Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤១- តើកាលបរិច្ឆេទដើម្បីចេញដីកាសម្រេចការលក់ ត្រូវធ្វើឡើងដោយនីតិវិធីបែបណា ?

៤២- តើការលក់ហួសកម្រិតជាអ្វី ?

៤៣- តើការបង់តែចំនួនខ្លះជាអ្វី ?

៤៤- នៅក្នុងករណីដែលអ្នកទិញមិនបានបង់ប្រាក់ថ្លៃលក់ឲ្យបានទាន់ពេលកំណត់នៃការបង់ថ្លៃលក់ តើតុលាការអនុវត្តត្រូវធ្វើយ៉ាងណា ?

៤៥- តើនរណាជាអ្នកបង់សោហ៊ុយចាំបាច់ដើម្បីផ្ទុកផ្ដាក់ឲ្យចុះបញ្ជី ហើយបង់ដោយរបៀបណា ?

៤៦- ក្នុងករណី ដែលម្ចាស់បំណុលមិនបានផ្តល់លិខិតគណនា តើតុលាការអនុវត្តចាំចាច់ត្រូវអនុវត្តការចែកចំណែកទៅឲ្យម្ចាស់បំណុលនោះដែរឬទេ?

៤៧- តើតុលាការអនុវត្ត ត្រូវធ្វើអ្វីខ្លះ នៅកាលបរិច្ឆេទនៃការចែកចំណែក?

ចម្លើយ

៤១- តុលាការអនុវត្ដនឹងចេញដីកាសម្រេចមិនអនុញ្ញាតឲ្យលក់ ដោយធ្វើការវិនិច្ឆ័យថា មាន ឬ គ្មាន ហេតុនៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤៤២ កថាខណ្ឌទី ២ ទោះជាក្នុងចំណោមហេតុទាំងនេះ មានហេតុតែមួយត្រូវបានទទួលស្គាល់ក៏ដោយ។ ផ្ទុយទៅវិញ ប្រសិនបើក្នុងចំណោមហេតុទាំងនេះ គ្មានហេតុណាមួយត្រូវបានទទួលស្គាល់ទេ នោះតុលាការអនុវត្ដនឹងចេញដីកាសម្រេចអនុញ្ញាតឲ្យលក់។ ក្នុងករណីណាមួយក៏ដោយ នៅពេលចេញដីកាសម្រេច នោះចៅក្រមត្រូវចុះហត្ថលេខាលើដីកាសម្រេចនោះ (ក្រមនីតិ/ណី មាត្រា ៣៣៥, មាត្រា ២១៣ កថា, ២)។ តុលាការអនុវត្តធ្វើការទាញហេតុផលផ្ទាល់មាត់ក៏បាន ឬមិនធ្វើការទាញហេតុផលផ្ទាល់មាត់ក៏បាន (ក្រម នីតិ/ណី មាត្រា ៣៣៥, មាត្រា ១១៤ កថា.១ វាក្យខណ្ឌទី ២)។ ប្រសិនបើ ធ្វើការទាញហេតុផលផ្ទាល់មាត់នោះ ជាគោលការណ៍ តុលាការអនុវត្តត្រូវធ្វើឡើងនៅសាលសវនាការជាសាធារណៈ (ក្រមនីតិ/ណី មាត្រា ៣៣៥, មាត្រា ១១៥ កថា. ២)។ ក្នុងករណីដែលមិនធ្វើការទាញហេតុផលផ្ទាល់មាត់ តុលាការអនុវត្តមិនចាំបាច់ធ្វើឡើងនៅសាលសវនាការជាសាធារណៈទេ ។ ប៉ុន្តែ តុលាការអនុវត្តមិនអាចគ្រាន់តែធ្វើការពិនិត្យឯកសារប៉ុណ្ណោះទេ គឺចាំបាច់ត្រូវបើកកាលបរិច្ឆេទដើម្បីចេញដីកាសម្រេចការលក់។ ការបើកកាលបរិច្ឆេទនេះ មិនចាំបាច់ធ្វើជាសាធារណៈទេ ប៉ុន្តែត្រូវផ្តល់ឱកាសឲ្យជនដែលពាក់ព័ន្ធផលប្រយោជន៍ថ្លែងយោបល់ (ក្រមនីតិ/ណី មាត្រា ៤៤០ កថា. ២ , មាត្រា ៤៤១)។ ក្នុងករណីដែលមិនធ្វើការទាញហេតុផលផ្ទាល់មាត់ តុលាការអនុវត្តអាចធ្វើការប្រមូលភស្តុតាងបាន ដោយសាកសួរភាគីនិងជនដែលពាក់ព័ន្ធ ( ក្រមនីតិ/ណី មាត្រា ៣៣៥, មាត្រា១១៤ កថា. ២, មាត្រា ៣៣៧ កថា. ២) ព្រមទាំងស្នើសុំព័ត៌មានពីស្ថាប័នមានសមត្ថកិច្ច (ក្រមនីតិ/ណី មាត្រា ៣៤២)។

