2019-10-07 09:02
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣៦- តើតម្លៃលក់អប្បបរមាត្រូវកំណត់យ៉ាងដូចម្តេច ?
៣៧- តើតុលាការអនុវត្តត្រូវធ្វើដូចម្តេច ប្រសិនបើការសរសេរនៅក្នុងឯកសារលំអិតអំពីវត្តមានកំហុស ហើយតម្លៃលក់អប្បបរមាទាបពេក ?
៣៨- តើម្ចាស់បំណុលនៃការអនុវត្តអាចធ្វើសំណើទិញបានដែរ ឬទេ ?
៣៩- តើកូនបំណុលនៃការអនុវត្តអាចធ្វើសំណើទិញបានដែរ ឬទេ ?
៤០- ក្នុងករណីដែលគ្មានជនដែលមានគោលបំណងទិញសូម្បីតែម្នាក់ តើតុលាការអនុវត្តត្រូវធ្វើដូចម្តេច ?
ចម្លើយ
៣៦- តុលាការអនុវត្ត ត្រូវកំណត់តម្លៃលក់អប្បបរមា ដោយផ្អែកលើការវាយតម្លៃរបស់អ្នកវាយតម្លៃ (ក្រមនីតិ/ណី មាត្រា ៤៣២ កថា.១)។ ជាគោលការណ៍ តុលាការអនុវត្តកំណត់តម្លៃលក់ជាអប្បបរមាតាមចំនួនទឹកប្រាក់ដែលបាន វាយតម្លៃដោយអ្នកវាយតម្លៃ។ ប៉ុន្តែ បន្ទាប់ពីតុលាការអនុវត្តបានធ្វើការបញ្ជាក់នូវឯកសារផ្សេងទៀត (ឯកសារចម្លង ដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចនវត្ថុ ឯកសារស្រាវជ្រាវអំពីស្ថានភាពបច្ចុប្បន្ន ឯកសារលំអិតអំពីវត្ថុ សេចក្តីរាយការណ៍អំពីសិទ្ធិលើបំណុល (ក្រមនីតិ/ណី មាត្រា ៤២៣) ជាអាទិ៍) ហើយជាលទ្ធផលតុលាការអនុវត្តនឹងអាចរកឃើញថារបាយការណ៍វាយតម្លៃខុសពីស្ថានភាពជាក់ស្តែង និងការគណនានៅលើរបាយការណ៍មានកំហុស។ ក្នុងករណីបែបនេះ វាមានភាពសមស្របដែលតុលាការអនុវត្តធ្វើការបង្គាប់ឲ្យអ្នកវាយតម្លៃធ្វើការវាយតម្លៃម្តងទៀត។ យ៉ាងណាមិញ បើកំហុសនោះមានភាពងាយស្រួលក្នុងការកែតម្រូវ តុលាការអនុវត្តមិនបាច់បង្គាប់ឲ្យធ្វើការវាយតម្លៃម្តងទៀតទេ គឺតុលាការអនុវត្តអាចកំណត់តម្លៃលក់អប្បបរមាដែលខុសពីចំនួនទឹកប្រាក់វាយតម្លៃបាន ។
៣៧- ប្រសិនបើបានដឹងថាខ្លួនមានកំហុស តុលាការអនុវត្តអាចសរសេរកែតម្រូវឯកសារលំអិតអំពីវត្ថុ ហើយអាចផ្លាស់ប្តូរតម្លៃលក់អប្បបរមាដោយឆន្ទានុសិទ្ធិបាន (ក្រមនីតិ/ណី មាត្រា ៤៣២ កថា.២)។ ប្រសិនបើម្ចាស់បំណុលនៃការអនុវត្ត និង កូនបំណុលនៃការអនុវត្តបានដឹងថាមានកំហុស នោះពួកគាត់អាចតវ៉ាទៅតុលាការអនុវត្ត ដោយទាមទារឲ្យផ្លាស់ប្តូរតម្លៃលក់អប្បបរមា និងកែតម្រូវនៅក្នុងឯកសារលំអិតអំពីវត្ថុបាន (ក្រមនីតិ/ណី មាត្រា ៣៤៤ កថា.១) ។ តុលាការអនុវត្តត្រូវធ្វើការបញ្ជាក់ម្តងទៀត នូវរបាយការណ៍វាយតម្លៃ ហើយធ្វើការពិនិត្យអចលនវត្ថុហ៊ីប៉ូតែកម្តងទៀត និងធ្វើការពិនិត្យភស្តុតាងដែលភាគីបានដាក់ឲ្យ ព្រមទាំងធ្វើការបញ្ជាក់អំពីការតវ៉ានោះថាមាន ឬគ្មានហេតុផល។ លើសពីនេះ បើការតវ៉ាមានហេតុផល នោះតុលាការអនុវត្តត្រូវសរសេរកែតម្រូវនៅលើឯកសារលំអិត អំពីវត្ថុព្រមទាំងផ្លាស់ប្តូរតម្លៃលក់អប្បបរមាដោយដីកាសម្រេច ។
