Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

៨- តើជនបរទេសអាចសុំចូលសញ្ជាតិខ្មែរតាមរយៈអ្វីខ្លះ?

៩- តើត្រូវមានធាតុផ្សំអ្វីខ្លះ ដើម្បីចោទប្រកាន់ជនណាម្នាក់ពីការប្រព្រឹត្តបទល្មើសមួយ ?

១០- ចូររៀបរាប់ដោយសង្ខេបនូវមូលហេតុនៃការមិនទទួលខុសត្រូវ ឬការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌ ?

ចម្លើយ

៨- ជនបរទេស ជាធម្មតា ជនជាតិខ្មែរតែងតែទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិ​ ។ ម្យ៉ាងវិញ ការចាប់កំណើតនៅក្នុងទឹកដឹកម្ពុជាក៏ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិដូចគ្នា ។ ដោយឡែកចំពោះជនបរទេសដែលចង់បានជាសញ្ជាតិខ្មែរ គឺត្រូវគោរពតាមលក្ខខណ្ឌ និងវិធានផ្សេងៗ ទេសកម្ពុជាបានកំណត់ឡើង ដើម្បីអោយជនបរទេសអាចទទួលបានសញ្ជាតិជាខ្មែរ ដោយយោងទៅតាមច្បាប់ស្តីពីសញ្ជាតិ និងអនុក្រឹត្យផ្សេងៗទៀតរបស់រាជរដ្ឋា​ភិបាល ។ ដោយអនុលោមទៅតាមច្បាប់ស្តីពីសញ្ជាតិថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងអនុម័តកាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០១៨ បានចែងថា ជនបរទេសដែលមានបំណងចង់សុំសញ្ជាតិខ្មែរ ត្រូវអនុវត្តទៅតាមរយៈ ៖

  • ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ

យោងតាមមាត្រា ១០ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា កូនជនបរទេសដែលត្រូវបានសុំជាកូនស្មុំពេញលេញដោយសហព័ទ្ធពលរដ្ឋខ្មែរ ត្រូវទទួលបានសញ្ជាតិខ្មែរ នៅពេលដែលស្មុំកូនពេញលេញត្រូវបានបង្កើតឡើងស្របតាមច្បាប់ជាធរមាន ។

  • ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍

យោងតាមមាត្រា ១១ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា​ ស្រ្តី ឬបុរសដែលយកប្តី ឬប្រពន្ធពលរដ្ឋខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបាន លុះណាតែស្រ្តី ឬបុរសនោះបានរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយចុះបញ្ជីអាពាហ៍ពិពាហ៍ ​និងបានស្នាក់នៅយ៉ាងហោចរយៈពេល ១២ខែ ពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ត្រូវបានអនុញ្ញាតឲ្យសុំទាមទារសញ្ជាតិខ្មែរជាចង្កោមគ្រួសារចំពោះជនបរទេសជាម្តាយ ឬឪពុកដែលមានកូនជាអនីតិជន។

យោងតាមមាត្រា ១២ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨ ជនបរទេសដែលអាចសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍បាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ ៖ (១) មានគំនិត មាយាទ និងសីលធម៌ល្អ (២) ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ (៣) មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ (៤) ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះ (៥) មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ ។

បែបបទ​និង​នីតិវិធី​នៃ​ការទាមទារ​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​ ។ ការផ្តល់​សញ្ជាតិ​ខ្មែរ តាម​ករណី​ទាមទារ​សញ្ជាតិ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​។​ ជាការ​កត់សម្គាល់ ច្បាប់​បាន​បញ្ជាក់ថា នៅក្នុង​ករណីនេះ ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាត់​សញ្ជាតិ​ខ្មែរ ដោយសារតែ​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​ឡើយ​។

