Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥៦- ដូចម្តេចហៅថាសារាចរ ?

៥៧- តើបែបបទនៃការធ្វើសារាចរមានអ្វីខ្លះ ? ចូររៀបរាប់ ?

៥៨- តើទម្រង់នៃសារាចរមានអ្វីខ្លះ ? ចូររៀបរាប់ ?

៥៩- តើសារាចរមានគំរូដូចម្តេច ?

ចម្លើយ

៥៦- សារាចរ គឺជាលិខិតដែលថ្នាក់លើបានកំណត់ ឬបញ្ជាក់នូវ​ខ្លឹមសារជាលក្ខណៈច្បាប់ ឬសកម្មភាពរដ្ឋបាលដែលត្រូវអនុវត្តន៍ ។ ជាទូទៅសារាចរត្រូវបានកសាងឡើង ដើម្បីដាក់ជូនមន្រ្តីក្រោមឱវាទអនុវត្តន៍ ។ សារាចរមានសារៈសំខាន់ធំធេងណាស់ បើពិនិត្យលើការអនុវត្តន៍ក៏ដូចជាលើផ្លូវច្បាប់ ។ កន្លែងទទួលសារាចរ មានកាតព្វកិច្ចអនុវត្តសារាចរ ។ ពិនិត្យតាមផ្លូវច្បាប់ សារាចរទាំងឡាយមានគោលដៅពីរ គឺដើម្បីបំពេញបន្ថែម ឬបកស្រាយច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ដើម្បីបំពេញចំណុចខ្វះខាតជាគតិយុត្ត និងសារាចរដែលមានលក្ខណៈជាសេចក្តីសម្រេចថ្មីសារាចរនោះ មានលក្ខណៈជាបទបញ្ជា ។ ត្រូវធ្វើយ៉ាងណាឲ្យសារាចរមានលក្ខណៈគតិយុត្ត និងជាក់លាក់ ។ ប្រសិនបើសារាចរមានខ្លឹមសារមិនសមស្របជាមួយលិខិតគតិយុត្តរបស់ថ្នាក់លើ (ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស) ការអនុវត្តសារាចរនេះនឹងនាំឲ្យខូចប្រយោជន៍ចំពោះបុគ្គល ឬចំពោះរដ្ឋបាល ។ ប្រសិនបើខ្លឹមសារសារាចរមិនច្បាស់លាស់នាំឲ្យមានការបកស្រាយផ្សេងៗ ដែលជាហេតុទាមទារឲ្យចេញសារាចរថ្មីៗទៀត ដើម្បីកែតម្រូវ ឬពន្យល់សារាចរមុន ។

៥៧- បែបបទនៃការធ្វើសារាចរមានដូចជា ៖

  • ការផ្តើមគំនិត

សមត្ថកិច្ចចេញសារាចរ គឺរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ។ រីឯសមត្ថកិច្ចចេញសេចក្តីណែនាំ គឺអង្គភាពចំណុះឲ្យក្រសួង ស្ថាប័ន ដូចជា អគ្គនាយកដ្ឋាន អគ្គធិការដ្ឋាន សាលារាជធានី-ខេត្ត ។ល។ សារាចរចេញដោយប្រមុខរាជរដ្ឋាភិបាល ការផ្តើមគំនិតធ្វើជាភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ពាក់ព័ន្ធ ។ សារាចរចេញដោយក្រសួង ស្ថាប័ន ជាភារកិច្ចរបស់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន អគ្គធិការដ្ឋាន ខុទ្ទកាល័យ នាយកដ្ឋានពាក់ព័ន្ធ ជាអ្នកផ្តួចផ្តើមគំនិត ។ បើរាជធានី ខេត្ត ព្រមទាំងប្រធានមន្ទីរនានាជុំវិញរាជធានី ខេត្ត ជាអ្នកផ្តួចផ្តើមគំនិតផងដែរ ។ ថ្នាក់លើជាអ្នកផ្តល់ឲ្យនូវសេចក្តីបង្គាប់ច្បាស់លាស់លើកម្មវត្ថុ និងដំណោះស្រាយដែលត្រូវអនុម័តយក ។ សេចក្តីបង្គាប់ទាំងនោះ ត្រូវបានប្រគល់ជូនការិយាល័យជំនាញ ឬនាយកដ្ឋានជំនាញ ឬអង្គភាពជំនាញ ។

