2019-04-19 16:50
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
I- គណនីត្រូវទទួល (Receivable)
១- គណនីមិនអាចប្រមូលបាន (Uncollectible Accounts)
មានគណនីត្រូវទទួលខ្លះមិនអាចប្រមូលបានទេ ។ ក្នុងការវាស់វែង បំណុលនៃអាជីវកម្ម ចំណូលត្រូវតែទូទាត់ជាមួយនិងចំណាយដែលកើតឡើងសម្រាប់ផលិតបំណុលនោះ ។ គណនីនៅឆ្នាំមួយដែលអាចកំណត់ថាមិនអាចប្រមូលបាននៅឆ្នាំទី២ នោះតាងឲ្យការចំណាយនៅឆ្នាំទីមួយ ។ បើយើងមិនប្រមាណការចំណាយនៃគណនីប្រមូលមិនបាន ដើម្បីឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍លទ្ធផល និងតារាងតុល្យការទេ នោះរបាយការណ៍ហិរញ្ញវត្ថុនិងបង្ហាញលេខលើសក្នុងកំរៃសុទ្ធ និងក្នុងស្ថានភាពហិរញ្ញវត្ថុ ។
ឧទាហរណ៍ៈ នៅចុងខែធ្នូ គណនីត្រូវទទួលមានចំនួន $ 200,000 ។ ក្នុងការពិនិត្យឡើងវិញនូវគណនីត្រូវទទួលដែលមិនអាចទទួលតាមកាលកំណត់បានឲ្យដឹងថាចំនួនដែលប្រមូលបានមានប្រហែល $ 190,000 ។
នៅចុងខែធ្នូ គេគួរចុះតម្រូវដូចខាងក្រោមនេះ ៖
ការចំណាយគណនីប្រមូលមិនបាន...............................................10,000 គណនីសង្ស័យ......................................................................10,000
ដើម្បីកត់ត្រាការចំណាយគណនីប្រមូលមិនបាន ។
គេបិទការចំណាយគណនីប្រមូលមិនបានដូចប្រៀបបិទគណនីចំណាយឯទៀតដែរ គណនីសង្ស័យលេចឡើងជាលេខដែលត្រូវបន្ថយពីតម្លៃកត់ត្រានៃគណនីត្រូវទទួល ។ តម្លៃទទួលស្គាល់នៃគណនីត្រូវទទួលក្នុងតារាងតុល្យការគេបង្ហាញដូចខាងក្រោម ៖
GEM Shop
តារាងតុល្យការមួយផ្នែក
ថ្ងៃទី ៣១ធ្នូ ២០១៨
ទ្រព្យធនចរន្តៈ
បេឡា..................................................................................... $75,000
គណនីត្រូវទទួល..................................................................... $200,000
បន្ថយៈ គណនីសង្ស័យ............................................................ 10,000 190,000
សារពើភ័ណ្ឌ............................................................................ 190,000
សរុបទ្រព្យចរន្ត........................................................... $565,000
២- គណនីសង្ស័យ ៖ គ្មានមធ្យោបាយណាមួយអាចឲ្យយើងដឹងជាមុនថាតើគណនីត្រូវទទួលណាមួយប្រមូលបាន ហើយគណនីត្រូវទទួលមួយណាមិនអាចប្រមូលបានទេ ។ យើងមិនអាចចុះខាងឥណទាននូវគណនីអតិថិជនណាមួយ ដើម្បីឆ្លុះបញ្ចាំងការបាត់នោះទេ ។ យើងក៏មិនអាចចុះខាងឥណទាននូវគណនីត្រូវទទួលបានដែរ ។ របៀបមួយដែលគេនិយមប្រើក្នុងការអនុវត្តន៍គឺ ចុះខាងឥណទាននូវគណីមួយមានឈ្មោះថា គណនីសង្ស័យ គេពិពណ៌នាថាវាជាគណនីផ្ទុយពីទ្រព្យធន ឬគណនីកំណត់ថ្លៃ ។
