ដើម្បីរួចផុតពីការទទួលខុសត្រូវទាំងស្រុង គឺត្រូវមានលក្ខខណ្ឌចាំបាច់ពីរ (មាត្រា ៣១ នៃក្រមព្រហ្មទណ្ឌ)៖
- វិបល្លាសស្មារតីចាំបាច់ត្រូវតែកើតឡើង នៅក្នុងពេលប្រព្រឹត្តបទល្មើស ។ ឧទាហរណ៍ ករណីជនវិកលចរិតមិនអចិន្រ្តៃយ៍ មានន័យថា មានពេលខ្លះឆ្កួត ហើយពេលខ្លះទៀតដឹងខុសត្រូវធម្មតា ។ ក្នុងករណីនេះ បើសិនបើគាត់ប្រព្រឹត្តបទល្មើសក្នុងពេលគាត់ជាដឹងខុសត្រូវធម្មតា គាត់នឹងទទួលខុសត្រូវព្រហ្មទណ្ឌធម្មតា ។ លុះត្រាតែបទល្មើសត្រូវបានប្រព្រឹត្ត ក្នុងពេលដែលគាត់ឆ្កួតមិនដឹងខុសត្រូវ ទើបអាចរួចផុតពីការទទួលខុសត្រូវ ។
- លក្ខណៈវិបល្លាសស្មារតី ត្រូវតែមានលក្ខណៈធ្ងន់ធ្ងរ ធ្វើឲ្យជនល្មើសបាត់បង់ការដឹងខុសត្រូវទាំងស្រុង។ ប្រសិនបើមានវិបល្លាសស្មារតីដែរ ប៉ុន្តែអាចនៅដឹងខុសត្រូវខ្លះៗ ជនល្មើសត្រូវតែមានការទទួលខុសត្រូវព្រហ្មទណ្ឌគ្រាន់តែអាចមានមានការសម្រាលទោស ។ ម្យ៉ាងទៀត មាត្រា ៣១ បានកំណត់ថា ការវង្វេងស្មារតី ដែលកើតមកពីការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ឬសារជាតិដែលច្បាប់ហាមឃាត់ មិនអាចជាមូលហេតុ ដែលអាចឲ្យជនល្មើសរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌបានទេ ។