Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-18 02:51

ក្នុងនីតិវិធីរបស់តុលាការមានសេចក្តីសម្រេចចំនួន ០២ (ពីរ) ប្រភេទ ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ គឺ (ក.) សេចក្តីសម្រេចមុនអង្គសេចក្តី ហៅថា “ដីកា” និង (ខ.) សេចក្តីសម្រេចលើអង្គសេចក្តីហៅថា “សាលក្រមសម្រាប់សាលាជម្រះក្តីជាន់ទាប និងសាលដីកាសម្រាប់សាលាជម្រះក្តីជាន់ខ្ពស់” ។ តើពាក្យថា “សាលក្រម សាលដីកា និង ដីកា” ខុសគ្នាបែបណា ?

           ក- សេចក្តីសម្រេចមុនអង្គសេចក្តី ហៅថា ដីកា

          ដីកា ជាប្រភេទនៃសេចក្តីសម្រេចមុនអង្គសេចក្តី ដែលត្រូវបានយកមកប្រើប្រាស់សម្រាប់ការសម្រេចសេចក្តីក្នុងដំណាក់កាលនីមួយៗនៃនីតិវិធីព្រហ្មទណ្ឌ ។ ពាក្យថា “សេចក្តីសម្រេចមុនអង្គសេចក្តី” សំដៅដល់ការសម្រេចសេចក្តីនៅក្នុងដំណាក់កាលនីតិវិធី ដែលមិនប៉ះពាល់ដល់អង្គសេចក្តី ឬអង្គហេតុដែលជំនុំជម្រះក្តីទេ ។ ដីកាសម្រេចនេះមានឈ្មោះច្រើនប្រភេទ ដែលអាស្រ័យលើការប្រើប្រាស់ក្នុងដំណាក់កាលនីមួយៗនៃនីតិវិធីព្រហ្មទណ្ឌ ។ ដំណាក់កាលនីតិវិធីដែលបានបញ្ញត្តិក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមានដូចជា ៖ ទី១- ដំណាក់កាលស៊ើបអង្កេតជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា  ទី២- ដំណាក់កាលស៊ើបសួរជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ ទី៣- ដំណាក់កាលជំនុំជម្រះជាសមត្ថកិច្ចរបស់ចៅក្រមជំនុំជម្រះ និង ទី៤- ដំណាក់កាលត្រួតពិនិត្យការអនុវត្តទោសជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា ។ កម្មវត្ថុនៃការបកស្រាយខាងក្រោម យើងសុំលើកយកតែចំពោះដំណាក់កាលស៊ើបអង្កេត និងដំណាក់កាលស៊ើបសួរតែប៉ុណ្ណោះ ។

          ក-១- ការស៊ើបអង្កេតជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា

          ដើម្បីងាយយល់ពីអត្តន័យនៃការប្រើប្រាស់ដីកានៅដំណាក់កាលនេះ យើងនឹងលើកយកឈ្មោះដីកាមួយចំនួនមកធ្វើការសិក្សាដូចជា ៖

  • ដីកាកោះ សំដៅលើដីកាដែលប្រើសម្រាប់កោះអញ្ចើញដើមបណ្តឹង សាក្សី ឬ ជនសង្ស័យឲ្យចូលបង្ហាញខ្លួនមុខតំណាងអយ្យការ ឬមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីឲ្យតំណាងអយ្យការ ឬមន្រ្តីនគរបាលយុត្តិធម៌ ធ្វើការសាកសួរ និងបំភ្លឺអង្គហេតុជាទម្រុយនៃបទល្មើស ។
  • ដីកាបញ្ជាឲ្យចូលខ្លួន សំដៅលើដីកាដែលអនុញ្ញាតពីតំណាងអយ្យការឲ្យមន្រ្តីនគរបាលយុត្តិធម៌ប្រើប្រាស់កងកម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលដែលរឹងទទឹងមិនចូលខ្លួនតាមដីកាកោះហៅ តាមការស្ម័គ្រចិត្តឲ្យចូលបង្ហាញខ្លួន ។ សម្រាប់ទិដ្ឋភាពនៃការអនុវត្ត កាលណាបុគ្គលដែលបានទទួលដីកាកោះហៅចំនួន ២ ឬ ៣ ដង ដោយមិនព្រមចូលខ្លួនតាមកាលបរិច្ចេទវេលាកំណត់ទេ តំណាងអយ្យការនឹងចេញដីកាបញ្ជាឲ្យចូលខ្លួន ។
  • ដីកាបញ្ជូនរឿងឲ្យស៊ើបសួរ ជាប្រភេទមួយនៃបណ្តឹងអាជ្ញាក្នុងការចោទប្រកាន់ ដែលតំណាងអយ្យការប្រើសម្រាប់បញ្ចូនសំណុំរឿងព្រហ្មទណ្ឌទៅចៅក្រមស៊ើបសួរ ហើយអង្គហេតុនៃការចោទប្រកាន់នេះ ត្រូវតែបំពេញលក្ខខណ្ឌ ដូចជា ៖ បទឧក្រិដ្ឋ (លក្ខណៈដាច់ខាត) ឬ បទមជ្ឈឹម (មិនដាច់ខាត) ឬ បទលហុ (មិនដាច់ខាត) បុគ្គលដែលពាក់ព័ន្ធមិនបានកំណត់ពីអត្តសញ្ញាណ ឬ មិនអាចកំណត់អត្តសញ្ញាណបានភ្លាម ឬ ភស្តុតាងមិនគ្រប់គ្រាន់ ហើយភស្តុតាងដែលនៅសល់នោះ លុះត្រាតែប្រើអំណាចបង្ខំ និងត្រូវការពេលវេលាស្រាវជ្រាវយូរ ។
  • ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ ជាប្រភេទមួយនៃជម្រើសនៃការចោទប្រកាន់ ដែលតំណាងអយ្យការប្រើសម្រាប់បញ្ជូនសំណុំរឿងព្រហ្មទណ្ឌទៅតុលាការជំនុំជម្រះផ្ទាល់ដែលម្តង ហើយអង្គហេតុនៃការចោទប្រកាន់នេះ ត្រូវតែបំពេញលក្ខខណ្ឌ ដូចជា ៖ បទមជ្ឈឹម (មិនដាច់ខាត) ឬ បទលហុ (មិនដាច់ខាត) អត្តសញ្ញាណជនល្មើស និងភស្តុតាងគ្រប់គ្រាន់ ធួនល្មមនឹងអាចជំនុំជម្រះបាន ។
  • ដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ សំដៅលើការសម្រេចរបស់តំណាងអយ្យការ ក្នុងការមិនយកអង្គហេតុដែលត្រូវបានប្តឹងពីដើមបណ្តឹងមកធ្វើចំណាត់ការចោទប្រកាន់ទេ ។ កាលណាមានមូលហេតុ ដូចជា ៖ អវត្តមាននៃអត្តសញ្ញាណរបស់ចារី ឬពុំមានបន្ទុកគ្រប់គ្រាន់ក្នុងការចោទប្រកាន់ ឬការស្រាវជ្រាវបន្ថែមដែលអាចនឹងត្រូវធ្វើ “គ្មានប្រយោជន៍” ឬអវត្តមាននៃបទល្មើស (ធាត់ផ្សំនៃបទល្មើសមិនគ្រប់គ្រាន់) ឬជាវិវាទផ្នែករដ្ឋប្បវេណី ឬបទល្មើសដែលបានប្រព្រឹត្តបង្កឲ្យមានព្យសនកម្មមានលក្ខណៈមិនធ្ងន់ធ្ងរ ឬកាលៈទេសៈនៃការប្រព្រឹត្តបទល្មើសត្រូវបានទទួលស្គាល់ដោយទស្សនៈសង្គមទូទៅ ។