  • ការទទួលបានសញ្ជាតូបនីយកម្ម

យោងទៅតាមច្បាប់ស្តីពីសញ្ជាតិថ្មី ជនបរទេស ជាគោលការណ៍អាចសុំចូលសញ្ជាតិខ្មែរបានដោយសញ្ជាតូបនីយកម្ម។ សញ្ជាតូបនីយកម្ម មិនមែនជា​សិទ្ធិ​របស់​អ្នកស្នើសុំ​ឡើយ គឺជា​ការអនុគ្រោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ ក្នុងការ​សម្រេច​ឲ្យ​ជនបរទេស​ណា​ម្នាក់​ទទួល​សញ្ជាតិ​ខ្មែរ​។ ទោះ​ក្នុង​ប្រការ​ណាក៏ដោយ ពាក្យសុំ​នោះ​អាច​ត្រូវ​បដិសេធចោល​បាន​តាម​អំណាច​ឆន្ទានុសិទ្ធិ​របស់ប្រទេសកម្ពុជាបាន ។

ម្យ៉ាងវិញទៀត ជនបរទេសដែលមានសហព័ទ្ធ ឬកូនជាអនីតិជន ដែលមានបំណងស្នើសុំចូលសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម អាចដាក់ពាក្យស្នើសុំជាចង្កោមគ្រួសារ ។ លើសពីនេះទៀត ជនបរទេសអាចសុំដូរផ្លាស់ឈ្មោះជាខ្មែរបាន ដោយក្នុងករណីនេះ ត្រូវសរសេរបញ្ជាក់ឈ្មោះ នោះក្នុងពាក្យសុំសញ្ជាតូបនីយកម្មរបស់ខ្លួន។​

ជនបរទេស​ដែល​អាច​សុំ​សញ្ជាតូបនីយកម្ម​បាន ត្រូវបំពេញ​លក្ខខណ្ឌ​ដូចតទៅ ៖

- ត្រូវមាន​លិខិត​បញ្ជាក់ថា មានគំនិត​មារយាទ​និង​សីលធម៌​ល្អ

- ត្រូវមាន​លិខិត​ថ្កោលទោស​បញ្ជាក់ថា ពុំដែល​មានទោស​ពីបទ​ព្រហ្មទណ្ឌ​ណាមួយ

- ជន​នោះ​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់​នៅជាប់​ចំនួន ៧ ឆ្នាំ ដោយ​គិតពី​ថ្ងៃ​ដែល​បានទទួល​បណ្ណ​ស្នាក់នៅ ចេញ​ឲ្យ​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​

- ត្រូវមាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និងមានបណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ នៅពេល​ដាក់ពាក្យ​សុំ​ស​ញ្ជា​តូប​នី​កម្ម​

- ត្រូវ​ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះ​។ ហើយ​បង្ហាញ ភស្តុតាង​ច្បាស់​ថា ខ្លួន​អាច​រស់នៅ​ក្នុងសង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួលបាន​នូវ​ទំនៀមទម្លាប់​និង​ប្រពៃណី​ល្អ​របស់​ខ្មែរ

- ត្រូវមាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ​ ។​

ចំពោះជនបរទេសដែលរស់នៅដោយស្របច្បាប់នៅលើទឹកដីនៃប្រទេសកម្ពុជាអស់រយៈពេល ៧ឆ្នាំ អាចដាក់ពាក្យចូលជាសញ្ជាតិខ្មែរបាន តាមរយៈសញ្ជាតូបនីយកម្មដោយថែមទាំងត្រូវបំពេញលក្ខខណ្ឌមួយចំនួនដែលច្បាប់តម្រូវទើបអាចទទួលសញ្ជាតិខ្មែរបាន។ បន្ថែមជាងនេះទៅទៀត ចំពោះជនបរទេសអន្តោប្រវេសន្តណា ដែលកើតក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេលស្នាក់នៅជាប់ចំនួន ៧ឆ្នាំ ត្រូវបន្ថយមកនៅ ៣ឆ្នាំវិញ ។ រីឯ ជនបរទេសដែលបានទទួលលិខិតអនុញ្ញាត ឲ្យវិនិយោគត្រឹមត្រូវតាមច្បាប់ ពីស្ថាប័នមានសមត្ថកិច្ច (ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា) ហើយបានចំណាយទុនអនុវត្តគម្រោងវិនិយោគជាក់ស្តែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជន​បរទេសនោះអាចដាក់ពាក្យសុំចូលសញ្ជាតូបនីយកម្មបាន ក្នុងករណីជនបរទេសនោះបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ ទី៥ និងទី៦ មាត្រា ១៩នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ១២ខែ ពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំនួនទឹកប្រាក់ វិស័យអាទិភាព និងប្រភេទគម្រោងវិនិយោគ ព្រមទាំងលក្ខខណ្ឌផ្សេងទៀត ត្រូវកំណត់ដោយអនុក្រឹត្យ ។ ជនបរទេសណា ដែលបានធ្វើអំណោយជាសាច់ប្រាក់ដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ឬវិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យសុំចូលសញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ និងទី៦ មាត្រា ១៩ នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ៦ខែពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំនួនទឹកប្រាក់អំណោយជាសាច់ប្រាក់ដល់ថវិកាជាតិ ឬវិស័យមនុស្សធម៌ត្រូវកំណត់ដោយអនុក្រឹត្យ ។ បន្ថែមជាងនេះទៅទៀត ចំពោះ​ជនបរទេស​ដែល​បានបង្ហាញ​នូវ​ភស្តុតាង​ថា បានផ្តល់​គុណសម្បត្តិ​ពិសេស ឬ​ថ្វីដៃ​ពិសេស​អ្វីមួយ​ជា​ប្រយោជន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ និងបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់​ពាក្យ​ស្នើសុំចូលសញ្ជាតិ​ខ្មែរដោយសញ្ជាតូបនីយកម្ម ។

