Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើ​ការស៊ើបអង្កេត​របស់​តុលាការ មាន​តួនាទី​ដូចម្តេច​ខ្លះ ?

២- ហេតុអ្វី​បាន​ការ​ស៊ើបអង្កេត ត្រូវ​ដឹកនាំ​ដោយ​ចៅក្រម​ទាំងពីរ​រូប ?

៣- តើ​ការស៊ើប​អង្កេត ត្រូវ​ប្រព្រឹត្ត​​ទៅ​​ក្នុង​​រយៈពេល​​យូរប៉ុណ្ណា ?

៤- តើ​ស្ថាប័ន​ណា​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុង​ការសម្រេច​ តើ​ជន​ណា​ខ្លះ​ដែល​នឹង​ត្រូវ​ជំនុំជម្រះ ?

៥- តើ​នរណាខ្លះ​ ដែល​ជា​កម្មវត្ថុ​សម្រាប់​ការស៊ើបអង្កេត​របស់​សហចៅក្រម​ស៊ើបអង្កេត ?

៦- តើ​នឹង​មាន​អ្វី​កើតឡើង ​ប្រសិន​បើ​មាន​ការ​មិន​យល់​ស្រប​គ្នា​រវាង​សហចៅក្រម​ស៊ើបអង្កេត ?

៧- តើ​សហចៅក្រម​ស៊ើបអង្កេត មាន​យុត្តាធិការ​លើ​អង្គហេតុ​នានា​ ដែល​បាន​កើតឡើង​នៅ​ក្រោយឆ្នាំ ១៩៧៩ ដែរ​ឬទេ?

៨- តើ​សិទ្ធិ​របស់​ជនត្រូវចោទ​មាន​អ្វីខ្លះ ?

ចម្លើយ

១- ការស៊ើបអង្កេត គឺ​ជា​ដំណាក់កាល​មូលដ្ឋាន​មួយ នៅក្នុង​កិច្ច​ដំណើការ​ព្រហ្មទណ្ឌ​ទាំងមូល​នៅ​ចំពោះ​មុខ អ.វ.ត.ក ។ តាម​ការពិតដំណាក់កាល​ស៊ើបអង្កេត​ គឺ​ជា​ដំណាក់កាល​ដែល​មិន​អាច​អត់​បាន ដែល​មាន​ផលប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ដំណាក់​កាល​ផ្សេងៗ​ទៀត​នៃ​កិច្ចដំណើរការ​នីតិវិធី ។ ដោយ​មាន​ការជួយ​ជ្រោមជ្រែង​ពី​សំណាក់​ក្រុមការងារ​ទាំងបី​ដែល​បង្កើត​បាន ក.ស.ច.ស នោះ (ក្រុម​អ្នកស៊ើបអង្កេត  ផ្នែកវិភាគ និង​ក្រុម​អ្នកច្បាប់) សហចៅក្រម​ស៊ើបអង្កេតប្រមូល​នូវ​ភស្តុតាង​សំខាន់ៗ​នានា ដើម្បី​ធ្វើការ​កំណត់និង​មួយ​វិញ​ទៀត ដើម្បី​បញ្ជាក់ថា​តើ​អង្គ​ហេតុ​នានា ដែល​មាន​ចែង​នៅ​ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​អាច​បង្ក​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​នានា​ ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់ អ.វ.ត.ក ដែរ​ឬ​យ៉ាងណា​នោះ ហើយ​នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះដែរ ថា​តើ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែរឬទេ សម្រាប់​បញ្ជូន​ជន​ត្រូវចោទ​ទៅ​ជំនុំជម្រះ​ចំពោះ​ឧក្រិដ្ឋកម្ម ដែល​ជន​ត្រូវចោទ​ទាំងនោះ​ត្រូវ​រង​ការចោទ​ប្រកាន់ ។

២- វត្តមាន​របស់​ចៅក្រម​ជាតិ រួម​ជាមួយ​ចៅក្រម​អន្តរជាតិ គឺ​ចាំបាច់​សម្រាប់​លក្ខណៈ​ជា​តុលាការ​កូនកាត់​របស់ អ.វ.ត.ក។ ចរិត​លក្ខណៈ​នេះ​តម្រូវ​ឲ្យ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​មួយ​រវាង​ច្បាប់​កម្ពុជា​និង​ច្បាប់​អន្តរជាតិ ។

