2019-05-20 07:52
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើសម័យចេនឡា គីតចាប់ពីឆ្នាំណា ដល់ឆ្នាំណា ?
២. តើព្រះរាជាសម័យចេនឡា ដំបូងមានព្រះនាមអ្វី ?
៣. តើចេនឡាចែកចេញជាប៉ុន្មាន ? អ្វីខ្លះ ?
៤. តើចេនឡា ចែកចេញ២នៅឆ្នាំណា ? ក្នុងរាជ្យស្តេចអង្គណា ?
៥. តើឯកសារខ្មែរមែនទេ ដែលបានបញ្ជាក់ថាចេនឡាបានបែកបាក់នៅឆ្នាំ៧០៦ គ.ស ?
៦. ចុះឯកសារណា ដែលបានបញ្ជាក់ថា ចេនឡាបានបែកបាក់នៅឆ្នាំ៧០៦គ.ស ?
៧. ហេតុអ្វីបានជា ចិនហ៊ាននិយាយថា ចេនឡា បែកបាក់ជា២នៅឆ្នាំ ៧០៦ ?
៨.ចូរនិយាយពីទស្សនៈនៅក្នុងសៀវភៅរបស់លោកហ្សក ដេស , ប៉ូលប៉េល្យូ ,និងលោកត្រឹង ងា អំពីការបែកបាក់ចេនឡាជា២ ?
៩. តើលោក ហ្សក សឺដេស មានយកឯកសារខ្មែរសម័យនោះមកវិភាគទេ ( សិលាចារិក ) ? គាត់ឲ្យទស្សនៈថាដូចម្តេច ? អត្ថន័យពិតថាដូចម្តេចដែរ ?
១០.តើទស្សនរបស់លោក ហ្សក សឺដេស ត្រូវបានអ្នកសរសេរប្រវត្តិសាស្រ្តខ្មែរ បរទេសនិងប្រជាជនខ្មែរគិតយ៉ាងណាដែរ ?
១១. ចូរនិយាយអំពីទស្សនៈថ្មីរបស់លោក ម៉ាយឃើល វីកឃើរី ថាដូចម្តេចដែរ អំពីការបែកបាក់ចេនឡា ?
១២. តើសិលាចារឹកក្នុងស្រុក និយាយថាដូចម្តេចដែរអំពីចេនឡានៅស.វទី៨ ?
១៣.តើជ្វា ពិតជាបានមកឈ្លានពានចេនឡាមែនទេ ? ចូរបង្ហាញ ភស្តុតាង ?
១៤. ចូរនិយាយពី ចម្ប៉ានាស.វទី៨ នៅក្នុងឯកសារចិន ?
១៥. ចូរនិយាយពី ទំនាក់ទំនង រវាងចេនឡានិងចម្ប៉ា នៅក្នុងឯកសារចិន ?
១៦.ចូរនិយាយពីទំនាក់ទំនងរវាងចេនឡា និងចម្ប៉ានៅក្នុងសិលាចារឹក នាស.វទី៧ ។
១៧. ចូរនិយាយពីចាម្ប៉ា និងចេនឡានៅស.វទី៨ ?
១៨.ចូរនិយាយពីទំនាស់ រវាងបាណ្ណុរង្គៈ ជាមួយនឹងសម្ភុបុរៈ ( ចេនឡាលិចទឹក ) ។
១៩. ចូរនិយាយពីទំនាក់ទំនង រវាងចម្ប៉ានិងវៀតណាមពីសតវត្សទី១ ដល់ទី១០ ។
២០. ចូរនិយាយពីរាជធានីរបស់ចេនឡា ?
២១. ចូររៀបរាប់ព្រះមហាកក្សត្រសម័យចេនឡា ?
២២. តើចេនឡា ពិតជាបែកបាក់ជា២មែនឬទេ ? ចូរបង្ហាញភស្តុតាង ?
២៣. តើព្រះនាងជ័យទេវី ពិតជាស្តេចស្រីដែលគ្មានសមត្ថភាពមែនទេ ? ចូរបង្ហាញភស្តុតាង ?
២៤. ចូរនិយាយពីឥណ្ឌូណេស៊ី ( ជ្វា និងស៊ូម៉ាត្រា ) នៅសតវត្សទី៨.៩ ?
២៥. ចូររៀបចំពីទីក្រុង សំខាន់ៗនៅសម័យចេនឡា ?
