថូម៉ាសនិងអេលីសា ទៅតែ២នាក់ដូច្នោះ ជារឿងត្រឹមត្រូវដែរទេ? ចុះបើវេជ្ជ.ថូម៉ាស ទៅឥណ្ឌាមិនបាន ត្រូវធ្វើម៉េចទៅ? វីល្លាមបែរខ្នងដាក់ទូក ហើយលើកកេសតូចជាងគេ ដែលផ្ដេកក្បែរគាត់ លើកំពង់នោះឡើងមក។ ចម្លើយមានច្រើនជាងសំណួរ តែពេលនេះ គាត់ទុកដាក់ឥវ៉ាន់សិន សឹមទៅតាមរកវេជ្ជ.ថូម៉ាស ហើយប្រាប់ពីអ្វី ដែលបានកើតឡើងនោះ។
វីល្លាមជួលរទេះតូច១ ដឹកឥវ៉ាន់ ទៅផ្ទះសំណាក់។ រួចហើយគាត់និងហ្វេលីកស៍ ក៏ជួលរទេះធំ ជិះទៅក្រុងឡុងដ៍។ ក្រៅពីតាមរកវេជ្ជ.ថូម៉ាស វីល្លាមដឹងថា គាត់នៅត្រូវសរសេរសំបុត្រ ទៅកាន់ អានឌ្រូ ហ៊្វូលល័រ និងសមាគមបេសកកម្មទៀត។ បញ្ហានៅត្រង់ថា គាត់មិនដឹងថា ត្រូវសរសេរដូចម្ដេចនោះឡើយ។
ពេលមកដល់ក្រុងឡុងដ៍ វីល្លាមនិងហ្វេលីក៍ ធ្វើដំណើរឆ្ពោះទៅកន្លែង ដែលវេជ្ជ.ថូម៉ាសស្នាក់នៅ ដើម្បីប្រាប់ដំណឹងដល់គាត់តែម្ដង។ លោកវេជ្ជបណ្ឌិតសុំទោសហើយសុំទោសទៀត ចំពោះអ្វីដែលបានកើតឡើង ហើយសន្យាថា នឹងរកមធ្យោបាយផ្សេងទៀត ដើម្បីនាំពួកគេ ទៅកាន់ឥណ្ឌាឱ្យបាន។ វីល្លាមដូចជាចង់ទៅកាន់ក្រុមហ៊ុនឥណ្ឌាខាងកើត ហើយសុំលិខិតធ្វើដំណើរចូល តែគាត់ដឹងថាឱកាសជោគជ័យ ស្ទើរស្ថិតក្នុងកំរិតសូន្យ។ រួចគាត់គិតថា ប្រហែលអាចធ្វើដំណើរ តាមដីគោក ពីហូឡងដ៍ ទៅតំបន់កាល់កូថា នៃប្រទេសឥណ្ឌា តែនោះជាដំណើរផ្លូវ ដែលវែងឆ្ងាយ និងគ្រោះថា្នក់ណាស់។ ចុងបញ្ចប់ វេជ្ជ.ថូម៉ាសក៏គិតឃើញមធ្យោបាយ១ តែគាត់មិនទាន់ប្រាប់ឱ្យដឹងថា មធ្យោបាយនោះជាអ្វីនោះទេ។ គាត់ទាញមួកនិងអាវធំមកពាក់ រួចបើកទ្វារចេញទៅយ៉ាងលឿន។ ១ម៉ោងក្រោយមក គាត់ក៏មកវិញ គ្រវីក្រដាស១សន្លឹកនៅនឹងដៃ ទាំងអាការៈហត់ហេះហាស ដកដង្ហើមស្ទើរមិនដល់គ្នា។ “គិតចេញហើយ គិតចេញហើយ” គាត់និយាយផង ហុចក្រដាសនោះ មកវីល្លាមផង។ ក្រដាសនោះចែងថា “បុរសជនជាតិដាណឺម៉ាក់ នៅឥណ្ឌាខាងកើត ផ្ទះលេខ១០ ផ្លូវខាណណូនស្ទ្រីត។”