៣- វា​ជា​​​ការលំបាក​​​ក្នុង​​ការកំណត់​​ឲ្យ​​​បាន​​ច្បាស់លាស់ ចំពោះ​រយៈពេល​​នៃ​​ការស៊ើបអង្កេត​​របស់​​តុលាការ​ ​ដែល​​មាន​​ចរិតលក្ខណៈ​​ដូចនេះ ។ ដោយ​​មិន​ចាំបាច់​​មាន​មន្ទិល ការស៊ើប​អង្កេត​​នេះ​​គឺ​​ជា​​ដំណើរ​​ប្រព្រឹត្ត​​ទៅ​​ក្នុង​​រយៈពេល​​មួយវែង​ ចាប់​ផ្តើម​​ឡើង​​ដោយ​​ការ​ដាក់​​ចេញ​​នូវ​​ដីកា​​សន្និដ្ឋាន បញ្ជូនរឿង​​ឲ្យ​​ស៊ើបសួរ​​របស់​​សហព្រះរាជអាជ្ញា និង​​បញ្ចប់​​ដោយ​​ដីកា​​ដំណោះស្រាយ​ ដែល​​ចេញ​​ដោយ​​សហចៅក្រម​​ស៊ើបអង្កេត ។ ការស៊ើបអង្កេត​​ជា​​សំខាន់​រួមមាន ការស្រាវជ្រាវ​​ផ្នែកច្បាប់ការប្រមូល និង​​ការវិភាគ​​កំណត់​​ហេតុ​​ស្តាប់​​យក​​ចម្លើយ​​របស់​​ជនត្រូវចោទសាក្សី និង​​ដើមបណ្តឹង​​រដ្ឋប្បវេណី ភស្តុតាង​​ជា​​រូបវន្ត និង​​ឯកសារ​​ផ្សេងៗ​​មួយ​ចំនួន​ទៀត ​​ដែល​​អាច​​បង្កើត​​បាន​​ជា​​ចំណែក​​នៃ​​ភស្តុតាង ។ លើស​ពី​​នេះ​​ទៀត​​ សហចៅក្រម​​ស៊ើបអង្កេត ត្រូវ​​ឆ្លើយ​តប​​ទៅ​​នឹង​​សំណើ​​ផ្សេងៗ​​គ្នា ដែល​​ត្រូវ​​បាន​​ដាក់​​ជូន​​​ដោយ​​​ភាគី ​​​ឬ​​ភាគី​ទីបី​​នៅ​​ក្នុង​កិច្ចដំណើរ​ការ​នីតិវិធី ។ ដូច្នេះ​រយៈពេល​នៃ​ការស៊ើបអង្កេត គឺ​អាស្រ័យ​មួយចំណែក​ទៅ​លើ​ពេលវេលា ដែល​សហចៅក្រម​ស៊ើបអង្កេត​ត្រូវការ​ ដើម្បី​សម្រេច​បាន​នូវ​សកម្មភាព​ស៊ើបអង្កេត​ដែល​បាន​លើក​ឡើង​ខាងលើ ។

៤- សហព្រះរាជអាជ្ញា ប្រមូល​ភស្តុតាង និង​កំណត់​ពី​បទល្មើស ដែល​ត្រូវ​ធ្វើការ​ចោទប្រកាន់ ។ បន្ទាប់មក​ សំណុំ​រឿង​នឹង​ត្រូវ​បញ្ជូន​ទៅ​សហចៅក្រម​ស៊ើបអង្កេត ដែល​មាន​តួនាទី​ក្នុង​ការប្រមូល​ទាំង​ភស្តុតាង​ដាក់បន្ទុក និង​ភស្តុតាង​ដោះបន្ទុក ព្រមទាំង​ធ្វើការ​សម្រេច​ ថា​តើ​ជនណា​ខ្លះ​ដែល​ត្រូវ​ធ្វើការ​ចោទប្រកាន់ ។ ដោយ​យោង​ទៅ​លើ​ភស្តុតាង​ដែល​មាន​គ្រប់គ្រាន់​បំពេញ​ទៅ​តាម​បទដ្ឋាន​គតិយុត្តិ​ អនុលោម​ទៅ​តាម​ច្បាប់​ដែល​អាច​អនុវត្ត​បាន​នោះ​បន្ទាប់​មក​សំណុំរឿង​អាច​នឹង​ត្រូវបញ្ជូន​ទៅ​អង្គជំនុំជម្រះ​សាលាដំបូង ដើម្បី​ធ្វើការ​ជំនុំជម្រះ ។

៥- អ.វ.ត.ក មាន​យុត្តាធិការ​លើ​បុគ្គល ​ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅក្នុង​ប្រទេសកម្ពុជាក្នុង​ចន្លោះ​ពេលពី​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ និង​ថ្ងៃទី ៦ ខែ មករា ឆ្នាំ ១៩៧៩ តែ​ប៉ុណ្ណោះ ។ ជា​លទ្ធផល​សមាជិក​ថ្នាក់ក្រោម​ក្នុង​របបខ្មែរក្រហម និង​ក្រុមគ្រួសាររបស់​ពួកគេ​ព្រម​ទាំង​ជន​ទាំង​ឡាយ ដែល​មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របបខ្មែរក្រហម មិនមែន​ជា​កម្មវត្ថុ​សម្រាប់​ការស៊ើបអង្កេត​នៅ​ចំពោះ​មុខ អ.វ.ត.ក នោះ​ឡើយ។

