សំណួរ
៧- តើចំណាត់ថ្នាក់ដោយផ្អែកលើបែបបទប្រព្រឹត្តបទល្មើសមានអ្វីខ្លះ ?
៨- តើចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបទជាសត្យានុម័តនៃការប្រព្រឹត្តបទល្មើស មានអ្វីខ្លះ ?
៩- តើចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបបទជាអត្តនោម័តនៃការប្រព្រឹត្តបទល្មើស មានអ្វីខ្លះ?
១០- តើចំណាត់ថ្នាក់ទៅតាមប្រភេទនៃអំពើជាសម្ភារៈ មានអ្វីខ្លះ?
១១- តើចំណាត់ថ្នាក់ទៅតាមរយៈពេលប្រព្រឹត្តបទល្មើសមានអ្វីខ្លះ?
១២- តើចំណាត់ថ្នាក់ទៅតាមចំនួននៃអំពើនៅក្នុងបទល្មើសមានអ្វីខ្លះ ?
ចម្លើយ
៧- ចំណាត់ថ្នាក់ដោយផ្អែកលើបែបបទប្រព្រឹត្តបទល្មើសមាន ៖
- ចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបទជាសត្យានុម័តនៃការប្រព្រឹត្តបទល្មើស
- ចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបទជាអត្តនោម័តនៃការប្រព្រឹត្តបទល្មើស ។
៨- ចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបទជាសត្យានុម័តនៃការប្រព្រឹត្តបទល្មើសមាន ៖
- ចំណាត់ថ្នាក់ទៅតាមប្រភេទនៃអំពើជាសម្ភារៈ
- ចំណាត់ថ្នាក់ទៅតាមរយៈពេលប្រព្រឹត្តបទល្មើស
- ចំណាត់ថ្នាក់ទៅតាមចំនួននៃអំពើនៅក្នុងបទល្មើស
- ចំណាត់ថ្នាក់ទៅតាមលទ្ធផលនៃបទល្មើស
- ចំណាត់ថ្នាក់ទៅតាមសភាពនៃអំពើ ។
៩- ចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបបទជាអត្តនោម័តនៃការប្រព្រឹត្តបទល្មើស មានពីរយ៉ាងគឺ ៖
- បទល្មើសចេតនា ជាបទល្មើសដែលចារីមានចេតនាប្រព្រឹត្ត ។
- បទល្មើសអចេតនា ជាបទល្មើសដែលកើតឡើង ទោះបីជាចារីពុំមានចេតនាប្រព្រឹត្តក៏ដោយ ក៏ប៉ុន្តែបទល្មើសនៅតែមាន ពីព្រោះថាបទល្មើសកើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬ ការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ ។ ឧទាហរណ៍ ៖ បទបើកបរដោយបង្កឱ្យស្លាប់អ្នកដទៃដោយចេតនា នៅក្នុងមាត្រា៨២នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
១០- ចំណាត់ថ្នាក់ទៅតាមប្រភេទនៃអំពើជាសម្ភារៈមាន ៖
- បទល្មើសសកម្ម ៖ អំពើជាសម្ភារៈ ឬ ជាសត្យានុម័តរបស់បទល្មើសអាចជាសកម្មភាពពោលគឺអំពើវិជ្ជមាន(អាចជាកាយវិការដូចជាការសម្លាប់មនុស្ស ការលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃ អាចជាពាក្យសំដីឬក៏ជាសំណេរដូចជា បទបរិហារកេរ្តិ៍ជាសាធារណៈ បទជេរប្រមាទជាសាធារណៈឬបទក្លែងបន្លំឯកសារជាដើម)មានន័យថាចារីនៃបទល្មើសបានប្រព្រឹត្តទង្វើណាមួយដែលច្បាប់បានហាមឃាត់ ។
