សំណួរ
១. អ្វីជាកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ ?
២. ហេតុអ្វីបានជាកើតមានកតិកាសញ្ញាអន្តរជាតិ ?
៣. តើកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌មានសារៈសំខាន់អ្វីខ្លះ ?
៤. ចូរពន្យល់ដោយសង្ខេបអំពីខ្លឹមសារមាត្រានៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌ ។
៥. ចូរពន្យល់ពីទំនាក់ទំនងរវាងកតិកាសញ្ញាអន្តរជាតិជាមួយនឹងទស្សនវិស័យពុទ្ធសាសនាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ។
ចម្លើយ
១. កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ ជាកិច្ចព្រមព្រៀងអន្តរជាតិមួយដែលស្ថាប័នអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស ដើម្បីឱ្យប្រជាជាតិទាំងអស់មានសេរីភាពក្នុងការប្រកាន់យក គោលជំហរនយោបាយនិងខិតខំអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌របស់ខ្លួនដោយសេរីនិងទទួលបាននូវសិទ្ធិទាំងអស់នេះក្នុងវិសាលភាពមួយដ៏ពេញលេញតាមតែអាចធ្វើទៅបាន។
២. បានជាកើតមានកតិកាសញ្ញាអន្តរជាតិព្រោះ ៖
- ដើម្បីធានាសន្តិភាព និងប្រឆាំងនឹងការរើសអើងនិងការប្រកាន់ពូជសាសន៍
- ដើម្បីធានាឱ្យមានការអភិវឌ្ឍជានិរន្តរ៍ខាងវិស័យសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ និងការងារពេញលេញដែលមានផលប្រយោជន៍ ក្នុងលក្ខខណ្ឌការពារសេរីភាពជាមូលដ្ឋានខាងនយោបាយនិងសេដ្ឋកិច្ចចំពោះបុគ្គលគ្រប់រូប។
- ដើម្បីឱ្យដើម្បីឱ្យប្រជាជាតិទាំងអស់មានសេរីភាពក្នុងការប្រកាន់យកគោលជំហរនយោបាយនិងខិតខំអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ខ្លួនដោយសេរី។
- ដោយសារតែមានអតុល្យភាព នៃកម្រិតជីវភាពការអប់រំសុខុមាលភាពរបស់ប្រជាជន ក្នុងពិភពលោកទើបធ្វើឱ្យកើតមានឡើងនូវកតិកាសញ្ញានេះ ដើម្បីធានាឱ្យមនុស្សគ្រប់រូបទទួលបាននូវសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ខ្លួនក្នុងវិសាលភាពមួយដ៏ពេញលេញតាមតែអាចធ្វើទៅបាន។
៣. សារៈសំខាន់នៃកតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ ៖
- ធ្វើឱ្យមនុស្សគ្រប់រូបទទួល បានចំណីអាហារសម្លៀកបំពាក់ និងទីលំនៅគ្រប់គ្រាន់និងមានការរីកចម្រើនជាលំដាប់នៃលក្ខខណ្ឌនៃការរស់នៅរបស់គេ។
- ធ្វើឱ្យមនុស្សគ្រប់រូបទទួលបាននូវសិទ្ធិទទួលការអប់រំនិងការបណ្តុះបណ្តាលជំនាញសិទ្ធិទទួលបាននូវសេវាថែទាំសុខភាព សន្តិសុខនិងសេវាសង្គមផ្សេងៗទៀត។
- ធ្វើឱ្យប្រសើរគ្រប់ទិដ្ឋភាព នៃអនាម័យខាងផ្នែកបរិស្ថាននិងឧស្សាហកម្មរបស់មនុស្សជាតិ។
៤. ខ្លឹមសារសង្ខេប ៖
- មាត្រា១ ជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេចប្រកបដោយសេរីភាព ក្នុងការប្រកាន់យកគោលជំហរនយោបាយនិងខិតខំអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌របស់ខ្លួនដោយសេរី។
- មាត្រា២ ប្រើប្រាស់ជាអតិបរមានូវធនធានដែលខ្លួនមាន។
- មាត្រា៣ បុរសនិងស្រ្តីមានសិទ្ធិស្មើគ្នាខាងផ្នែកសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌។
- មាត្រា៤ រដ្ឋអាចដាក់សិទ្ធិទាំងនេះឱ្យមានព្រំដែនកំណត់និងសម្រាប់តែដើម្បីលើកស្ទួយសុខុមាលភាពទូទៅប៉ុណ្ណោះ។
- មាត្រា៥ គ្មានរដ្ឋណាមួយក្រុមណាមួយបុគ្គលណាមួយធ្វើសកម្មភាពបំផ្លិចបំផ្លាញសិទ្ធិ ឬសេរីភាពឬដាក់កម្រិតធំជាងកម្រិតដែលមានចែងនៅក្នុងកតិកាសញ្ញានេះ។
- មាត្រា៦ សិទ្ធិធ្វើការងារ។
- មាត្រា៧ មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវលក្ខខណ្ឌការងារត្រឹមត្រូវ។
- មាត្រា៨ សិទ្ធិទទួលបានសន្តិសុខសុខសង្គមព្រមទាំងការធានារ៉ាប់រងសង្គមផង។