៤២- ក្នុងករណីដែលបានលក់អចលនវត្ថុច្រើន បើតម្លៃស្នើសុំទិញនៃអចលនវត្ថុណាមួយ ឬច្រើនក្នុងចំណោមអចលនវត្ថុទាំងអស់នោះត្រូវបានប៉ាន់ប្រមាណឃើញថា អាចសងសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនីមួយៗ និងសោហ៊ុយសម្រាប់ការអនុវត្តទាំងអស់បានតុលាការអនុវត្តត្រូវបម្រុងទុកនូវដីកាសម្រេចអនុញ្ញាតឲ្យលក់អចលនវត្ថុផ្សេងទៀត (ក្រមនីតិ/ណី មាត្រា ៣៣៥, មាត្រា ៤៤៣ កថា. ២)។

៤៣- ប្រសិនបើអ្នកទិញ គឺជាម្ចាស់បំណុលដែលត្រូវទទួលការចែកចំណែកពីប្រាក់ថ្លៃលក់ អ្នកទិញនោះអាចស្នើសុំបង់តែចំនួនខ្វះទៅឲ្យតុលាការអនុវត្តឲ្យបានត្រឹមពេលបញ្ចប់កាលបរិច្ឆេទដើម្បីចេញដីកាសម្រេចការលក់ (ក្រមនីតិ/ណី មាត្រា ៤៤៧ កថា. ៣)។ ពោលក្នុងករណីដែលម្ចាស់បំណុលនៃការអនុវត្ត និងម្ចាស់បំណុលដែលមានចែងនៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៥១៩ បានក្លាយជាអ្នកទិញ ពួកគាត់អាចស្នើសុំបង់តែចំនួនខ្វះបាន។ ក្នុងករណីមានការស្នើសុំបង់តែចំនួនខ្វះ តុលាការអនុវត្តត្រូវកំណត់កាលបរិច្ឆេទនៃការចែកចំណែកភ្លាម បន្ទាប់ពីដីកាសម្រេចអនុញ្ញាតឲ្យលក់បានចូលជាស្ថាពរ ដោយមិនចាំបាច់កំណត់ពេលនៃការបង់ថ្លៃលក់ទេ (ក្រម នីតិ/ណី មាត្រា ៤៨៨ កថា. ១ ចំណុច គ)។ បន្ទាប់មក អ្នកទិញ ត្រូវបង់ថ្លៃលក់ដែលជាប្រាក់នៅសល់បន្ទាប់ពីដកប្រាក់ធានា ចេញពីចំនួនប្រាក់នៃសំណើទិញ នៅកាលបរិច្ឆេទនៃការចែកចំណែក។ ឧទាហរណ៍ ម្ចាស់បំណុលត្រូវទទួលបានពីការចែកចំណែកនូវប្រាក់ ៣០០០ ដុល្លារ ប៉ុន្តែ គាត់បានបង់ប្រាក់ធានាចំនួន ១០០០ ដុល្លារ សម្រាប់ការលក់ឡាយឡុងក្នុងតម្លៃ ១០,០០០ ដុល្លារ ហើយគាត់បានទទួលអចលនវត្ថុហ៊ីប៉ូតែក។ ក្នុងករណីនេះ ម្ចាស់បំណុលត្រូវបង់ប្រាក់ឲ្យតុលាការអនុវត្តចំនួន ៩០០០ ដុល្លារ ប៉ុន្តែវានឹងក្លាយជាការចំណាយប្រាក់ដោយឥតប្រយោជន៍ ព្រោះគាត់អាចនឹងទទួលបានការចែកចំណែកពីតុលាការអនុវត្តចំនួន ៣០០០ ដុល្លារ។ ប្រសិនបើ ម្ចាស់បំណុលនេះ ធ្វើការស្នើសុំបង់តែចំនួនខ្វះ នោះគាត់នឹងត្រូវបង់ប្រាក់ឲ្យតុលាការអនុវត្តចំនួន ៦០០០ដុល្លារ ប៉ុណ្ណោះ ហេតុនេះ វាអាចកាត់បន្ថយការចំណាយប្រាក់ដោយឥតប្រយោជន៍បាន។