៩- ដើម្បីចោទប្រកាន់ជនណាម្នាក់ប្រព្រឹត្តបទល្មើស នីតិព្រហ្មទណ្ឌខ្មែរបានតម្រុវឲ្យបំពេញធាតុផ្សំចំនួន ០៣ (បី) គឺ៖

  • ធាតុសត្យានុម័ត

ធាតុសត្យានុម័ត ឬហៅថា ធាតុសម្ភារៈ សំដៅលើអំពើដែលជនល្មើសបានប្រព្រឹត្តបទល្មើសស្តែងចេញមកខាងក្រៅតាមរយៈអំពើបង្កគ្រោះថ្នាក់ដល់សង្គម បច្ច័យគ្រោះថ្នាក់ដល់សង្គម (ការអន្តរាយ) ដោយមានទំនាក់ទំនងហេតុផលរវាងអំពើ និងបច្ច័យដែលកើតមានដោយសារតែអំពើនោះ។ អំពើបង្កគ្រោះថ្នាក់ដល់សង្គម គឺជាសកម្មភាពជាក់ស្តែង ឬកាយវិការជាក់ស្តែងរបស់មនុស្ស ដែលបានស្តែងចេញមកបង្កឲ្យមានការអន្តរាយ ឬ គម្រាមបង្កឲ្យអន្តរាយដល់ទំនាក់ទំនងសង្គម ដែលច្បាប់ព្រហ្មទណ្ឌបានការពារ។ អំពើនោះ គឺជាកាយវិការ សម្តែងចេញមកខាងក្រៅដែលអាចមើលឃើញរបស់មនុស្សក្រោមរូបភាពជាក់ស្តែង ដើម្បីសម្រេចនូវគោលបំណងដែលមានគោលដៅនឹងសេចក្តីប៉ងប្រាថ្នា ឬសង្ឃឹមចង់បាន។ គោលដៅដែលជនល្មើសប៉ងប្រាថ្នាចង់បាន អាចជាការរំលោភបំពានលើបុគ្គល ទ្រព្យសម្បត្តិ ឬសង្គមជាតិ។ បច្ច័យ ឬការអន្តរាយ អាចកើតមានឡើងបាន លុះត្រាតែជាអំពើប្រព្រឹត្តរបស់ជននោះ ដើម្បីសម្រេចគោលដៅ ឬប៉ងប្រាថ្នាសម្រេចគោលដៅរបស់ខ្លួន។ កាលណាមានតែបច្ច័យកើតឡើង ប៉ុន្តែគ្មានអំពើណាមួយបង្កើតបច្ច័យទេនោះ វាមិនមែនជាបច្ច័យដែលត្រូវឲ្យជនណាម្នាក់ទទួលខុសត្រូព្រហ្មទណ្ឌឡើយ។ ឧទាហរណ៍៖ ឡានមួយបានបែកកញ្ចក់មុខនៅពេលចតមុខផ្ទះ។ ប៉ុន្តែអំពើដែលនាំឲ្យបែកកញ្ចក់មុខនេះ គ្មាននណារម្នាក់បានធ្វើនោះទេ គឺ កញ្ចក់បែកដោយសារតែទុក្រោមពន្លឺថ្ងៃក្តៅខ្លាំង។ ហេតុនេះ ការណ៍មានតែបច្ច័យកើតឡើងនេះ មិនបានបំពេញឲ្យមានទំនាក់ទំនងហេតុផល និងបច្ច័យ ជាធាតុសត្យានុម័តឡើយ ។

