ប្រឡងជ្រើសរើសសិស្សពូកែ
ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី១២
វប្បធម៌ទូទៅ រយៈពេល ៦០នាទី
១.មង្គលទី១២ គឺការបរិច្ចាកទាន។ តើ “ទាន” ក្នុងមង្គលទី១៥នេះសំដៅលើទានអ្វីខ្លះ? ចូររៀបរាប់ និងពន្យល់។
២.មនុស្សទាំងអស់ត្រូវតែប្រព្រឹត្តអំពើល្អ អំពើសុចរិត។ តើអំពើសុចរិតធម៌ទាំង១០យ៉ាង ឬកុសលកម្ម១០ប្រការមានអ្វីខ្លះ? ចូររៀបរាប់។
៣.តើសេចក្តីសុខរបស់មនុស្សតាមទស្សនៈរបស់ព្រះពុទ្ធសាសនាមានប៉ុន្មានប្រការ? គឺអ្វីខ្លះ?
៤.នៅក្នុងលទ្ធិព្រះពុទ្ធសាសនា “រតនត្រ័យ” ឬ “កែវទាំងបី” មានអ្វីខ្លះ? ចូរបកស្រាយពន្យល់។
៥.ក.អាស៊ានជាអ្វី? បង្កើតឡើងនៅឆ្នាំណា?
ខ.តើព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃ ខែ ឆ្នាំណា?
គ.ហេតុអ្វីបានជាប្រទេសកម្ពុជាខិតខំចូលជាសមាជិកអាស៊ាន។
ចម្លើយ
១.ក.អាមិសទានមាន
- បិណ្ឌបាត គ្រឿងបរិភោគ មានស្បៀងអាហារទទួលទាន
- ស្បង់ចីរវ គ្រឿងដណ្តប់សំរាប់បិទបាំងកាយ មានសំលៀកបំពាក់
- សេនាសនៈ គ្រឿងស្នាក់អាស្រ័យ មានទីជំរក គ្រឿងសង្ហារឹម
- គិលាភេស្ជៈ ថ្នាំសង្កូវសំរាប់ព្យាបាលរោគ និង ទឹកដោះគោ ទឹកផ្លែឈើ។
ខ.ធម្មទានមាន
- សំដែងធម៌ទេសនាដើម្បីអប់រំទូន្មានឱ្យស្គាល់ខុសត្រូវ ស្គាល់បុណ្យបាប
- វិបស្សសនាធុរៈ ៖ ធ្វើកម្មដ្ធាន អប់រំផ្លូវកាយ ផ្លូវចិត្ត ផ្ចង់អារម្មណ៍
- រក្សាសីល៖ អប់រំមនុស្សឱ្យប្រព្រឹត្តនូវអំពើល្អមានសីល សមាធិ បញ្ញា
- ផ្តល់ពុទ្ធិ ៖ ចំណេះដឹង ផ្តល់គំនិត ផ្តល់យោបល់ និង ផ្តល់មធ្យោបាយជាគន្លឹះសំរាប់ដោះស្រាយបញ្ហា ឬល្បិចទូទៅ។
២.ក.កាយសុចរិត៣យ៉ាង
- មិនសំលាប់ជីវិតមនុស្សសត្វ ៩បាណាតិបាត
- មិនលួចទ្រព្យសម្បត្តិអ្នកដទៃ ៩អទិន្នាទាន
- មិនប្រព្រឹត្តខុសក្នុងផ្លូវកាម ៩កាមេ
ខ.វិធីសុចរិត៤យ៉ាង
- មិននិយាយភូតភរ ៩មុសាវាទ
- មិននិយាយញុះញង់ បំបែកបំបាក់ (បិសុណាយវាចាយ)
- មិននិយាយពាក្យទ្រគោះបោះបោក (៨រុសាវាចាយ)
- មិននិយាយឥតប្រយោជន៍ (សម្ជប្បលាបា)
គ.មនោសុចរិត៣យ៉ាង
- មិនសំលឹងរំពៃចង់បានទ្រព្យសម្បត្តិអ្នកដទៃ (អនភិជ្ឃា)
- គំនិតយល់ឃើញត្រូវតាមគន្លងធម៌ថា មានបាប មានបុណ្យ មានគុណ មានទោស ជឿថា ម៉ែឪមានគុណ (សម្មាទិដ្ធិ)
- មិនគិតបៀតបៀនប្រទូសរ៉ាយអ្នកដទៃ (អព្យាបាទ)
៣.សេចក្តីសុខរបស់មនុស្សតាមទស្សនៈរបស់ព្រះពុទ្ធសាសនាមាន៥ប្រការគឺ
- អត្ថិសុខ៖ សេចក្តីសុខព្រោះមានទ្រព្យសម្បត្តិ មាសប្រាក់
វត្ថុជំនួយសំរាប់តម្រូវការរស់នៅគ្រប់គ្រាន់ មានទាំងអស់៤គឺ
១.មានសំលៀកបំពាក់ សំពត់ខោអាវសំរាប់បិទបាំង និងតុបតែងខ្លួនឱ្យបានសមរម្យ និងសមគួរ
២.មានម្ហូបអាហារ បាយទឹក ស្រូវអង្ករ មើមឈើ បង្អែម ចំអាបសំរាប់បំបាត់ការស្រេកឃា្លន និងធ្វើឱ្យរាងកាយ ចំរើនលូតលាស់។
