ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១- ក្រមព្រហ្មទណ្ឌត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើ តាំងពីថ្ងៃទី៣០ វិច្ឆិកា ២០០៩ ម៉្លេះ ។ ហេតុអ្វីទើបនឹងចាប់ផ្តើមអនុវត្ត នៅពេលនេះ ?
២- តើក្រមព្រហ្មទណ្ឌថ្មីនេះអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តចាប់ពីពេលណា ?
៣- តើក្រមព្រហ្មទណ្ឌថ្មីនេះអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅកន្លែងណាខ្លះ ?
៤- ចុះបើអំពើល្មើសត្រូវបានប្រព្រឹត្តនៅក្រៅទឹកដីកម្ពុជា ក្រៅនាវាកម្ពុជា ហើយក្រៅយន្តហោះកម្ពុជាទៀត តើក្រមព្រហ្មទណ្ឌខ្មែរអាចអនុវត្តបានដែរឬទេ ?
៥- តើបទឧក្រិដ្ឋ និងបទមជ្ឈិមខុសគ្នាត្រង់ណាខ្លះ ?
ចម្លើយ
១- ក្រមព្រហ្មទណ្ឌថ្មីរបស់កម្ពុជា បានចូលជាធរមានតាំងពីមួយឆ្នាំកន្លងទៅហើយ ក៏ប៉ុន្តែក្រមនេះនៅមិនទាន់អាចយកទៅអនុវត្តបាន ដោយហេតុថានៅមាត្រាចុងក្រោយ (មាត្រា ៦៧២) ចែងថា “លើកលែងតែបទប្បញ្ញត្តិទូទៅ បទប្បញ្ញត្តិដទៃទៀតត្រូវយកទៅអនុវត្តក្នុងរយៈពេល១ឆ្នាំ ក្រោយការចូលជាធរមាននៃក្រមនេះ” ។ ក្រោយពីបានចុះផ្សាយនៅក្នុងរាជកិច្ច ក្រមព្រហ្មទណ្ឌថ្មីត្រូវចូលជាធរមាន នៅភ្នំពេញនៅថ្ងៃទី ១១ ធ្នូ ២០០៩ និង នៅតាមបណ្តាខេត្ត-ក្រុងផ្សេងទៀត នៅថ្ងៃទី២១ ធ្នូ ២០០៩ (១០ថ្ងៃក្រោយពីចូលជាធរមាននៅភ្នំពេញ) ។ ១ឆ្នាំក្រោយពីចូលជាធរមាន ទើបក្រមថ្មីនេះចាប់ផ្តើមអនុវត្ត នៅខែធ្នូ ២០១០ នេះ ។
២- ក្រមព្រហ្មទណ្ឌថ្មីអាចអនុវត្តបានតែចំពោះបទល្មើសណា ដែលប្រព្រឹត្តក្រោយក្រមនេះចាប់ផ្តើមអនុវត្តតែប៉ុណ្ណោះ (១១ ធ្នូ ២០១០ នៅភ្នំពេញ និង ២១ ធ្នូ ២០១០ នៅតាមបណ្តាខេត្ត-ក្រុងផ្សេងទៀត) ។ នេះគឺជាគោលការណ៍ដែលមានតម្លៃជាសកល ។ នៅក្នុងក្រមព្រហ្មទណ្ឌខ្មែរ នៅត្រង់មាត្រា ៣ ចែងថា “មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែងក្នុងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន“ ។ ដូច្នេះ អំពើដែលប្រព្រឹត្តនៅមុនពេលក្រមព្រហ្មទណ្ឌត្រូវចាប់អនុវត្ត មិនត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌទេ ។ ជនល្មើសក៏មិនអាចត្រូវយកមកផ្តន្ទាទោសព្រហ្មទណ្ឌបានដែរ លើកលែងតែក្នុងករណីអំពើល្មើសមានចែងនៅក្នុងច្បាប់ចាស់រួចហើយ ដូចជា បទមនុស្សឃាត, បទលួច, ប្លន់, ឆបោក ជាដើម ដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាល (ច្បាប់អ៊ុនតាក់) ។ ក្នុងករណីនេះ ជនល្មើសអាចត្រូវយកមកផ្តន្ទាទោសបានតាមអំណាចច្បាប់ចាស់ ។
