ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មិនមានពេលវេលាកំណត់ទេ ពោលគឺទៅតាមភាពចាំបាច់របស់ប្រទេសជាតិ ពីព្រោះថាបើយើងមិនកែរដ្ឋធម្មនុញ្ញ គឺប្រទេសជាតិទៅមុខមិនរួច ដោយសារតែប្រទេសជាតិជួបប្រទះនឹងភាពជាប់គាំងខាងនយោបាយ ។ ឆ្នាំ១៩៩៣ យើងមានរដ្ឋធម្មនុញ្ញហើយ ហើយនៅឆ្នាំ១៩៩៤ យើងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានចំនួន ០១ដង ពីព្រោះថាពេលនោះ បើព្រះមហាក្សត្រទ្រង់ត្រូវយាងទៅព្យាបាលរោគនៅទីក្រុងប៉េកាំង គឺគ្មាននរណាអាចចុះ ព្រះហស្តលេខាជំនួសព្រះ អង្គក្នុងនាមព្រះប្រមុខរដ្ឋបាននោះទេ បើតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។ ក្រោយបោះឆ្នោត ឆ្នាំ១៩៩៨ កម្ពុជាជួបភាពជាប់គាំងខាងនយោបាយដែលជាហេតុធ្វើឱ្យគណបក្សប្រជាជនកម្ពុជា និងគណបក្ស ហ៊្វុនស៊ិនប៉ិច ចរចាគ្នាសម្រេចឱ្យកែរដ្ឋធម្មនុញ្ញ ដើម្បីទម្លាយភាពជាប់គាំងនោះ ។ ដូច្នេះហើយយើងបានជំពូកថ្មីមួយទៀតស្តីពីព្រឹទ្ធសភា ។ នៅឆ្នាំ១៩៩៨ ដល់ ឆ្នាំ២០០៣ រដ្ឋសភាជួបបញ្ហាលំបាកដោយសារតែខ្វះចំនួនកូរ៉ុម រដ្ឋសភា និងសំឡេងដើម្បីអនុម័ត ដូចជានៅពេលប្រជុំរដ្ឋសភា បើមានការមិនពេញចិត្តពីសំណាក់តំណាងរាស្ត្ររបស់គណបក្សនយោបាយមួយនោះ ពួកគេក៏នាំគ្នាចេញពីរដ្ឋសភាទាំងពេលកំពុងប្រជុំដែលជាហេតុធ្វើឱ្យរដ្ឋសភាមិនអាចអនុម័តអ្វីកើតពីព្រោះមិនអាចរកចំនួនកូរ៉ុម ៧/១០ និង សំឡេងភាគច្រើន ២/៣ បាន ។ លុះក្រោយពីការបោះឆ្នោតឆ្នាំ២០០៣ហើយ យើងនៅជាប់គាំងនយោបាយ ១ឆ្នាំទៀត រហូតដល់មានកិច្ចព្រមព្រៀងស្រុះស្រួលគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០០៤ ។ ប៉ុន្តែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញទេ។ ចំណែកឯអ្នកមានសិទ្ធិផ្តួចផ្តើមស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរួមមាន ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភាតាមសំណើរបស់តំណាងរាស្ត្រចំនួន ១/៤ ហើយប្រធានព្រឹទ្ធសភា និងសមាជិក ព្រឹទ្ធសភា ពុំមានសិទ្ធិនេះទេ។ គ្រប់សំណើទាក់ទងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រទ្រង់ត្រូវ ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យមើលថាសំណើនោះ មិនបានធ្វើឱ្យប៉ះពាល់ទៅនឹងការហាមឃាត់របស់រដ្ឋធម្មនុញ្ញ ជាពិសេសរបបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។ ចំពោះឯកសារវិញ ម្ចាស់សំណើត្រូវធ្វើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការធ្វើវិសោធនកម្មមាត្រានៃរដ្ឋធម្មនុញ្ញណាមួយ សេចក្តីថ្លែងហេតុ និងត្រូវមានហត្ថលេខាច្បាស់លាស់ភ្ជាប់មកជាមួយ ដើម្បីដាក់ជូនរដ្ឋសភាអនុម័ត និងព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ ។