Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-18 02:55

ជាធម្មតានាពេលដែលបទល្មើសមួយ ឬច្រើន ត្រូវបានប្រព្រឹត្ត គឺតែងតែបង្កបច្ច័យអន្តរាយដល់សង្គមផង និងជនរងគ្រោះផង។ ហេតុនេះហើយបានជាក្រមនីតិវិធីព្រហ្មទណ្ឌ បានបញ្ញត្តិអំពីបណ្តឹងព្រហ្មទណ្ឌមានចំនួន ០២ (ពីរ) ប្រភេទ គឺ (ក.) បណ្តឹងអាជ្ញា និង (ខ.) បណ្តឹងរដ្ឋប្បវេណី ។

          ក- បណ្តឹងអាជ្ញា ៖

          កាលណាអំពើដែលជាបទល្មើសត្រូវបានប្រព្រឹត្តឡើងក្នុងសង្គម ប្រាកដជាបង្កឲ្យមានភាពចលាចលដល់សណ្តាប់ធ្នាប់សាធារណៈ ឬបង្កភាពវឹកវរដល់សង្គម នោះអង្គការអយ្យការដែលជាម្ចាស់បណ្តឹងអាជ្ញាតែមួយគត់ នឹងធ្វើចោទប្តឹងលើបុគ្គលនោះមិនថារូបវន្តបុគ្គលក្តី ឬនីតិបុគ្គលក្តី ដោយគោរពនូវគោលការណ៍សមភាពចំពោះមុខច្បាប់ ។ ប្រភពដែលនាំឲ្យមានបណ្តឹងអាជ្ញារួមមាន ៖ បណ្តឹងបរិហារ បណ្តឹងទាមទារ បណ្តឹងសាមញ្ញ និងបណ្តឹងរដ្ឋប្បវេណី ។ ម្ចាស់បណ្តឹងអាជ្ញា ក៏អាចចោទប្តឹងដោយគ្មានបណ្តឹងបានផងដែរ នៅក្នុងករណីដែលខ្លួនបានដឹងអំពីអត្ថិភាពនៃបទល្មើសនោះដោយខ្លួនឯង ។ បណ្តឹងអាជ្ញា មានគោលបំណងពិនិត្យអស្ថេរភាពនៃបទល្មើស ដោយបង្ហាញឲ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននេះតាមច្បាប់កំណត់ ។ បណ្តឹងអាជ្ញា អាចធ្វើបានតែចំពោះមុខសាលាជម្រះក្តីព្រហ្មទណ្ឌតែមួយគត់ដែលខុសគ្នាពីបណ្តឹងរដ្ឋប្បវេណី ។

          ខ- បណ្តឹងរដ្ឋប្បវេណី ៖

          បណ្តឹងរដ្ឋប្បវេណី សំដៅលើបណ្តឹងដែលធ្វើដោយជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ឬសិទ្ធិវ័ន្តនៃជនរងគ្រោះ ដើម្បីទទួលការជួសជុលព្យសនកម្មផ្លូវកាយ ផ្លូវចិត្ត និងសំភារៈ ។ បណ្តឹងរដ្ឋប្បវេណី មានគោលបំណងធ្វើឲ្យបានជួសជុលការខូចខាត ដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះ ហើយក្នុងគោលបំណងនេះ ឲ្យអ្នករងគ្រោះបានទទួលសំណងជម្ងឺចិត្តធួនល្មមនឹងព្យសនកម្មដែលខ្លួនបានទទួល ។ បណ្តឹងរដ្ឋប្បវេណី អាចធ្វើឡើងនៅមុខសាលាជម្រះក្តីព្រហ្មទណ្ឌជាមួយបណ្តឹងអាជ្ញាក៏បាន ឬ ធ្វើឡើងនៅមុខសាលាជម្រះក្តីរដ្ឋប្បវេណីតែម្តងក៏បាន ប៉ុន្តែករណីនេះ បណ្តឹងរដ្ឋប្បវេណីត្រូវព្យួរសិន ដោយសារតែសេចក្តីសម្រេចនៃបណ្តឹងព្រហ្មទណ្ឌមានឧត្តមភាពជាងសេចក្តីសម្រេចនៃបណ្តឹង រដ្ឋប្បវេណី ហើយតុលាការរដ្ឋប្បវេណីសម្រេចអំពីសំណងដោយមិនពិនិត្យទៅលើចំណងហេតុផលទៀតឡើយ គ្រាន់តែមានសេចក្តីសម្រេចព្រហ្មទណ្ឌស្ថាពរគឺគ្រប់គ្រាន់ ។

