សំនួរ
១. តើមនុស្សដែលត្រូវចាត់ឲ្យទៅចែចូវមានលក្ខណៈដូចម្តេច ?
២. តើអ្នកចែចូវ ទៅនិយាយជាមួយអាណាព្យាបាលខាងស្រី យ៉ាងដូចម្តេច ?
៣. អាណាព្យាបាល នៅពេលដែលឮអ្នកចែចូវនិយាយបញ្ឆិតបញ្ឆៀងតើគាត់ឆ្លើយតបដូចម្តេច ?
៤. នៅពេលដែលអាណាព្យាបាលឆ្លើយ ដូចជាមិនដឹងរឿងនោះ តើអ្នកចែចូវ ត្រូវនិយាយដូចម្តេចទៀត ?
៥.នៅពេលត្រូវរុវគ្នាហើយម្តាយឪពុកខាងស្រី សួរនាំពីអ្វីខ្លះ ?
៦. ក្រោយពីឪពុកម្តាយខាងស្រីមានការសួរនាំខាងកូនប្រុសហើយ តើអ្នកចែចូវោត្រូវធ្វើដូចម្តេចទៀត ?
៧. នៅពេលខាងស្រីបើកផ្លូវឲ្យចូលស្តីដណ្តឹង តើខាងប្រុស ត្រូវធ្វើអ្វីខ្លះ ?
៨. តើខាងស្រីត្រូវធ្វើដូចម្តេច ?
៩. តើពិធីស្តីពីសម័យបុរាណមានប៉ុន្មានលើក ? អ្វីខ្លះ ?
១០. តើពិធីស៊ីស្លាមានប៉ុន្មានលើក ?អ្វីខ្លះ ?
១១. តើពិធីស៊ីស្លានេះខាងប្រុសប្រៀបអ្វីខ្លះ ? ចូរបង្ហាញ ។
១២. បើបានឯកភាពគ្នាហើយ តើខាងប្រុស និងខាងស្រីប្រុងប្រៀបធ្វើដូចម្តេចខ្លះទៀត ?
១៣. តើពេលរៀបអាពាហ៍ពិពាហ៍គេត្រូវធ្វើដូចម្តេចខ្លះ ?
១៤. ជាទូទៅលោអាចារ្យបានដាក់គោលការណ៍ធំៗឲ្យមហាមានអ្វីខ្លះ ?
១៥. ចូរនិយាយសង្ខេបពិធីសែនក្រុងពាលី ?
១៦. ចូរនិយាយសង្ខេបពីពិធីស្តីដណ្តឹង ។
១៧. ចូរនិយាយសង្ខេបពីពិធីហែរកំណត់ ។
១៨.ចូរនិយាយសង្ខេបពីពិធីកាត់ផ្កាស្លា ។
១៩. ចូរនិយាយសង្ខេបពីពិធីកាត់សក់ ។
២០.ពិធីសូត្រមន្តមានអ្វីខ្លះ ?
២១. ចូរនិយាយសង្ខេបពីពិធីសែនគួចដៃ ។
២២. ចូរនិយាយសង្ខេបពីពិធីធ្វើធ្មេញ ។
២៣. ចូរបញ្ជាក់ពីប្រវត្តិនៃពាក្យ « ជ័យហោង សួស្តិ៍ហោង » ។
ចម្លើយ
១. អាណាព្យាបាលកូនប្រុស ត្រូវរើសយក ស្រ្តីណាម្នាក់នៅក្នុងភូមិជាអ្នកមានគូស្រករត្រឹមត្រូវ តាមប្រពៃណីគឺមានប្តីរស់នៅសព្វថ្ងៃ ( ចាស់ថាមិនបែងមែកធាង ) ជាអ្នកមានចារិយាសម្បត្តិល្អ និយាយទៅរកអ្នកណាល៏គេស្តាប់ គេជឿទុកចិត្តមានជីវភាពធូរធារ មានកាយសម្បទាគ្រប់គ្រាន់ឲ្យនាងចូលទៅនិយាយការជាមួយម៉ែឪ ឬអាណាព្យាបាលខាងស្រី ។
២. នាងដែលពឹងឲ្យទៅនិយាយជាមួយម្តាយឪពុក ឬអាណាព្យាបាលខាងស្រី ដោយពាក្យពេជន៍ផ្លែផ្កាជាមុនសិន ដូចពាក្យថាទឹកដីជ័យភូមិនេះ ស្រស់បំព្រង់ដំណាំដាំដុះគ្រប់បែបយ៉ាងដាក់ចុះឡើងអញ្ចឹងបានជាគេចងមកផ្ញើរ សាច់ផ្ញើរឈាម ចង់រួមរស់នៅទឹកដីក៏មានជីជាតិនេះ ។
៣. ខាងម្ចាស់ផ្ទះកូនស្រី ឮសំដីនេះមិនទាន់តបថាម៉េចទេ គ្រាន់តែសួរថា «អើ ! ( ឬអ្នកតាមដែលអាចហៅបាន ) មានការអ្វី ? ទឹកដីជ័យភូមិអី ? មកអង្គុយលេងសិន «(រួចសួរសុខទុក្ខ ) បន្តថា «មានការអីដែរ » ? ។
៤. នាងដែលយើងពឹងនិយាយត្រង់ថា សូមទោសបង ( ឬអ្នកតាមស្និតស្នាល ) មានគេពឹងពររខ្ញុំ ឲ្យចូលមកចែចូវ ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយ....។
៥. ម្តាយ ឬឪពុកខាងស្រីឈ្មោះកូនប្រុស ពូជពង្ស គ្រួសារ គេមានកូនប៉ុន្មាននាក់ ប្រុសប៉ុន្មាននាក់ ? ស្រីប៉ុន្មាននាក់ ? ជាកូនទីប៉ុន្មាន ? អាណាព្យាបាលខាងស្រីថា មិនអីទេចាំពិគ្រោះជាមួយឪវា ឬប៉ាវា និងសួរបងប្អូនមើលសិន ។ តាមពិតគេចង់ពិនិត្យលើពូជពង្ស និងចរិយាសម្បត្តិរបស់សាមីខ្លួន ។
៦. អ្នកចែចូវនោះត្រូវទៅ ២,៣,៤, ដង រហូតបានដំណឹងជាវិជ្ជមាន ។ កាលបើបានដំណឹងជាវិជ្ជមានហើយ អ្នកចែចូវ ប្រាប់ថ្ងៃ ខែ ឆ្នាំ កូនស្រីឲ្យកូនប្រុសទៅរកហោរាគន់គូរមើលពិនិត្យពង្សផ្សំធាតុ ។ បើល្អហើយខាងប្រុសរៀបចំចូលស្តីដណ្តឹង ។
៧. ពេលបានឯកភាពថាខាងស្រីឲ្យចូលស្តីដណ្តឹង ខាងប្រុសត្រូវ៖
- រកហោរាមើលពេលវេលា ជ័យថ្ងៃ ខែ ឆ្នាំ ល្អ ដើម្បីសេរី សួស្តី
- បានពេលវេលាជ័យហើយ ខាងប្រុសប្រាប់អ្នកចចែចូវ ឲ្យទៅប្រាប់ខាងស្រីពីវេលាថ្ងៃ ខែ ដែលចូលស្តីដណ្តឹង ដើម្បីខាងស្រីរកញាតិមិត្ត មកជាអធិបតីក្នុងពិធីស្តីដណ្តឹង នោះផង ។
- ពឹងពាក់នារីមានលក្ខណៈល្អប្រសើរ ដូចនារីចូលចែចូវ ជាធ្មាយនិយាយការ ។
- ជម្រាបញាតិមិត្តទៅចូលរួមផង
- រកប្រដាប់ប្រដា ម្លូស្លា តែស្ករ ម្ហូបអាហារ នំចំណី ជាទ្រនាប់ដៃ ។ អ្នកចូលទៅស្តីដណ្តឹងហៅថា « អ្នកផ្លូវចៅមហា » ។
៨. ខាងស្រី ៈ
- ពឹងពាក្យព្រឹទ្ធាចារ្យ ចេះចាំប្រពៃណីស្ទាត់មកជាមេបា។ ( បង្កោលការ ) សម្រាប់កិច្ចការដែលធ្មាយស្នើរសួរ និងបង្គាប់បញ្ជា ឬឲ្យយោបល់ )
- រៀបចំផ្ទះសម្បែង
- រៀបចំម្ហូបអាហារ ទទួលភ្ញៀវ
- អញ្ជើញញាតិមិត្តសាច់សារលោហិត ។
លុះដល់ថ្ងៃកំណត់ខាងប្រុស នាំធ្មាយមហាទៅជួបជុំគ្នា ហើយធ្មាយចាប់និយាយ ៖
- អួតសសើរពី ចរិយាសម្បត្តិកូនប្រុសជូនលោក មេបា ។ ខាងមេបាថា «ទុកឲ្យខ្ញុំតាមដានកូនប្រុសឲ្យបានយូរបន្តិចសិន តើដូចពាក្យថា ឬទេ ?
៩. ពិធីស្តីពីសម័យបុរាណមានបីលោកគឺ៖
ទី១ គ្រាន់តែអនុញ្ញាតឲ្យផ្លូវដើរឡើងចុះ ទំនាក់ទំនង
ទី២ អនុញ្ញាតឲ្យទំនាក់ទំនងពឹងពាក់
ទី៣ អនុញ្ញាតឲ្យនាំកូនប្រុសទៅជាមួយ ។
- ធ្មាយថា បើលោកមេបាមិនយល់ទេ ខ្ញុំប្រគល់កូនឲ្យនៅបម្រើដើម្បីសង្កេតចរិយាសម្បត្តិ ។ បើបានការឯកភាពហើយ មេបាថា «សូមឲ្យកូនប្រុសរបស់អ្នកនៅជាមួយ ខ្ញុំចុះ » ។
- ក្រោយពីនៅបម្រើមួយរយៈមក បើយល់ថាល្អ ហើយអាណាចក្រព្យាបាលខាងស្រី ហៅកូនប្រុសមកប្រាប់ថា ឲ្យអាពាព្យាបាលរៀបចំពិធីស៊ីស្លាធំ ឬតូច ( ភ្ជាប់ពាក្យ ) ។
១១. ពិធីស៊ីស្លាមានពីរយ៉ាង ស៊ីស្លាធំ ឬស្លាតូចទៅតាមធនធាន និងតាមការព្រមព្រៀងគ្នា ។
- ស៊ីស្លាធំស្ទើរប្រហែលមង្គលការ គឺពាក់កណ្តាលនៃពិធីរៀបមង្គលការ
- ស៊ីស្លាតូច មួយភាគបី នៃមង្គលការ ។
១២. ពិធីស៊ីស្លាខាងប្រុសត្រូវមានការប្រុងប្រៀបដូចជា៖
- រកហោរាគន់គូរជោគជតារាសី ថាតើត្រូវធ្វើនៅថ្ងៃខែឆ្នំាណា ? ត្រួវតែជម្រាប ឲ្យខាងស្រីដឹងមុនយូរថ្ងៃបន្តិច ទុកឲ្យគេរៀបចំផ្ទះសម្បែងប្រុងប្រៀបអាហារទទួល ។
- រកធ្មាយ និងមហាទៅនិយាយជាថ្មី
- រកភស្តុតាងបណ្តាការជួនលោកមេបា
- អញ្ជើញបងប្អូន មាមីង ទៅចូលរួម ។ដល់ថ្ងៃកំណត់យើងនាំញាតិនិងជំនួនទៅខាងស្រីនិយាយការម្តងទៀត ។ ដំបូងធ្មាយនិយាយតាមលំដាប់លំដោយ ។ បើលោកមេបាថាត្រឹមត្រូវថាមិនអីទេ ឲ្យនាងធ្វើផ្ទះមួយខ្នង ឬពីរខ្នង ទំហំ ....ស្លឹក ឬក្បឿង ( ពីដើមគេបង្គាប់ផ្ទះរៀបការរួចប្រគរនឲ្យនៅផ្ទះនេះទែម្តង ) ។ នាងធ្មាយឮដូច្នោះ សុំដកអង្គុយថយថា សូមទោសខ្ញុំស្រីសម្តីតិចយល់មិនជ្រៅ ជាប្រពន្ធគេផង មិនអាចទទួលសម្ភារៈធ្ងន់ពីលោកមេបាបានទេ សូមប្តឹងទៅដកបង្គុយទៅរកបុរសដែលមានកម្លាំងខ្លាំងស្មារតីរឹង បញ្ញាវាងវៃមកធានារ៉ាបរង់ចំពោះលោកមេបា សូមលោកមេត្តាអនុគ្រោះ ។ ការបើនាងធ្មាយអង្វរបែបនេះលោកមេបាថា «អើ» ! បើនាងមិនហ៊ានទទួលភារកិច្ចរបស់ខ្ញុំទេ នាងទៅរកបុរសតាមសំណូមពរទៅចុះ ដើម្បីនិយាយការតទៅទៀត ។
- បុរសដែលត្រូវមកនិយាយនេះ សុំស្គាល់លោកមេបា និងជម្រាបវត្តមានសង្ខេបរបស់ខ្លួន ចំណេះវិជ្ជា តួនាទី និងសូមនិយាយការជាមួយលោកមេបា ។
- កាលបានដឹងពីប្រវត្តិហើយលោកមេបា អនុញ្ញាតឲ្យនិយាយការនិងបំពាក់តួនាទីថ្មីថាជាមហា ( មហាមាន៣ មហាទេព មហាមន្រ្តី មហាភក្តី ) ហៅថា ពាក់អាវសក្តិឲ្យមហាថ្មី ។
- បុរសមានតួនាទីជាមហា និយាយការតាមលំដាប់លំដោយ ។ បើលោកមេបាបង្គាប់តាមប្រពៃណី ហើយមហាមហាហ៊ានទទួលមេបាថាធ្វើសម្រេចថ្ងៃណា ខ្ញុំនឹងអនុញ្ញាតឲ្យ លោកមេពារៀបអាពាហ៍ពិពារហ៍ជាមួយកូនស្រីខ្ញុំថ្ងៃនោះឯង ។
- បើសម្រេចហើយលោកមហាត្រូវទទួលលោកមេបានយវកិច្ចដែលបង្គាប់នោះថាសម្រេចហើយ។
- លោកមេបាផ្តើមនិយាយពីភស្តុភារបណ្តាការ(ជំនូន)ពេលអពាហ៍ពិពាហ៍បន្តទៀត។
- មេបានឹងមហាឯកភាពគ្នាហើយត្រូវមានសំបុត្រ ចុះចំនួនមុខរបស់នឹងចំនួនភស្តុភារបណ្តាការជូនលោកមេបាមួយសន្លឹកនឹងខ្លួនឯងមួយសន្លឹក ។មហាទទួលបង្គាប់ហើយត្រូវប្រាប់អាណាព្យាបាលឲ្យជ្រាប ។
- ខាងប្រុសជ្រាបហើយត្រូវរកហោរាមើលវេលារាសីចេកមាសខ្នើយទឹមបានថ្ងៃណាខែណាឆ្នាំណាដែលហោរាបានប្រាប់ ។
- លោកមហា និងលោកមេបាប្តូរយោបល់គ្នារួចនាំដំណឹងទៅប្រាប់ខាងប្រុស និងខាងស្រីតាមភារកិច្ចមេបា និងមហា ។
បញ្ចាក់ៈ បើដន្លង និងដន្លងពិភាក្សាគ្នារួចហើយ មិនបាច់លោកមេបានិង មហាពិភាក្សាគ្នាក៏បាន ។ ទាល់តែដន្លង និងដន្លងមិនឯកភាពទើបរកកសិលា គឹមានមេបា និងមហាពិភាក្សា ។
១៣. បានឯកភាពគ្នាហើយ ខាងប្រុសប្រុងប្រៀបរក៖
- រកអាចារ្យពេលា
- រកធ្មាយ និងមហា
- រភភ្លេងប្រពៃណី
- ជម្រាបមាមីង បងប្អូនញាតិមិត្ត
- រកភស្តុភារ ( ជំនួន )
- រកគ្រឿងម្ហូបអាហារ ទទួលភ្ញៀវ ។
ខាងស្រីប្រុងប្រៀប ៖
- រកលោកមេបា
- រកអាចារ្យខ្ញែ និងយាយខ្ញែ ( ពីដើមធអាចារ្យពីរ គឺខ្ញែ ពេលា )
- ជម្រាបមាមីង បងប្អូនញាតិមិត្ត
- រកអង្ករ និងគ្រឿងប្រដាប់ធ្វើធ្មេញ ( ប្រសិនបើធ្វើធ្មេញ )
- រកស្បៀងអាហារ ទទួលភ្ញៀវ
- រកអ្នកផ្នួងរៀបចំផ្ទះសម្បែង ។
១៤. ពេលរៀបអាពាហ៍ពិពាហ៍គេត្រូវ៖
១. ព្រលឹមធ្មាយ ឬមហា ( ភាគច្រើនមហា )ចូលទៅសុំអនុញ្ញាតពីលោកមេបា ។
- សូមទានខ្ញុំបាទ ....មហាទេព មហាមន្រ្តី មហាភក្តី ទាំងបីនាក់ព្រមទាំងអ្នកមុខ អ្នកការ ចូលប្រតិបត្តិ លោកមេបា សូមផ្លូវលោកដើរ សូមជណ្តើរឡើង សូមផ្ទះលោកនិយាយការ ។
- លោកមេបាអនុញ្ញាត
- មហាបន្ត..... សុំដីសង់រោងផ្កាស្លា រោងការ និងរោងដាំបាយ
- លោកមេបាអនុញ្ញាត
- មហាបន្ត....សុំវាលលែងក្របី សុំព្រៃកាប់ឈើសង់រោង រកអុសសុំត្រពាំងដងងទឹក... ( ត្រង់ចំនុចនេះលោកមេបានិយាយម្តងមួយវគ្គៗ ) ។
កាលបើលោកមេបា អនុញ្ញាតសព្វគ្រប់ហើយ មហាសូមដកខ្លូនចុះទៅជម្រាបអាចារ្យតាមដំណើរ ។
២. អាចារ្យកាលបើជ្រាបហើយត្រូវមើលដីសង់ តាមខែ ត្រង់ណារោងផ្កាស្លា ត្រង់ណារោងការ ត្រង់នារោងដាំបាយ ។