“នេះជាអាសយដ្ឋានរបស់ថ្មើរសមុទ្រ ជនជាតិដាណឺម៉ាក់ម្នាក់” វេជ្ជ.ថូម៉ាសនិយាយត។ “ខ្ញុំបានអាសយដ្ឋាននេះ ពីម្ចាស់តៀមស្រា១កន្លែង នៅក្បែរផែ។ មានទូកកំពុងចេញដំណើរ ពីខូផិនហេកិន ទៅកាល់កូថា ហើយគាត់កំពុងរង់ចាំទូក ចូលមកចត នៅផែរបស់អង់គ្លេស។ បើព្រះជាម្ចាស់ នៅជាមួយពួកយើងមែន ប្រហែលនឹងមានកន្លែង សម្រាប់ពួកយើង៣នាក់ ធ្វើដំណើរទៅជាមួយបាន។ មកៗ យើងត្រូវប្រញាប់ទៅ។
វីល្លាមចាប់មួកនិងអាវធំ ចេញពីទ្វារ តាមវេជ្ជ.ថូម៉ាសទៅ ហើយហ្វេលីកស៍ក៏ដើរតាមក្រោយទៅដែរ។ ខណៈពួកគេប្រញាប់ប្រញាល់ ដើរតាមផ្លូវក្រាលថ្ម សំដៅទៅផ្លូវខេណណូនស្រ្ទីតនោះ វីល្លាមនិងវេជ្ជ.ថូម៉ាស ជជែកគ្នា ដោយអារម្មណ៍រំភើប។ ទូកបរទេស ដែលធ្វើដំណើរទៅឥណ្ឌា នឹងមិនស្ថិតក្រោមការត្រួតពិនិត្យ ពីសំណាក់ក្រុមហ៊ុនឥណ្ឌាខាងកើតនោះទេ ដូច្នេះពួកគេពុំត្រូវការលិខិតអនុញ្ញាត ដើម្បីធ្វើដំណើរនោះឡើយ។ លើសពីនេះ ទូកដាណឺម៉ាក់នឹងចេញត្រង់ឆ្ពោះ ទៅក្រុងនៅសេរ៉ាមផូរ ដែលដាណឺម៉ាក់ឃុំគ្រង ពុំបាច់ទៅកាន់ក្រុង ដែលក្រុមហ៊ុមឥណ្ឌាខាងកើត ឃុំគ្រងនោះឡើយ។ តើពួកគេ កំពុងរកបាន មធ្យោបាយស្របច្បាប់ ដើម្បីធ្វើដំណើរ ទៅឥណ្ឌាហើយមែនទេ?
ពេលពួកគេ មកដល់ផ្ទះលេខ១០ ផ្លូវខេណណូនស្ទ្រីត ពួកគេក៏ឮដំណឹងរំភើបមែន។ ថ្មើរសមុទ្រជនជាតិដាណឺម៉ាក់នោះ កំពុងរង់ចាំទូកគាត់ ដែលមានឈ្មោះថា ក្រូន ព្រីនសេស្សា ម៉ារា ដែលនឹងចូលចត នៅដិនវ័រ ចម្ងាយ៧៥គីឡូ ពីឆ្នេរអង់គ្លេសភាគខាងត្បូង នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ថ្មើរសមុទ្រនោះប្រាប់ថា តាមដែលគាត់ដឹង នៅលើទូក នៅមានកន្លែង សម្រាប់ដាក់អ្នកដំណើរ។
“អ្នកដំណើរម្នាក់ថ្លៃប៉ុន្មាន?” វីល្លាមសួរ។
“មនុស្សធំ ម្នាក់១០០ផោនដ៍ កូនក្មេង ម្នាក់៥០ផោនដ៍ ឯអ្នកបម្រើ ម្នាក់២៥ផោនដ៍” ថ្មើរសមុទ្រដាណឺម៉ាក់នោះឆ្លើយតម រួចហុចឱ្យពួកគេ នូវឈ្មោះទីភ្នាក់ងារទូក ប្រចាំនៅក្រុងឡុងដ៍ ដែលមានមុខងារទទួលប្រាក់សោហ៊ុយ និងរៀបចំការធ្វើដំណើរ។
វីល្លាមក៏រូតរះអរគុណ ដល់បុរសដែលផ្ដល់ដំណឹងនោះ ហើយចេញទៅក្រៅ ទាំងក្បាលល្ងាច។ ទាំង៣នាក់ ត្រូវបង់ថ្លៃ២៥០ផោនដ៍ ដើម្បីទៅឥណ្ឌា តែពួកគេមានត្រឹម១៥០ផោនដ៍ ដែលកាពីទែនវ៉ាយថ៍ បានបង្វិលឱ្យនោះប៉ុណ្ណោះ។ តើពួកគេត្រូវធ្វើដូចម្ដេចទៅ?
