ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្រមព្រហ្មទណ្ឌ បានបែងចែកទោសព្រហ្មទណ្ឌជា ០៣ (បី) ប្រភេទ គឺ ៖ (ក.) មូលទោស (ខ.) អនុទោស និង (គ.) ទោសជំនួស។ ដើម្បីអាចយល់បានច្បាស់អំពីមូលទោស យើងនឹងធ្វើការបកស្រាយដូចតទៅ៖
ក- មូលទោស គឺជាទោសមូលដ្ឋានដែលយកទៅប្រើប្រាស់សម្រាប់ការប្រកាសទោសចំពោះជនជាប់ចោទ ដែលបានប្រព្រឹត្តបទល្មើស។ មូលទោស ត្រូវបានបែងចែកជា ០២ (ពីរ) ប្រភេទ គឺ ទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។ ទោសដាក់ពន្ធនាគារ គឺជាទោសគុកដែលដកសិទ្ធិសេរីភាព មានកំណត់កាលដែលត្រូវបានផ្តន្ទាទោសដោយដាក់ពន្ធនាគារ។ កាលបើបទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ច្បាប់កំណត់អំពី អប្បបរមា និងអតិបរមានៃទោសដាក់ពន្ធនាគារ ។ ទោសពិន័យជាប្រាក់ គឺជាទោសដែលចៅក្រមជំនុជម្រះប្រកាសឲឲ្យជនជាប់ចោទបង់ប្រាក់ចូលរដ្ឋតាមការកំណត់ឲ្យបង់។ ការពិន័យត្រូវគិតជាប្រាក់រៀល ។ កាលបើបទល្មើសត្រូវផ្ដន្ទាទោសពិន័យ ច្បាប់កំណត់អំពីអប្បបរមា និង អតិបរមា នៃចំនួនទឹកប្រាក់ពិន័យដែលត្រូវទទួល ។
ខ- អនុទោស ឬទោសបន្ថែម គឺជាទោសដែលតុលាការប្រកាសបន្ថែមទៅលើមូលទោស។ ទោសបន្ថែម នឹងអាចប្រកាសទៅបាន លុះត្រាតែទោសនេះត្រូវបានចែងដោយជាក់លាក់ចំពោះបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ ដែលត្រូវចោទប្រកាន់។ ទោសបន្ថែម អាចប្រកាសក៏បាន មិនប្រកាសក៏បាន។ ទោសបន្ថែមត្រូវ ប្កាសជាកាតព្វកិច្ច ប្រសិនបើច្បាប់ចែងយ៉ាងជាក់លាក់ ។ អនុទោស ឬ ទោសបន្ថែម មានដូចជា ៖
ក្រៅពីទោសបន្ថែមដែលបានរៀបរាប់ខាងលើ ក៏មានទោសបន្ថែមដែលមានចែងក្នុងច្បាប់ដោយឡែកដែរ។ទោសបន្ថែមទាំងឡាយ ដែលមានចែងនៅក្នុងចំណុច ១, ២, ៣, ៤, ៥, ៦ និង ៧ ខាងលើនេះ ត្រូវអនុវត្ដនៅពេលផុតទោសពន្ធនាគារ លើកលែងតែមានសេចក្ដីសម្រេចផ្ទុយរបស់តុលាការ។
គ- ទោសជំនួស សំដៅលើទោសជាការងារសហគមន៍ ឬការស្តីបន្ទោស ដែលជំនួសឲ្យមូលទោស។ តុលាការដែលប្រកាសទោសជាការងារសហគមន៍ ឬការស្តីបន្ទោស ពុំអាចប្រកាសទោសពន្ធនាគារ ឬទោសពិន័យបានទេ។ តុលាការពុំអាចប្រកាសទោសជំនួសទាំងពីរនេះ ត្រួតគ្នាបានឡើយ។ មូលហេតុដែលសម្រេចអំពីទោសជំនួស គឺដោយផ្អែកទៅលើគោលការណ៍មនុស្សធម៌ គេអាចពិនិត្យទៅលើស្ថានភាព កលៈទេសៈនៃការប្រព្រឹត្តបទល្មើស ដើម្បីមិនអនុវត្តទោសដែលជាមូលដ្ឋាន ដោយយកទោសជំនួសមកអនុវត្តវិញ ។ នៅពេលដែលចៅក្រមយល់ឃើញថា ទោសពន្ធនាគារពុំត្រូវបានបង្ហាញទេ(ដោយមានមូលហេតុមកពីយុវភាពនៃជនជាប់ចោទ) ហើយទោសពិន័យក៏ពុំអាចអនុវត្ដបានដែរ (ដោយប្រៀបធៀបទៅនឹងធនធានរបស់ជនជាប់ចោទ) ចៅក្រមអាចប្រកាសទោសជំនួសវិញ។ ចៅក្រមអាចប្រកាសទោសការងារសហគមន៍ តែក្នុងករណីដែលជនជាប់ចោទមានវត្ដមាននៅក្នុងសវនាការ ហើយព្រមបំពេញការងារនោះប៉ុណ្ណោះ។ នៅមុនពេលប្រកាសសេចក្ដីសម្រេចរបស់ខ្លួន ចៅក្រមត្រូវដាស់តឿនដល់ជនជាប់ចោទថា ខ្លួនអាចបដិសេធមិនធ្វើការងារនេះ ហើយចម្លើយរបស់ជនជាប់ចោទ ត្រូវតែចុះក្នុងសេចក្ដីសម្រេចរបស់តុលាការ។ គួរគូសបញ្ជាក់ផងដែលថា តុលាការដែលប្រកាសទោសការងារសហគមន៍ ត្រូវតែកំណត់ថិរវេលានៃការងារនេះ និងរយៈពេលដែលត្រូវបំពេញ ហើយរយៈពេលនេះមិនអាចលើសពី ០១(មួយ) ឆ្នាំឡើយ។ បែបបទនៃការអនុវត្តទោសការងារសហគមន៍ ស្ថិតនៅក្នុងសមត្ថកិច្ចរបស់ស្ថាប័នអយ្យការ មានន័យថា ព្រះរាជអាជ្ញាមានសមត្ថកិច្ចចង្អុលប្រាប់ឈ្មោះនីតិបុគ្គលដែលត្រូវទទួលអត្ថប្រយោជន៍ពីការងារនេះ និងការត្រួតពិនិត្យលើការអនុវត្តការងារនេះ។ រីឯចំពោះការស្តីបន្ទោសវិញ លុះត្រាតែជនជាប់ចោទរងទោសដាក់ពន្ធនាគារ ដែលមានអតិបរមាតិចជាង ឬ ស្មើនឹង ៣ (បី) ឆ្នាំ តុលាការអាចប្រកាសស្ដីបន្ទោស ប្រសិនបើមានគ្រប់លក្ខខណ្ឌទាំងបីដូចតទៅនេះ ៖
- ភាពចលាចលដល់សណ្ដាប់ធ្នាប់សាធារណៈដែលបណ្ដាលមកពីបទល្មើសបានបញ្ចប់
- ការខូចខាតត្រូវបានជួសជុលរួចហើយ និង
- ជនជាប់ចោទបានបង្ហាញការធានាក្នុងការចូលទៅរួមរស់នៅក្នុងសង្គមវិញ ។