៣. កំណត់ទីកន្លែងបានហើយអាចារ្យអុជទៀនធូប សុំទឹកសុំដីសុំសង់រោង ពីភូមិកព្រះធរណីអ្នករក្សាទឹកដី ។
៤. អ្នកធ្វើរោងតាមបញ្ជាអាចារ្យ
៥. ល្ងាចមហាទាំងបី ( ឥលូវឃើញតែម្នាក់ទេ ) ឯកូនមហាទាំងពីរនាក់ប្រុសទាំងពីអ្នក ឬកូនធ្មាយទាំងពីរនាក់ស្រីទាំងពីរអ្នក ( ឥលូវឃើញពីដែរតែប្រុសមួយស្រីមួយ ) ។ ព្រមទាំងអ្នកមុខអ្នកការចូលទៅសុំគាល់លោក មេបាសុំអនុញ្ញតពិធីចូលរោង គោះគងទូងភារី កូតទ្រ ផ្លុំប៉ី ដេញចាប៉ី ដេញសាដៀវ ប្រគុំតន្រ្តីតាមប្រពៃណី សុំលោកមេបាកុំភ្ញាក់ផ្អើល ។
- លោកមេបាអនុញ្ញាហើយ
- មហាត្រឡប់មករោងវិញ ជម្រាបលោកអាចារ្យថា លោកមេបាព្រមហើយ
- លោកអាចចារ្យបញ្ជាអោយក្រាលកន្ទេលដាក់ខ្នើយ ក្រាលសំពត់ពីលើខ្នើយ បែរមុខទៅរកកម្លាំងថ្ងៃ ។ អាចារ្យរៀបផ្លែឈើ បាយសម្លអុជទៀនធូប ផ្កាភ្ញី រួចអោយភ្លេងលេងបទហោមរោង ។ បន្ទាប់មកទៀតអាចារ្យបួងសូងសុំមេមត់ចាស់ស្រុក ភូមិករព្រះធរណីពពួកទេវតាអោយជួយផ្តល់សេចក្តីសុខសេចក្តីសម្រើនដល់ពិធីមង្គលការនេះ ។
៦. ពេលយប់មហាទាំងបីទៅសុំគាល់លោកមេបា សុំអនុញ្ញាតគាល់ការពិធីមង្គលការនេះ ធ្វើអ្វីខ្លះទៅខាងមុខ ។
១៥. ជាទូទៅលោអាចារ្យបានដាក់គោលការណ៍ធំៗឲ្យមហា តែទោះជាយ៉ាងណា ឲ្យតែដល់ពេលអ្នកមហាឡើងទៅប្តឹងលោកមេបាតាមលំដាប់លំដោយ ។
គោលការណ៍ធំៗមាន៖
ក. ពិធីសែនក្រុងពាលី
ខ. ពិធីស្តីដណ្តឹង
គ. ពិធីហែកំណត់
ឃ. ពិធីកាត់ផ្លាស្លា
ង. ពិធីកាត់សក់
ច. ពិធីសូត្រមន្ត
ឆ. ពិធីសែនគូចដៃ
ជ. ពិធីធ្វើធ្មេញមានៈ
· ក្រាលអង្កររាប
· ធ្វើធ្មេញ
· ប្រតប់ធ្មេញ
· បរសេះ
· កាត់ខាន់ស្លា
· កប់ជី
ឈ. ពិធីយកពេលា
ញ. ពិធីផ្ទឹម ( អាចារ្យចាប់កូនដៃប្រុស ស្រី អភិសេកឲ្យជាគូរស្វាមីភរិយា )
ដ. ពិធីផ្សំដំណេក ។
១៦. ពិធីសែនក្រុងពាលីមានដូចខាងក្រោម៖
- មហាសុំលោកមេបា ថាតើឲ្យធ្វើយ៉ាងណា
- មេបាអនុញ្ញាត
- មហាស្នើរសុំលោកមេបា ព្រមទាំងត្រកូលរាមច្បងចូលរួមពិធីសែនក្រុងពាលី
- មហាមកប្រាប់អាចារ្យ អាចារ្យទៅមើលកន្លែងទៅរៀបចំសែនក្រុងពាលីត្រូវក្រាលកន្ទេលកន្លែងណា ? តាមធម្មតាគេត្រូវក្រាលកន្ទេលនៅលើដីខាងត្បូងផ្ទះកូនស្រី ខាងត្បូងល្វែងចន្ទបែរមុខទៅត្បូង ។ ចំពោះអាចារ្យត្រូវអង្គុយលើក្បាលនាគរហូត ។
- បន្ទាប់មករកមេមត់ព្រៃមកបញ្ជាន់សុំទីកន្លែងក្រុងពាលី បានរីមិនបាន ? បើមេមត់ថាព្រមបាន ហើយទើបធ្វើពិធី ។
- មហាក្រាលកន្ទេលដាក់ខ្នើយក្រាលសំពត់ពីលើ ខ្នើយរាបសក្ខារៈបូជា មានបាយសី ស្លាធម៌ ផ្កាភ្ញី អុជធូប អុជទៀន ប្រទីបជ្វាលា ម្ហូបអាហារបង្អែម មាន់ស្ងោរមួយគូ ពែបីរូត ឬ ពែប្រាំរួត មួយ....។
- ភ្លេងលេងបទស្តេចយាង ពេលហែរកូនប្រុសមកកអង្គុយលើកន្ទេល ( ពីដើមមានតែកូនប្រុសទេ ដែលមកអង្គុយសែនក្រុងពាលីនេះ ព្រោះទើបមកទាន់ទឹកដីថ្មី តែឥលូវមានកូនស្រីដែរ )
- ភ្លេងលេងបទហោមរោង កងសោយលោកមេបានិងអ្នកច្រៀងបួងសួងអញ្ជើញស្តេចក្រុងពាលីមកសេពសោយ និងទទួលស្គាល់កូនប្រុសជាសមាជិកថ្មីនៃគ្រួសារនេះ ។
- លោកមេបា ចាប់សំណែន មួយភាគដាក់ក្នុងពែ ព្រោះគេយល់ថាអ្នកបណ្តាស័ក្តិ អាចសេពសោយវត្ថុនេះបាន ឯអ្នកហែហមមិនហ៊ានហូបចូលអ្នកធំទេ ។ នៅចាំខាងក្រៅបានជា ចាប់ដាល់ក្នុងពែដើម្បីឲ្យអ្នកហែហមហូបផង ។