៣៨- ក្រមនីតិវិធីរដ្ឋប្បវេណីមិនបានហាមឃាត់ម្ចាស់បំណុលនៃការអនុវត្តក្នុងការធ្វើសំណើទិញ ទេ។ ហេតុនេះ ប្រសិនបើពុំមានការហាមឃាត់នៅក្នុងបញ្ញត្តិផ្សេងទៀតទេ នោះម្ចាស់បំណុលនៃការអនុវត្តអាចធ្វើសំណើទិញបាន ។ ក្នុងករណីដែលម្ចាស់បំណុលនៃការអនុវត្តបានធ្វើសកម្មភាពមិនសមរម្យ ដោយរំខានក្នុងការដាក់ពាក្យស្នើសុំទិញរបស់ជនដែលមានបំណងទិញជាអាទិ៍ នោះអាជ្ញាសាលាអាចចាត់វិធានការណ៍កម្រិតមិនឲ្យម្ចាស់បំណុលនៃការអនុវត្តចូលកន្លែងលក់ដេញចេញពីកន្លែងលក់ ឬអាចមិនឲ្យស្នើសុំទិញបាន (ក្រមនីតិ/ណី មាត្រា ៤៣៦ កថា.៥, មាត្រា ៣៩៦)។
៣៩- កូនបំណុលនៃការអនុវត្តពុំអាចធ្វើសំណើទិញបានទេ (ក្រមនីតិ/ណី មាត្រា ៤៣៨)។ ប្រសិនបើ កូនបំណុលនៃសិទ្ធិលើបំណុលដែលត្រូវបានធានាមានប្រាក់ដើម្បីស្នើសុំទិញ នោះកូនបំណុលនៃសិទ្ធិលើបំណុលដែលត្រូវបានធានា ត្រូវយកប្រាក់នោះទៅសងម្ចាស់បំណុលនៃការអនុវត្តដោយផ្ទាល់។ យ៉ាងណាមិញ ចំពោះនីតិវិធីអនុវត្តហ៊ីប៉ូតែកក៏អាចមានករណីដែលកូនបំណុលនៃការអនុវត្តមិនមែនជាកូនបំណុលនៃសិទ្ធិលើបំណុលដែលត្រូវបានធានាដែរ (ជននោះហៅថា"អ្នកធានាដោយវត្ថុ” )។ ដោយសារតែអ្នកធានាដោយវត្ថុមិនមានកាតព្វកិច្ចសងសិទ្ធិលើបំណុល ដែលត្រូវបានធានាចំពោះម្ចាស់បំណុលនៃការអនុវត្ត ដូច្នេះ អ្នកធានាដោយវត្ថុមានជំហរខុសពីកូនបំណុលនៃសិទ្ធិលើបំណុលដែលត្រូវបានធានា។ ហេតុនេះ ក្នុងករណីដែលកូនបំណុលនៃការអនុវត្តជាអ្នកធានាដោយវត្ថុនោះគេអាចធ្វើការបកស្រាយបានថា អ្នកធានាដោយវត្ថុអាចស្នើសុំទិញបាន (ប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ ១២ វាក្យខណ្ឌទី ២)។
៤០- តុលាការអនុវត្តត្រូវកំណត់កាលបរិច្ឆេទលក់សារជាថ្មី ហើយឲ្យអាជ្ញាសាលាអនុវត្តការលក់ម្តងទៀត។ ប្រសិនបើ មូលហេតុដែលគ្មានអ្នកទិញ ដោយសារតែតម្លៃលក់អប្បបរមាខ្ពស់ពេកនោះ តុលាការអនុវត្តអាចបញ្ចុះតម្លៃលក់អប្បបរមាបាន (ក្រមនីតិ/ណី មាត្រា ៤៣២ កថា.២)។ ប៉ុន្តែ ប្រសិនបើធ្វើការបញ្ចុះតម្លៃលក់អប្បបរមា ដោយមិនបានពិចារណា នោះវាអាចនឹងជះឥទ្ធិពលមិនល្អ។ ប្រសិនបើគ្មានអ្នកទិញ ហើយតុលាការអនុវត្តធ្វើការបញ្ចុះតម្លៃលក់អប្បបរមាឲ្យកាន់តែថោកទៅៗ នោះគេមានការព្រួយបារម្ភថា អ្នកមានគោលបំណងទិញនឹងកម្រធ្វើការស្នើសុំទិញ ដោយរង់ចាំឲ្យតម្លៃលក់អប្បបរមានោះចុះថោកសិន។ ប្រសិនបើធ្វើបែបនេះ នីតិវិធីនៃការលក់នឹងមានភាពយឺតយ៉ាវ ដូចនេះ តុលាការអនុវត្តមិនចាំបាច់ផ្លាស់ប្តូរតម្លៃលក់អប្បបរមាទេ គឺគ្រាន់តែបង្គាប់ឲ្យអាជ្ញាសាលាធ្វើការលក់ម្តងទៀត ដោយធ្វើការពិចារណាការអនុវត្តវិធីផ្សេងក្រៅពីវិធីលក់ឡាយឡុងដោយស្រោមសំបុត្រ ឬ ដោយផ្ទាល់មាត់ (ក្រមនីតិ/ណី មាត្រា ៤៣៦ កថា.២)។ ខ្លឹមសារលំអិតនៃក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤៣៦ កថា.២ ដែលបានកំណត់ថា "វិធីលក់ផ្សេងទៀតក្រៅពីវិធីលក់ឡាយឡុងដោយស្រោមសំបុត្រ ឬ ដោយផ្ទាល់មាត់” គឺអាស្រ័យទៅលើការអនុវត្តជាក់ស្តែងដែលមានលក្ខណៈសមរម្យ ដោយពុំមានកំណត់ក្នុងក្រមនីតិវិធីរដ្ឋប្បជាទេ ។ ឧទាហរណ៍ ក្នុងករណីដែលទីកន្លែងនៃអចលនវត្ថុនោះមានលក្ខណៈលំបាកក្នុងការធ្វើដំណើរទៅ នោះទោះបីជាគ្មានអ្នកទិញអចលនវត្ថុនោះដោយស្រោមសំបុត្រក៏ដោយ ក៏ប្រហែលជាមានអ្នកជិតខាងណាម្នាក់ដែលមានឆន្ទៈចង់ទិញផងដែរ។ ម្យ៉ាងទៀត ក្នុងករណីដែលមានអ្នកកាន់កាប់អចលនវត្ថុនោះ ទោះបីជាគ្មានអ្នកទិញដោយស្រោមសំបុត្រក៏ដោយ ក៏ប្រហែលជាអ្នកកាន់កាប់អចលនវត្ថុនោះផ្ទាល់មានឆន្ទៈចង់ទិញដែរ។ តុលាការអនុវត្តអាច ទៅចរចារដោយផ្ទាល់ជាមួយអ្នកទាំងនោះ ហើយអាចឲ្យអ្នកទាំងនោះទិញបាន។ យ៉ាងណាមិញ ក្នុងករណីដែលយល់ឃើញថា លទ្ធផលនៃការបញ្ចុះតម្លៃលក់អប្បបរមានៃអចលនវត្ថុ ក្រោយពីបានសងសោហ៊ុយសម្រាប់នីតិវិធីហើយគ្មានលទ្ធភាពសល់ទេនោះ (ក្រមនីតិ/ណី មាត្រា ៣៧១ កថា.១) តុលាការអនុវត្តត្រូវជូនដំណឹងអំពីការណ៍នោះទៅឲ្យម្ចាស់បំណុលនៃការអនុវត្ត (ក្រមនីតិ/ណី មាត្រា ៤៣៥ កថា.១)។ ប្រសិនបើ ម្ចាស់បំណុលនៃការអនុវត្តស្នើទៅតុលាការអនុវត្តថា ខ្លួននឹងទិញក្នុងតម្លៃស្នើសុំ ដែលសំណើនោះត្រូវធ្វើឡើងក្នុងអំឡុងពេល ១ (មួយ) សប្ដាហ៍គិតចាប់ពីថ្ងៃដែលម្ចាស់បំណុលនៃការអនុវត្តទទួលបានដំណឹង ហើយតម្លៃស្នើសុំនោះត្រូវលើសពីតម្លៃប៉ាន់ប្រមាណនៃសោហ៊ុយសម្រាប់នីតិវីធី ហើយម្ចាស់បំណុលនៃការអនុវត្ត បានដាក់ប្រាក់ធានាស្មើនឹងតម្លៃស្នើសុំនោះតុលាការអនុវត្តអាចបន្តនីតិវិធីបាន។ ប៉ុន្តែ តុលាការអនុវត្តត្រូវលុបចោលនីតិវិធីលក់ដោយបង្ខំ ក្នុងករណីដែលម្ចាស់បំណុលនៃការអនុវត្តមិនបានធ្វើតាមវិធានការណ៍ដូចបានរៀបរាប់ខាងលើនេះ (ក្រមនីតិ/ណី មាត្រា ៤៣៥ កថា.២)។