- បទល្មើសអកម្ម ៖ អំពើគឺជាសម្ភារៈដែលចាត់ទុកថាជាធាតុផ្សំនៃបទល្មើសអាចជាអនុប្បវាទឬជាអំពើអវិជ្ជមានណាមួយ មានន័យថា ចារីមិនបានធ្វើអំពើដែលច្បាប់តម្រូវឱ្យធ្វើ ។ ក្នុងករណីដែលច្បាប់បានតម្រូវឱ្យជនណាម្នាក់ធ្វើអំពើណាមួយ ការដែលមិនបានបំពេញកាតព្វកិច្ចដែលច្បាប់តម្រូវគឺជាអនុប្បវាទ ពោលគឺធាតុផ្សំសម្ភារៈឬជាធាតុផ្សំសត្យានុម័តនៃបទល្មើស ។ ឧទាហរណ៍ មាត្រា ៣២៦ ចាត់ទុកជាបទមិនព្រមប្រគល់អនីតិជនចំពោះអំពើប្រព្រឹត្តដោយគំនិតទុច្ចរិត ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំនិងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀល ។ មាត្រា៥២៩នៃក្រមព្រហ្មទណ្ឌ ចាត់ទុកបទល្មើសចំពោះការមិនប្តឹងបរិហារបទឧក្រិដ្ឋដោយចែងថា ៖ រាល់បុគ្គលណាដែលបានដឹងពីបទឧក្រិដ្ឋដែលអាចនឹងបង្ការឬបន្ថយអានុភាពរបស់បទល្មើសបាន ហើយមិនប្តឹងបរិហារដល់អាជ្ញាធរតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀល ។
១១- ចំណាត់ថ្នាក់ទៅតាមរយៈពេលប្រព្រឹត្តបទល្មើសមានដូចជា ៖
- បទល្មើសភ្លាមៗ ៖ នៅពេលដែលបទល្មើសអាចសម្រេចបាន ក្នុងពេលតែមួយភ្លែតបានន័យថាបទល្មើសដែល កើតឡើងក្នុងពេលតែមួយជាមួយនឹងអំពើប្រព្រឹត្ត គឺបទល្មើសនោះត្រូវចាត់ទុកថាជាបទល្មើសភ្លាមៗ ។ និយាយម៉្យាងទៀតថាការសម្រេច (ការប្រមូលផ្តុំនូវធាតុផ្សំទាំងអស់នៃបទល្មើស) នូវបទល្មើសភ្លាមៗបានកើតឡើងភ្លាមហើយក៏បញ្ចប់ទៅវិញភ្លាមៗដែរ ។ ឧទាហរណ៍ ៖ បទដេញថ្លៃមិនត្រឹមត្រូវ បទឃាតកម្ម បទលួច បទហិង្សាដោយចេតនា ។
- បទល្មើសបន្តរៀងហូរហែ ៖ ជាបទល្មើសដែលអំពើជាសម្ភារៈ ប្រព្រឹត្តឡើងបន្តគ្នាជាហូរហែនិងដោយស៊ីសង្វាក់គ្នានៅក្នុងពេលវេលា ។ និយាយម៉្យាងទៀតថាផ្ទុយពីបទល្មើសភ្លាមៗបទល្មើសបន្តរៀងហូរហែ គឺជាបទល្មើសដែលត្រូវអនុវត្តជាបន្តបន្ទាប់គ្នាក្នុងរយៈពេលមួយ ដែលបានបង្ហាញឱ្យឃើញពីចេតនាទុច្ចរិតដែលស្ថិតនៅជាដរាប ។ ឧទាហរណ៍ បទទទួលផលចោរកម្មត្រូវបានបង្កើតឡើង ចាប់ពីពេលដែលបុគ្គលម្នាក់ទទួលទិញវត្ថុណាមួយដោយដឹងជាក់ច្បាស់ថាវត្ថុនោះបានមកដោយសារតែការប្រព្រឹត្តបទល្មើស (ដូចជាអំពើលួចជាដើម) ។ ដរាបណាជនទទួលផលចោរកម្មបន្តកាន់កាប់វត្ថុទិញនោះ បទល្មើសត្រូវបានចាត់ទុកថានៅតែបន្តប្រព្រឹត្តតទៅទៀតពុំទាន់បានចប់សព្វគ្រប់នៅឡើយ ។ បទទទួលផលចោរកម្មត្រូវបានបញ្ចប់នៅពេលណា ដែលជនទទួលផលចោរកម្មយកវត្ថុលើ្មសចេញពីរូបខ្លួន ដោយលក់ចេញទៅឱ្យតតិយជនជាដើម ។ ឧទាហរណ៍ បទថតពាក្យសំដីឯកជនគឺជាបទល្មើសបន្តរៀងហូរហែ ពីព្រោះថាការថតពាក្យសំដីរបស់អ្នកដទៃតែងតែធ្វើឡើងនៅក្នុង រយៈពេលណាមួយជាកំណត់ហើយរយៈពេលនេះអាចខ្លីឬក៏វែងទៅតាមករណីនីមួយៗ (អាចជារយៈពេល១នាទីឬ១ម៉ោងឬ១ខែជាដើម) ។
