Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- ក្នុងនីតិវិធីរបស់តុលាការ តើសាលក្រម សាលដីកា និង ដីកា ខុសគ្នាដូចម្តេច?

២- តើបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ខុសគ្នាយ៉ាងដូចម្តេច ? សូមឲ្យឧទាហរណ៍បណ្តឹងអាជ្ញា ដែលអាចរលត់ និង មិនរលត់តាមការដកពាក្យប្តឹងបណ្តឹងរដ្ឋប្បវេណី និងឧទាហរណ៍នៃករណីដែលមានបណ្តឹងទាំងពីរ ?

៣- តើពាក្យជនសង្ស័យជនត្រូវចោទជនជាប់ចោទ ពិរុទ្ធជន និង ទណ្ឌិត មានន័យដូចគ្នាឬទេ ? បើមិនមានន័យដូចគ្នា តើពាក្យនីមួយៗមានន័យយ៉ាងដូចម្តេច ?

ចម្លើយ

១- ក្នុងនីតិវិធីរបស់តុលាការមានសេចក្តីសម្រេចចំនួន ០២ (ពីរ) ប្រភេទ ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ គឺ (ក.) សេចក្តីសម្រេចមុនអង្គសេចក្តី ហៅថា “ដីកា” និង (ខ.) សេចក្តីសម្រេចលើអង្គសេចក្តីហៅថា “សាលក្រមសម្រាប់សាលាជម្រះក្តីជាន់ទាប និងសាលដីកាសម្រាប់សាលាជម្រះក្តីជាន់ខ្ពស់” ។ តើពាក្យថា “សាលក្រម សាលដីកា និង ដីកា” ខុសគ្នាបែបណា ?

           ក- សេចក្តីសម្រេចមុនអង្គសេចក្តី ហៅថា ដីកា

          ដីកា ជាប្រភេទនៃសេចក្តីសម្រេចមុនអង្គសេចក្តី ដែលត្រូវបានយកមកប្រើប្រាស់សម្រាប់ការសម្រេចសេចក្តីក្នុងដំណាក់កាលនីមួយៗនៃនីតិវិធីព្រហ្មទណ្ឌ ។ ពាក្យថា “សេចក្តីសម្រេចមុនអង្គសេចក្តី” សំដៅដល់ការសម្រេចសេចក្តីនៅក្នុងដំណាក់កាលនីតិវិធី ដែលមិនប៉ះពាល់ដល់អង្គសេចក្តី ឬអង្គហេតុដែលជំនុំជម្រះក្តីទេ ។ ដីកាសម្រេចនេះមានឈ្មោះច្រើនប្រភេទ ដែលអាស្រ័យលើការប្រើប្រាស់ក្នុងដំណាក់កាលនីមួយៗនៃនីតិវិធីព្រហ្មទណ្ឌ ។ ដំណាក់កាលនីតិវិធីដែលបានបញ្ញត្តិក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមានដូចជា ៖ ទី១- ដំណាក់កាលស៊ើបអង្កេតជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា  ទី២- ដំណាក់កាលស៊ើបសួរជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ ទី៣- ដំណាក់កាលជំនុំជម្រះជាសមត្ថកិច្ចរបស់ចៅក្រមជំនុំជម្រះ និង ទី៤- ដំណាក់កាលត្រួតពិនិត្យការអនុវត្តទោសជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា ។ កម្មវត្ថុនៃការបកស្រាយខាងក្រោម យើងសុំលើកយកតែចំពោះដំណាក់កាលស៊ើបអង្កេត និងដំណាក់កាលស៊ើបសួរតែប៉ុណ្ណោះ ។

          ក-១- ការស៊ើបអង្កេតជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា

          ដើម្បីងាយយល់ពីអត្តន័យនៃការប្រើប្រាស់ដីកានៅដំណាក់កាលនេះ យើងនឹងលើកយកឈ្មោះដីកាមួយចំនួនមកធ្វើការសិក្សាដូចជា ៖

  • ដីកាកោះ សំដៅលើដីកាដែលប្រើសម្រាប់កោះអញ្ចើញដើមបណ្តឹង សាក្សី ឬ ជនសង្ស័យឲ្យចូលបង្ហាញខ្លួនមុខតំណាងអយ្យការ ឬមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីឲ្យតំណាងអយ្យការ ឬមន្រ្តីនគរបាលយុត្តិធម៌ ធ្វើការសាកសួរ និងបំភ្លឺអង្គហេតុជាទម្រុយនៃបទល្មើស ។
  • ដីកាបញ្ជាឲ្យចូលខ្លួន សំដៅលើដីកាដែលអនុញ្ញាតពីតំណាងអយ្យការឲ្យមន្រ្តីនគរបាលយុត្តិធម៌ប្រើប្រាស់កងកម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលដែលរឹងទទឹងមិនចូលខ្លួនតាមដីកាកោះហៅ តាមការស្ម័គ្រចិត្តឲ្យចូលបង្ហាញខ្លួន ។ សម្រាប់ទិដ្ឋភាពនៃការអនុវត្ត កាលណាបុគ្គលដែលបានទទួលដីកាកោះហៅចំនួន ២ ឬ ៣ ដង ដោយមិនព្រមចូលខ្លួនតាមកាលបរិច្ចេទវេលាកំណត់ទេ តំណាងអយ្យការនឹងចេញដីកាបញ្ជាឲ្យចូលខ្លួន ។
  • ដីកាបញ្ជូនរឿងឲ្យស៊ើបសួរ ជាប្រភេទមួយនៃបណ្តឹងអាជ្ញាក្នុងការចោទប្រកាន់ ដែលតំណាងអយ្យការប្រើសម្រាប់បញ្ចូនសំណុំរឿងព្រហ្មទណ្ឌទៅចៅក្រមស៊ើបសួរ ហើយអង្គហេតុនៃការចោទប្រកាន់នេះ ត្រូវតែបំពេញលក្ខខណ្ឌ ដូចជា ៖ បទឧក្រិដ្ឋ (លក្ខណៈដាច់ខាត) ឬ បទមជ្ឈឹម (មិនដាច់ខាត) ឬ បទលហុ (មិនដាច់ខាត) បុគ្គលដែលពាក់ព័ន្ធមិនបានកំណត់ពីអត្តសញ្ញាណ ឬ មិនអាចកំណត់អត្តសញ្ញាណបានភ្លាម ឬ ភស្តុតាងមិនគ្រប់គ្រាន់ ហើយភស្តុតាងដែលនៅសល់នោះ លុះត្រាតែប្រើអំណាចបង្ខំ និងត្រូវការពេលវេលាស្រាវជ្រាវយូរ ។
  • ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ ជាប្រភេទមួយនៃជម្រើសនៃការចោទប្រកាន់ ដែលតំណាងអយ្យការប្រើសម្រាប់បញ្ជូនសំណុំរឿងព្រហ្មទណ្ឌទៅតុលាការជំនុំជម្រះផ្ទាល់ដែលម្តង ហើយអង្គហេតុនៃការចោទប្រកាន់នេះ ត្រូវតែបំពេញលក្ខខណ្ឌ ដូចជា ៖ បទមជ្ឈឹម (មិនដាច់ខាត) ឬ បទលហុ (មិនដាច់ខាត) អត្តសញ្ញាណជនល្មើស និងភស្តុតាងគ្រប់គ្រាន់ ធួនល្មមនឹងអាចជំនុំជម្រះបាន ។
  • ដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ សំដៅលើការសម្រេចរបស់តំណាងអយ្យការ ក្នុងការមិនយកអង្គហេតុដែលត្រូវបានប្តឹងពីដើមបណ្តឹងមកធ្វើចំណាត់ការចោទប្រកាន់ទេ ។ កាលណាមានមូលហេតុ ដូចជា ៖ អវត្តមាននៃអត្តសញ្ញាណរបស់ចារី ឬពុំមានបន្ទុកគ្រប់គ្រាន់ក្នុងការចោទប្រកាន់ ឬការស្រាវជ្រាវបន្ថែមដែលអាចនឹងត្រូវធ្វើ “គ្មានប្រយោជន៍” ឬអវត្តមាននៃបទល្មើស (ធាត់ផ្សំនៃបទល្មើសមិនគ្រប់គ្រាន់) ឬជាវិវាទផ្នែករដ្ឋប្បវេណី ឬបទល្មើសដែលបានប្រព្រឹត្តបង្កឲ្យមានព្យសនកម្មមានលក្ខណៈមិនធ្ងន់ធ្ងរ ឬកាលៈទេសៈនៃការប្រព្រឹត្តបទល្មើសត្រូវបានទទួលស្គាល់ដោយទស្សនៈសង្គមទូទៅ ។