វេជ្ជ.ថូម៉ាសសុខចិត្តនៅ ឱ្យតែវីល្លាមនិងហ្វេលីកស៍បានទៅ តែវីល្លាមពុំព្រម។ ពេលនេះវីល្លាមដឹងថា វេជ្ជ.ថូម៉ាសជាមនុស្សល្អ ហើយបានខំអស់ពីលទ្ធភាព ដើម្បីសងប្រាក់ ដែលជំពាក់គេនោះ។ ដោយសារពួកគេ បានដាក់ផែនការចេញទៅឥណ្ឌា ជាមួយគ្នាទៅហើយ វីល្លាមសម្រេចថា ត្រូវតែរកវិធី ដើម្បីបានទៅជាមួយគ្នាឱ្យបាន។
ត្រឡប់មកដល់ផ្ទះ ដែលវេជ្ជ.ថូម៉ាសស្នាក់នៅហើយ ក៏ពួកគេនៅពុំទាន់ដឹងថា ត្រូវធ្វើដូចម្ដេចដែរ។ លើតុ អែបច្រកដើរចូល មានសំបុត្រ១ច្បាប់ចារថា ជូនចម្ពោះគ្រូគង្វាល វីល្លាម ឃែរី។ វីល្លាមក៏លើកសំបុត្រនោះឡើង។ ខាងក្នុងសំបុត្រ មានសំណេរជាអក្សរដៃក្រវិចក្រវៀន ជាអក្សររបស់ប្រពន្ធគាត់ ដែលគាត់ធ្លាប់បង្រៀន ឱ្យចេះអានចេះសរសេរនោះ។ គាត់បើកសំបុត្រមើល ដោយអាការៈអន្ទះសារ។
ជាដំណឹងវិសេសណាស់។ វីល្លាមបានកូនប្រុសម្នាក់ទៀតហើយ ជាកូនដែលដូល្លី ដាក់ឈ្មោះថា យ៉ាបេស។ វីល្លាមដឹងថាយ៉ាបេស ជាភាសាហេប្រឺ ដែលមានន័ថាទុក្ខសោក ហើយខណៈនោះ គាត់មានអារម្មណ៍ថា ខ្លួននៅឆ្ងាយសែនឆ្ងាយ ពីប្រពន្ធនិងកូនជាទីស្រឡាញ់របស់ខ្លួន។ ខ្ញុំត្រូវទៅមើលកូនឱ្យទាល់តែបាន។ គាត់គិតក្នុងចិត្ត។ “ទៅបានតើ។ មែនហើយ ទៅបានតើ” គាត់ស្រែកដាក់វេជ្ជ.ថូម៉ាស។
វេជ្ជ.ថូម៉ាស បែរភ្នែក មើលមកគាត់ ដោយអាការៈមានមន្ទិស។
“ប្រាកដណាស់ យើងអាចធ្វើបាន” វីល្លាមនិយាយ ទាំងរុញកៅអីទៅក្រោយ ហើយដើរចុះឡើងក្នុងបន្ទប់។
“បើយើងឡើងរទេះ នៅយប់នេះ យើងទៅដល់ភីឌឌីងថុន នៅពេលព្រឹក។ ប្រហែលព្រះជាម្ចាស់ បណ្ដាលឱ្យមានហេតុការណ៍អាក់ដំណើរនេះ ដើម្បីចាំឱ្យកូនកើតមក និងឱ្យប្រពន្ធខ្ញុំ អាចទៅជាមួយពួកយើងទេដឹង។”
ប្រហែលកន្លះម៉ោងក្រោយមក បុរសទាំង២និងហ្វេលីកស៍ ក៏បោះឥវ៉ាន់១ចំនួន ចូលក្នុងកាតាបស្បែក ហើយរួសរាន់ ទៅឱ្យទាន់រទេះ ដែលចេញដំណើរ ទៅណូសាមថុនសឺ។ លុះថ្ងៃរះឡើង ពួកគេក៏ចុះនៅចម្ងាយ១គីឡូកន្លះ ពីភីឌឌីងថុន ជាទីដែលដូល្លី កំពុងរស់នៅ ជាមួយឃីធធី ជាប្អូនស្រី។