៣.មានគេហដ្ធានសមរម្យជារបស់ខ្លូន និងតំរូវការផ្សេងៗទៀតដូចជា គ្រែដេក កៅអី ភ្លើង តុ ទូ និងយានជំនិះផ្សេងៗ។
៤.មានថ្នាំសង្កូវសំរាប់ព្យាបាល និងមានគ្រូពេទ្យព្យាបាលជំងឺ។ ពាក្យដែលថា “មាន” នេះមានន័យថា មានល្មមនឹងមត្រូវការរបស់មនុស្ស គ្មានព្រំដែន ដូចពាក្យគេពោលថា តម្រូវរបស់មនុស្សដូចថង់ធ្លុះបាតដាក់ប៉ុនណាក៏មិនពេញដែរ
- ភោគសុខ៖ សេចក្តីសុខដែលកើតពីការបានប្រើប្រាស់ទ្រព្យសម្បត្តិដោយក្តីរីករាយសប្បាយចិត្តគឺថា ខ្លួនបានប្រើប្រាស់ទ្រព្យសម្បត្តិដែលខ្លួនបានមកដោយសុចរិត ចិញ្ចឹមគ្រួសារខ្លួន ធ្វើបុណ្យ ធ្វើទាន និងជួយអ្នកដទៃ។
- អនណសុខ៖ សេចក្តិសុខព្រោះគ្មានបំណុល (មិនជំពាក់គេ មិនមែនជាខ្ញុំដាច់ថ្លៃនរណាម្នាក់) ជាសេចក្តីសុខកើតពីទ្រព្យសម្បត្តិដែលខ្លួនឯងមានហើយមិនប្រើប្រាស់ទ្រព្យនោះដោយខ្ចះខ្ជាយ។
- អនវជ្ជសុខ៖ សេចក្តិសុខកើតពីការប្រព្រឹត្តតាមគន្លងធម៌ មានការងារសុចរិតធ្វើជាបង្គោលជាប់លាប់សំរាប់ធានារាបរង ទ្រព្យសម្បត្តិប្រាក់កាស មិនជំពាក់បំណុលកេ។
- សន្តិ៖ ប្រែថាស្ងប់ មិនមានភាពវឹកវរច្របូកច្របល់ មិនមានភាពក្តៅក្រហាយ គ្មានសង្គ្រាម គ្មានការលំបាក គ្មានសេចក្តីទុក្ខ។
៤.នៅក្នុងលទ្ធិពុទ្ធសាសនា “រតនត្រ័យ” ឬ “កែវទាំងបី” មាន៖ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។
ទំនាក់ទំនងរវាងកែវទាំងបី៖
ព្រះពុទ្ធជាបរមគ្រូ ព្រះធម៌ជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអ្នករក្សាធម៌។
- បើគ្មានព្រះពុទ្ធ ក៏គ្មានព្រះធម៌
- បើគ្មានព្រះសង្ឍ ព្រះពុទ្ធ ព្រះធម៌ ក៏ត្រូវសាបសូន្យដែរ
- ហេតុនេះពុទ្ធសាសនានិកជន បានតំកល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាកែវទាំងបីដែលជាទីពឹងនិងជាទីពុំនាក់។
៥.ក.អាស៊ាន ជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ អាស៊ានត្រូវបានបង្កើតឡើយោងតាមសេចក្តីប្រកាសនៅទីក្រុង បាងកក ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ១៩៦៧។
ខ.ព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអាស៊ានថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩។
គ.បានជាប្រទេសកម្ពុជាខិតខំចូលជាសមាជិកអាស៊ាន ព្រោះ
- ដើម្បីរិទ្ធចំណងសាមគ្គីភាពជាមួយប្រទេសជាសមាជិកអាស៊ាន។
- ធ្វើឱ្យប្រទេសរីកចម្រើនឆាប់រហ័ស។
- ឱ្យមានស្ថេរភាពផ្នែកសន្តិសុខ និងសន្តិភាព។
- ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពជាមួយប្រទេសដែលជាសមាជិកអាស៊ាន។
- មិនអាចរស់នៅឯកោក្នុងតំបន់បានទេ។
- ជំរុញឱ្យមានការសិក្សាស្រាវជ្រាវក្នុងតំបន់អាស៊ីអាគ្នេយ៍។
- រក្សាយ៉ាងជិតស្និទ្ធ និងមានប្រយោជន៍ជាមួយអង្គការជាតិ និងអន្តរជាតិ។