ចម្លើយ
១. សម័យចេនឡាគិតចាប់ពីឆ្នាំ ៥៥០ ដល់ឆ្នាំ ៨០២គ.ស ។
២. ព្រះរាជាចេនឡាដំបូងមានឈ្មោះថា ព្រះបាទភវវម៌្មទី១ ។
៣. ចេនឡាមាន២គឺ ចេនឡាដីគោកមានរាជធានីឈ្មោះភវបុរៈ ក្រោយមកប្តូរជាឦសានបុរៈ ( សព្វថ្ងៃសម្បូរព្រៃគុក កំពង់ធំ ) ។ ចេនឡាទឹកលិច មានរាជធានីឈ្មោះសម្ភុបុរៈ ( នៅស្រុកសម្បូណ៌ ខេត្តក្រចេះ ) ។
៤. ចេនឡាចែកចេញជា២ នៅឆ្នាំ៧០៦ គ.សក្នុងរាជស្តេចព្រះនាងជ័យទេវី ។
៥. មិនមានឯកសារខ្មែរណាមួយ បានបញ្ជាក់ថា ចេនឡាបានបែកបាក់នៅឆ្នាំ៧០៦ គ.សនោះទេ ។ រឿងនេះ គឺមានតែនៅក្នុងឯកសារចិនប៉ុណ្ណោះ ។
៦. ឯកសារចិនប្រវត្តិសាស្រ្តថាងថ្មី ចងក្រងោនៅស.វទី១១បានបញ្ជាក់ថា ចេនឡាបានបែកបាក់គ្នាជា២ នៅដើមស.វទី៨គឺនៅឆ្នាំ៧០៦គ.ស ។ ១. ចេនឡាដីគោក ជាតំបន់សម្បូណ៌ភ្នំ និងជ្រលងភ្នំនៅខាងជើង និង២. ចេនឡាទឹកលិច ដែលជាតំបន់សម្បូណ៌ទៅដោយបឹងបួរ នឹងមានសមុទ្រព័ទ្ធជុំវិញនៅខាងត្បូង ។
៧. នៅស.វទី៦ចិន បានបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយហ្វូណន ហើយធ្វើពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ី ដោយយកកំពង់ផែ ស៊ូម៉ាត្រា និងស្រីវិជយជាកំពង់ផែកណ្តាល ។ នៅស.វទី៨ ចិនបានមកធ្វើទំនាក់ទំនងជាមួយចេនឡា ម្តងទៀតក បន្ទាប់ណីខានទាក់ទងគ្នាអស់ជាង២០០ឆ្នាំ ។ នៅពេលចិនមកដល់ចេនឡា ចិនឃើញមានតំបន់២មានការរីកចម្រើនផ្សេងគ្នា មួយនៅតំបន់សម្បូណ៌ព្រៃគុក ខេត្តកំពង់ធំ (ឦសានបុរៈ ) ។ ដូច្នេះចិននិយាយថា ចេនឡាបានបែកជាពីរនៅឆ្នំា ៧០៦គ.ស ។
៨. ក្នុងសៀវភៅ របស់លោក ហ្សក សឺដេស និងលោក ងា ថា សម័យចេនឡា ដែលបានចាប់ផ្តើមសរសេរនៅរបាយការណ៍ចចិននៅដើមស.វទី៨នោះ បានបែងចែកប្រហែលរវាឆ្នំា ៧០៦គ.ស ។ ចិនហៅប្រទេសទាំងពីរថាចេនឡាដីគោក និងចេនឡាទឹកលេច ។ រឿងនេះផ្អែកលើការថ្លែងបញ្ជាក់ ដោយគ្មានភស្តុតាងក្នុងសៀវភៅប្រវត្តិរាស្រ្តថាំងថ្មី ចងក្រងនៅស.វទី១១ គ្មានភស្តុតាងពិតប្រាកដ ព្រោះលោក សឺ ដេស មិនបានរៀបរាប់យោងដោយយល់នៅក្នុងប្រវត្តិសាស្រ្តថាំងទេ តែគាត់យោងទៅលើអត្ថបទរបស់លោក ប៉ូលប៉េល្យូត ចំពោះរឿងរ៉ាវនៃការបែកបាក់និងយោងទៅលើឯកកសាររបស់លោក ម៉ាទួនលីន ដែលសរសេរនៅស.