ដូល្លី ឃែរី ហាមាត់ជង្រ្គុង ពេលបើកទ្វារតៀមទៅ ឃើញប្ដីនាង កូនប្រុសច្បងនាង និងវេជ្ជ.ថូម៉ាស កំពុងចាំនៅខាងក្រៅ។ ដូល្លីរូតរះទទួលពួកគេចូលខាងក្នុង ហើយវីល្លាមក៏អង្គុយចុះ ហើយលើកយ៉ាបេសមកបីភ្លាម។ ដោយមិនឱ្យពេលកន្លងទៅឥតប្រយោជន៍ គាត់ក៏ប្រាប់ដូល្លាភ្លាមៗថា គាត់មកនោះ គឺមកយកនាងទៅជាមួួយ។ គាត់បានសុំអង្វរនាងអស់ពីចិត្ត តែនាងពុំប្ដូរចិត្តឡើយ។ នាងប្រាប់គាត់ថា កូនកើតមកដោយសុវត្ថិភាពហើយមែន តែនៅមានគ្រោះថ្នាក់ច្រើនទៀតណាស់ សម្រាប់នាងនិងកូនៗ។ នាងនឹងមិនទៅ ជាមួយគាត់នោះឡើយ។
ពេលដូល្លីនិងវីល្លាមកំពុងជជែកគ្នា ឃីធធីក៏រៀបចំអាហារពេលព្រឹក សម្រាប់ពួកគេ។ ពួកគេក៏ស្រស់ស្រូបអាហារ ដោយទឹកចិត្តដឹងគុណ ហើយក្រោយស្រស់ស្រូបរួចហើយ វីល្លាមដឹងថា ពួកគេត្រូវទៅ តែប៉ុណ្ណឹងនាក់ដដែល។ ពួកគេត្រូវដើរ ទៅណូសាមថុន ដើម្បីទៅជួប ចន រ៉ាយលែនដ៍ ក្រែងគាត់ប្រមូលបានប្រាក់កាសបន្ថែមខ្លះទៀត សម្រាប់សោហ៊ុយធ្វើដំណើរ ទៅកាន់ឥណ្ឌា។
វីល្លាមឱបកូនប្រុស២នាក់ និងកូនទើបកើតថ្មីនោះ រួចថើបលាប្រពន្ធទៅ។ លើកនេះ ពិបាកឈានជើងចេញ ជាងលើកមុន។ ទាំងអារម្មណ៍ធ្ងន់ទ្រូង វីល្លាមបោះជំហានលឿនៗ ទៅកាន់ណូសាមថុន តែជំហានលឿនៗនោះ បន្ដមិនបានយូរឡើយ។ វីល្លាមរកាំចិត្តណាស់ ដែលត្រូវចាកចេញ ពីប្រពន្ធនិងគ្រួសារគាត់ដូច្នោះ។ គាត់ច្បាស់ក្នុងចិត្តថា ព្រះជាម្ចាស់បានពន្យារការធ្វើដំណើររបស់ពួកគេ ដើម្បីឱ្យគ្រួសារគាត់ បានទៅជាមួយដែរ តែដូល្លីពុំប្ដូរចិត្តឡើយ។ ចុងបញ្ចប់ វីល្លីមក៏អង្គុយ លើចិញ្ចើមផ្លូវ ហើយយំ។
វេជ្ជ.ថូម៉ាស ទ្រាំមើលមិត្តគាត់ សោកសៅដូច្នោះពុំបានឡើយ។ ត្រូវតែធ្វើអ្វីម្យ៉ាង។ “តោះ វីល្លាម ពួកយើងត្រឡប់ទៅវិញ” គាត់និយាយ ដោយអាការៈរាបសា ហើយចាប់ទាញវីល្លាមឱ្យឡើង។ “ទុកឱ្យគ្រួសារ បែកបាក់គ្នាអ៊ីចឹង មិនកើតទេ។”