           ក-២- ការស៊ើបសួរជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ

           នៅដំណាក់កាលនេះ យើងនឹងរៀបរាប់អំពីឈ្មោះដីកាមួយចំនួន ដែលប្រើប្រាស់ជាញឹកញាប់ ដូចជា ៖

  • ដីកាកោះ ត្រូវបានចេញដើម្បីកោះហៅ ជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី និងសាក្សី ដើម្បីចូលមកបំភ្លឺអង្គហេតុនៅមុខចៅក្រមស៊ើបសួរ ។ ប៉ុន្តែក្នុងករណីដែលសាក្សីមិនព្រមឆ្លើយតបតាមដីកាកោះ គឺចៅក្រមអាចេញដីកាបញ្ជាឲ្យចូលខ្លួន ។
  • ដីកាបង្គាប់ឲ្យចូលខ្លួន សំដៅលើការបញ្ជារបស់ចៅក្រមស៊ើបសួរឲ្យជនត្រូវចោទ ឬបុគ្គលដែលមានតម្រុយពិរុទ្ធភាពឲ្យចូលទៅបង្ហាញខ្លួនដោយសេរី នៅចំពោះមុខចៅក្រមស៊ើបសួរ ។ ការប្រើដីកានេះ នៅពេលដែលជនត្រូវចោទ មិនរត់គេចខ្លួន ប៉ុន្តែមិនឆ្លើយតបនឹងដីកាកោះហៅ ។
  • ដីកាបង្គាប់ឲ្យនាំខ្លួន សំដៅលើការបញ្ជារបស់ចៅក្រមស៊ើបសួរដល់កម្លាំងសាធារណៈឲ្យចាប់ និងនាំខ្លួន ជនត្រូវចោទ ឬបុគ្គលណាម្នាក់ដែលមានតម្រុយពិរុទ្ធភាពទៅចំពោះមុខចៅក្រមស៊ើបសួរ ។ ដីកានេះ ត្រូវបានប្រើប្រាស់ដោយចៅក្រមស៊ើបសួរ នៅពេលដែលជនត្រូវចោទមិនព្រមចូលបង្ហាញខ្លួន តាមរយៈដីកាបង្គាប់ឲ្យចូលខ្លួន ហើយជននោះមិនបានរត់គេចខ្លួនទេ គឺចៅក្រមស៊ើបសួរអាចស្គាល់អំពីកន្លែងដែលជននោះស្ថិតនៅពិតប្រាកដ ។
  • ដីកាបង្គាប់ឲ្យចាប់ខ្លួន សំដៅលើការបញ្ចារបស់ចៅក្រមស៊ើបសួរដល់កម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ និងឲ្យនាំខ្លួនបុគ្គលនោះទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួន និងដល់ប្រធានពន្ធនាគារ ឬ មណ្ឌលឃុំខ្លួនឲ្យទទួល និងឃុំខ្លួនបុគ្គលនោះ ។ ការប្រើដីកានេះ នៅពេលដែលជនត្រូវចោទរត់គេចខ្លួន ឬក្នុងករណីដែលជនត្រូវចោទនោះរស់នៅក្រៅប្រទេសកម្ពុជា ឬរស់នៅកន្លែងដែលមិនស្គាល់ក្នុងលក្ខខណ្ឌដែលអំពើដែលស្តីបន្ទោសជាបទឧក្រិដ្ឋ ឬបទមជ្ឈឹមដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ។