  • ធាតុអត្តនោម័ត

ធាតុអត្តនោម័ត គឺជាផ្នែកខាងក្នុងនៃបទល្មើស ដែលផ្ទុយទៅនឹងធាតុសត្យានុម័តដែលជាផ្នែកខាងក្រៅនៃបទល្មើស។ ធាតុអត្តនោម័ត ជាកិរិយាផ្លូវចិត្តរបស់ជនល្មើសចំពោះអំពើបង្កគ្រោះថ្នាក់ដល់សង្គមដែលគេបានប្រព្រឹត្ត និងចំពោះបច្ច័យដែលកើតឡើងពីអំពើនោះ។ ធាតុអត្តនោម័ត មានកត្តារួចផ្សំចំនួន ០៣ (បី) គឺ កំហុសចេតនា ឬអចេតនា គំនិតផ្តួតផ្តើមប្រព្រឹត្តបទល្មើស និង គោលដៅនៃការប្រព្រឹត្តបទល្មើស។ យើងមិនអាចមើលធាតុអត្តនោម័តឃើញនឹងភ្នែកទៅខាងក្នុងរបស់ជនល្មើសនោះទេ ប៉ុន្តែយើងអាចមើលឃើញនូវធាតុអត្តនោម័ត បានតាមរយៈធាតុសត្យានុម័តដែលជនល្មើសបានប្រព្រឹត្ត។ ទោះបីកំហុសដែលបានប្រព្រឹត្តកើតចេញពីចេតនា ឬអចេតនា កាលណាធាតុនីត្យានុកូលបានបញ្ញត្តិជាបទល្មើស ជនល្មើសនឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ។ គំនិតផ្តួចផ្តើមប្រព្រឹត្តបទល្មើស សំដៅដល់ស្ថានភាពដែលជនល្មើសមានស្មារតីគ្រប់គ្រាន់ក្នុងការប្រព្រឹត្តបទល្មើសជាសត្យានុម័តដែលជម្រុញដោយកត្តាខាងក្នុងនៃចិត្ត មានន័យថា កត្តាខាងក្នុងនៃចិត្តរបស់ជនល្មើស បានជម្រុញឲ្យកត្តាខាងក្រៅជាសត្យានុម័តប្រព្រឹត្តបទល្មើស ដើម្បីសម្រេចបាននូវគោលដៅប្រព្រឹត្តបទល្មើសដែលខ្លួនចង់បាន។ គោលដៅប្រព្រឹត្តបទល្មើស សំដៅលើស្ថានភាពដែលជនល្មើសប្រាថ្នាចង់ប្រព្រឹត្តបទល្មើសទៅលើកម្មវត្ថុនៃបទល្មើស។ កម្មវត្ថុនៃបទល្មើស មានដូចជា៖ ការរំលោភបំពានលើបុគ្គល ទ្រព្យសម្បត្តិ និងសង្គមជាតិ។

  • ធាតុនីត្យានុកូល

ធាតុនីត្យានុកូល សំដៅលើបញ្ញត្តិច្បាប់ជាធរមាន ដែលចាត់ទុកថាអំពើណាមួយជាបទល្មើស និងច្បាប់កំណត់ឲ្យអំពើនោះត្រូវផ្តន្ទាទោសតាមច្បាប់។ ធាតុនីត្យានុកូលនៃបទល្មើស និងធាតុនីត្យានុកូលនៃទោស ត្រូវតែ មានបញ្ញត្តិក្នុងច្បាប់ជាធរមាន។ ធាតុនីត្យានុកូលនៃបទល្មើស ជាអំពើណាមួយដែលច្បាប់បញ្ញត្តិថាបទល្មើស។