ទាំង២នាក់ ក៏វិលទៅ តាមផ្លូវដដែល។ វីល្លាមដើរតាមក្រោយវេជ្ជ.ថូម៉ាស ដោយពុំមាត់កអ្វីឡើយ។ មិនយូរ ពួកគេក៏ទៅដល់មុខតៀម។ ទ្វារតៀមនៅចំហ ហើយពួកគេអាចមើលឃើញ ដូល្លីកំពុងអង្គុយយំអណ្ដឺតអណ្ដក នៅជិតជើងចង្ក្រាន។ ពេលក្រឡេកឃើញពួកគេ នាងជូតទឹកភ្នែកនឹងអាវអៀម ហើយងើបឈរឡើង។ “ម៉េចហ្នឹង?” នាងសួរ ទាំងអាការៈប្ដូរពីពិបាកចិត្ត មករំភើប។
“គឺដើម្បីអ្នកហ្នឹងហើយ អ្នកស្រីឃែរី” វេជ្ជ.ថូម៉ាស ឆ្លើយឡើង ដោយអាការៈម៉ត់ចត់។ “ពួកយើងមក ដើម្បីផ្ដល់ឱកាស ដល់អ្នកស្រី ម្ដងទៀត។ ឱ្យគ្រួសារបែកបាក់គ្នា ជារឿងមិនត្រឹមត្រូវទេ។ ព្រះជាម្ចាស់ចាត់បញ្ជូនវីល្លាម ឱ្យទៅឥណ្ឌា ហើយគ្រួសារគាត់ ត្រូវទៅជាមួយគាត់។ តើអ្នកលែងចង់ឃើញគាត់ហើយឬ? តើអ្នកចង់ឱ្យ កូនៗអ្នកធំដឹងក្ដី ទាំងមិនដឹងថា ឪពុកខ្លួនជានរណាឬ? ចុះបើអ្នក លែងបានឃើញមុខគាត់មែន តើអ្នកនឹងអភ័យទោស ឱ្យខ្លួនអ្នកបានទេ?”
ដូល្លី ឃែរី កប់យោបល់។ នាងមើលទៅវេជ្ជ.ថូម៉ាសនិងវីល្លាម ចុះឡើងៗ។ “តែខ្ញុំខា្លច មិនហ៊ានទៅម្នាក់ឯងនោះទេ” នាងផ្ទុះវាចាចេញមក នៅទីបញ្ចប់។ “ចុះគ្រួសារខ្ញុំ? តើខ្ញុំលែងបានជួបឃីធធីហើយឬ?”
“ក្រែងឃីធធីយល់ព្រម ទៅជាមួយយើងដែរទេដឹង” វេជ្ជ.ថូម៉ាសនិយាយ ទាំងក្រឡេកមើល ទៅប្អូនស្រីរបស់ដូល្លី ដោយអារម្មណ៍នឹងនរ។
មុខរបស់ឃីធធី ប្រែពណ៌ក្រហមច្រាល។ “ខ្ញុំទៅមិនកើតទេ... ខ្ញុំអឺ...” នាងនិយាយដាច់ៗ រួចអង្គុយចុះ ផ្អែកខ្លួន នឹងខ្នងបងស្រី។ អស់១សន្ទុះធំ ក្នុងបន្ទប់គ្មានសំឡេងអ្វីឡើយ ក្រៅពីសំឡេងយ៉ាបេស ដែលបញ្ចេញអ៊ិះអ៊ឹះម្ដងម្កាល ក្នុងខណៈកំពុងដេកលើអង្រឹង។
រំពេចនោះ ឃីធធីក៏ក្រោកឈរ។ រួចនាងនិយាយ ទាំងដងខ្លួនញ័រចំប្រ៉ប់។ “ដើម្បីកុំឱ្យគ្រួសារបែកបាក់គ្នា ខ្ញុំនឹងទៅ។” រួចនាងបែរទៅដូល្លី ហើយនិយាយថា “ពួកយើងនឹងទៅជាមួយគ្នា។ ខ្ញុំនឹងជួយបង។”
វីល្លាមសម្លឹងទៅដូល្លី ដូល្លីបើកភ្នែកធំៗ រួចងក់ក្បាល។ “អ៊ីចឹងក៏បាន ពួកយើងនឹងទៅជាមួយគ្នា” នាងនិយាយតិចៗ។
វីល្លាមដើរសំដៅទៅប្រពន្ធ រួចឱបនាង។ ចុងបញ្ចប់ ដូល្លីនិងកូនទាំងអស់ ទៅឥណ្ឌាដែរហើយ!