           ខ- សេចក្តីសម្រេចលើអង្គសេចក្តី ហៅថា “សាលក្រម និង សាលដីកា” ៖

           សាលក្រម និងសាលដីកា ជាប្រភេទសេចក្តីសម្រេចលើអង្គសេចក្តី ដែលត្រូវបានបញ្ញត្តិឡើង ដោយក្រមនីតិវិធិព្រហ្មទណ្ឌ ។ ពាក្យថា “សេចក្តីសម្រេចលើអង្គសេចក្តី” សំដៅដល់ការសម្រេចសេចក្តីលើអង្គសេចក្តី ឬសម្រេចសេចក្តីលើអង្គហេតុនៃដំណាក់កាលចៅក្រមជំនុំជម្រះ ដោយអាចនឹងត្រូវប្រកាសអំពីពិរុទ្ធភាព ឬការសម្រេចឲ្យរួចខ្លួន។ សេចក្តីសម្រេចលើអង្គសេចក្តីនេះត្រូវបានបែងចែកជា ០២ (ពីរ) ប្រភេទ គឺ ៖

           ខ-១- សាលក្រម

           សាលក្រម ជាសេចក្តីសម្រេចលើអង្គសេចក្តីដែលក្រមនីតិវិធិព្រហ្មទណ្ឌតម្រូវឲ្យប្រើនៅសាលាជម្រះក្តីជាន់ទាប គឺ តុលាការព្រហ្មទណ្ឌនៃសាលាដំបូងរាជធានី-ខេត្ត ។ សាលក្រមនឹងត្រូវបានប្រកាស បន្ទាប់ពីតុលាការជំនុំជម្រះបានបើកសវនាការពិភាក្សាដេញដោលជាសាធារណៈ (ប៉ុន្តែបើតុលាការយល់ឃើញថាសវនាការសាធារណៈ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សណ្តាប់ធ្នាប់សាធារណៈ ឬ ដល់ទំនៀមទម្លាប់ តុលាការអាចពិភាក្សាដេញដោលទាំងស្រុង ឬ មួយផ្នែកប្រព្រឹត្តទៅជាសម្ងាត់បាន) នៅថ្ងៃពិភាក្សានោះតែម្តង ឬ អាចកំណត់ពេលលើកក្រោយ។ ប៉ុន្តែប្រសិនបើសាលក្រមត្រូវបានប្រកាសរួចហើយ ហើយគ្មានការប្តឹងឧទ្ធរណ៍ទេ សាលក្រមនោះនឹងចូលជាស្ថាពរ។ ផ្ទុយមកវិញ ប្រសិនបើសាលក្រមនោះត្រូវបានធ្វើបណ្តឹងឧទ្ធរណ៍ នោះនឹងឈានដល់ការសម្រេចសេចក្តីជាថ្មី ហៅថា សាលដីកា ។