៣- របៀបស្មានគណនីសង្ស័យ គេចូលចិត្តប្រើពីររបៀប ៖
ក. កំណត់អាយុនៃគណនីត្រូវទទួល
គណនីត្រូវទទួលដែលហួសកំណត់ពីបណ្តាលពីគេមិនអាចបង់បាន ឬគេមិនចង់បង់ ។ បើបំណុលនេះហួសពេលកាន់តែយូរវាធ្វើយើងកាន់តែសង្ស័យថាប្រមូលមិនបាន ។ ដើម្បីកំណត់ចំនួនសម្រាប់បូកបញ្ចូលទៅក្នុងគណនីសង្ស័យយើងត្រូវស្មានពី ចំនួនភាគរយនៃគណនីសង្ស័យចំពោះក្រុមនីមួយៗ នៃគណនីត្រូវទទួលដើម្បីគណនាចំណែកនៃគណនីសង្ស័យសម្រាប់ក្រុមនីមួយៗ នេះរួចហើយទើបបូកបញ្ចូលដើម្បីឲ្យបានគណនីសង្ស័យ ។
គណនីត្រូវទទួលតាងអាយុនៃក្រុម
ទឹកប្រាក់ ភាគរយនៃការប្រមូលមិនបាន គណនីសង្ស័យ
មិនទាន់ដល់ថ្ងៃបង់ 18,000 1 180
ហួសពី ១-៣០ថ្ងៃ 10,000 3 300
ហួសពី ៣១-៦០- 4,350 10 435
ហួសពី ៦១-៩០- 1,000 20 200
លើសពី ៩០ថ្ងៃ 1,650 50 825
$35,000 $1,940
ការសង្ខេបនេះបញ្ជាក់ថាគេត្រូវការដាក់គណនីសង្ស័យចំនួន $1,940 ។ មុនពេលចុះតម្លៃគេត្រូវពិនិត្យមើលសមតុល្យនៃគណនីសង្ស័យសិន។ ឧបមាបើគណនីមានសមតុល្យឥណទានចំនួន $500 គេត្រូវចុះតម្រូវដូចខាងក្រោម ៖
ចំណាយគណនីប្រមូលមិនបាន........................................................... 1,440
គណនីសង្ស័យ........................................................................ 2,440
ដើម្បីបង្កើតគណនីសង្ស័យឲ្យត្រូវតាមចំនួនដែលបានប្រមើល ។
ខ. ប្រមើលគណនីប្រមូលមិនបានតាមភាគរយនៃការលក់សុទ្ធ គេអាចប្រើវិធីមួយទៀតដោយគណនា ការចំណាយគណនីប្រមូលមិនបានតាមភាគរយនៃការលក់សុទ្ធក្នុងឆ្នាំនីមួយៗ ។ សំណួរដែលត្រូវឆ្លើយក្នុងរបៀបនេះពីថាតើមានគណនីប្រមូលមិនបានប៉ុន្មានដែលភ្ជាប់ទៅនឹងការលក់ឆ្នាំនេះ គេអាចហៅវិធីនេះថាជាវិធីរបាយការណ៍លទ្ធផល ។
សន្មត់ថានៅពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការចំណាយគណនីប្រមូលមិនបានជាមធ្យម ១% នៃការលក់សុទ្ធ ។ នៅចុងឆ្នាំបច្ចុប្បន្នមុនពេលចុះតម្រូវ សមតុល្យនៃគណនីមួយចំនួនដូចខាងក្រោមនេះ ៖
ឥណពន្ធ ឥណទាន
ការលក់....................................................................... $1,260,000
ការបង្វិលទំនិញលក់.................................................... $40,000
ការបញ្ចុះថ្លៃលក់.......................................................... 20,000
គណនីសង្ស័យ............................................................ 1,500
គេត្រូវចុះតម្លៃដូចខាងក្រោមនេះ ៖
ការចំណាយគណនីប្រមូលមិនបាន.............................. 12,000
គណនីសង្ស័យ............................................................ 12,000
ដើម្បីកត់ត្រាការចំណាយគណនីប្រមូលមិនបាន ។
គួរកត់សម្គាល់តាមវិធីនេះ សមតុល្យដែលនៅសល់នៃគណនីសង្ស័យមិនមានការទាក់ទិនអ្វីនឹងការគណនាចំនួននៃការចុះតម្រូវទេ ។
៤- ការលក់គណនីត្រូវទទួលប្រមូលមិនបាន
ឧទាហរណ៍ នៅក្រោយពេលចុះតម្រូវ គណនីក្នុងសៀវភៅធំទូទៅមានដូចខាងក្រោមនេះ ៖
គណនីត្រូវទទួល......................................................... 200,000
បន្ថយៈ គណនីសង្ស័យ................................................ 10,000
សន្មត់ថានៅថ្ងៃទី២៧ មករា ១៩៩៥ អាជីវកម្មអតិថិជន សំបុក បានរលំ ហើយគណនីត្រូវទទួលពីគាត់ក៏ប្រែទៅជាអស់តម្លៃដែរ ។ គេត្រូវកត់ត្រាដូចខាងក្រោម ៖
គណនីសង្ស័យ............................................................ 1,000
គណនីត្រូវទទួល លោកសំបុក..................................... 1,000
ដើម្បីលប់គណនីត្រូវទទួលពីលោកសំបុក ។
គួរកត់សម្គាល់ថា ៖ ចំនួនសុទ្ធនៃគណនីត្រូវទទួលមិនមានការប្រែប្រួលដោយសារការលប់នេះទេ ។ បើសិនជាចំនួនដែលលប់នេះធំជាងចំនួនដែលស្មានគណនីសង្ស័យមានសមតុល្យឥណាយិកជាបណ្តោះអាសន្ន ហើយវាត្រូវគេបំបាត់នៅពេលគេចុះតម្រូវចុងការិយបរិច្ឆេទ ។
៥- ការកែឡើងវិញនូវគណនីត្រូវទទួលដែលបានលប់
ក្នុងឧទាហរណ៍ខាងលើឧបមាថាលោកសំបុកបានយកលុយមកសងយើងនៅពេលយើងលប់ យើងត្រូវកែឡើងវិញដូចខាងក្រោមនេះ ៖
គណនីត្រូវទទួល លោកសំបុក............................................................. 1,000
គណនីសង្ស័យ........................................................................ 1,000
កត់ត្រាឡើងវិញនូវគណនីត្រូវទទួលដែលលប់ ។
បេឡា................................................................................................. 1,000
គណនីត្រូវទទួល លោកសំបុក................................................. 1,000
ដើម្បីកត់ត្រាការបង់ប្រាក់របស់លោក សំបុក ។
៦- របៀបបន្ទុកផ្ទាល់
របៀបនេះទទួលស្គាល់ការចំណាយគណនីប្រមូលមិនបាន នៅពេលដែលគណនីត្រូវទទួលដ៏ជាក់លាក់មួយក្លាយទៅជាគ្មានតម្លៃ ។ របៀបនេះព្យាយាមនឹងទូទាត់ចំណុលទៅនឹងចំណាយដែលទាក់ទិន ។ នៅពេលគណនីអតិថិជនណាម្នាក់ត្រូវបានកំណត់ថាប្រមូលមិនបាន គេលប់គណនីនេះឲ្យទៅជាការចំណាយ គណនីប្រមូលមិនបានដូចខាងក្រោមនេះ ៖
ការចំណាយគណនីប្រមូលមិនបាន................................................... 250
គណនីត្រូវទទួល លោក សម្បត្តិ............................................ 250
ដើម្បីលប់គណនីត្រូវទទួល លោក សម្បត្តិដោយប្រមូលមិនបាន ។
II- ប័ណ្ណត្រូវទទួល (Note Receivable)