          ជាគោលការណ៍ការដកពាក្យបណ្តឹងរដ្ឋប្បវេណី គឺមិននាំឲ្យរលត់បណ្តឹងអាជ្ញាទេ ។ ឧទាហរណ៍ ៖ ការដកពាក្យបណ្តឹងរបស់នារីរងគ្រោះដោយសារតែបទល្មើសរំលោភសេពសន្ថវៈ ។ ទោះបីជនសង្ស័យ បានសន្យារៀបអាពាហ៍ពិពាហ៍ជាមួយនារីរងគ្រោះ ឬ បង់ប្រាក់សំណងជំងឺចិត្តក្នុងចំនួនណាមួយ ដោយថ្នូរនឹងការដកពាក្យបណ្តឹង ក៏បណ្តឹងអាជ្ញាមិនរលត់ឡើយ (ការណ៍ទទួលសំណងជំងឺចិត្តក្រៅផ្លូវតុលាការគ្រាន់តែជាឆន្ទៈរបស់គូភាគី ហើយមានអានុភាពរលត់បណ្តឹងអាជ្ញាប៉ុណ្ណោះ) ។ ដោយហេតុថា អំពើរំលោភសេពសន្ថវៈ ជាបទល្មើសដែលទស្សនៈសង្គមស្អប់ខ្ពើម ផ្ទុយទៅនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរយ៉ាងធ្ងន់ធ្ងរ ហើយបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌគ្មានមាត្រាណាមួយអនុញ្ញាតឲ្យរលត់បណ្តឹងអាជ្ញាដោយមូលហេតុបែបនេះទេ ។ យើងអាចធ្វើការពិចារណាអំពីស្ថានភាពមួយថា ៖ “ការអនុញ្ញាតឲ្យបង់ប្រាក់ដើម្បីរំលត់បណ្តឹងអាជ្ញាបែបនេះ គឺជាការបង្កចលាចល ដោយសង្គមកាន់តែធ្ងន់ធ្ងរដោយផ្ទុយទៅនឹងតួនាទីនៃច្បាប់ព្រហ្មទណ្ឌ ព្រោះបើជនល្មើសជាអ្នកសំបូរទ្រព្យធន នោះជនល្មើសប្រាកដជាប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈទៅលើជនរងគ្រោះកាន់តែច្រើន ហើយអាចបង្កឲ្យមានកូនទៀតផង ហេតុនេះស្រ្តីមេម៉ាយ និងកូនកំព្រាកាន់តែច្រើនឡើងៗ ជាពិសេសបន្សល់ទុកនូវការឈឺចាប់អស់មួយជីវិត” ។

          លើកលែងតែ ក្នុងករណីច្បាប់ព្រហ្មទណ្ឌមានចរិកលក្ខណៈពិសេសបានកំណត់ជាក់លាក់ថា“ការដកពាក្យបណ្តឹងពីជនរងគ្រោះជាមូលហេតុនៃការរលត់បណ្តឹងអាជ្ញា” ទើបបណ្តឹងអាជ្ញារលត់ ។ ឧទាហរ៍ណ៍ ៖ មាត្រា ៣៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះបានចែងថា “ការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌពុំអាចធ្វើបានឡើយ បើមានសំណើពីជនរងគ្រោះជានីតិជន ដោយបទល្មើសនោះជាបទមជ្ឈិមស្រាល ឬបទលហុ។” ។ ដូច្នេះ កាលណាលក្ខខណ្ឌនេះត្រូវបានបំពេញ នោះបណ្តឹងអាជ្ញារបស់អង្គការអយ្យការត្រូវតែរលត់។ មូលហេតុនៃការបញ្ញត្តិបែបនេះ ដោយសារតែបទល្មើសពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ គឺដើមហេតុបង្កកើតចេញពីបុគ្គលឯកជន ហើយកាលណាជនរងគ្រោះអាចទទួលយកការប្រើហិង្សា (សមរម្យ) បែបនេះ ក្នុងនាមជារដ្ឋមិនគួរគប្បីលូកដៃចូលក្នុងទំនាក់ទំនង ឯកជនបែបនេះទេ ។​

          ម្យ៉ាងទៀត ចំពោះករណីបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ត្រូវបានសាលាជម្រះក្តីព្រហ្មទណ្ឌ លើកយកមកសម្រេចទាំងពីរបាន លុះត្រាតែព្យសនកម្មនៃបទល្មើសបានបង្កអន្តរាយដល់ជនរងគ្រោះដូចជា ៖ ព្យសនកម្មផ្លូវកាយ ព្យសនកម្មផ្លូវចិត្ត និងព្យសនកម្មផ្នែកសម្ភារៈ ។ ឧទាហរណ៍ ៖ បទធ្វើឲ្យខូចខាតដោយចេតនាដែលមានស្ថានទម្ងន់ទោសដោយសារមានការកាត់អវយវៈ ឬពិការភាព។ ករណីនេះ បន្ទាប់ពីព្រះរាជអាជ្ញាបានធ្វើការចោទប្តឹងរួចហើយ ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ឬសិទ្ធិវ័ន្ត បានតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី បាននៅចំពោះមុខចៅក្រមស៊ើបសួរ ឬតុលាការជំនុំជម្រះ ។ នាពេលសម្រេចសេចក្តី សាលាជម្រះក្តីព្រហ្មទណ្ឌអាចប្រកាសទោសព្រហ្មទណ្ឌ (ទោសពន្ធនាគារ /ឬ ពិន័យជាប្រាក់) និងប្រកាសអំពីសំណងរដ្ឋប្បវេណីជាមួយគ្នាតែម្តង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login