៤៤- បើអ្នកទិញមិនបង់ប្រាក់ថ្លៃលក់ទេ ដីកាសម្រេចអនុញ្ញាតឲ្យលក់នោះនឹងបាត់បង់អានុភាព ។ ក្នុងករណីនេះ អ្នកទិញមិនអាចទាមទារឲ្យសងទឹកប្រាក់ដែលខ្លួនបានដាក់ជាការធានាលើសំណើទិញបានទេ (ក្រមនីតិ/ណី មាត្រា ៤៥១ កថា.១) ។ តុលាការអនុវត្តត្រូវធ្វើនីតិវិធីសាជាថ្មី ដោយចាប់ផ្តើមពីការចេញដីកាសម្រេចកំណត់ កាលបរិច្ឆេទនៃការលក់ជាដើម និងធ្វើការលក់ដោយបង្ខំសាជាថ្មី (ក្រមនីតិ/ណី មាត្រា ៤៥១ កថា.២) ។ អ្នកទិញដែលមិនបានបង់ថ្លៃលក់មិនអាចធ្វើសំណើទិញនៅក្នុងការលក់ជាបង្ខំលើកទី២ បានទេ (ក្រមនីតិ/ណី មាត្រា ៤៥១ កថា. ២)។

៤៥- សោហ៊ុយចាំបាច់ដើម្បីផ្ទុកផ្ដាក់ឲ្យចុះបញ្ជីជាបន្ទុករបស់អ្នកទិញ (ក្រមនីតិ/ណី មាត្រា ៤៤៨ កថា. ៣)។ ក្រមនីតិវិធីរដ្ឋប្បវេណីមិនបានបញ្ញត្តអំពីរបៀបនៃការបង់ទេ វាអាស្រ័យទៅតាមតុលាការនីមួយៗដែលត្រូវអនុវត្តឲ្យមានលក្ខណៈសមស្រប ។ នៅមុនពេលដែលក្រឡាបញ្ជីផ្ទុកផ្ដាក់ឲ្យចុះបញ្ជីអ្នកទិញត្រូវបង់សោហ៊ុយចុះបញ្ជី ។ ឧទាហរណ៍ តុលាការអនុវត្តអាចពិចារណា ចាត់ចែងឲ្យអ្នកទិញបង់សោហ៊ុយចុះបញ្ជី ស្របពេលដែលអ្នកទិញបង់ប្រាក់ថ្លៃលក់អចលនវត្ថុទៅឲ្យតុលាការអនុវត្តជាដើម ។

៤៦- ទោះបីជាមិនបានផ្តល់លិខិតគណនាក៏ដោយវាមិនមានន័យថា ម្ចាស់បំណុលនោះបាត់បង់នូវលក្ខណៈសម្បត្តិក្នុងការទទួលការចែកចំណែកនោះទេ ។ ហេតុនេះ តុលាការអនុវត្តត្រូវតែអនុវត្តការចែកចំណែកទៅឲ្យម្ចាស់បំណុលនោះដូចធម្មតា។ ដោយសារតែម្ចាស់បំណុលមិនបានផ្តល់លិខិតគណនា ហេតុនេះ តុលាការអនុវត្តត្រូវមើលឯកសារដែលមានស្រាប់ (ឯកសារចម្លងយថាភូតនៃសៀវភៅចុះបញ្ជីអចលនវត្ថុ លិខិតទាមទារឲ្យចកចំណែកដែលបញ្ញត្តនៅក្នុងមាត្រា ៤២៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី របាយការណ៍អំពីសិទ្ធិលើបំណុលដែលបញ្ញត្ត នៅក្នុងមាត្រា ៤២៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី ជាដើម) ហើយធ្វើការគណនាទឹកប្រាក់នៃសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនោះដោយខ្លួនឯង។ ម្យ៉ាងទៀត ទោះបីជា ម្ចាស់បំណុលបានផ្តល់លិខិតគណនានៅក្រោយរយៈពេល ១ សប្តាហ៍ក៏ដោយ ក៏តុលាការអនុវត្តត្រូវទទួលយកឯកសារនោះមកប្រើប្រាស់ ព្រោះលិខិតគណនានោះមានអត្ថប្រយោជន៍ក្នុងការប្រើសម្រាប់ឲ្យតុលាការអនុវត្តបង្កើតសេចក្តីព្រាងដើមនៃតារាងចែកចំណែក។