រីឯធាតុនីត្យានុកូលនៃទោស ជាទោសដែលច្បាប់តម្រូវឲ្យផ្តន្ទាទោសលើអំពើជាបទល្មើសនោះ។ ធាតុនីត្យានុកូលនៃបទល្មើស និងធាតុនីត្យានុកូលនៃទោស ត្រូវតែមានចែងក្នុងច្បាប់ជាធរមាន។ កាលណាមានតែធាតុនីត្យានុកូលនៃបទល្មើស ប៉ុន្តែគ្មានធាតុនីត្យានុកូលនៃទោស តុលាការក៏មិនអាចសម្រេចផ្តន្ទាទោសបានដែរ។ ឧទាហរណ៍៖ មាត្រា ៧ កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣​ បានចែងថា “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ”។ មាត្រានេះ មិនបានបញ្ញត្តិអំពីនីត្យានុកូលនៃទោសទេ ហេតុនេះតុលាការមិនអាចសម្រេចផ្តន្ទាទោស លើនរណាដែលបានរំលោភបំពានព្រះមហាក្សត្រនោះទេ គឺមានតែនីត្យានុកូលនៃបទល្មើសតែប៉ុណ្ណោះ។

ឧទាហរណ៍ ៖ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ “ក” និង “ខ” បានព្រមព្រៀងគ្នារៀបចំគម្រោងសម្លាប់ “គ” នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦។ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ បានសម្លាប់ “គ” ដោយសារតែការសម្លាប់របស់ “ក” និង “ខ” តាមគម្រោងបានព្រៀងទុក ។

មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ បានចែងថា “ឃាតកម្មគិតទុកជាមុន គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការ ពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើ រូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្ដអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ”

យើងអាចទាញបាន ធាតុនីត្យានុកូល “មាត្រា ២០០ បទឃាតកម្មគិតទុកជាមុន និងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត” ធាតុសត្យានុម័ត “អំពើសម្លាប់ ខ តាមការព្រៀងទុក” និង ធាតុអត្តនោម័ត “ចេតនាសម្លាប់”។ ហេតុនេះ ក និង ខ ត្រូវបានរងការចោទប្រកាន់ពី “បទឃាតកម្មគិតទុកជាមុន” ។

១០- ចំណោទគតិយុត្តខាងលើនេះ បានបើកផ្លូវឲ្យបេក្ខជនជ្រើសរើសយកសំណួរណាមួយ ដើម្បីធ្វើជាកម្មវត្ថុនៃការបកស្រាយ ។ ដូច្នេះ ឯកសារជំនួយស្មារតីនេះ យើងនឹងធ្វើការបកស្រាយអំពី (ក.) មូលហេតុនៃការមិនទទួសខុសត្រូវព្រហ្មទណ្ឌ និង (ខ.) ការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌ។

  • ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ

របបគតិយុត្តនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានក្រមនីតិវិធីព្រហ្មទណ្ឌអនុញ្ញាតឲ្យជនល្មើសរួចផុតពីការទទួលខុសត្រូវ ដោយកើតចេញពីស្ថានភាពចំនួន ០៦ (ប្រាំ) ករណី ៖

- ការមិនទទួលខុសត្រូវដោយសារមូលហេតុវិបល្លាសស្មារតី ៖ កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី ដែលធ្វើឲ្យបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន ជននោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ ឧទាហរណ៍ ៖ ជនវិកលចរិត ជាដើម មិនមានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌទេ ។