វទី១៤ ចំពោះឈ្មោះទាំងពីរ ( ចេនឡាគោក ចេនឡាទឹក ) ។ ម្យ៉ាងទៀត លោក សឺដេស និយាយថាដោយសារព្រះបាទជយវវម៌្មទី១ ពុំមានបុត្រាស្នងរាជ្យ នាំឲ្យមានការច្របូកច្របល់បន្ទាប់់ពីព្រះអង្គចូលទីវង្គត់ និងក្នុងរាជ្យបុត្រីព្រះអង្គ គឺព្រះនាងជយទេវី ដឹកនាំអំណាច ដែលជាស្តេចស្រីទន់ខ្សោយ ។
៩. ចំពោះការច្របូកច្របល់ក្នុងស្រុក លោក សឺដេសសន្និដ្ឋានដោយប្រយោល តាមឃ្លាក្នុងសិលាចារឹកព្រះនាងជ័យទេវី k. ៩០៤ ជាភាសាសំស្ត្រឹត ក្តិស្កបិ កាលិកាលេនយើងអាចជឿជាក់ថា លោក សឺដេស ប្រាកដជាបំភ្លើសន័យនេះ ។ នៅក្នុងប្រព័ន្ធពេលវេលានៅឥណ្ឌា គេចាត់ទុកថា កាលិកយុគ(ក្នុងឃ្លានេះ កលិកា ) ថាជាសម័យកាលទី៤ ឬចុងបញ្ចប់ក្នុងសម័យកាលអស្ចារ្យទាំង៤ នៃពិភពលោកប៉ុន្តែកាលិកយុគ / កលិកាល គឺជាសម័យកាលមុនពេលពិភពលោកត្រូវបញ្ចប់ និងសម័យកាលអាក្រក់បំផុត នៃប្រវត្តិសាស្រ្តមនុស្សលោក។ កលិកាល ជាសម័យកាលធម្មតា សម្រាប់មនុស្សបច្ចុប្បន្ន ប្រៀបធៀបថាខ្សោយជាងសម័យកាលអស្ចារ្យនៅអតីតកាល ។
ន័យពិតប្រាកដនៅក្នុងឃ្លានេះ ប្រហែលជានិយាយថាអំនាចព្រះនាងជយទេវីអស្ចារ្យ ពីព្រោះសិលាចារឹកនិយាយថា ក្លិស្តបិ កាលិកាលេន ទោះបីជាមានសម័យកាល កាលិ រារាំងក៏ដោយ ក៏ព្រះនាង បានទ្រពិភពលោកដោយម្រាមព្រះហស្ថព្រះនាង ។
១០. នៅក្នុងប្រវត្តិសាស្រ្តខ្មែរសព្វថ្ងៃ មានប្រវត្តិវិទូ និងប្រជាជនខ្មែរមួយចំនួនបានគិតដូចលោក សឺ ដេស ដែរព្រោះទ្រឹស្តីនេះត្រូវបានពេញនិយម តាំងពីសម័យអាណានិគមបារាំង រហូតដល់បច្ចុប្បន្ន ហើយភស្តុតាងបច្ចុប្បន្នគេពុំទាន់បានយល់ដឹងទូលំទូលាយនៅឡើយ។
១១. នៅស.វទី៨ចិនបានសរសេរថា ចេនឡា បានបែងចែកជា២គឺ ចេនឡាដីគោក និងចេនឡាលិចទឹកនៅឆ្នាំ៧០៦ គ.សក្នុងរជ្ជកាលព្រះនាងជ័យទេវី ។ យោងទៅលើសិលាចារឹកក្នុងស្រុក បានបញ្ជាក់ថា ចេនឡា បានរីកចម្រើននិងឯករាជ្យនៅតំបន់ពីររៀងខ្លួន ។
តាមសិលាចារឹក K. ១២៤ បានបង្ហាញពីគ្រួសាររាជ្យរង្សមួយមាន៤ជំនាន់ ដែលមានក្សត្រាមួយអង្គ និងក្សត្រី៣អង្គសោយរាជ្យបន្ត ។ គោរម្យងារស្តេចស្រី នៅចេនឡាទឹកមាននាមថា កន្ហេងកម្រងតេងអញស្រីជយេន្រ្ទវល្លភា, នៅម្ភុបុរៈ កន្ហេង = ធូលីជេងវ្រះកម្រងតាងអញ ដែលជាស្តេចស្រីគ្រប់គ្រងនៅសម្បូរព្រៃគុក ។