- ភ្លេងលេងបទសែនពែ អ្នករបាំពីរអ្នករាំចាប់ពែ សែងយកទៅតាមទិសដែលអាចារ្យបានកំណត់ ។
- មហាទៅជម្រាបលោកមេបា ពីកិច្ចការដែលខ្លួនធ្វើ ហើយសុំលោកមេបាបញ្ជាទៀត ។
- លោកមេបាបង្គាប់ចូលស្តីដណ្តឹងដើម្បីញាតិមិត្តជិតឆ្ងាយមិនទាន់ដឹងបានដឹងផង ។
១៧. ពិធីស្តីដណ្តឹងមានដូចខាងក្រោម៖
- ពិធីនេះដូចមុនតែសង្ខេបខ្លីជាង ធ្មាយនិងមហាចូលនិយាយការជាមួយលោកមេបាឡើងវិញ ។ សម្ខាន់លោកមេបាចង់ឲ្យនិយាយពីការបង្គាប់ផ្ទះ ប្រាក់ ឬមាសដើម្បីមហាលោកវត្ថុនេះជួនលោកមេបា ។
- មហាស្នើសុំ លោកមេបាបញ្ជាអាជ្ញាកណ្តាល ទៅពិនិត្យភស្តុភារបណ្តាការខ្វះមុនណាមេបាបង្គ្រប់ ។
- មេបាចាត់មនុស្សទៅពិនិត្យជាបង ឬម្តាយមីងបង្កើតឲ្យទៅពិនិត្យបណ្តាការដែលគេរៀបនៅរោងការ ។
- អាជ្ញាកណ្តាលចាប់មួយមុខពីរៗ ទៅជូនលោកមេបាពិនិត្យ បើគ្រប់ហើយលោកមេបាបញ្ជាថាឲ្យរហែកកំណត់មកចុះ ។
១៨. កាលពីដើមហែកំណត់នេះមានតែភស្តុតារ បណ្តាលការគ្មានកូនប្រុសទៅជាមួយទេ ។ សព្វថ្ងៃមានកូនប្រុសទៅជាមួយ ។
- ហែរដដល់មានមាត់ជណ្តើរ មានបុរសពីរនាក់ឃាត់សួរ ហេតុការណ៍ ។
- មហាជម្រាបសព្វប្រការ ទើបអ្នកកាន់ជណ្តើរអនុញ្ញាតឲ្យឡើងផ្ទះ
- រៀបចំជំនួនហើយ លោកមេបាហៅអាជ្ញាកណ្តាល ពីរនាក់ពិនិត្យឡើងវិញ ។ បើគ្រប់ហើយថាគ្រប់ បើមិនទាន់គ្របអាជ្ញាកណ្តាលប្រាប់លោកមេបាថាមិនទាន់គ្រប់ ។
- លោកមេបាថាគ្រប់ហើយ
- លោកមហាសួរ « តើពិធីជូនពេលា និងពិធីស៊ីស្លា លោកមេបាអនុញ្ញាតឲ្យធ្វើពិធីនេះមុន » សូមទានមេត្តាបង្គាប់មកចុះ ។
- ពិធីស្រេចតែមេបាបង្គាប់ណាមុនក៏បាន
- ពិធីទាំងពីររួចហើយ លោកមេបាបញ្ជា ឲ្យរៀបពិធីជូនភស្តុភារបណ្តាការ ។
បញ្ជាក់ៈ មេបាច្រើនឲ្យរៀប ពិធីជូនភស្តុភារបណ្តាការមុន ដើម្បីឲ្យចេញ ទុកស្រឡះកន្លែងនិងយកវវត្ថុនោះទៅប្រើប្រាស់ផង ។
- ពិធីស៊ីស្លាពីដើម ឲ្យឪពុកម្តាយខាងប្រុស ឬបងប្អូនខាងប្រុសលើកជូនទៅឪពុកម្តាយខាងស្រី តែឥឡូវឃើញកូនមហាជូនវិញ ។
- លោកមេបាបង្គាប់ទៅមហាឲ្យរករបាំមួយគូ រាំសង្គត់ស្លាដក ស្លាកន្សែង ។ បើរកឃើញហើយលោកមេបា ឲ្យរាំសាកដៃសិន ។ បើរាំត្រូវអនុញ្ញាតបើមិនត្រូវមេបាបង្រៀន ។ បើនៅតែមិនត្រូវ ឲ្យរកអ្នកផ្សេងមួយគូទៀត ។
បន្ទាប់មកលោកមេបាបង្គាប់បន្តៈ
- រាំសសង្កត់ស្លាដក ស្លាកន្សែង
- អាជ្ញាស្រា
- ដងស្រាដំណើរ
- អូសស្លា
- គោះហិប
- រាំខ្វែងពែង
- ផឹកប្រាំ ហ៊ោប្រាំ
- ដោះក្រាល
- លក់ជើងមួយ
- មេបាបញ្ជារហូតចប់ ទើបឲ្យមហារៀបពិធីបញ្ចូល ក្រយា
- មហាចាត់ចែងរកផ្តឹលទឹក បាយ ម្ហូប ចង្កឹះ ស្លាបព្រា មកដាក់កន្លែងសមគួរ ។
- ភ្លេងលេងបទសុរិន្ទខ្នងភ្នំ ច្រៀងបទអង្វរករ លោកមេបា ឲ្យចាប់ផ្តើម ទឹកខ្តុរមាត់ ចាត់ស្លាព្រា ចង្កឹះ ពិសារភោជនហារ ។
- លោកមេបាបញ្ជាមហា ឲ្យហែកូនប្រុសទៅកាន់ផ្កា ស្លា ឬ ផ្កាដូង ។
១៩. ពិធីកាត់ផ្កាស្លាមានដូចខាងក្រោម៖
ដល់ពេលហើយអាចារ្យទៅដល់ទីកន្លែង ដើមដូង ឬស្លាមើលស្ថានភាពទីកន្លែងត្រូវក្រាលកន្ទេល ឈមមុខទៅទិសណាឲ្យស្របទៅតាមកម្លាំងថ្ងៃ ។
- ក្រាលកន្ទេលដាក់ខ្នើយ លើកកន្ទេល ក្រាលសំពត់ សលើខ្នើយជើងពានទ្រផ្កាស្លាឬ ដូង រកអំបោះពណ៌ស សម្រាប់ចង់ដៃ និងចងដើមដូង ( អំបោះឆៅសសុទ្ធ ) ។
- បានសព្វគ្រប់ហើយ អាចារ្យឲ្យមហា ឬអាចារ្យ ខ្លួនឯងហែរកូនប្រុសចេញពីរោង ឬពីកន្លែងកូនប្រុសស្នាក់នៅមកកន្លែងពិធី
- អាចារ្យឲ្យកូនប្រុសអង្គុយលើកម្រាល
- អាចារ្យអុជធូប ទៀន បាយ សំណែន និយាយបួង សួងដល់ភូមិករព្រះធរណី មេមត់ម្ចាស់ស្រុក សំផ្កាស្លាឬ ដូង យកទៅធ្វើជាមង្គលសិរីសួស្តីពិធីមង្គលការ ។
- បន្ទាប់មកអាចារ្យសូត្រ ជយន្ទោ ប្រសិទ្ធិពរឲ្យកូនប្រុសរួចហើយ ។
បញ្ចាក់ៈ ពីដើម អ្នកឡើងជើងទៅមុនដល់ត្រង់់កដូង ដល់ត្រឹមកដូង ទើបត្រឡប់ក្បាលឡើង ។ ដល់ចុះមកក៏ក្បាលមកមុនដែរ ការកាប់នេះប្រយ័ត្នបំផុតមិនឲ្យបែក ឬប្រេះទេ ។
- ពេលចុះជិតដល់ដី អាចារ្យយកជើងពាន ដែលចងភ្ជាប់ដោយចិញ្ចៀន និងដាក់ប្រាក់ជាទ្រនឹប លើកជើង ពានសម្រាប់ជូនអ្នកឡើងហុចឲ្យកូនប្រុស ។
- កូនប្រុសយកជើងពានទទួលផ្កាស្លា ជានិមិត្តសរូប សូភង្គលរបស់ខ្លួនអ្នកឡើងគាបជើងនឹងដើមស្លាឬដូងឲ្យជាប់យកដៃស្រាយបង្វិចក្រមារុំមុំផ្កាស្លា ឬដូងដាក់ស្រាល លើជើងពាន រួចយកប្រាក់ដែលគេដាក់ជាទ្រនឹប លើជើងពាននោះ ។
- បានផ្កាស្លាឬផ្កាដូង ហើយអាចារ្យហែកូនប្រុសមកវិញ ។
- អាចារ្យបង្គាប់ឲ្យឲ្យមហារៀបចំពិធីកាត់សក់ ។
២០. ការកាត់សក់នេះពីដើម កូនប្រុសកាត់នោរោងការបែរមុខទៅខាងកើតចំរានទេវតា ដែលអាចារ្យបានរៀបចំទុក ។ ការកាត់ គឺកាត់មែនទែន ជ្រងផ្កាថ្កូវ ។
ឯកូនស្រីកាត់លើផ្ទះ អង្គុយនៅល្វែងចន្ទ បែរមុខទៅទិសខាងកើតដូចគ្នា ដោយអាចារ្យខ្ញែជាអ្នកចាត់ចែង ។ ពិធីនេះកាត់ពេលជាមួយគ្នា ដោយបញ្ជាពីអាចារ្យពេលា ។ តែកូនស្រីគ្រាន់តែការោមប៉ុណ្ណោះទុកសក់បួង ។
- ការអង្គុយចាំបាច់កូនស្រីត្រូវអង្គុយខាងស្តាំ
- សព្វថ្ងៃ យើងឲ្យកូនស្រីអង្គុយជាមួយកូនប្រុសតែម្តង នេះក៏ល្អម្យ៉ាងដែរដោយឲ្យអង្គុយទន្ទឹមគ្នា ។ តែប្លែកឲ្យកូនប្រុសអង្គុយខាងស្តាំវិញ ។ វាខុសពីពិធីបុរាណ ។
- សម័យបុរាណអាចារ្យរៀបជាវគ្គៗ មានកាត់សក់ មុជទឹក លាបប្រេងម្សៅ ប្រសិទ្ធពរជ័យ ។
ក. វគ្គកាត់សក់
- អាចារ្យរៀបចំអាសនៈ មានតុ កៅអី បែរមុចទៅរានទេវាក្រាលកន្ទេលដាក់ខខ្នើយ នៅមុខតុ កៅអីបែរមុចទៅរករានទេវតា រៀបសក្ការៈលើរានទេវតា មាននំអន្សម ផ្លែឈើ ស្លាធ័រ បាយសី ចងឆ័ត្រមួយគូបាំងរានទេវតា ។
- រៀបរួចអាចារ្យឲ្យភ្លេងលេងបទ ចៅព្រាមឬប៉ុកពើក
- មហាហែកូនប្រុសមកអង្គុយលើកម្រាល បែរមុខទៅរករានទេវតា
- មហាអញ្ជើញមេបា មាតា បិតា បងប្អូនចូលរួម
- អាចារ្យអុជធូប ទៀន នាំនមស្ការព្រះរតនត្រៃ
- នមស្សការចប់អាចារ្យ ឲ្យឪពុកម្តាយកូនប្រុស អង្គុយ បែរមុខទៅរកកូនខ្លួន ។
- អាចារ្យចាប់ដៃកូនប្រុសឲ្យស្គាល់គុណរបស់មាតា បិតា សូម ខមាទោសមាតា បិតា សុំអនុញ្ញាតមាតា បិតា អង្គុយលើកៅអីកាត់សក់
- អ្នកភ្លេងលេងបទសារិកាកែវ ឬបទណាមួយដែលលោកមេបាបញ្ជា
- ពីបុរាណអ្នកកាត់សក់ គេរើសយកមាបង្កើត ឬបង ប្អូនបង្កើត មិនចេះកាត់គេគ្រាន់តែចូលកាត់ជើងសក់ពីរកន្ត្រៃ រួចប្រគល់ឲ្យជាងវិញ
- ពីដើមគ្មានប្រកាសលក់កន្រ្តៃទេ ឥឡូវ កាំបិតកោរ ប្រេងម្សៅដល់គូស្វាមីភរិយាថ្មី ។ តែសូមប្រើពាក្យពេជន៍ឲ្យបានល្អៗ ជៀសវាងអាសអាភាស នាំឲ្យខូចប្រពៃណី ។