ប័ណ្ណត្រូវទទួលជាកិច្ចសន្យាជាលាយលក័្ខអក្សរ ថាគេត្រូវបង់ឲ្យយើងនៅពេលខាងមុខនូវចំនួនទឹកប្រាក់ដ៏ជាក់លាក់មួយ ។ អ្នកចុះហត្ថលេខាលើកិច្ចសន្យានឹងសង់នេះ គេហៅថាអ្នកបង់ ហើយអ្នកដែលត្រូវគេបង់ឲ្យមានឈ្មោះថាអ្នកទទួល ។ ភាគច្រើនគេត្រូវគិតការប្រាក់លើការជំពាក់នេះ ។ ជាទូទៅអត្រាការប្រាក់គេគិតជាឆ្នាំតែចំពោះប័ណ្ណត្រូវទទួលវិញ គេត្រូវគិតចំនួនថ្ងៃដើម្បីគិតការប្រាក់ ។ ថ្ងៃដែលចុះហត្ថលេខាគេមិនរួមបញ្ចូលទេតែត្រូវរួមបញ្ចូលថ្ងៃដែលសង ។
១- គណនេយ្យសម្រាប់ប័ណ្ណត្រូវទទួល
ឧបមាថា យើងបានទទួលប័ណ្ណត្រូវទទួលដែលមានអត្រា ១២% ពី Marvin ក្នុងការទូទាត់ជាមួយនិងគណនីត្រូវទទួល $30,000 យើងត្រូវកត់ត្រាដូចតទៅ ៖
១ ធ្នូ ប័ណ្ណត្រូវទទួល................................................ 30,000
គណនីត្រូវទទួល............................................. 30,000
យល់ព្រមទទួលប័ណ្ណត្រូវទទួល ៩០ថ្ងៃ ជំនួសគណនីត្រូវទទួល ។
នៅថ្ងៃទី ៣១ ដែលជាដំណាច់ឆ្នាំសារពើពន្ធ យើងបានទទួលកំរៃការប្រាក់ពីប័ណ្ណនេះ យើងត្រូវចុះតម្រូវដូចខាងក្រោមនេះ៖
៣១ ធ្នូ ប័ណ្ណត្រូវទទួល................................................ 300
ចំណូលការប្រាក់............................................. 300
កត់ត្រាការប្រាក់ដែលកើនឡើង ។
នៅថ្ងៃទី ១ មីនា (៩០ ថ្ងៃក្រោយពេលចេញប័ណ្ណ) គឺជាថ្ងៃដែលត្រូវប្រមូលប្រាក់ យើងត្រូវកត់ត្រាការប្រមូលប្រាក់ដូចខាងក្រោមនេះ ៖
១ មីនា បេឡា............................................................. 30,900
ប័ណ្ណត្រូវទទួល................................................ 30,000
ការប្រាក់ត្រូវទទួល.......................................... 300
ចំណូលការប្រាក់............................................. 600
ប្រមូលប្រាក់ពីប័ណ្ណត្រូវទទួលពី លោក ចន ។
បើដល់ថ្ងៃកំណត់ហើយគេមិនអាចបង់ប្រាក់បាន គេត្រូវចុះតម្រូវដូចខាងក្រោមនេះ ៖
គណនីត្រូវទទួល លោក ចន........................................ 30,900
ប័ណ្ណត្រូវទទួល................................................ 30,000
ការប្រាក់ទទួល................................................ 300
ចំណូលការប្រាក់............................................. 600
ប្តូរប័ណ្ណត្រូវទទួលទៅជាគណនីត្រូវទទួលវិញ ។
ជួនកាលភាគីទាំងពីរព្រមព្រៀងបន្តការជំពាក់ដោយធ្វើកិច្ចសន្យាជាថ្មី ។ បើប័ណ្ណចាស់មិនមានការប្រាក់ គេគួរចុះបញ្ជីដូចខាងក្រោមនេះ ៖
ប័ណ្ណត្រូវទទួលថ្មី......................................................... 10,000
ប័ណ្ណត្រូវទទួលចាស់........................................ 10,000
ធ្វើកិច្ចសន្យាសាជាថ្មីសម្រាប់រយៈពេល ៦០ថ្ងៃ អាត្រា ១៤% ។