ចំណែកសិលាចារឹកព្រះនាងជ័យទេវី បានបង្ហាញថាព្រះនាងគឺជាស្តេចស្រីខ្លាំង ហើយអាណាចក្ររបស់ព្រះនាងពុំមានការបែកបាក់នោះទេ ។ នេះដោយយោងទៅលើគោរម្យងារព្រះនាងគឺ ធូលិជេងវ្រះកម្រិងតេងអញស្រីជយទេវី ដែលស្តេចប្រុសចាប់ពីសម័យហ្វូណន រហូតដល់សម័យចេនឡា មានគោរម្យងារត្រឹម មានគោរម្យងារត្រឹមតែ កន្ហេងកម្រងតេងអញ ( កន្ហេងកម្រងតេងអញ ) ។ គោរម្យងារ វ្យះ= ព្រះ គេប្រើបានតែស្តេចប្រុស និងអទិទេប្រុសប៉ុណ្ណោះ សូម្បីតែទេពស្រី ក៏គេពុំប្រើពាក្យ វ្រះ នាមគោរម្យងារដែរ គឺទេពស្រីគឺគេហៅថា ក្បោល ជាគោរម្យងារនាំមុខដូចជា ព្រះនាងស្វរជាមហេសីព្រះព្រហ្ម ក្បោញី= ក្បោញ = ព្រះនាងដើមស្តៅ ឬលោកយាយទេពដើមស្តៅ ( ជំនឿខ្មែរដើម ) ។ ចំណែកព្រះនាងជ័យទេវី បានយកគោរម្យងារ ស្តេចប្រុសមកប្រើ ( វ្យះកម្រងតាងអញវម៌្ម ) ហើយបន្ថែមពាក្យ ធូលិជេងពីមុខទៀត ដែលស្តេចពីមុនធ្លាប់មាន ។ គោរម្យងារនេះត្រូវបានស្តចប្រុសខ្លាំងៗ នៅសម័យអង្គរយកមកប្រើ ។
នេះបញ្ជាក់ថា ព្រះនាងជ័យទេវី ជាស្តេចស្រីខ្លាំងពូកែហើយទឹកដីមានអំណាច មានស្ថេរភាពក្នុងប្រទេសថែមទៀត មិនមែនបែកបាក់គ្នានោះទេ គឹមានអំណាច២ បានរីកចម្រើនរៀងៗខ្លួន ( សម្បូណ៍ព្រៃគុក និងសម្ភុបុរៈ ) ។
១២. សិលាចារឹកកម្ពុជា ពីស.វទី៣ ដល់ទី៧ គឺពុំមានឈ្មោះហ្វូណនចេនឡា ឬក៏កម្ពុជា ទេ ។ ប៉ុន្តែមាន បុរៈ ឬបុរី ប្រហែល៣០ ដែលមានន័យថាទីក្រុងដូចជា ភវបុរៈ ឥន្រ្ទបុរៈ ឦសានបុរៈ សម្ភុបុរៈ វ្យាធបុរៈ ភវបុរៈ តម្របុរៈ ស្រេស្ឋបុរៈ អធ្យាបុរៈ សិវបុរៈ ជាដើម ។ នេះមានន័យថា កម្ពុជា ពុំរួបរួមតែមួយទេ ហើយដឹកនាំដោយោស្តេចត្រាញ់រៀងៗខ្លួន ដែលស្ថិតនៅក្រោមអំណាចកណ្តាល ។