  • ការធ្វើសេចក្តីព្រាង

សារាចរត្រូវមានលក្ខណៈជាក់លាក់ ហើយដែលចែងអំពីបញ្ហាពិបាកស្មុគស្មាញ ដូច្នេះហើយគេត្រូវធ្វើសេចក្តីព្រាងសារាចរ ។ ប្រសិនបើមានបញ្ហាខ្លះពាក់ព័ន្ធជាមួយមុខការរបស់ការិយាល័យនានា អ្នកតែងសេចក្តីត្រូវសួរយោបល់ការិយាល័យ ទាំងនោះជាមុនសិន ។ ការសួរយោបល់អាចធ្វើដោយផ្ទាល់មាត់ចំពោះកិច្ចការសាមញ្ញ និងជាលាយលក្ខអក្សរចំពោះកិច្ចការលំបាកស្មុគស្មាញ ។ សារាចរ មានកម្មវត្ថុជាការវិភាគ ការបកស្រាយ ឬការបំពេញបន្ថែមខ្លឹមសារ នៃអត្ថបទច្បាប់ ក៏ដូចជាសារាចរមានអត្ថន័យជាបទបញ្ជា អ្នកតែងសេចក្តីត្រូវសិក្សាឲ្យបានច្បាស់លាស់ និងឲ្យអស់សេចក្តីមុននឹងធ្វើសេចក្តីព្រាង ។ សេចក្តីព្រាងសារាចរ ត្រូវដាក់ជូនប្រធានការិយាល័យពិនិត្យមុននឹងបញ្ជូនទៅថ្នាក់លើ ។ គេត្រូវភ្ជាប់ទៅជាមួយសេចក្តីព្រាងនូវឯកសារពាក់ព័ន្ធនឹងបញ្ហាដែលមានចែកក្នុងសារាចរ ។ គេដាក់សេចក្តីព្រាង និងឯកសារពាក់ព័ន្ធក្នុងសឺមី ពិនិត្យ ដោយខ្ទាស់សេចក្តីព្រាងនៅផ្នែកខាងស្តាំ និងឯកសារពាក់ព័ន្ធនៅផ្នែកខាងឆ្វេង ។ ជាបន្ថែមលើឯកសារពាក់ព័ន្ធ គេត្រូវខ្ទាស់សេចក្តីបង្គាប់របស់ថ្នាក់លើដែលនាំឲ្យចេញសារាចរ ។ ជាមួយគ្នានេះ គេត្រូវធ្វើលិខិតបង្ហាញរឿងមួយច្បាប់ទៀត ។ មន្ត្រីដែលមានសមត្ថកិច្ចពិនិត្យ និងសម្រេចលើសេចក្តីព្រាងសារាចរ គឺរដ្ឋមន្រ្តី បើនៅក្រសួង និងអភិបាល រាជធានី ខេត្ត បើនៅរាជធានី ខេត្ត ចំពោះកិច្ចការសំខាន់ ។ បើកិច្ចការធម្មតាមន្ត្រីថា្នក់បន្ទាប់អាចពិនិត្យ និងសម្រេចលើសេចក្តីព្រាងសារាចរ ។ សឺមី ពិនិត្យ បន្ទាប់ពីប្រធានការិយាល័យពិនិត្យរួចហើយ ត្រូវបញ្ជូនតាមលំដាប់ថ្នាក់ មុននឹងបញ្ជូនទៅមន្រ្តីដែលមានសមត្ថកិច្ចពិនិត្យ និងសម្រេច ។ ថ្នាក់នីមួយៗ ត្រូវពិនិត្យនិងផ្តល់យោបល់ដោយសរសេរនៅលើក្រដាសមួយ ។ ប៉ុន្តែប្រសិនបើពិនិត្យឃើញមានការខុសឆ្គងជាក់ស្តែង (ផ្ទុយនឹងច្បាប់ដែលកំពុងស្ថិតនៅជាធរមាន វិធានការដែលពុំអាចអនុវត្តបាន ។ល។ ) សេចក្តីព្រាងនេះ ត្រូវបញ្ជូនត្រឡប់មកការិយាល័យដើម ដែលជាអ្នកធ្វើសារាចរវិញ មុននឹងដាក់ជូនទៅមន្ត្រីមានសមត្ថកិច្ចពិនិត្យ និងសម្រេច ។ ថ្នាក់លើជួនកាលអាចយល់ព្រមតាមសេចក្តីព្រាងដែលដាក់ជូនទាំងស្រុង ជួនកាលអាចស្នើឲ្យមានការកែសម្រួលទម្រង់លិខិត ឬខ្លឹមសារខ្លះ ។ អ្នកតែងសេចក្តីត្រូវអនុវត្តតាមចំណារបស់ថ្នាក់លើ ។ ក្រោយពីបានការយល់ព្រមពីថ្នាក់លើរួចហើយ គេត្រូវយកសេចក្តីព្រាងសារាចរទៅវាយកុំព្យូទ័រ ។ អ្នកតែងសេចក្តីត្រូវពិនិត្យឲ្យបានត្រឹមត្រូវ អត្ថបទសារាចរដែលវាយកុំព្យូទ័ររួចហើយ ត្រូវយកចិត្តទុកដាក់លើទម្រង់លិខិត អក្ខរាវិរុទ្ធ ពាក្យពេជន៍ឃ្លា ។ល។ បើពិនិត្យឃើញថាត្រឹមត្រូវហើយ ត្រូវខ្ទាស់អត្ថបទសារាចរក្នុងសឺមី ហត្ថលេខា ។ ត្រូវបញ្ជូនភ្ជាប់ទៅជាមួយក្នុងសឺមីហត្ថលេខា នូវឯកសារមួយចំនួនដូចខាងក្រោយ ៖