           ខ-២- សាលដីកា

              សាលដីកា ជាសេចក្តីសម្រេចលើអង្គសេចក្តីដែលក្រមនីតិវិធិព្រហ្មទណ្ឌតម្រូវឲ្យប្រើនៅសាលាជម្រះក្តីជាន់ខ្ពស់ គឺសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ ឬ សភាព្រហ្មទណ្ឌនៃតុលាការកំពូល ។ នីតិវិធីនៃការប្រកាស សាលដីកា ក៏ដូចការប្រកាសសាលក្រមផងដែរ ។ ហើយសាលដីកាសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ នឹងត្រូវចូលជាស្ថាពរនាពេលដែលគ្មានបណ្តឹងសាទុក្ខ ។ ប្រសិនបើមានបណ្តឹងសាទុក្ខ នោះនឹងត្រូវបន្តនីតិវិធីជំនុំជម្រះ លើអង្គច្បាប់លើកទី១ នៅសភាព្រហ្មទណ្ឌនៃតុលាការកំពូល ។ ករណីសភាព្រហ្មទណ្ឌនៃតុលាការកំពូល បានពិនិត្យឃើញថា អង្គច្បាប់នៃការសម្រេចសេចក្តីរបស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍បានសម្រេចត្រឹមត្រូវហើយ នោះសភាព្រហ្មទណ្ឌនៃតុលាការកំពូលនឹងប្រកាសតម្កល់សាលដីកាសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ទុកជាបានការ និងបិទផ្លូវតវ៉ា ។ ចំពោះករណីសភាព្រហ្មទណ្ឌនៃតុលាការកំពូល បានពិនិត្យឃើញថា អង្គច្បាប់នៃការសម្រេចសេចក្តីរបស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍បានសម្រេចមិនត្រឹមត្រូវទេ នោះសភាព្រហ្មទណ្ឌនៃតុលាការកំពូលនឹងបង្វិលសំណុំរឿងនេះ ដោយចង្អុលបង្ហាញនូវចំណុចដែលមិនត្រឹមត្រូវទៅសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះជាថ្មីម្តងទៀត។ ប៉ុន្តែប្រសិនបើភាគីនូវតែមិនសុខចិត្តទៅនឹងការសម្រេចរបស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍លើកទី២នេះ ភាគីនោះអាចធ្វើបណ្តឹងសាទុក្ខលើកទី២បាន ហើយសភាព្រហ្មទណ្ឌនៃតុលាការកំពូលនឹងជំនុំជម្រះលើកទី២លើអង្គច្បាប់ និងអង្គហេតុទាំងមូលដោយបិតផ្លូវតវ៉ាតែម្តង ។

២- ជាធម្មតានាពេលដែលបទល្មើសមួយ ឬច្រើន ត្រូវបានប្រព្រឹត្ត គឺតែងតែបង្កបច្ច័យអន្តរាយដល់សង្គមផង និងជនរងគ្រោះផង។ ហេតុនេះហើយបានជាក្រមនីតិវិធីព្រហ្មទណ្ឌ បានបញ្ញត្តិអំពីបណ្តឹងព្រហ្មទណ្ឌមានចំនួន ០២ (ពីរ) ប្រភេទ គឺ (ក.) បណ្តឹងអាជ្ញា និង (ខ.) បណ្តឹងរដ្ឋប្បវេណី ។

          ក- បណ្តឹងអាជ្ញា ៖

          កាលណាអំពើដែលជាបទល្មើសត្រូវបានប្រព្រឹត្តឡើងក្នុងសង្គម ប្រាកដជាបង្កឲ្យមានភាពចលាចលដល់សណ្តាប់ធ្នាប់សាធារណៈ ឬបង្កភាពវឹកវរដល់សង្គម នោះអង្គការអយ្យការដែលជាម្ចាស់បណ្តឹងអាជ្ញាតែមួយគត់ នឹងធ្វើចោទប្តឹងលើបុគ្គលនោះមិនថារូបវន្តបុគ្គលក្តី ឬនីតិបុគ្គលក្តី ដោយគោរពនូវគោលការណ៍សមភាពចំពោះមុខច្បាប់ ។ ប្រភពដែលនាំឲ្យមានបណ្តឹងអាជ្ញារួមមាន ៖ បណ្តឹងបរិហារ បណ្តឹងទាមទារ បណ្តឹងសាមញ្ញ និងបណ្តឹងរដ្ឋប្បវេណី ។ ម្ចាស់បណ្តឹងអាជ្ញា ក៏អាចចោទប្តឹងដោយគ្មានបណ្តឹងបានផងដែរ នៅក្នុងករណីដែលខ្លួនបានដឹងអំពីអត្ថិភាពនៃបទល្មើសនោះដោយខ្លួនឯង ។ បណ្តឹងអាជ្ញា មានគោលបំណងពិនិត្យអស្ថេរភាពនៃបទល្មើស ដោយបង្ហាញឲ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននេះតាមច្បាប់កំណត់ ។ បណ្តឹងអាជ្ញា អាចធ្វើបានតែចំពោះមុខសាលាជម្រះក្តីព្រហ្មទណ្ឌតែមួយគត់ដែលខុសគ្នាពីបណ្តឹងរដ្ឋប្បវេណី ។