បើយោងតាមសិលាចារឹកក្នុងស្រុកស.វទី៧.៨ ចេនឡាមិនបានបែកបាក់ជា២នោះទេគឺមានតំបន់២ដែលបានរីកចម្រើនរៀងៗខ្លួន គឺមួយនៅសម្ភុបុរៈ ( ក្រចេះ ) និងមួយទៀតនៅសម្បូណ៌ព្រៃគុក ( កំពង់ធំ ) ។នៅសម្ភុបុរៈ ប្រមាណជា៨០.១០០ឆ្នាំ មានស្តេចសោយរាជ្យ៤ជំនាន់ គឺស្តេចប្រុសមួយអង្គ នឹងបន្តដោយស្តេចស្រី៣អង្គ ( សិលាចារឹកK.១២៤ ) ។ នៅក្នុងសិលាចារឹកបានឲ្យដឹងថា ស្តេចដែលបានសោយរាជ្យនៅសម្ភុបុរៈ ដែលពុំទទួលឥទ្ធិពលសម្បូណ៌ព្រៃគុកទេ ។ ដូចនេះ មានន័យថា នៅពេលដែលចិនមកដល់ចេនឡាចិនក៏និយាយថាចេនឡាបែកបាក់ជា២ដោយឃើញមានតំបន់២រីកចម្រើនខុសគ្នា ។
១៣. បើយើងពិនិត្យមើលលើប្រវត្តិសាស្រ្តឥណ្ឌូណេស៊ី ឃើញថា ជ្វានៅកោះឥណ្ឌូនេស៊ីមិនមានលទ្ធភាព ធ្វើដំណើរតាមផ្លូវសមុទ្រ ឡើងមកទន្លេមេគង្គ រួចវាយចេនឡានោះទេ ។ នៅកំឡុងស.វទី៧.៨ បណ្តាកោះនៅឥណ្ឌូនេស៊ី មានការចាប់អារម្មណ៍តែទៅពាណិជ្ជកម្ម រវាងចិននិងឥណ្ឌា ប៉ុណ្ណោះ ។ ព្រោះបណ្តាលកំពង់ផែ ទាំងនេះជាកន្លែងធ្វើជំនួញពាណិជ្ជកម្មរវាងចិន និងឥណ្ឌា ។
១៤. ចម្ប៉ា គឺជារដ្ឋមួយ ដែលមិនបានរួបរួមគ្នានៅទេ គឺជារដ្ឋឯករាជ្យរៀងៗខ្លួនពីវៀតណាមមកបណ្តាលំកដល់ដែនដីកម្ពុជាក្រោម មានដូចជាអមរាវតី វិជ័យ បាណ្ឌុរង្គៈ កៅឋារៈ ។ នៅក្នុងឯកសារចិន បាននិយាយថា លីន យី ឧស្សាហ៍វាយយកខេត្ត ចាវ ជី របស់ចិន ( វៀតណាមខាងជើង = តុងកឹង ) ។ នៅស.វទី៩ចម្ប៉ា ខាងត្បូងមានការរីកចម្រើនខ្លាំងជាងចម្ប៉ាខាងជើង និងចាម្ប៉ាកណ្តាល ដែលចិនហៅថា ពេន តូ ឡាង គឺ បាណ្ឌុរង្គៈ ។
១៥. ចិនបាននិយាយថា លីន យីនិង ហ្វូណន មានទំនាក់ទំនងនឹងគ្នា ជួនកាលច្បាំងគ្នា ហើយមានពេលខ្លះ លីន យី និងហ្វូណន ចានសហការណ៍គ្នារវាងខេត្ត ចាវ ជី របស់ចិន ( វៀតណាមខាងជើង ) ។
១៦. នៅក្នុងសិលាចារឹកK. ៥៣ ចារឹកនៅឆ្នាំ ៦៦៧ គ.ស ក្នុងរាជ្យព្រះបាទ មហេន្រ្ទវម៌្ម បានបញ្ចូនបេសកទូតទៅកាន់ចម្ប៉ា ។ ចំណែកក្នុងសិលាចារឹកចាមនៅស.វទី៧ បាននិយាយថា មានព្រះអង្គម្ចាស់ចាសម្ប៉ាមួយអង្គរ បានយាងទៅកាន់ទីក្រុង ភវៈ ( ភវៈបុរៈ ) ហើយបានរៀបអភិសេកជាមួយបុត្រីព្រះបាទឦសានវម៌្ម គឺព្រះនាងសាវ៌ណី ។ នេះមានន័យថា បន្ទាប់ពីព្រះបាទឦសានវម៌្ម សុគតទៅ ព្រះបាទភវវម៌្មទី២ឡើងសោយរាជ្យបន្ត ហើយបានប្តូរឈ្មោះពីទីក្រុងឦសានបុរៈទៅជាភវបុរៈ ។