- បទល្មើសអូសបន្លាយ ៖ ជាបទល្មើសដែលអំពើបង្កគ្រោះថ្នាក់សង្គមស្តែងឡើងជាប់ជាហូរហែគ្មានអាក់ខានក្នុងរយៈពេលណាមួយឡើយ ។ និយាយម៉្យាងទៀតថា បទល្មើសអូសបន្លាយ សំដៅលើបទល្មើសដែលបង្កើតឡើងដោយបណ្តាអំពើជាច្រើនប្រហាក់ប្រហែលគ្នា ដោយអំពើនីមួយៗក៏ត្រូវចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌដែរ ក៏ប៉ុន្តែដោយសារឯកភាពនៃសេចក្តីសម្រេចចិត្ត (គោលដៅរបស់ជនល្មើស) និងភាពដូចគ្នានៃច្បាប់ដែលជនល្មើសបានបំពានអំពើច្រើនប្រហាក់ប្រហែលគ្នានោះគួរតែចាត់ទុកថាជាបទល្មើសតែមួយប៉ុណ្ណោះ ។ ឧទាហរណ៍ បទផិត ត្រូវកើតឡើងនៅពេលដែលបុរស ឬស្ត្រីដែលមានសហព័ទ្ធត្រឹមត្រូវតាមច្បាប់រួចហើយ បែរជាទៅរួមសេវនកិច្ចជាមួយស្ត្រីឬបុរសផ្សេងទៀត ។ ឧបមាថា ជនល្មើសបានរួមសេវនកិច្ច៥ដងជាមួយនឹងបុរសឬស្ត្រីដទៃទៀត ដែលមិនមែនជាសហព័ទ្ធរបស់ខ្លួន ។ ជាធម្មតាគេអាចគិតថាបទល្មើសបានកើតឡើងចំនួន៥ដង ពោលគឺមានបទផិតចំនួន៥ដងដែលបានកើតឡើងនៅពេលវេលានិងទីកន្លែងខុសគ្នាហើយនៅក្នុងការផ្តន្ទាទោសជនល្មើស តុលាការនឹងប្រើប្រាស់វិធានៃបទល្មើសត្រួតគ្នាក្នុងការសម្រេចសេចក្តី ។ ក៏ប៉ុន្តែមានការបកស្រាយមួយទៀតដែលថា ទោះបីជាមានការរួមសេវនកិច្ចធ្វើឡើងតែម្តង ឬច្រើនដងក៏ដោយក៏បទល្មើសមានតែមួយប៉ុណ្ណោះ ដោយចាត់ទុកថាអំពើរួមសេវនកិច្ចម្តង គឺវាគ្រាន់តែជាសកម្មភាពអនុវត្តនូវប្រតិបត្តិការនៃអំពើផិតតែមួយប៉ុណ្ណោះ ។
១២- ចំណាត់ថ្នាក់ទៅតាមចំនួននៃអំពើនៅក្នុងបទល្មើសមានដូចជា ៖
- បទល្មើសធម្មតា ៖ ជាបទល្មើសដែលត្រូវបានសម្រេចឡើងដោយអំពើសត្យានុម័តតែមួយគត់ប៉ុណ្ណោះ ។ ឧទាហរណ៍ មាត្រា ៣៥៣នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ៖ អំពើលួចគឺជាអំពើដកហូតដោយ ទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃតាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ ហេតុដូចនេះ អំពើជាសត្យានុម័តដែលជាធាតុផ្សំនៃអំពើលួចមានតែមួយគត់ គឺជាការដកហូតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ ។
- បទល្មើសស្មុគស្មាញ ៖ ជាបទល្មើសដែលបានសម្រេចឡើងដោយមានអំពើសត្យានុម័តច្រើនគួបផ្សំគ្នា ។ បទ ល្មើសស្មុគស្មាញ គឺជាបទល្មើសដែលត្រូវអនុវត្តជាបន្តបន្ទាប់ ក៏ប៉ុន្តែគឺជាបទល្មើសដែលកើតឡើងភ្លាមៗ ។ នៅពេលដែលអំពើជាធាតុផ្សំចុងក្រោយនៃបទល្មើសបានកើតឡើង ។ ឧទាហរណ៍ មាត្រា ៣៧៧នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ៖ អំពើឆបោកគឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះដែលនាំឱ្យខូចប្រយោជន៍របស់រូបវន្តបុគ្គលនេះឬរបស់តតិយជននូវ ៖
- ការប្រគល់មូលនិធិតម្លៃឬទ្រព្យសម្បត្តិអ្វីមួយ
- ការផ្គត់ផ្គង់សេវា
- ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ចឬជាការឱ្យរួចពីកាតព្វកិច្ច ។
យោងតាមបទបញ្ញតិខាងលើធាតុផ្សំសត្យានុម័តនៃបទឆបោកមាន ៖
- ទីមួយ ៖ កលល្បិចរបស់ចារី (តាមរយៈការប្រើឈ្មោះក្លែង ការអះអាងទៅលើឋានៈក្លែង ការរំលោភលើឋានៈពិតប្រាកដ ឬការប្រើឧបាយកលថទុច្ចរិត) ។
- ទីពីរ ៖ ការប្រគល់មូលនិធិតម្លៃឬទ្រព្យសម្បត្តិអ្វីមួយ ការផ្គត់ផ្គង់សេវា ឬ ក៏ការធ្វើលិខិតដែលមានតម្លៃ ជាកាតព្វកិច្ចឬជាការឱ្យរួចពីកាតព្វកិច្ច ។