- កាត់សក់រួចមេបា ឲ្យទៅទាក់ដំរី បញ្ជិះកូនប្រុសទៅមុជទឹកស្ទឹងហៅថាស្ទឺងអនោមា ( តាមលិទិទ្ធព្រាហ្មណ៍ ) ។
ខ . វគ្គមុជទឹក
- ធម្មតាមុជកាត់សក់ រួចត្រូវមុជទឹក ស្ទឹង បឹង អណ្តូង ត្រពាំង ស្រះ ពាង ដើម្បីសម្អាតកាយ ។
- បុរាណឲ្យទៅមុជទឹកជិតៗផ្ទះ ដើម្បីលើកដម្លៃកូនប្រុស គាត់ឲ្យជិះដំរីមានហែហមមុខក្រោយកិត្តិយសណាស់ ។ បើគ្មានដំរី ឲ្យយកសេះ ឬក្របីក៏បានដែរ ត្រូវតែប្រើពាក្យថាដំរិ ។
- មេបាបញ្ជាឲ្យទៅរកដំរី
- ភ្លេងលេងបទទាក់ដំរី
- បុរសពីរនាក់ធ្វើរបៀបចេញដំណើរ លេចវាលព្រៃ រៀបរាប់ទេសភាព ។ បើខ្លាចជួបឧបសគ្គ គេច្រៀងបែរបន់ សុំមេមត់ព្រៃ ដែលថែរក្សាដំរី សុំអនុគ្រោះដល់ខ្លួន
- ភ្លេងលេងបទសុរិន្ទខ្នងភ្នំ
- ទាក់ដំរីបានហើយ បង្គាប់កូនប្រុសឲជិះដំរីទៅមុជទឹក ដោយអាចារ្យដើរមុខ អ្នកហែហមដើរក្រោយ
- ភ្លេងលេងបទស្តេចយាង
- ដល់ងូតទឹកភ្លេងលេងបទត្រពាំងពាយ
- មុជទឹកហើយត្រឡប់មកវិញ ផ្លាស់សំលៀកបំពាក អង្គុយលើកៅអីលាបប្រេងម្សៅ និងប្រសិទ្ធពរជ័យ ។
គ. លាបប្រេងម្សៅ
- អង្គុយលើកៅអីហើយ ភ្លេងលេងបទជ្រង ឬបទណាមួយដែលលោកមេបាបង្គាប់។ ច្រៀងសសើរពីរូបសម្បត្តិ កូនប្រុស រួចច្រៀងជូនពរ ។
- អាចារ្យសូត្រ ជយន្ទោ និងអប់រំកូនប្រុស
- អាចារ្យបង្គាប់ឲ្យសូត្រមន្ត ។
២១.ពិធីសូត្រមន្តមានដូចខាងក្រោម៖
- ពីដើមសូត្រមន្តដោយឡែកពីគ្នា ។ ខាងស្រីសូត្រលើផ្ទះ ខាងប្រុសសូត្រក្នុងរោង
- ព្រះសង្ឃយ៉ាងតិច៤អង្គ ដោយសូត្រមន្តខាងលើ ទើបមកសូត្រខាងប្រុសជាក្រោយ
- ព្រះសង្ឃនិមន្តដល់លើផ្ទះ កូនស្រីត្រូវចេញមកអង្គុយត្រង់ល្វែងចន្ទព្រះសង្ឃចំរើនព្រះបរិត្ត ។ ចប់ខាងស្រី៩ទើបអាចារ្យ និមន្តព្រះសង្ឃទៅសូត្រខាងប្រុសទៀត
- ឥឡូវនេះគេសូត្រមន្តជាមួយគ្នាតែម្តង គឺនៅខាងផ្ទះស្រី
- សូត្រមន្តជាមួយគ្នានេះកូនប្រុសមិនអាចអង្គុយជាមួយកូនស្រីនៅល្វែងចន្ទបានទេ ត្រូវអង្គុយនៅល្វែងឆៀង
- ការអង្គុយកូនស្រីអង្គុយនៅខាងស្តាំជានិច្ច ។
២២. ពិធីសែនគួចដៃមានដូចខាងក្រោម៖
- ពិធីនេះគឺគេគោរពវិញ្ញាក្ខ័ន្ធ ជីដូនជីតា និងសុំឲ្យគាត់ ទទួលស្គាល់ថាខ្លួនបាន រៀបអាពាហ៍ពិពាហ៍ និងគោរពជីដូនជីតា នៅរស់ឲ្យគាត់យកអំបោះចង់ដៃ ទទួលស្គាល់ថាបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវ ។
- ពីបុរាណគួចដៃគឺ ជីដូនជីតា មាតាបិតា ម្តាយធំ ឪពុកធំ និងបងប្អូនទាំងអស់ ចាប់អំបោះឆៅពណ៌សចងដៃកូនស្រី ។ ហើយមានវត្ថុមានតម្លៃផ្សេងៗ ដូចជាមាស ប្រាក់ គោ ក្របី ដីស្រែចំការជាដើមទៅចងដៃជានិមិត្តរូបល្អបំផុត ។
- ពីដើមគេធ្វើឲ្យកូនស្រីរួច ទើបចុះទៅឲ្យកូនប្រុសនៅឯរោង
- ក្រោយមកឲ្យកូនប្រុស អង្គុយល្វែងឆៀងលើផ្ទះកូនស្រី ធ្វើខាងកូនស្រីមុន ទើបធ្វើខាងកូនប្រុស
- អាចារ្យរៀបចំក្រាលកន្ទេល ប្រឈមមុខទៅទិសត្បូង ដាក់ខ្នើយក្រាលសំពត់ស ពីលើខ្នើយ ផ្តឹលទឹកមានអំបោះឆៅពណ៌ស សម្រាប់ចងដៃ មាន់ស្ងោរ ឬទឹកស្ងោមួយគូ បាយសម្ល ទឹកតែស្រា ទៀនធូប ជាដើម ។
- ភ្លេងលេងបទនាងនាគ អញ្ជើញកូនស្រីមកចងដៃ កូនស្រីចេញមកអង្គុយលើកម្រាលបែរមុខទៅត្បូង
- មេបា ឲ្យភ្លេងលេងបទកងសោយ