១៧.ចេនឡា និងចម្ប៉ាខាងជើងមានទំនាក់ទំនងល្អជាមួយគ្នា ។ នៅទីនោះ ជាកំពងផែសំខាន់ ហើយក៏ជាកន្លែងដែលបេសកទូតខ្មែរបញ្ជូនទៅ និងជាកន្លែងដែលសិលាចារឹកនិយាយអំពីការរៀបអភិសេក រវាងព្រះអង្គម្ចាស់ចាម្ប៉ា និងបុត្រីស្តេចខ្មែរ ។ បន្ទាប់មក កំពង់ផែបានរីកចម្រើនមកបាណ្ឌុរង្គៈចាម្ប៉ាខាងត្បូងដែលនៅជាប់ចេនឡា ។
នៅស.វទី៨ សិលាចារឹកចម្ប៉ា បានបង្ហាញថាប្រទេសទាំង២ មានសង្គ្រាមនឹងគ្នាជាញឹកញាប់ ដោយសារតែតំបន់នេះជាកន្លែងពាណិជ្ជកម្មដ៏សំខាន់រវាងចិន ឥណ្ឌូនេស៊ីនិងឥណ្ឌានៅតាមតំបន់កំពង់ផែតាមឆ្នេរសមុទ្រខាងត្បូង ។
១៨. នៅពេលបាណ្ឌុរង្គៈ រីកចម្រើនខ្លាំងពេលនោះបាណ្ឌុរង្គៈបានពង្រីកអំណាចរបស់ខ្លួន ដោយវាយសម្ភុបុរៈនិងចម្ប៉ាខាងជើង ។ នៅពេលនោះហើយ ដែលព្រះបាទជ័យវម៌្មទី២ បានផ្លាស់រាជធានី ពីតំបន់ខាងត្បូង និងកណ្តាលនៃប្រទេសកម្ពុជា ទៅតំបន់ខាងជើង ។តំបន់ថ្មីនេះគឺ តំបន់រលួស និងនៅលើភ្នំគូលែន នាឆ្នំា៨០២គ.ស ។ នៅក្នុងសិលាចារឹកK. ២៣៥បាននិយាយថាព្រះបាទជ័យវម៌្មទី២ បានយាងមកពីជវា =ជ្វា ។ ប៉ុន្តែ ជ្វានេះមិនមែនជ្វានៃកោះឥណ្ឌូនេស៊ីទេគឺជាចាម្ប៉ាបាណ្ឌុរង្គៈ ដែលជាគូរប្រកួតប្រជែងពាណិជ្ជកម្ម ជាមួយកម្ពុជា ។
១៩. វៀតណាមពីមុនគឺចាវ ជី ជាអម្បូរភាសា មន ខ្មែរប៉ុន្តែដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន អស់ជិត១០០០ឆ្នាំមក ចាវ ជី ទទួលរងឥទ្ធិពលចិននីយកម្ម ខុសពីប្រទេសផ្សេងៗទទួលពីឥណ្ឌា ។
កំណត់ហេតុចិនបានបង្ហាញថា ចាវ ជី និង លីន យី មានកម្លាំងខ្លាំងដូចគ្នាតែជាធម្មតា លីន យី ជាអ្នកយក ចាវ ជី ដែលជាខេត្តរបស់ចិន ។ នៅឆ្នាំ ៩៣០ ប្រទេសវៀតណាម មាន១២ស្រុក នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេចត្រាញ់រៀងៗខ្លួន ។ ក្នុងនោះមានស្តេចម្នាក់ បានទៅចម្ប៉ាដើម្បីឲ្យជួយខ្លួន ឲ្យក្លាយជាស្តេចពេញសិទ្ធិនៅវៀតណាម ។នេះជាហេតុផលលើកដំបូង នៃសង្គ្រាមវៀតណាមលនិង ចម្ប៉ា ។ ស្តេចវៀតណាមនិងចម្ប៉ា បានចាញ់ស្តេចវៀតណាមម្ខាងទៀត ។ នៅឆ្នាំ ៩៨០ គ.សវៀតណាមបានវាយចាម្ប៉ាខាងជើង ពេលនោះស្តេចចម្ប៉ា និងមន្រ្តីបានរត់គេចខ្លួនមកខាងត្បូងគឺ វិជ័យ ។ ចាប់ពីឆ្នាំ ៩៨៦ គ.ស ដល់១០០០គ.ស សង្គ្រាមរវាងចម្ប៉ា និងវៀតណាមនៅតែបន្តហើយ លីន យី នៅតែជាខេត្តរបស់ចម្ប៉ាដដែល ។