- មាត្រា៩ កិច្ចគាំពារនិងជំនួយដ៏ទូលំទូលាយដែលអាចធ្វើទៅបានដល់គ្រួសារដែលទទួលខុសត្រូវ ចំពោះការថែរក្សានិងអប់រំកូន។ អាពាហ៍ពិពាហ៍ត្រូវធ្វើឡើងដោយមានការយល់ព្រមដោយសេរីពីអនាគតក្តីប្រពន្ធ។
- មាត្រា១០ មនុស្សគ្របរូបទទួលបានកម្រិតជីវភាពគ្រប់គ្រាន់សម្រាប់ខ្លួន និងគ្រួសាររួមមានចំណីអាហារសម្លៀកបំពាក់ទីលំនៅ ព្រមទាំងការរីកចម្រើនជាលំដាប់នៃលក្ខខណ្ឌរស់នៅរបស់គេ។
- មាត្រា១១ ទទួលស្គាល់សិទ្ធិរបស់បុគ្គលរបស់គ្រប់រូបមានកម្រិតសុខភាព ទាំងខាងរាងកាយនិងខាងស្មារតីខ្ពស់បំផុតតាមតែអាចធ្វើទៅបាន។
- មាត្រា១២ ទទួលស្គាល់សិទ្ធិបុគ្គលគ្រប់រូបដើម្បីទទួលបានលការអប់រំ។
- មាត្រា១៣ ទទួលស្គាល់សិទ្ធិនៃបុគ្គលគ្រប់រូបដើម្បីចូលរួមក្នុងជីវភាពវប្បធម៌ទទួលអត្ថប្រយោជន៍ពីវឌ្ឍនភាព ការអនុវត្តវិទ្យាសាស្ត្រការការពារផលប្រយោជន៍ខាងសីលធម៌ និងខាងសម្ភារៈដែលពីផលិតកម្មដែលខ្លួនជាអ្នកបង្កើត។
៥. ទំនាក់ទំនងរវាងកតិកាសញ្ញាអន្តរជាតិជាមួយនឹងទស្សនវិស័យពុទ្ធសាសនា ស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ ៖
ក. ទស្សនវិស័យសេដ្ឋកិច្ច
- ផ្នែកសេដ្ឋកិច្ចជាន់ទាប ៖ ទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ឬគ្រួសារនីមួយៗដូចជា
ការតាំងខ្លួន នៅក្នុងឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ចប្រកបដោយអង្គ៤ប្រការ
- ការសំភីសង្វាត ស្វែងរកទ្រព្យគ្រប់គ្រងប្រភេទទាំងមានរូប និងគ្មានរូប
- ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្តិឬចេះសន្សំសំចៃ
- ការចេះសេពគប់នឹងមិត្តសំលាញ់មានចរិយាថ្លៃថ្នូរ ឬចេះច្នៃមិត្តអាក្រក់ឱ្យ ក្លាយទៅជាមិត្តល្អ
- ការចេះចាយវាយឱ្យសមគួរដល់ឋានៈនៃទ្រព្យសម្បត្តិ ឬចេះរៀនរស់ក្នុង សភាពសន្តោស។
ការវៀរចាកអបាយមុខ៤ប្រការ ដែលនាំឱ្យសូន្យទ្រព្យ
- ជាអ្នកប្រព្រឹត្តល្បែងស្រី
- ជាអ្នកប្រព្រឹត្តល្បែងស្រា
- ជាអ្នកប្រព្រឹត្តល្បែងស៊ីសង
- ជាអ្នកសេពគប់មនុស្សអាក្រក់ដោយគ្មានកែច្នៃមិត្តអាក្រក់ឱ្យក្លាយទៅជាមិត្តល្អ
ប្រកាន់យកនូវសុខ ៤ប្រការ
- សុខកើតពីការមានទ្រព្យដែលបានពីកម្លាំងធ្វើការផ្ទាល់ខ្លួន
- សុខកើតមកពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន
- សុខកើតអំពីការមិនជំពាក់បំណុលគេ
- សុខកើតអំពីការប្រកបអាជីវកម្ម ដែលគ្មានទោស។
ខ. ផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់ ដំបូងមនុស្សត្រូវខំធ្វើសេដ្ឋកិច្ចគ្រប់យ៉ាង ឱ្យមានវឌ្ឍនភាពនៅក្នុងកម្រិតមធ្យមរហូតដល់កម្រិតខ្ពស់ ដើម្បីផ្តល់សេចក្តីសុខស្រួលដល់ជីវិតរបស់ខ្លួន។ យើងម្នាក់ៗត្រូវតែព្យាយាមធ្វើជាចៅហ្វាយនាយនៃសេចក្តីត្រូវការ មានន័យថាព្យាយាមលុះត្រាតែបានសម្រេច បើមិនបានកុំឈប់ កុំថយក្រោយ។ នេះជាសេដ្ឋកិច្ចជាន់ខ្ពស់ដែលព្រះសម្មាសម្ពុទ្ធទ្រង់ឱ្យឈ្មោះថា “បរមត្ថប្រយោជន៍” និងមានលំដាប់លេខរៀងដូចជាសេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន សេដ្ឋកិច្ចសម្រាប់ជីវិតថ្មីនិងសេដ្ឋកិច្ចសម្រាប់ជីវិតព្រះនិព្វាន។
គ. ទស្សនសង្គមកិច្ច នៅក្នុងព្រះពុទ្ធសាសនាសិទ្ធិរស់រានមានជីវិតត្រូវបានផ្តោតការយកចិត្តទុកដាក់ និងត្រូវបានគេទទួលស្គាល់គ្រប់គ្នាតាមរយៈសិក្ខាបទទាំងប្រាំរបស់ពុទ្ធសាសនា។
ឃ. ទស្សនវប្បធម៌ តាមទស្សនៈរបស់ព្រះពុទ្ធសាសនាជីវិតមនុស្សតែងប្រព្រឹត្តទៅតាមទ្ធារគឺបីមនោ កាយនិងវាចា។ បុគ្គលម្នាក់ៗគឺជាទាយាននៃអំពើរបស់ខ្លួនដោយមិនគិតថាពូជសាសន៍ ពណ៌សម្បុរ ជាតិសង្គម ធនធានសង្គមឬស្ថានភាពដទៃទៀតឡើយ។