- អាចារ្យចាប់សែននាំមុខគេ ទើបមេបាទាំងអស់ចាប់ផ្តើមសែនទាំងអស់គ្នា ។ សែនរួចភ្លេងបទបាយខុន អាចារ្យ មាតាបិតា ...ចូលចងដៃ ។
២៣. ពីបុរាណពិធីធ្វើធ្មេញនេះគេត្រូវនិយមធ្វើមកច្រើនណាស់ ស្ទើរគ្រប់មនុស្ស ព្រោះគេយល់ថា បន្ទាប់ពីធ្វើធ្មេញ រួចកូនស្រីរបស់គេ នឹងបានឡើងជានារីគ្រប់លក្ខណៈសម្បត្តិល្អប្រពៃ ។ និយាយជារួមសង្គមខ្មែរពិដើម គេធ្វើធ្មេញទាំងបុរសផងដែរ ដើម្បីឲ្យបានជាបុរសគ្រប់លក្ខណៈចំពោះទែអ្នកមិនបានបួសប៉ុណ្ណោះ ។ បើបានបួសហើយដល់ពេលរៀបការ មិនបាច់ធ្វើធ្មេញទេ ។
ក. ពិធីក្រាលអង្កររាប
ពិធីនេះបើកូនច្បង និងកូនពៅយកអង្ករ៦តៅ ឯកូនកណ្តាលយកអង្ករ ៣តៅ ។ លោកអាចារ្យរៀបចំពិធនៅល្វែងចន្ទឆៀងខាងត្បួង ។ អាចារ្យរៀបចំក្រាលកន្ទេលរួច ក្រាលសំពតពីលើកន្ទេលរកនាឡិពែង ត្រល់ សម្រាប់វាសអង្ករ ។ យាយខ្ញែយកនាឡិ វាសអង្កររាប់តាមអាយុ ។ កន្លែងខ្លះឲ្យកូនស្រីវាល់ ព្រោះពិធីនេះជាពិធីសងភូមិថ្មី បើកូនស្រីវាល់ល្អប្រសើរជាង ។ ឯអង្ករនេះមិនត្រូវជូនអាចារ្យទេ ត្រូវទុក ព្រោះវាជាមង្គល ។ កន្លែងខ្លះបែរជាជូនអាចារ្យទេ ត្រូវទុកព្រោះវាជាមង្គល ។ កន្លែងខ្លះបែរជាជូនអាចារ្យវិញ ។ ( ប្រហែលជាគេគ្មានអ្វីជូន ឬយ៉ាងណា ? ) វាល់អង្កររួចម៉ែឪ បងប្អូនយកវត្ថុផ្សេងៗមានមាស ប្រាក់ ត្រល់ ។ ល។ ទៅកប់ក្នុងអង្ករដើម្បីផ្សងព្រេងវាសនាកូនស្រី ។យាយខ្ញែវាសអង្កឲ្យរាបល្អបួនជ្រុង រួចទាញសំពតសគ្រប់លើអង្ករ ។ អ្នកភ្លេងបួនអ្នកឈរគ្រប់ចែងទាំងបួន ច្រៀងរាំ ខ្វែងអង្ករ រាបនិង ខ្វែងពែង ។
ក.១ .ពិធីរាំអង្កររាប
រៀបចំស្រេចហើយ អ្នកភ្លេងបួននាក់ ឈរចែងអង្ករទាំងបួន បែរមុខរកគ្នាដៃចាប់ស្បូវភ្លាំងតាមចង្វាក់ភ្លេង ។ ច្រៀងចប់ ដាក់ស្បូវភ្លាំងចុះដោយយកគល់ដាក់ចំចែងខ្លួនឈរ និងចុងទៅចែងម្ខាងទៀត ។អ្នកទាំងបួននាក់ដាក់ចូលគ្នាច្រៀងដូចគ្នា ។ ច្រៀងចប់បន្តច្រៀងខ្វែងពែងទៀត ។
២៤. កាលពីព្រេងនាយ មានក្មេងម្នាក់កំសត់ឥតមានឪពុកមានតែម្តាយ ។ សម័យមួយជាពេលដែលស្រុកទេសកើតទុរភិក្សអត់បាយ នាងក៏ទៅស្វែងរកមើមឈើជាមួយអ្នកស្រុក ហើយដល់ពេលស្រេកទឹកនាងបានផឹកទឹកក្នុងថ្លុក មានទឹកនោមដំរី ដោតស្មានថាជាទឹកល្អ ។ ក្រោយមក នាងក៏មានផ្ទៃពោះហើយប្រសូតបានកូនប្រុសម្នាក់ ដោយដាក់ឈ្មោះថា ជ័យ ។ ក្រោយមកទៀតនាងក៏មានប្តីដូចគេដូចឯង ហើយសម្រាលកូនប្រុសម័យទៀត ដាក់ឈ្មោះថា សួស្តិ៍ ។ គ្រានោះព្រះរាជាក្នុងនគរ ក៏សោយទីវង្គត់ទៅ គ្មានព្រះរាជបុត្រស្នងឬតំណវង្សសោះ អ្នកក្នុងនគរក៏ ធ្វើពិធីផ្សងដំរី ដើម្បីរកអ្នកមានបុណ្យឲ្យទៅធ្វើជាស្តេចផែនដី ។ ដំរីក៏បាន ទៅក្រាបនៅក្រោមចុងជើងកុមារជ័យនិងសួស្តិ៍ ដែលកំពុងសម្រាកនៅក្រោមដើមឈើមួយដើម ។ កត់សម្គាល់ឃើញថា ជ័យ និងសួស្តិ៍ ជាអ្នកមានអភិនិហារគួរសោយរាជ្យបាន ក៏ហែរអ្នកទាំងពីរឲ្យសោយរាជ្យធ្វើជាស្តេច ឲ្យជ័យធ្វើជាស្តេច ហើយសួស្តិ៍ធ្វើជាឧបរាជ ។ ក្នុងពេលធ្វើការជាពិសេសនោះគេ ក៏ប្រកាសស្រែកថា «ជ័យហោង សួស្តិ៍ហោង » គ្រប់វារៈបីដង ទើបស្រោចទឹក ។
ដោយសារហេតុថា ជ័យ និងសួស្តិ៍ជាអ្នកកាន់អំណាចផង ហើយពាក្យនេះជាពាក្យមង្គលផង ទើបគេយកមកប្រើក្នុងពិធីមង្គលការជារៀងរហូត ( យោងតាមឯកសារ ការរយល់ដឹងពី ប្រទេសកម្ពុជា ) ។