  • កំណត់បង្ហាញរឿង
  • សេចក្តីបង្គាប់ ឬសេចក្តីណែនាំរបស់ថ្នាក់លើក្នុងការធ្វើសារាចរ
  • សេចក្តីព្រាង ដែលបានយល់ព្រមរួចហើយ
  • ឯកសារពាក់ព័ន្ធសំខាន់ៗ
  • លិខិតភ្ជាប់ (បើមាន)
  • ការពិនិត្យ និងការចុះហត្ថលេខា

សឺមី ហត្ថលខា ត្រូវបញ្ជូនតាមលំដាប់ថ្នាក់ពីក្រោមឡើងលើ ដើម្បីឲ្យមន្ត្រីមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ជួយពិនិត្យ ។ ប្រសិនបើពិនិត្យឃើញថា មានចំណុចណាមិនត្រឹមត្រូវតាមចំណារថ្នាក់លើ ឬមានការខ្វះខាតលើទម្រង់លិខិត គេត្រូវបញ្ជូនសឺមី ហត្ថលខា  នេះ ទៅការិយាល័យដើមវិញដើម្បីកែសម្រួល ។ បើពិនិត្យឃើញថាត្រឹមត្រូវហើយ មន្រ្តីជាអ្នកពិនិត្យត្រូវចុះហត្ថលេខាសង្ខេប ។ តាមធម្មតា សារាចរត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ឬប្រធានស្ថាប័នប្រហាក់ប្រហែល ។ ប៉ុន្តែមន្រ្តីថ្នាក់បន្ទាប់អាចចុះហត្ថលេខាលើសារាចរបានដែរ ប្រសិនបើមានការប្រគល់សិទ្ធិ ។

  • ការបញ្ជូន

ប្រសិនបើសារាចរត្រូវបានចុះហត្ថលេខា តែនៅលើច្បាប់ដើម គេត្រូវធ្វើសេចក្តីចម្លង ដោយប្រើរូបមន្តដូចខាងក្រោម ៖

                                                                                                                       ហត្ថលេខា​ និងត្រា....................

 

                                                               បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

                                                                    ភ្នំពេញ ថ្ងៃទី...ខែ...ឆ្នាំ........

                                                                        ត.ប. .....................

                                                                   ហត្ថលេខា ត្រា និងឈ្មោះ

 

ការិយាល័យរបៀបត្រូវចុះលេខ ចុះការបិរច្ឆេទ សារាចរ ឯកសារពាក់ព័ន្ធទាំងអស់ត្រូវបញ្ជូនទៅការិយាល័យជំនាញ ដើម្បីទុកជាឯកសារ ។ គេត្រូវផ្ញើរសារាចរជូនគម្យជន ដែលបានចុះនៅក្នុងរូបមន្ត ហត្ថលខា  ។ ករណីចាំបាច់ សេចក្តីចម្លងសារាចរ ត្រូវបានចែកជូនទៅ អង្គភាពដ៏ទៃទៀត បើសិនមានការពាក់ព័ន្ធ ។

ឧទាហរណ៍ ៖

កន្លែងទទួល

-.............................

-.............................

-.............................

៥៨- សារាចររួមមាន៣ផ្នែកគឺ ៖

១- ចំណែកដើម

  • ឈ្មោះប្រទេស បាវចនា
  • ប្រភព
  • ចំណងជើង
  • យោង

២- អត្ថបទនៃសារាចរ

  • សារាចរដែលមានខ្លឹមសារ ជាការវិភាគអត្ថបទជាលក្ខណៈច្បាប់
  • សារាចរដែលមានខ្លឹមសារជាការបង្កើនបន្ថែមនូវខ្លឹមសារនៃបទប្បញ្ញត្តិជាធរមាន
  • ខ្លឹមសារសារាចរ ជាការដាក់ចេញនូវបទបញ្ជា

៣- រូបមន្តបញ្ចាប់

  • ការចុះហត្ថលេខា
  • កន្លែងទទួល
  • ការចម្លងចែក និងការចម្លងត្រឹមត្រូវតាមច្បាប់ដើម

៥៩- គំរូសារាចរ

(រូបព្រះសង្ហារ)

                                                                    ព្រះរាជាណាចក្រកម្ពុជា

                                                                ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខៈ..................

                                                                                 សារាចរ

                                                                                   ស្តីពី

                                                        ការដាក់មន្រ្តីរាជការស៊ីវិលឲ្យចូលនិវត្តន៍

            កន្លងមករាជរដ្ឋាភិបាលបានពិនិត្យឃើញថា ការដាក់មន្ត្រីរាជការស៊ីវិលឲ្យចូលនិវត្តន៍ទៅតាមច្បាប់ ជាពិសេសការអនុវត្តព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល លក្ខនិ្តកៈដោយឡែកនៃក្របខណ្ឌនីមួយៗ និងអនុក្រឹត្យលេខ ០៨ អនក្រ.បក ចុះថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០០២ ស្តីពីការគ្រប់គ្រងដំណើរការនៃការដាក់មន្រ្តីរាជការស៊ីវិលឲ្យចូលនិវត្តន៍ តាមអាយុ តាមប្រព័ន្ធព័ត៌មានវិទ្យាមិនទានបានប្រព្រឹត្តទៅដោយរលូននៅឡើយ ។ មានមន្រ្តីរាជការស៊ីវិលមួយចំនួន ដែលដល់អាយុចូលនិវត្តន៍ បានស្វែងរកអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីពន្យាពេលចូលនិវត្តន៍ ។ មានមន្រ្តីរាជការស៊ីវិលមួយចំនួនទៀត បានធ្វើសំណើសុំប្តូរអាយុ ប្រាសចាកពីឯកសារ និងសលាប័ត្រឯកត្តជនច្បាប់ដើម ទៅជាឆ្នាំកំណើតថ្មី ដើម្បីពន្យាពេលចូលនិវត្តន៍ ជាស្វ័យប្រវត្តិ ។

            ដើម្បីពង្រឹងអភិបាលកិច្ចល្អ និងប្រសិទ្ធិភាព ក្នុងការគ្រប់គ្រងដំណើរការនៃការដាក់មន្រ្តីរាជការស៊ីវិលឲ្យចូលនិវត្តន៍ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ ៖

            ១- មន្រ្តីរាជការស៊ីវិលគ្រប់រូប ដែលដល់អាយុចូលនិវត្តន៍ ត្រូវដាក់ឲ្យចូលនិវត្តន៍ ដោយអនុលោមតាមព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសហលក្ខនិ្តនៈ មន្រ្តីរាជការស៊ីវិល និងលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌនីមួយៗ ព្រមទាំងលិខិតបទដ្ឋានដែលនៅជាធរមាន ។

            ២- ការបន្ថយអាយុ និងការពន្យារពេលចូលនិវត្តន៍នៃមន្រ្តីរាជការស៊ីវិលមិនត្រូវបានអនុញ្ញាតឡើយ ។

            ៣- ចំពោះមន្រ្តីរាជការស៊ីវិលដែលដល់អាយុចូលនិវត្តន៍ហើយ តែមិនទាន់ដាក់ឲ្យចូលនិវត្តន៍គ្រប់ក្រសួង ស្ថាប័នត្រូវដាក់មន្ត្រីរាជការស៊ីវិលទាំងនោះ ឲ្យចូលនិវត្តន៍ឲ្យបានឆាប់រហ័ស ។

គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ទាំងអស់ត្រូវសហការអនុវត្តសារាចរនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ។

                                                                                                                           រាជធានីភ្នំពេញ ថ្ងៃទី...ខែ...ឆ្នាំ.....

កន្លែងទទួល                                                                                                                    នាយករដ្ឋមន្រ្តី

- ក្រសួងព្រះបរមរាជវាំង                                                                                                           ត្រា

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា                                                                                              ឈ្មោះ

- អគ្គលេខាធិការដ្ឋានរដ្ឋសភា

- អគ្គលេខាធិការរាជរដ្ឋាភិបាល

- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី

- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី

- គ្រប់ក្រសួងស្ថាប័ន

- រាជធានី-ខេត្ត-ស្ថាប័ន

- ឯកសារ-កាលប្បវត្តិ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login