- ការអនុញ្ញាតដោយច្បាប់ ឬដោយអាជ្ញាធរស្របច្បាប់ ៖ អ្នកប្រព្រឹត្តអំពើល្មើស ដោយមានការអនុញ្ញាតពីច្បាប់ ឬដោយមានបញ្ជាពីអាជ្ញាធរស្របច្បាប់ មិនមានការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ ។ ឧទាហរណ៍ ៖ ទាហាន ដែលសម្លាប់គូសត្រូវក្នុងសមរភូមិមិនត្រូវជាប់ទោសពីបទឃាតកម្មទេ។ ប៉ូលិស ដែលទម្លុះទម្លាយទ្វារ ចូលទៅឆែកឆេរលំនៅដ្ឋានឯកជន ទៅតាមសាលក្រមតុលាការ ក៏មិនត្រូវជាប់ទោសពីបទរំលោភលើលំនៅដ្ឋានដែរ ។

- ការការពារស្របច្បាប់ ៖ ក្នុងករណីដែលបទល្មើសត្រូវបានប្រព្រឹត្ត ដើម្បីការពារខ្លួនឯង ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ ពីការរំលោភឈ្លានពានណាមួយ អ្នកប្រព្រឹត្តល្មើស ត្រូវរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ។ ឧទាហរណ៍៖ “ក” កំពុងតែវាយ “ខ”។ ស្រាប់តែ “គ” បានឃើញបែបនេះ “គ” ក៏រុញឲ្យ “ក” ដួលបែកក្បាល។ ក្នុងករណីនេះ “គ” មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ព្រោះច្បាប់អនុញ្ញាឲ្យពលរដ្ឋគ្រប់រូបអាចការពារខ្លួន ឬអ្នកដទៃ ស្របពេលកំពុងឈ្លានពាន ។

- ស្ថានភាពចាំបាច់ ៖ ករណីនេះស្រដៀងគ្នានឹងការការពារស្របច្បាប់ដែរ ប៉ុន្តែ ខុសត្រង់ មិនមានអំពើឈ្លានពានណាមួយនោះទេ។ អ្នកប្រព្រឹត្តល្មើស ត្រូវប្រឈមមុខនឹងស្ថានភាពចាំបាច់ ដែលកើតចេញពីលក្ខខណ្ឌធម្មជាតិ ឬហេតុការណ៍ណាមួយ ដូចជាក្នុងករណី មិនមានអ្វីទទួលទានឃ្លានខ្លាំងជិតដាច់ពោះស្លាប់ ហើយចាំបាច់ត្រូវលួចចំណីអាហារមកទទួលទាន ។ អ្នកបើកឡានដាច់ហ្វ្រាំងចុះជម្រាល ហើយបង្ខំចិត្ត បើកចេញពីផ្លូវ ទៅបុកផ្ទះអ្នកស្រុក ដើម្បីចៀសវាងកុំឲ្យបុកមនុស្សនៅខាងមុខ ។ល។

ដូច្នេះ ការលួច ឬការបំផ្លាញផ្ទះអ្នកស្រុក សុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ។ ក៏ប៉ុន្តែ ដោយសារតែអំពើល្មើសនេះត្រូវបានប្រព្រឹត្តក្នុងស្ថានភាពចាំបាច់ ដើម្បីជួយសង្រ្គោះខ្លួនឯង ឬជួយសង្រ្គោះអ្នកដទៃ អ្នកប្រព្រឹត្តអំពើល្មើសត្រូវរួចផុតពីការទទួលខុសត្រូវ។ យើងត្រូវកត់ចំណាំផងដែរ ស្ថានភាពចាំបាច់ធ្វើឡើងដើម្បីបញ្ចៀសពីស្ថានភាពមួយដែលនឹងបង្កព្យសនកម្មធ្ងន់ធ្ងរ មកត្រឹមព្យសនកម្មធួនល្មម ដែលទស្សនៈសង្គមយល់ឃើញថាត្រឹមត្រូវ សមហេតុសមផល។

- អនុភាពនៃកម្លាំង ឬការបង្ខំ ៖ ជនល្មើស ដែលប្រព្រឹត្តទង្វើល្មើស ក្រោមអានុភាពនៃកម្លាំងណាមួយ ឬក្រោមការបង្ខំពីអ្នកដទៃ ដូចជា ក្នុងករណីមានគេចាប់កូនភ្ជង់នឹងចុងកាំភ្លើង ហើយបង្ខំឲ្យឳពុកចូលទៅលួចលុយគេ ជាដើម មិនមានការទទួលខុសត្រូវព្រហ្មទណ្ឌចំពោះទង្វើល្មើសនេះទេ ។