២០. រាជធានីរបស់ចេនឡា ដំបូងឈ្មោះសេស្រ្ឋបុរៈ រួចប្តូរមកជា ភវបុរៈ បន្ទាប់មកប្តូរមកជាឦសានបុរៈ ។
២១. ព្រះមហាក្សត្រសម័យចេនឡា ៖
២២ . សិលាចារឹកកម្ពុជាពីស.វទី៣ ដល់ទី៧ គឺពុំមានឈ្មោះហ្វូណនចេនឡា ឬក៏កម្ពុជាទេ ។ ប៉ុន្តែមានបុរៈ ឬបុរីប្រហែល៣០ ដែលមានន័យថាទីក្រុងដូចជា ភវបុរៈ ឥន្រ្ទបុរៈ ឦសានបុរៈ សម្ភុបុរៈ វ្យាធបុរៈ ភវបុរៈ ស្រេស្ឋបុរៈ អធ្យាបុរៈ សិវៈបុរៈ ជាដើម ។ នេះមានន័យថា កម្ពុជា ពុំរួបរួមតែមួយទេ ហើយដឹកនាំដោយស្តេចត្រាញ់រៀងខ្លួនដែលស្ថិតនៅក្រោមអំណាចកណ្តាល ។
បើយោងតាមសិលាចារឹកក្នុងស្រុកស.វទី៧.៨ ចេនឡានៃការបែកបាក់ជា២នោះទេ គឺ មានតំបន់២ដែលបានរីកច្រើន រៀងៗខ្លួនគឺមួយនៅសម្ភុបុរៈ( ក្រចេះ ) និងមួយទៀតនៅសម្បូណ៌ព្រៃគុក ( គំពង់ធំ) ។ នៅសម្ភុបុរៈប្រមាណជា ៨០.១០០ឆ្នាំ មានស្តេចសោយរាជ្យ៤ជំនាន់ គឺស្តេចប្រុសមួយអង្គ នឹងបន្តដោយស្តេចស្រី៣អង្គ ( សិលាចារឹក k. ១២៤ ) ។ នៅក្នុងសិលាចារឹកបានឲ្យដឹងថា ស្តេចដែលបានសោយរាជ្យនៅសម្ភុបុរៈ ដែលពុំទទួលឥទ្ធិពលពីសម្បូណ៌ព្រៃគុក ទេ ។ ដូចនេះមានន័យថា នៅពេលដែលចិនមកដល់ចេនឡា ចិនក៏និយាយថា ចេនឡាបែកបាក់ជា២ដោយឃើញមានតំបន់២រីកចម្រើនខុសគ្នា ។
២៣ នៅស.វទី៨ ចិនបានសរសេរថា ចេនឡា បានបែកបាក់ជា២គឺចេនឡាទឹកលេច និងចេនឡាដីគោក នៅឆ្នាំ ៧០៦ក្នុងរជ្ជកាលព្រះនាងជ័យទេវី ៕ចំណេកសិលាចារឹកក្នុងស្រុកបានបញ្ជាក់ថាចេនឡាបានរីកចម្រើននិងឯករាជ្យ នៅតំបន់រៀងៗខ្លួន ។
តាមសិលាចារឹក k. ១២៤ បានបង្ហាញពីគ្រួសាររាជ្យវង្សមួយមាន៤ជំនាន់ ដែលមាននក្សត្រមួយអង្គ និងក្សត្រី៣អង្គសោយរាជ្យបន្ត ។ គោរម្យងារស្តេចស្រី នៅចេនឡាទឹកមាននាមថា កន្ហេងកម្រងតេងអញស្រីជយេន្រ្ទវល្លភា នៅមស្ភុបុរៈ កន្ហេង= ធូលីជេងវ្យះកម្រងតាងអាញ ដែលជាស្តេចស្រីគ្រប់គ្រងនៅសម្បូរព្រៃគុក ។