៣- មាត្រា ១២ នៃក្រមព្រហ្មទណ្ឌថ្មីចែងថា ៖ “ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសទាំងឡាយ ដែលបានប្រព្រឹត្ត នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា” ។ “ដែនដីនៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលទាំងលំហអាកាស និងសមុទ្រ” ។ ដូច្នេះ ឲ្យតែអំពើល្មើសត្រូវបានប្រព្រឹត្តនៅលើទឹកដីខ្មែរ ទោះបីជាជនល្មើសនោះមានសញ្ជាតិអ្វីក៏ដោយ ក៏ត្រូវយកក្រមព្រហ្មទណ្ឌខ្មែរទៅអនុវត្តបានដែរ ។ អំពើល្មើស ដែលប្រព្រឹត្តនៅលើនាវា ឬយន្តហោះ ដែលចុះបញ្ជីនៅកម្ពុជា គឺត្រូវចាត់ទុកថាបានប្រព្រឹត្តនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីនាវា ឬយន្តហោះនោះស្ថិតនៅក្រៅទឹកដីកម្ពុជាក៏ដោយ (មាត្រា ១៤ និង មាត្រា ១៦)។
៤- ក្រមព្រហ្មទណ្ឌខ្មែរអាចអនុវត្តបានចំពោះបទល្មើស ដែលប្រព្រឹត្តនៅបរទេស ប្រសិនបើជនល្មើស ឬជនរងគ្រោះមានសញ្ជាតិខ្មែរ ។
បទល្មើសដែលប្រព្រឹត្តនៅបរទេស ដោយពលរដ្ឋខ្មែរអាចយកច្បាប់ព្រហ្មទណ្ឌខ្មែរទៅអនុវត្តបាន តែចំពោះបទឧ ក្រិដ្ឋ និងបទមជ្ឈិមប៉ុណ្ណោះ ។ ចំពោះបទលហុគឺមិនអាចយកទៅអនុវត្តបានទេ។ ចំពោះបទឧក្រិដ្ឋនិងបទមជ្ឈិម បទប្បញ្ញ ត្តិត្រូវបែងចែកជាពីរករណី ៖ ១- បើសិនជាបទល្មើសនោះ ជាបទឧក្រិដ្ឋក្រមព្រហ្មទណ្ឌខ្មែរត្រូវយកទៅអនុវត្ត ទោះជាបទឧក្រិដ្ឋនោះមានចែង ឬគ្មានចែងក្នុងច្បាប់របស់ប្រទេស ដែលជាទីកន្លែងប្រព្រឹត្តបទល្មើសក៏ដោយ ។ ២- ផ្ទុយទៅវិញប្រសិនបើបទល្មើសនោះ ជាបទមជ្ឈិមទាល់តែបទមជ្ឈិមនោះមានចែងនៅក្នុងច្បាប់របស់ប្រទេស ដែលជាកន្លែងប្រព្រឹត្តបទល្មើស ទើបគេអាចយកក្រមព្រហ្មទណ្ឌខ្មែរទៅអនុវត្តបាន ។ បទល្មើសខ្លះ ដូចជា “បទស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ” ជាដើម គឺជាបទមជ្ឈិមក្នុងក្រមព្រហ្មទណ្ឌខ្មែរត្រង់មាត្រា ៥០៨ ។ ក៏ប៉ុន្តែ ក្នុងប្រទេសខ្លះទៀត ដែលមិនកាន់ពុទ្ធសាសនា បទល្មើសបែបនេះមិនមានចែងក្នុងច្បាប់ទេ ។ ដូច្នេះ ច្បាប់ព្រហ្មទណ្ឌខ្មែរមិនអាចយកទៅអនុវត្តបានទេចំពោះបទល្មើស ដែលប្រព្រឹត្តក្នុងប្រទេសនោះ បើទោះជាជនល្មើសមានសញ្ជាតិខ្មែរក៏ដោយ ។ គួរបញ្ជាក់បន្ថែមថា ចំពោះករណីទាំងពីរខាងលើ (បទឧក្រិដ្ឋ និងបទមជ្ឈិម) ច្បាប់ព្រហ្មទណ្ឌខ្មែរនៅតែអាចយកទៅអនុវត្តបាន ទោះបីជាជនល្មើសទទួលបានសញ្ជាតិខ្មែរ ក្រោយពេលប្រព្រឹត្តបទល្មើសក៏ដោយ ។ ឧបមាថា ជនបរទេសម្នាក់ប្រព្រឹត្តបទឧក្រិដ្ឋ នៅក្រៅទឹកដីកម្ពុជា ។ ក្រោយមកជនល្មើសនេះ ទទួលបានសញ្ជាតិខ្មែរ ។ ក្នុងករណីនេះ ជនល្មើសអាចត្រូវតុលាការកម្ពុជាយកមកកាត់ទោសតាមច្បាប់ព្រហ្មទណ្ឌខ្មែរបាន ។
ច្បាប់ព្រហ្មទណ្ឌខ្មែរអាចអនុវត្តបានទៅលើគ្រប់បទឧក្រិដ្ឋ ដែលប្រព្រឹត្តនៅបរទេស បើសិនជាជនរងគ្រោះមានសញ្ជាតិខ្មែរ បើទោះជាជនល្មើសជាពលរដ្ឋខ្មែរ ឬក៏ជាពលរដ្ឋបរទេសក៏ដោយ ។ តាមរយៈមាត្រានេះ យើងអាចសន្និដ្ឋានបានថាចំពោះបទល្មើស ដែលប្រព្រឹត្តទៅលើពលរដ្ឋខ្មែរ ច្បាប់ព្រហ្មទណ្ឌខ្មែរអាចយកទៅអនុវត្តបាន តែចំពោះបទឧក្រិដ្ឋប៉ុណ្ណោះ មិនអាចយកទៅអនុវត្តចំពោះបទមជ្ឈិមបានទេ (ខុសពីច្បាប់បារាំងដែលក្រមព្រហ្មទណ្ឌអាចយកទៅអនុវត្តបានចំពោះបទមជ្ឈិម ប្រព្រឹត្តនៅបរទេសទៅលើពលរដ្ឋបារាំង) ។ ក្រៅពីបទល្មើសពាក់ព័ន្ធនឹងពលរដ្ឋខ្មែរ ច្បាប់ព្រហ្មទណ្ឌខ្មែរអាចយកទៅអនុវត្តបាន ចំពោះបទល្មើសផ្សេងទៀត ដែលប្រព្រឹត្តនៅបរទេស បើទោះជាជនល្មើស ឬជនរងគ្រោះមិនមែនជាពលរដ្ឋខ្មែរក៏ដោយ (មាត្រា ២២) ៖
- បទល្មើសប្រឆាំងនឹងសុវត្ថិភាពនៃព្រះរាជាណាចក្រកម្ពុជា
- បទល្មើសក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា
- បទល្មើសក្លែងរូបិយវត្ថុ និងធនបត្រជាតិ ដែលមានតម្លៃស្របច្បាប់នៅកម្ពុជា
- បទល្មើសប្រឆាំងនឹងទីតាំង ឬភ្នាក់ងារទូត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ។
៥- ក្រមព្រហ្មទណ្ឌថ្មី បែងចែកបទល្មើសជា ៣ប្រភេទ ទៅតាមកម្រិតទោស ។ បទឧក្រិដ្ឋ (មាត្រា ៤៦)
បទល្មើសមួយ ត្រូវចាត់ទុកជាបទឧក្រិដ្ឋ ប្រសិនបើបទល្មើសនោះអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារលើសពី៥ឆ្នាំ ឬដាក់ពន្ធនាគារអស់មួយជីវិត ។ ឧទាហរណ៍៖ បទឃាតកម្មគិតទុកជាមុន, បទឃាតកម្មដោយចេតនា, បទរំលោភសេពសន្ថវៈ, បទលួចដោយហិង្សា (ប្លន់) ។ល។