- អនីតិជនក្រោម ១៤ឆ្នាំ ៖ ជនល្មើស ដែលជាអនីតិជនក្រោម ១៤ឆ្នាំ មិនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌទេ ។ ដូច្នេះ មូលហេតុនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌកើតចេញពីបទបញ្ញត្តិច្បាប់ជាធរមាន ដែលស្របទៅនឹងស្ថានភាពណាមួយដែលជនល្មើសបានប្រព្រឹត្តបទល្មើស ប៉ុន្តែច្បាប់ចាត់ទុកថាវាជាអំពើត្រឹមត្រូវដែល

ទស្សនៈសង្គមយល់ឃើញថាសមហេតុសមផល។

  • ការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌ

របបគតិយុត្តនៃការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានក្រមនីតិវិធីព្រហ្មទណ្ឌអនុញ្ញាតឲ្យជនជាប់ចោទទទួលបានការសម្រាលទោសពីចៅក្រមជំនុជម្រះ ដោយផ្អែកលើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈនៃជនជាប់ចោទតម្រូវ តុលាការអាចសម្រេចឱ្យជនជាប់ចោទបានទទួលនូវស្ថានសម្រាលទោសនេះ។ ស្ថានសម្រាលទោសអាចត្រូវផ្ដល់ឱ្យជនជាប់ចោទបានដែរ ទោះបីជាជននោះ ត្រូវបានប្រកាសថា ស្ថិតនៅក្នុងភាពមិនរាងចាលក៏ដោយ ។ កាលណាតុលាការផ្ដល់ឱ្យជនជាប់ចោទនូវស្ថានសម្រាលទោសអប្បបរមានៃមូលទោសចំពោះបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវបន្ថយតាមខ្នាតដូចខាងក្រោម ៖

- ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ១០ (ដប់) ឆ្នាំ អប្បបរមានៃទោសនេះ ត្រូវបន្ថយមកត្រឹម ២ (ពីរ) ឆ្នាំ ។

- ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ៥ (ប្រាំ) ឆ្នាំ ហើយតិចជាង ១០ (ដប់) ឆ្នាំ អប្បបរមានៃទោសនេះ ត្រូវបន្ថយមកត្រឹម ១ (មួយ) ឆ្នាំ ។

- ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ២ (ពីរ) ឆ្នាំ ហើយតិចជាង ៥ (ប្រាំ) ឆ្នាំ អប្បបរមានៃទោសនេះ ត្រូវបន្ថយមកត្រឹម ៦ (ប្រាំមួយ) ខែ ។

- ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ៦ (ប្រាំមួយ) ថ្ងៃ ហើយតិចជាង ២ (ពីរ) ឆ្នាំ អប្បបរមានៃទោសនេះ ត្រូវបន្ថយមកត្រឹម ១ (មួយ) ថ្ងៃ ។

- អប្បបរមានៃទោសពិន័យ ត្រូវបន្ថយមកត្រឹមពាក់កណ្ដាល ។

រីឯការផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចៅក្រម ដែលផ្ដល់ស្ថានសម្រាលទោស អាចប្រកាសទោសដាក់ពន្ធនាគារ ក្នុងចន្លោះរវាង ១៥ (ដប់ប្រាំ) និង ៣០ (សាមសិប) ឆ្នាំ ។

សរុបមក របបគតិយុត្តនៃការសម្រាលនូវការទទួលខសុត្រូវព្រហ្មទណ្ឌ បានផ្តល់នូវឆន្ទានុសិទ្ធិជូនចៅក្រមជំនុំជម្រះក្នុងការសម្រេចសេចក្តី។ ជាគោលការណ៍ចៅក្រមជំនុំជម្រះនឹងពិចារណាលើចរិកលក្ខណៈ របស់ជនជាប់ចោទ តាមរយៈការស្តាយក្រោយសកម្ម ឬការស្តាយក្រោយអកម្ម ឬការដឹងអំពីទោសកំហុសតាមការសារភាព ឬជនជាប់ចោទទើបតែប្រព្រឹត្តបទល្មើសលើកដំបូង​ជាអាទិ៍។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login