          ខ- បណ្តឹងរដ្ឋប្បវេណី ៖

          បណ្តឹងរដ្ឋប្បវេណី សំដៅលើបណ្តឹងដែលធ្វើដោយជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ឬសិទ្ធិវ័ន្តនៃជនរងគ្រោះ ដើម្បីទទួលការជួសជុលព្យសនកម្មផ្លូវកាយ ផ្លូវចិត្ត និងសំភារៈ ។ បណ្តឹងរដ្ឋប្បវេណី មានគោលបំណងធ្វើឲ្យបានជួសជុលការខូចខាត ដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះ ហើយក្នុងគោលបំណងនេះ ឲ្យអ្នករងគ្រោះបានទទួលសំណងជម្ងឺចិត្តធួនល្មមនឹងព្យសនកម្មដែលខ្លួនបានទទួល ។ បណ្តឹងរដ្ឋប្បវេណី អាចធ្វើឡើងនៅមុខសាលាជម្រះក្តីព្រហ្មទណ្ឌជាមួយបណ្តឹងអាជ្ញាក៏បាន ឬ ធ្វើឡើងនៅមុខសាលាជម្រះក្តីរដ្ឋប្បវេណីតែម្តងក៏បាន ប៉ុន្តែករណីនេះ បណ្តឹងរដ្ឋប្បវេណីត្រូវព្យួរសិន ដោយសារតែសេចក្តីសម្រេចនៃបណ្តឹងព្រហ្មទណ្ឌមានឧត្តមភាពជាងសេចក្តីសម្រេចនៃបណ្តឹង រដ្ឋប្បវេណី ហើយតុលាការរដ្ឋប្បវេណីសម្រេចអំពីសំណងដោយមិនពិនិត្យទៅលើចំណងហេតុផលទៀតឡើយ គ្រាន់តែមានសេចក្តីសម្រេចព្រហ្មទណ្ឌស្ថាពរគឺគ្រប់គ្រាន់ ។

          ជាគោលការណ៍ការដកពាក្យបណ្តឹងរដ្ឋប្បវេណី គឺមិននាំឲ្យរលត់បណ្តឹងអាជ្ញាទេ ។ ឧទាហរណ៍ ៖ ការដកពាក្យបណ្តឹងរបស់នារីរងគ្រោះដោយសារតែបទល្មើសរំលោភសេពសន្ថវៈ ។ ទោះបីជនសង្ស័យ បានសន្យារៀបអាពាហ៍ពិពាហ៍ជាមួយនារីរងគ្រោះ ឬ បង់ប្រាក់សំណងជំងឺចិត្តក្នុងចំនួនណាមួយ ដោយថ្នូរនឹងការដកពាក្យបណ្តឹង ក៏បណ្តឹងអាជ្ញាមិនរលត់ឡើយ (ការណ៍ទទួលសំណងជំងឺចិត្តក្រៅផ្លូវតុលាការគ្រាន់តែជាឆន្ទៈរបស់គូភាគី ហើយមានអានុភាពរលត់បណ្តឹងអាជ្ញាប៉ុណ្ណោះ) ។ ដោយហេតុថា អំពើរំលោភសេពសន្ថវៈ ជាបទល្មើសដែលទស្សនៈសង្គមស្អប់ខ្ពើម ផ្ទុយទៅនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរយ៉ាងធ្ងន់ធ្ងរ ហើយបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌគ្មានមាត្រាណាមួយអនុញ្ញាតឲ្យរលត់បណ្តឹងអាជ្ញាដោយមូលហេតុបែបនេះទេ ។ យើងអាចធ្វើការពិចារណាអំពីស្ថានភាពមួយថា ៖ “ការអនុញ្ញាតឲ្យបង់ប្រាក់ដើម្បីរំលត់បណ្តឹងអាជ្ញាបែបនេះ គឺជាការបង្កចលាចល ដោយសង្គមកាន់តែធ្ងន់ធ្ងរដោយផ្ទុយទៅនឹងតួនាទីនៃច្បាប់ព្រហ្មទណ្ឌ ព្រោះបើជនល្មើសជាអ្នកសំបូរទ្រព្យធន នោះជនល្មើសប្រាកដជាប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈទៅលើជនរងគ្រោះកាន់តែច្រើន ហើយអាចបង្កឲ្យមានកូនទៀតផង ហេតុនេះស្រ្តីមេម៉ាយ និងកូនកំព្រាកាន់តែច្រើនឡើងៗ ជាពិសេសបន្សល់ទុកនូវការឈឺចាប់អស់មួយជីវិត” ។