           ក-២- ការស៊ើបសួរជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ

           នៅដំណាក់កាលនេះ យើងនឹងរៀបរាប់អំពីឈ្មោះដីកាមួយចំនួន ដែលប្រើប្រាស់ជាញឹកញាប់ ដូចជា ៖

  • ដីកាកោះ ត្រូវបានចេញដើម្បីកោះហៅ ជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី និងសាក្សី ដើម្បីចូលមកបំភ្លឺអង្គហេតុនៅមុខចៅក្រមស៊ើបសួរ ។ ប៉ុន្តែក្នុងករណីដែលសាក្សីមិនព្រមឆ្លើយតបតាមដីកាកោះ គឺចៅក្រមអាចេញដីកាបញ្ជាឲ្យចូលខ្លួន ។
  • ដីកាបង្គាប់ឲ្យចូលខ្លួន សំដៅលើការបញ្ជារបស់ចៅក្រមស៊ើបសួរឲ្យជនត្រូវចោទ ឬបុគ្គលដែលមានតម្រុយពិរុទ្ធភាពឲ្យចូលទៅបង្ហាញខ្លួនដោយសេរី នៅចំពោះមុខចៅក្រមស៊ើបសួរ ។ ការប្រើដីកានេះ នៅពេលដែលជនត្រូវចោទ មិនរត់គេចខ្លួន ប៉ុន្តែមិនឆ្លើយតបនឹងដីកាកោះហៅ ។
  • ដីកាបង្គាប់ឲ្យនាំខ្លួន សំដៅលើការបញ្ជារបស់ចៅក្រមស៊ើបសួរដល់កម្លាំងសាធារណៈឲ្យចាប់ និងនាំខ្លួន ជនត្រូវចោទ ឬបុគ្គលណាម្នាក់ដែលមានតម្រុយពិរុទ្ធភាពទៅចំពោះមុខចៅក្រមស៊ើបសួរ ។ ដីកានេះ ត្រូវបានប្រើប្រាស់ដោយចៅក្រមស៊ើបសួរ នៅពេលដែលជនត្រូវចោទមិនព្រមចូលបង្ហាញខ្លួន តាមរយៈដីកាបង្គាប់ឲ្យចូលខ្លួន ហើយជននោះមិនបានរត់គេចខ្លួនទេ គឺចៅក្រមស៊ើបសួរអាចស្គាល់អំពីកន្លែងដែលជននោះស្ថិតនៅពិតប្រាកដ ។
  • ដីកាបង្គាប់ឲ្យចាប់ខ្លួន សំដៅលើការបញ្ចារបស់ចៅក្រមស៊ើបសួរដល់កម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ និងឲ្យនាំខ្លួនបុគ្គលនោះទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួន និងដល់ប្រធានពន្ធនាគារ ឬ មណ្ឌលឃុំខ្លួនឲ្យទទួល និងឃុំខ្លួនបុគ្គលនោះ ។ ការប្រើដីកានេះ នៅពេលដែលជនត្រូវចោទរត់គេចខ្លួន ឬក្នុងករណីដែលជនត្រូវចោទនោះរស់នៅក្រៅប្រទេសកម្ពុជា ឬរស់នៅកន្លែងដែលមិនស្គាល់ក្នុងលក្ខខណ្ឌដែលអំពើដែលស្តីបន្ទោសជាបទឧក្រិដ្ឋ ឬបទមជ្ឈឹមដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ។

           ខ- សេចក្តីសម្រេចលើអង្គសេចក្តី ហៅថា “សាលក្រម និង សាលដីកា” ៖

           សាលក្រម និងសាលដីកា ជាប្រភេទសេចក្តីសម្រេចលើអង្គសេចក្តី ដែលត្រូវបានបញ្ញត្តិឡើង ដោយក្រមនីតិវិធិព្រហ្មទណ្ឌ ។ ពាក្យថា “សេចក្តីសម្រេចលើអង្គសេចក្តី” សំដៅដល់ការសម្រេចសេចក្តីលើអង្គសេចក្តី ឬសម្រេចសេចក្តីលើអង្គហេតុនៃដំណាក់កាលចៅក្រមជំនុំជម្រះ ដោយអាចនឹងត្រូវប្រកាសអំពីពិរុទ្ធភាព ឬការសម្រេចឲ្យរួចខ្លួន។ សេចក្តីសម្រេចលើអង្គសេចក្តីនេះត្រូវបានបែងចែកជា ០២ (ពីរ) ប្រភេទ គឺ ៖