មក​ទល់​ពេល​បច្ចុប្បន្ន​នេះ សហចៅក្រម​ស៊ើបអង្កេត បាន​ធ្វើការ​ចោទប្រកាន់​បុគ្គលប្រាំរូប​គឺ ៖

  • កាំង ហ្កេកអ៊ាវ (លេខា​មន្ទីរ ស-២១) ៖ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩៤៩ ។
  • នួន ជា (ប្រធាន​សភា) ៖ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុងហ្សឺណែវ ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩៤៩ ។
  • អៀង សារី (រដ្ឋមន្ត្រី​ការបរទេស​នៃ​របបកម្ពុជា​ប្រជាធិបតេយ្យ) ៖ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការរំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩៤៩ ។
  • អៀង ធីរិទ្ធ (រដ្ឋមន្ត្រី​ការងារ​សង្គមកិច្ច​នៃ​របបកម្ពុជា​ប្រជាធិបតេយ្យ) ៖ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ។
  • ខៀវ សំផន (ប្រមុខរដ្ឋ​នៃ​របបកម្ពុជា​ប្រជាធិបតេយ្យ)៖ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩៤៩ ។

៦- ប្រសិនបើ​គ្មាន​ការព្រមព្រៀង​គ្នា​រវាង​សហចៅក្រម​ស៊ើបអង្កេត​ទេនោះ សហចៅក្រម​ស៊ើបអង្កេត​ម្នាក់ៗ អាច​ម្នាក់ឯង​ឬ​រួមគ្នាដាក់សំណើ​ទៅ​អង្គបុរេជំនុំជម្រះឲ្យ​ដោះស្រាយ​វិវាទ​នោះ ។ សេចក្តី​សម្រេច​របស់​អង្គបុរេជំនុំជម្រះ​ មិន​អាច​ជា​កម្មវត្ថុ​សម្រាប់​ការប្តឹង​ឧទ្ធរណ៍​នោះទេ ហើយ​បន្ទាប់​ពី​នោះ​ភ្លាមសហចៅក្រម​ស៊ើបអង្កេត ចាំបាច់​ត្រូវ​តែ​អនុវត្ត​តាម​ជំហាន​សំខាន់ៗ​នានា​ ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​សម្រេច ។

៧- យុត្តាធិការ​របស់ អ.វ.ត.ក ត្រូវ​បាន​កំណត់​ត្រឹម​រយៈពេល​ចន្លោះ​ពី​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដល់​ថ្ងៃទី ៦ ខែ មករា ឆ្នាំ ១៩៧៩ ។ តុលាការជាតិ​កម្ពុជា មាន​យុត្តាធិការ​លើ​ឧក្រិដ្ឋកម្ម​ទាំងអស់ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្រោយ​កាលបរិច្ឆេទ​នេះ ។

៨- អនុលោម​តាម​ច្បាប់​កម្ពុជា​ និង​ច្បាប់​អន្តរជាតិ ជន​ត្រូវ​ចោទ​ម្នាក់ៗ​មាន​សិទ្ធិ​ជា​មូលដ្ឋាន​នានា​ក្នុង​អំឡុង​ពេល​ស៊ើបអង្កេត៖

  • សិទ្ធិ​ក្នុង​ការទទួល​បាន​នូវ​ការជំនុំជម្រះ​មួយ​ដោយ​យុត្តិធម៌
  • សិទ្ធិ​សម្រាប់​ការចាត់​ទុក​ជា​ជនគ្មាន​កំហុស​រហូត​ដល់​ពិរុទ្ធភាព​ត្រូវ​បាន​បង្ហាញ
  • សិទ្ធិ​ក្នុង​ការជ្រើសរើស​សហមេធាវី​ការពារក្តី (ជាតិ និង​អន្តរជាតិ) ឬ​មេធាវី​ដែល​ជ្រើស​តាំង​ដោយ​អង្គជំនុំជម្រះ​ ក្នុង​ករណី​ដែល​បុគ្គល​នោះ​ជា​ទុរគតជន
  • រយៈ​ពេល​រង់ចាំ​មួយ​ដ៏​សមស្រប ព្រមទាំង​មធ្យោបាយ​គ្រប់គ្រាន់​ដើម្បី​រៀបចំ​ការការពារក្តី ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login