ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គេតែងសង្កេតឃើញថាកាលណាមានភយន្តរាយ ឬមានបញ្ហាណាមួយកើតឡើង ហើយដែលមនុស្សដោះស្រាយដោយកំលាំងប្រាជ្ញ ឬកំលាំងកាយរបស់ខ្លួនពុំរួចក៏កើតមានជំនឿទៅលើកំលាំងក្រៅខ្លួន ជាមានវត្ថុខ្លាំងពូកែសក្តិសិទ្ធិផ្សេងៗអាចជួយសំរេចគោលបំណងខ្លួនបាន។ ចំណែកជនជាតិខ្មែរយើង កាលដើមឡើយក៏មានជំនឿបែបនេះដែលគឺនិយមគោរពកំលាំងធម្មជាតិដោយយល់ថា ធម្មជាតិទាំងឡាយសុទ្ធតែមានព្រលឹង និងមានកំលាំងសក្តិសិទ្ធិដែលយើងមើលពុំឃើញ។ គេបានយកដុំថ្មជាតំណាងកំលាំងធម្មជាតិដែលគេគោរពហើយគេហៅដុំថ្មនោះថា អ្នកតាដូចជាអ្នកតាទឹក អ្នកតាដី អ្នកតាភ្លើង អ្នកតាខ្យល់ អ្នកព្រៃភ្នំជាដើម។ ក្រៅពីអ្នកតាតំណាងធម្មជាតិ មានអ្នកតាតំណាងមេបា ឬបុព្វបុរសដែលបានស្លាប់ទៅហើយ ហើយនៅចាំថែរក្សា និងផ្តល់សេចក្តីសុខដល់អ្នកស្រុកដូចជាអ្នកតាដំបងដែក អ្នកតាក្រហមក អ្នកតាជំទាវម៉ៅអ្នកតាយាយម៉ៅ។ សាសនាអ្នកតានិយមនេះពុំសូវលូតលាស់ ព្រោះពុំមានអត្ថបទ (គម្ពីរ) ដែលកត់ត្រាទស្សនៈ ទ្រឹស្តី ដូចជាសាសនាដទៃទៀតឡើយ។ទោះបីគ្មានការចំរើនលួតលាស់ក៏ដោយ ក៏សាសនាបែបនេះនៅតែរស់នៅបន្តក្នុងចិត្តគំនិត និងក្នុងទំនៀមទំលាប់ខ្មែររហូតមកដល់សព្វថ្ងៃនេះដែរ។ លុះក្រោយមក នៅដើមគ្រិស្តសករាជ ទើបខ្មែរចាប់ផ្តើមទទួលឥទ្ធិពលសាសនាឥណ្ឌាធំៗពីរគឺ ព្រាហ្មណ៍ និងពុទ្ធសាសនា។ ព្រះសមណគោត្តមវិញទ្រង់ជាមនុស្សដ៏ឧត្តមវិសេសកើតឡើងនៅប្រទេសនេប៉ាល់ដែលស្ថិតនៅខាងជើងប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី៦ មុនគ្រិស្តករាជ។ ឧត្តមគតិ និងទិសដៅរបស់ព្រះអង្គ នៅត្រង់ការទេសនាប្រដៅមនុស្សលោកឱ្យព្យាយាម ប្រកបការងារល្អដើម្បីស្វែងរកសុខសន្តិភាពក្នុងលោកនេះផងក្នុងលោកខាងមុខផង។