           ខ-១- សាលក្រម

           សាលក្រម ជាសេចក្តីសម្រេចលើអង្គសេចក្តីដែលក្រមនីតិវិធិព្រហ្មទណ្ឌតម្រូវឲ្យប្រើនៅសាលាជម្រះក្តីជាន់ទាប គឺ តុលាការព្រហ្មទណ្ឌនៃសាលាដំបូងរាជធានី-ខេត្ត ។ សាលក្រមនឹងត្រូវបានប្រកាស បន្ទាប់ពីតុលាការជំនុំជម្រះបានបើកសវនាការពិភាក្សាដេញដោលជាសាធារណៈ (ប៉ុន្តែបើតុលាការយល់ឃើញថាសវនាការសាធារណៈ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សណ្តាប់ធ្នាប់សាធារណៈ ឬ ដល់ទំនៀមទម្លាប់ តុលាការអាចពិភាក្សាដេញដោលទាំងស្រុង ឬ មួយផ្នែកប្រព្រឹត្តទៅជាសម្ងាត់បាន) នៅថ្ងៃពិភាក្សានោះតែម្តង ឬ អាចកំណត់ពេលលើកក្រោយ។ ប៉ុន្តែប្រសិនបើសាលក្រមត្រូវបានប្រកាសរួចហើយ ហើយគ្មានការប្តឹងឧទ្ធរណ៍ទេ សាលក្រមនោះនឹងចូលជាស្ថាពរ។ ផ្ទុយមកវិញ ប្រសិនបើសាលក្រមនោះត្រូវបានធ្វើបណ្តឹងឧទ្ធរណ៍ នោះនឹងឈានដល់ការសម្រេចសេចក្តីជាថ្មី ហៅថា សាលដីកា ។

           ខ-២- សាលដីកា

              សាលដីកា ជាសេចក្តីសម្រេចលើអង្គសេចក្តីដែលក្រមនីតិវិធិព្រហ្មទណ្ឌតម្រូវឲ្យប្រើនៅសាលាជម្រះក្តីជាន់ខ្ពស់ គឺសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ ឬ សភាព្រហ្មទណ្ឌនៃតុលាការកំពូល ។ នីតិវិធីនៃការប្រកាស សាលដីកា ក៏ដូចការប្រកាសសាលក្រមផងដែរ ។ ហើយសាលដីកាសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ នឹងត្រូវចូលជាស្ថាពរនាពេលដែលគ្មានបណ្តឹងសាទុក្ខ ។ ប្រសិនបើមានបណ្តឹងសាទុក្ខ នោះនឹងត្រូវបន្តនីតិវិធីជំនុំជម្រះ លើអង្គច្បាប់លើកទី១ នៅសភាព្រហ្មទណ្ឌនៃតុលាការកំពូល ។ ករណីសភាព្រហ្មទណ្ឌនៃតុលាការកំពូល បានពិនិត្យឃើញថា អង្គច្បាប់នៃការសម្រេចសេចក្តីរបស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍បានសម្រេចត្រឹមត្រូវហើយ នោះសភាព្រហ្មទណ្ឌនៃតុលាការកំពូលនឹងប្រកាសតម្កល់សាលដីកាសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ទុកជាបានការ និងបិទផ្លូវតវ៉ា ។ ចំពោះករណីសភាព្រហ្មទណ្ឌនៃតុលាការកំពូល បានពិនិត្យឃើញថា អង្គច្បាប់នៃការសម្រេចសេចក្តីរបស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍បានសម្រេចមិនត្រឹមត្រូវទេ នោះសភាព្រហ្មទណ្ឌនៃតុលាការកំពូលនឹងបង្វិលសំណុំរឿងនេះ ដោយចង្អុលបង្ហាញនូវចំណុចដែលមិនត្រឹមត្រូវទៅសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះជាថ្មីម្តងទៀត។ ប៉ុន្តែប្រសិនបើភាគីនូវតែមិនសុខចិត្តទៅនឹងការសម្រេចរបស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍លើកទី២នេះ ភាគីនោះអាចធ្វើ

បណ្តឹងសាទុក្ខលើកទី២បាន ហើយសភាព្រហ្មទណ្ឌនៃតុលាការកំពូលនឹងជំនុំជម្រះលើកទី២លើអង្គច្បាប់ និងអង្គហេតុទាំងមូលដោយបិតផ្លូវតវ៉ាតែម្តង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login