          លើកលែងតែ ក្នុងករណីច្បាប់ព្រហ្មទណ្ឌមានចរិកលក្ខណៈពិសេសបានកំណត់ជាក់លាក់ថា“ការដកពាក្យបណ្តឹងពីជនរងគ្រោះជាមូលហេតុនៃការរលត់បណ្តឹងអាជ្ញា” ទើបបណ្តឹងអាជ្ញារលត់ ។ ឧទាហរ៍ណ៍ ៖ មាត្រា ៣៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះបានចែងថា “ការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌពុំអាចធ្វើបានឡើយ បើមានសំណើពីជនរងគ្រោះជានីតិជន ដោយបទល្មើសនោះជាបទមជ្ឈិមស្រាល ឬបទលហុ។” ។ ដូច្នេះ កាលណាលក្ខខណ្ឌនេះត្រូវបានបំពេញ នោះបណ្តឹងអាជ្ញារបស់អង្គការអយ្យការត្រូវតែរលត់។ មូលហេតុនៃការបញ្ញត្តិបែបនេះ ដោយសារតែបទល្មើសពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ គឺដើមហេតុបង្កកើតចេញពីបុគ្គលឯកជន ហើយកាលណាជនរងគ្រោះអាចទទួលយកការប្រើហិង្សា (សមរម្យ) បែបនេះ ក្នុងនាមជារដ្ឋមិនគួរគប្បីលូកដៃចូលក្នុងទំនាក់ទំនង ឯកជនបែបនេះទេ ។​

          ម្យ៉ាងទៀត ចំពោះករណីបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ត្រូវបានសាលាជម្រះក្តីព្រហ្មទណ្ឌ លើកយកមកសម្រេចទាំងពីរបាន លុះត្រាតែព្យសនកម្មនៃបទល្មើសបានបង្កអន្តរាយដល់ជនរងគ្រោះដូចជា ៖ ព្យសនកម្មផ្លូវកាយ ព្យសនកម្មផ្លូវចិត្ត និងព្យសនកម្មផ្នែកសម្ភារៈ ។ ឧទាហរណ៍ ៖ បទធ្វើឲ្យខូចខាតដោយចេតនាដែលមានស្ថានទម្ងន់ទោសដោយសារមានការកាត់អវយវៈ ឬពិការភាព។ ករណីនេះ បន្ទាប់ពីព្រះរាជអាជ្ញាបានធ្វើការចោទប្តឹងរួចហើយ ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ឬសិទ្ធិវ័ន្ត បានតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី បាននៅចំពោះមុខចៅក្រមស៊ើបសួរ ឬតុលាការជំនុំជម្រះ ។ នាពេលសម្រេចសេចក្តី សាលាជម្រះក្តីព្រហ្មទណ្ឌអាចប្រកាសទោសព្រហ្មទណ្ឌ (ទោសពន្ធនាគារ /ឬ ពិន័យជាប្រាក់) និងប្រកាសអំពីសំណងរដ្ឋប្បវេណីជាមួយគ្នាតែម្តង ។