៤៧- នៅក្នុងករណីម្ចាស់បំណុលដែលទទួលការចែកចំណែកមានតែម្នាក់ ឬប្រាក់ដែលត្រូវចែកចំណែកទៅឲ្យម្ចាស់បំណុលលើសពី ២នាក់ អាចសងសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនីមួយៗ និងសោហ៊ុយសម្រាប់ការអនុវត្តទាំងអស់បាននៅកាលបរិច្ឆេទនៃការចែកចំណែកតុលាការអនុវត្តត្រូវធ្វើការចែកចំណែក និងបង់សោហ៊ុយសម្រាប់ការអនុវត្តទៅឲ្យម្ចាស់បំណុលទាំងអស់នោះ ។ ប្រសិនបើមានប្រាក់ដែលនៅសេសសល់ តុលាការអនុវត្តត្រូវប្រគល់ទៅឲ្យកូនបំណុលនៃការអនុវត្ត (ក្រមនីតិ/ណី មាត្រា ៤៨៩ កថា.១ វាក្យខណ្ឌទី២, កថា. ២)។ ចំពោះករណីក្រៅពីនេះ តុលាការអនុវត្តត្រូវបង្កើតតារាងចែកចំណែក (ក្រមនីតិ/ណី មាត្រា ៤៩០ កថា. ១)។ ចំណុចដែលត្រូវសរសេរនៅក្នុងតារាងចែកចំណែកត្រូវបានបញ្ញត្តនៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤៩០ កថាខណ្ឌទី ៤។ ការបង្កើតតារាងចែកចំណែកមានដំណើរការដូចខាងក្រោម ៖

         (១) ការបង្ហាញ និង ការកែតម្រូវសេចក្តីព្រាងដើមនៃតារាងចែកចំណែក

តុលាការអនុវត្ត ត្រូវយកសេចក្តីព្រាងដើមនៃតារាងចែកចំណែកដែលបានបង្កើតរួចមកបង្ហាញ រួចសួរយោបល់ម្ចាស់បំណុលនីមួយៗ និងកូនបំណុលនៃការអនុវត្ត ។ បើមានភាពចាំបាច់ តុលាការអនុវត្តអាចធ្វើការពិនិត្យភស្តុតាងជាឯកសារ ដែលអាចធ្វើការពិនិត្យភ្លាមៗបាន (ក្រមនីតិ/ណី មាត្រា ៤៩០ កថា. ៣)។ ផ្អែកលើព័ត៌មានដែលទទួលបានតុលាការអនុវត្តត្រូវធ្វើការកែតម្រូវសេចក្តីព្រាងដើមនៃតារាងចែកចំណែកបើមានភាពចាំបាច់ ។

         (២) ការបង្កើតតារាងចែកចំណែក បន្ទាប់ពីតុលាការអនុវត្តបានបញ្ចប់ការកែតម្រូវសេចក្តីព្រាងដើមនៃតារាងចែកចំណែក និងបានចេញនូវលទ្ធផលចុងក្រោយរួច តុលាការអនុវត្តត្រូវធ្វើការកំណត់លំដាប់នៃម្ចាស់បំណុលនីមួយៗ និងចំនួនទឹកប្រាក់នៃចំណែកដែលម្ចាស់បំណុលនីមួយៗត្រូវទទួលបាន រួចបង្កើតតារាងចែកចំណែក យោងតាមការកំណត់នៃក្រមរដ្ឋប្បវេណី ច្បាប់ដែលទាក់ទងនឹងពាណិជ្ជកម្ម ឬច្បាប់ផ្សេងទៀត (ក្រមនីតិ/ណី មាត្រា ៤៩០ កថា, ៥)។ ប៉ុន្តែ នៅក្នុងករណីដែលម្ចាស់បំណុលទាំងអស់បង្ហាញខ្លួននៅកាលបរិច្ឆេទនៃការចែកចំណែក ហើយបានព្រមព្រៀងគ្នាអំពីការចែកចំណែក នោះវាក៏អាចមានករណីដែលខ្លឹមសារនៅក្នុងតារាងចែកចំណែកអំពីលំដាប់នៃម្ចាស់បំណុលនីមួយៗ និងចំនួនទឹកប្រាក់នៃចំណែកដែលម្ចាស់បំណុលនីមួយៗត្រូវទទួលបាន មានភាពខុសទៅនឹងអ្វីដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណី ជាដើមដែរ (ក្រមនីតិ/ណី មាត្រា ៤៩០ កថា. ៥)។