ចំណែកសិលាចារឹកព្រះនាងជ័យទេវី បានបង្ហាញថាព្រះនាងគឹជាស្តេចស្រីខ្លាំង ហើយអាណាចក្ររបស់ព្រះនាងពុំមានការបែកបាក់នោះទេ ។ នេះដោយយោងទៅលើគោរម្យងារព្រះនាងគឺ ធូលិជេងវ្រះកម្រងតេងអញស្រីជយទេវី ដែលស្តេចប្រុសចាប់ពីសម័យហ្វូណន រហូតដល់សម័យចេនឡាមានគោរម្យងារត្រឹម វ្រះកម្រងតេងអញវម៌្មទេវ ហើយស្តេចស្រីនៅសម្ភុបុរៈ មានគោរម្យងារត្រឹមតែ កន្ហេងកម្រងតេងអញ ( កន្ហេងកម្រងតេងអញ ) ។ គោរម្យងារ វ្យះ គេប្រើបានតែស្តេចប្រុស និងអទីទេពប្រុសប៉ុណ្ណោះសូម្បីតែទេពស្រី ក៏គេពុំប្រើពាក្យ វ្យះ នាមមុខគោរម្យងារដែលគឺទេពស្រីគេហៅ = ក្បោញ ជាគោរម្យងារនាំមុខដូចជា = ព្រះនាងស្វរតី ជាមហេសីព្រះព្រហ្ម = ក្បោញ = ក្បោញ = ព្រះនាងដើមស្តៅ ឬលោកយាយទេពដើមស្តៅ ( ជំនឿខ្មែរដើម ) ។ ចំណែកព្រះនាងជ័យទេវី បានយកគោរម្យងារ ស្តេចប្រុសមកប្រើ ( វ្យះកម្រងតាងអញវម៌្ម ) ហើយបន្ថែមពាក្យ ធូលិជេង ពីមុខទៀតដែលស្តេចមុនពុំធ្លាប់មាន ។ គោរម្យងារនេះ ត្រូវបានស្តេចប្រុសខ្លាំងៗនៅសម័យអង្គរយកមកប្រើ ។ នេះបញ្ជាក់ថាព្រះនាងជ័យទេវី ជាស្តេចស្រីខ្លាំងពូកែ ហើយទឹកដីមានអំណាច មានស្ថេរភាពក្នុងប្រទេសថែមទៀត មិនមែនបែកបាក់ជា២ទេ គឺមានតំបន់២បានរីកចម្រើនរៀងៗខ្លួន ( ១. សម្បូណ៌ព្រៃគុក កំពង់ធំ នង២. សម្បូណ៌ក្រចេះ ) ។
២៤. បើយោងតាមមរបាយការណ៍ចិន ជ្វានៅស.វទី៨.៩គឺជាកន្លែងដ៏សំខាន់សម្រាប់ពាណិជ្ជកម្មផ្លូវសមុទ្រ ប៉ុន្តែមិនមានអំណាចលើផ្លូវសមុទ្រនោះទេ ។ ជ្វា បានកសាងប្រាសាទធំៗដូចជា ប៊ូរ៉ូប៊ូឌូ និងប្រាមបាណន់ ជាដើម ។ ខណៈពេលនេះឥណ្ឌូនេស៊ីល បានចាប់អារម្មណ៍តែទៅលើៀពាណិជ្ជកម្មជាមួយចិន និងជាមួយឥណ្ឌាប៉ុណ្ណោះ គឺមិនបានចាប់អារម្មណ៍ការធ្វើដំណើរតាមដងទន្លេមេគង្គ ដើម្បីវាយប្រយុទ្ធជាមួយ សម្ភុបុរៈឦសានបុរៈ ឬអង្គរនោះទេ ។
ហេតុនេះ យើងត្រូវលុបបំបាត់ចោលើនូវរឿងរ៉ាវប្រពៃណីហើយនឹងការបកស្រាយពន្យល់ តាមប្រពៃណីរបស់សិលាចារឹកស្តុកកក់ធំ ដែលចារឹកនៅឆ្នាំ ១០៥២ ដែលបាននិយាយរឿងនៅឆ្នាំ ៨០២ គ.ស ថាព្រះបាទជ័យវម៌្មទី២ យាងមកពីជវា ( ជ្វា ឥណ្ឌូនេស៊ី ) នោះទេ ។
២៥. សម័យចេនឡា មានបុរៈ ឬបុរី ប្រហែល៣០ ដែលមានន័យថា ទីក្រុង ដូចជា ភវបុរៈ ឥន្រ្ទបុរៈ ឦសានបុរៈ សម្ភុបុរៈ វ្យាធបុរៈ ភវបុរៈ តម្របុរៈ អធ្យាបរៈ សិវបុរៈ លិង្គបិរៈ ស្រេស្ឋបុរៈជាដើម ។