៣- នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ បានធ្វើការកំណត់អំពីឋានៈរបស់ជនដែលត្រូវបានចោទប្តឹងយ៉ាងជាក់លាក់ ក្នុងគោលបំណងសម្រាប់សម្គាល់ដំណាក់កាលនីតិវិធី ដោយប្រើប្រាស់បច្ចេកស័ព្ទគតិយុត្តឲ្យសមស្របទៅនឹងដំណាក់កាលនីតិវិធីនីមួយៗខុសៗគ្នា ។ បច្ចេកស័ព្ទគតិយុត្តនេះ បានបញ្ជាក់អំពីអត្តន័យនៃពាក្យនីមួយៗដូចខាងក្រោម ៖

  • ជនសង្ស័យ សំដៅលើជនដែលត្រូវបានគេប្តឹងនៅដំណាក់កាលស៊ើបអង្គេតរបស់មន្ត្រីនគរបាលយុត្តិធម៌ /ឬ ដំណាក់កាលស៊ើបអង្កេតរបស់ព្រះរាជអាជ្ញា ។
  • ជនត្រូវចោទ សំដៅលើជនដែលត្រូវបានព្រះរាជអាជ្ញាធ្វើចោទប្តឹងចាប់ពីពេលមានដីកាបញ្ជូនរឿងឲ្យ ស៊ើបសួរទៅចៅក្រមស៊ើបសួរ។ នៅដំណាក់កាលស៊ើបសួរនេះ ជនដែលត្រូវបានចង្អុលបង្ហាញនៅក្នុងដីកាបញ្ជូនរឿងឲ្យស៊ើបសួរ ឬ ជនដែលមានតម្រុយពិរុទ្ធភាព (ជនដែលមិនត្រូវបានចង្អុលបង្ហាញនៅក្នុងដីកាបញ្ជូនរឿងឲ្យស៊ើបសួរ ប៉ុន្តែអាចមានការពាក់ព័ន្ធ) ត្រូវហៅថា “ជនត្រូវចោទ” រហូតផុតដំណាក់កាលស៊ើបសួរ ។
  • ជនជាប់ចោទ សំដៅលើជនដែលត្រូវបានព្រះរាជអាជ្ញាធ្វើចោទប្តឹងតាមរយៈដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬកំណត់ហេតុស្តីអំពីការបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាម ឬ ជនដែលត្រូវបានចៅក្រមស៊ើបសួរ បានចោទប្តឹងតាមរយៈដីកាដំណោះស្រាយ (ដីកាបញ្ជូនទៅជំនុំជម្រះ) ទៅតុលាការជំនុំជម្រះ។ នៅដំណាក់កាលជំនុំជម្រះនេះ ជនខាងលើ ហៅថា “ជនជាប់ចោទ” រហូតមាន​សេចក្តី​​សម្រេច​ប្រកាសពីតុលាការជំនុំជម្រះ។
  • ពិរុទ្ធជន សំដៅលើជនដែលត្រូវបានតុលាការជំនុំជម្រះ បានប្រកាសអំពីពិរុទ្ធភាពលើអង្គហេតុ ដែលបានប្រព្រឹត្តបទល្មើស។ ប៉ុន្តែប្រសិនបើសេចក្តីសម្រេចលើអង្គហេតុក្តីនេះ មិនទាន់ចូលជាស្ថាពរទេ ពិរុទ្ធជន ឬ ព្រះរាជអាជ្ញា អាចធ្វើការប្តឹងឧទ្ធរណ៍បាន។ ចាប់ពីពេលមានបណ្តឹងឧទ្ធរណ៍នេះ ពិរុទ្ធជន ត្រូវបានហៅថា “ជនជាប់ចោទជាថ្មីម្តងទៀត”។
  • ទណ្ឌិត សំដៅលើជនដែលត្រូវបានតុលាការជំនុំជម្រះប្រកាសអំពីពិរុទ្ធភាពជាស្ថាពរ (សេចក្តីសម្រេចចូលជាស្ថាពរ)។ កាលណាសេចក្តីសម្រេចចូលជាស្ថាពរហើយ ទណ្ឌិតមិនអាចធ្វើបណ្តឹងឧបាស្រ័យទៀតបានទេ លុះត្រាតែមានមូលហេតុនៃបណ្តឹងរើសើ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login