ក្រោយមក ពួកគេក៏ស្រវាស្រទេញ រៀបចំឥវ៉ាន់ឱ្យស្ដ្រី២នាក់ និងកូនក្មេងទាំង៣ ដើម្បីធ្វើដំណើរតាមសមុទ្រ៥ខែ ឆ្ពោះទៅឥណ្ឌា ឆ្ពោះទៅជួបគ្រប់យ៉ាង ដែលកំពុងរង់ចាំពួកគេ នៅទីនោះ។ វីល្លាមតូចវ័យ៤ឆ្នាំ និងភីធ័ររត់ស្មេចេញចូលតៀមចុះឡើងៗ។ វេជ្ជ.ថូម៉ាសនៅជួយ រហូតចប់ចុងចប់ដើម ព្រោះគាត់ដឹងថា ពេលនៅលើទូក និងនៅឥណ្ឌា គ្រួសារ១ត្រូវការអ្វីខ្លះ។ គាត់ប្រមូលនិងវេចខ្ចប់កម្រាលនិងអាវក្រាស់ៗរបស់ពួកគេ ព្រោះពួកគេត្រូវចេញទៅ កាត់រដូវរងា ពេលទូកចុះដល់តំបន់អ័ក្សខាងត្បូង។
លុះថ្ងៃនោះ ជិតកន្លងផុតទៅ ដំណឹងដ៏ផ្សព្វផ្សាយយ៉ាងរហ័ស ទៅកាន់ភូមិស្រុកជុំវិញ។ មិនយូរ ញាតិមិត្តជិតខាង ដែលរំជួលចិត្ត ក៏មកជូនដំណើរដូល្លីនិងឃីធធី និងជួយរៀបចំឥវ៉ាន់ពួកគេ។
ក្នុងខណៈវេជ្ជ.ថូម៉ាសជួយវេចខ្ចប់ឥវ៉ាន់ វីល្លាមក៏ចេញដំណើរ ទៅណូសាមថុន ជាលើកទី២។ ម្ដងនេះគាត់ដើរផង ច្រៀងតម្កើងផង។ ចន រ៉ាយលែនដ៍ រំភើបចិត្តណាស់ពេលឮថា គ្រួសារទាំងមូល នឹងទៅឥណ្ឌាជាមួយវីល្លាមដូច្នោះ។ តែគាត់ប្រមូលប្រាក់ពុំបានគ្រប់ សម្រាប់ពួកគេទាំងអស់គ្នានោះឡើយ។ គាត់មានប្រាក់ផ្ទាល់ខ្លួន២០០ផោនដ៍ នៅក្នុងធនាគារ តែថ្ងៃនោះជាថ្ងៃសៅរ៍ ទាល់តែដល់ថ្ងៃចន្ទ ម៉ោង១០ព្រឹក ទើបគាត់ ដកប្រាក់នោះមកប្រើបាន។