         (៣) ការតវ៉ាចំពោះការសរសេរលើតារាងចែកចំណែក

ម្ចាស់បំណុល ឬកូនបំណុលដែលមានឧបាស្រ័យចំពោះតារាងចែកចំណែកដែលតុលាការអនុវត្ត បានបង្កើតអាចជ្រែងសេចក្តីតវ៉ាបាន (ក្រមនីតិ/ណី មាត្រា ៤៩១ កថា.១) ។ តុលាការអនុវត្ត មិនចាំបាច់ធ្វើការកែប្រែតារាងចែកចំណែកទេ និងមិនត្រូវធ្វើការចែកចំណែកចំពោះផ្នែកដែលត្រូវបានតវ៉ានោះឡើយ ។ យ៉ាងណាមិញម្ចាស់បំណុល ឬកូនបំណុលនៃការអនុវត្តដែលបានថ្លែងសេចក្តីតវ៉ា ត្រូវដាក់ពាក្យបណ្ដឹងតវ៉ាចំពោះការសរសេរលើតារាងចែកចំណែក ឬពាក្យបណ្តឹងតវ៉ាចំពោះការទាមទារទៅតុលាការអនុវត្ត ហើយត្រូវបញ្ជាក់ថាបានដាក់ពាក្យបណ្តឹងក្នុងអំឡុងពេល ១ (មួយ) សប្ដាហ៍ ព្រោះបើមិនបានដាក់ពាក្យបណ្តឹងក្នុងអំឡុង ពេលកំណត់នេះទេគេនឹងចាត់ទុកថាការតវ៉ានោះចំពោះការសរសេរលើតារាងចែកចំណែកត្រូវបានដកវិញ (ក្រម នីតិ/ណី មាត្រា ៤៩២ កថា.៣, មាត្រា ៤៩៣ កថា.៤)។ ដូច្នេះ ម្ចាស់បំណុល ឬកូនបំណុលនៃការអនុវត្ត ដែលបានថ្លែងសេចក្តីតវ៉ា ត្រូវធ្វើសកម្មភាពឲ្យបានឆាប់រហ័សស្របតាមក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤៩២ ឬ មាត្រា ៤៩៣ ។

         (៤) ការអនុវត្តការចែកចំណែក

តុលាការអនុវត្ត ត្រូវធ្វើការចែកចំណែកតែផ្នែកដែលគ្មានការតវ៉ា ដោយផ្អែកលើតារាងចែកចំណែក (ក្រម នីតិ/ណី មាត្រា ៤៩១ កថា.២) ។ ចំពោះផ្នែកដែលត្រូវបានតវ៉ា ប្រសិនបើមិនមានការបញ្ជាក់ថា បានដាក់ពាក្យបណ្តឹងក្នុងអំឡុងពេល ១ សប្តាហ៍ គិតចាប់ពីកាលបរិច្ឆេទនៃការចែកចំណែកទេ នោះគេនឹងចាត់ទុកថាការតវ៉ា នោះចំពោះការសរសេរលើតារាងចែកចំណែកត្រូវបានដកវិញ ហេតុនេះ ផ្នែកដែលត្រូវបានតវ៉ានោះ ក៏ត្រូវធ្វើការចែកចំណែកដែរ ។

         យ៉ាងណាមិញ ចំពោះផ្នែកដែលមិនមានការតវ៉ាក៏ដោយ ផ្នែកដែលមានមូលហេតុដូចដែលបានបញ្ញត្តនៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤៩៤ មិនត្រូវធ្វើការចែកចំណែកទេ ហើយតុលាការអនុវត្តត្រូវផ្អាកទុកទឹកប្រាក់នោះសិន ។ នៅក្នុងករណីដែលមិនមានមូលហេតុក្នុងការផ្លាកទុកទេ តុលាការអនុវត្តត្រូវអនុវត្តការចែកចំណែក ដោយផ្អែកតាមមាត្រា ៤៩៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login