វីល្លាមថ្ងូររហ៊ឹះ។ ទំរាំដល់ពេលនោះ ក្រូន ព្រីនសេស្សា ម៉ារា មកដល់ ហើយចេញទៅបាត់ហើយ។ ក្រោយពិភាគ្សាគ្នាជាយូរ ចន រ៉ាយលែនដ៍ ក៏គិតឃើញមធ្យោបាយ១។ គាត់មានមិត្តភ័ក្ដិមានៗ ជាច្រើននាក់ នៅក្រុងឡុងដ៍ ហើយគាត់ជឿជាក់ថា អ្នកទាំងនោះ ប្រាកដជាមាន២០០ផោនដ៍ នៅនឹងខ្លួន។ រួច ចន រ៉ាយលែនដ៍ ក៏រួសរាន់សរសេរសំបុត្រ សុំខ្ចីប្រាក់ ពីមិត្តភ័ក្ដិគាត់ ហើយសន្យាថា នឹងសងពួកគេវិញ មុនចុងសប្ដាហ៍។
បង្អែរបង្អង់មិនបានទេ។ វីល្លាមអរគុណ ដល់មិត្តខ្លួន រួចដើរផងរត់ផង សំដៅទៅភីឌឌីងថុនវិញ។ ពេលគាត់ទៅដល់ គ្រួសារទាំងមូល រៀបឥវ៉ាន់រួចហើយ។
ដូល្លីមើលតាមបង្អួចរទេះ ឃើញទិដ្ឋភាពដែលខ្លួនធ្លាប់ឃើញ ពេញ១ជីវិតនោះ រសាត់បាត់បន្ដិចម្ដង ហើយជំនួសមកវិញដោយវាលស្មៅនិងភូមិឋាន ដែលនាងមិនដែលឃើញ ពីមុនមក។ ឃីធធីលូកដៃ ទៅចាប់ដៃបងស្រីយ៉ាងណែន ដើម្បីផ្ដល់ភាពកក់ក្ដៅ ក្នុងខណៈរទេះកំពុងរត់ក្រុកក្រាក់ៗ លើដងផ្លូវ។
វីល្លាមក៏មើលតាមបង្អួចរទេះដែរ ទាំងមានភីធ័រ អង្គុយលើភ្លៅផង តែគាត់មិនមែនកំពុងមើលទេសភាពនោះទេ។ គាត់កំពុងគិតលេខ គាត់ហើយគិតទៀត គិតចុះគិតឡើង។ គាត់មាន១៥០ផោនដ៍ក្នុងហោប៉ៅ ជាប្រាក់ដែលកាពីទែនវ៉ាយថ៍ បង្វែរឱ្យវិញនោះ ហើយគាត់នឹងទៅប្រមូល នៅក្រុងឡុងដ៍ ចំនួន២០០ផោនដ៍ទៀត។ សរុបទៅ៣៥០ផោនដ៍។ ហើយពេលនេះ មានមនុស្សធំ៤នាក់ ធ្វើដំណើរទៅឥណ្ឌា សោហ៊ុយម្នាក់១០០ផោនដ៍។ បានន័យថា ត្រូវអស់៤០០ផោនដ៍ ហើយនៅមានក្មេង៤នាក់ ម្នាក់ៗ៥០ផោនដ៍ទៀត។ សរុបទៅ ត្រូវការសោហ៊ុយធ្វើដំណើរ៦០០ផោនដ៍ នៅខ្វះ២៥០ផោនដ៍ឯណោះ!
វីល្លាមរកវិធីដោះស្រាយផង ដកដង្ហើមធំផង។ គាត់គិតថា បើបញ្ចុះបញ្ចូលដូល្លី ឱ្យទៅឥណ្ឌាបានហើយ តែគ្មានប្រាក់គ្រប់គ្រាន់ ចេញថ្លៃសោហ៊ុយនាងទៅវិញ ពិតជាកំប្លែងណាស់។ ចុងបញ្ចប់ វីល្លាមក៏អធិដ្ឋានស្ងាត់ៗថា “ព្រះជាម្ចាស់ ទ្រង់បាននាំទូលបង្គំមកដល់ចម្ងាយណេះហើយ។ ទ្រង់ថែមទាំងបាននាំដូល្លីនិងកូនៗមកទៀត។ ទ្រង់ច្បាស់បង្ហាញផ្លូវ ឱ្យពួកយើងបានទៅដល់ឥណ្ឌាមិនខាន។”
ក្រុមពួកគេទៅដល់ក្រុងឡុងដ៍ នៅរសៀលថ្ងៃសៅរ៍។ វីល្លាមពុំពិបាកស្វែងរកមិត្តរបស់ ចន រ៉ាយលែនដ៍ ដែលបានស្ម័គ្រចិត្ត ឱ្យគាត់ខ្ចីប្រាក់២០០ផោនដ៍នោះឡើយ។ ក្រោយត្រឡប់មកជាមួយនឹងប្រាក់នោះវិញ វេជ្ជ.ថូម៉ាសក៏យកវា ព្រមជាមួយនឹងប្រាក់បង្វែរ១៥០ផោនដ៍នោះ ទៅរកទៅទីភ្នាក់ងារទូក។ វេជ្ជ.ថូម៉ាសមិនចេះទាល់ច្រកនោះទេ។ គាត់មានផែនការ១ទៀតហើយ ហើយគាត់បាននិយាយ ពីផែនការនេះ ជាមួយតែឃីធធីប៉ុណ្ណោះ។ ប៉ុន្មានម៉ោងក្រោយមក គាត់ក៏មកវិញ ទាំងលើកគ្រវីសំបុត្រចំនួន៨ នៅនឹងដៃផង។
“តើលោកធ្វើដូចម្ដេច ទើបបានដូច្នេះ?” វីល្លាមសួរ ទាំងទឹកមុខញញឹមញញែម។
គាត់ថា “ទីភ្នាក់ងារនោះ សប្បាយចិត្តណាស់ ដែលមានគ្រួសារ ធ្វើដំណើរទៅជាមួយគ្នាដូច្នេះ។ ខ្ញុំសួរទៅគាត់ថា ខ្ញុំនឹងឃីធធីសុំជាអ្នកបម្រើរបស់លោកបានទេ ហើយគាត់សួរខ្ញុំថា ពួកយើងមានប្រាក់សោហ៊ុយសរុបប៉ុន្មាន។ ខ្ញុំប្រាប់ថា៣៥០ផោនដ៍។ គាត់ប្រាប់ខ្ញុំថា ឥណ្ឌាត្រូវការបេសកជន ហើយថាមនុស្សប្រុស មិនត្រូវបែកបាក់ ពីក្រុមគ្រួសារខ្លួននោះឡើយ ហើយបើមានប្រាក់តែប៉ុណ្ណេះ នោះក៏ល្មមឱ្យពួកយើង ធ្វើដំណើរទៅបានហើយ។ យើងបានទៅឥណ្ឌាហើយ!”
“តើទូកចេញទៅពេលណា?” វីល្លាមសួរឡើង ក្រោយពិនិត្យសំបុត្រនីមួយៗរួចហើយ។
“យើងត្រូវប្រញាប់ទៅ។ ទូកចេញពីដិនវ័រ ល្ងាចស្អែកហ្នឹងហើយ ព្រោះមានខ្យល់ខ្លាំងល្អ។
វីល្លាមដកដង្ហើមធំ។ ពួកគេមិនអាចទៅមកទាន់ពេលនោះឡើយ ហើយឥវ៉ាន់ដែលទុកនៅផូតស្មោស ត្រូវធ្វើដូចម្ដេចទៅ?
វេជ្ជ.ថូម៉ាសលូកដៃចូលហោប៉ៅ ទាញសំបុត្រចេញមកទៀត។ “ខ្ញុំបានទាក់ទងទៅមិត្តចាស់ម្នាក់ គាត់បានឱ្យប្រាក់កាសមកខ្ញុំ ល្មមនឹងទិញសំបុត្រស្រឡាង ឱ្យអ្នករាល់គ្នា ទៅដល់ដិនវ័របាន។”
“ចុះលោកវិញ?” វីល្លាមសួរ។
“ខ្ញុំចង់ទៅផូតស្មោស ប្រមូលឥវ៉ាន់ ពេលនេះតែម្ដង។ បើព្រះជាម្ចាស់ប្រទានពរខ្ញុំ ខ្ញុំនឹងបានជួបអ្នក នៅដិនវ័រ នៅថ្ងៃស្អែក។”