ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១- តើវិធានការបង្ការ និង វិធានការទប់ស្កាត់ ខុសគ្នាយ៉ាងដូចម្តេច? ចូរឲ្យឧទាហរណ៍?
២- តើក្រសួងស្ថាប័នណាខ្លះមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ? ចូររៀបរាប់ ។
៣- តើគោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌមានន័យដូចម្តេច ?
៤- តើទំនាស់ផលប្រយោជន៍មានន័យដូចម្តេច ? ចូរផ្តល់ឧទាហរណ៍ ?
៥- ចូរឲ្យនិយមន័យអំពីអ្នកផ្តើមគំនិត ចារី សហចារី និងអ្នកសមគំនិត ក្នុងបទល្មើស ព្រហ្មទណ្ឌមួយ?
ចម្លើយ
១- ប្រសិនបើយើងពិនិត្យមើលអំពីខ្លឹមសារទាំងមូលនៃច្បាប់ស្តីពីការប្រឆាំងនឹងអំពើពុករលួយ យើងឃើញនូវវីធានការចំនួន ០២ (ពីរ) គឺ វិធានការបង្ការ និង វិធានការទប់ស្កាត់។ វិធានការទាំងពីរនេះ ក៏មានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៨ ផងដែរ។ ដើម្បីស្វែងយល់អំពីចំណុចខុសគ្នានៃវិធានការទាំងពីរ យើងនឹងសិក្សាអំពីវិធានការនីមួយៗ ដូចតទៅ ៖
វិធានការបង្ការ សំដៅដល់គោលនយោបាយប្រឆាំងនឹងអំពើពុករលួយរបស់រាជរដ្ឋាភិបាល ដែលជំរុញឲ្យមានការចូលរួមរបស់សង្គម ហើយឆ្លុះបញ្ចាំងនូវគោលការណ៍នៃក្រិតក្រមច្បាប់ ការគ្រប់គ្រងកិច្ចការសាធារណៈ និងទ្រព្យសម្បត្តិសាធារណៈត្រឹមត្រូវ សេចក្តីថ្លៃថ្នូរ តម្លាភាព និងការទទួលខុសត្រូវ ។ វិធានការបង្ការនៅប្រទេសកម្ពុជាបច្ចុប្បន្ន បានដាក់ចេញជាគោលនយោបាយ និងតាមរយៈបទប្បញ្ញត្តិច្បាប់ជាធរមាន ។ ឧទាហរណ៍ ៖ វិធានការបង្ការជាគោលនយោបាយនាពេលថ្មីៗកន្លងទៅនេះ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ច្រៀបកម្មវិធីអប់រំពាក់ព័ន្ធនឹងការប្រឆាំងនឹងអំពើពុករលួយសម្រាប់កម្មវិធីសិក្សាចាប់ពីថ្នាក់ទី៦ ដល់ថ្នាក់ទី១២ ។ ឧទាហរណ៍ ៖ វិធានការបង្ការតាមរយៈបទប្បញ្ញត្តិច្បាប់ជាធរមានច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងក្រមព្រហ្មទណ្ឌ បានបញ្ញត្តិអំពីបទល្មើសពុករលួយ ដែលជាវិធានការបង្ការ ដែលស្របនឹងទ្រឹស្តី “គ្មានជនណាម្នាក់មិនដឹងមិនលឺអំពីច្បាប់ទេ” ។ ដូច្នេះ កាលណាមានច្បាប់ជាធរមាន មានន័យថា ពលរដ្ឋទាំងអស់ត្រូវដឹងអំពីច្បាប់នោះ ។
វិធានការទប់ស្កាត់ សំដៅដល់សកម្មភាពចូលរួម ឬសហការរវាងអង្គភាពប្រឆាំងអំពើពុករលួយជាមួយស្ថាប័ន្ធពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការកើតមានឡើងនូវអំពើពុករលួយ ប្រសិនបើគ្មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយទេ ។ ម្យ៉ាងវិញទៀត អង្គភាពប្រឆាំងអំពើពុករលួយមិនមែនចេះតែចូលរួមសកម្មភាពទប់ស្កាត់នោះទេ លុះត្រាតែបញ្ហានោះ ជារឿងបច្ចុប្បន្នភាពដែលសាធារណៈជនយល់ថានឹងមានអំពើពុករលួយកើតឡើង ប្រសិនបើគ្មានការទប់ស្កាត់នោះទេ ។ ឧទាហរណ៍ ៖ ការចូលរួមសង្កេតការណ៍នៃការប្រឡងនានា ។ ចាប់តាំងពីសម័យប្រឡងថ្នាក់ទី១២ ឆ្នាំសិក្សា ២០១៣-២០១៤ រហូតដល់ ឆ្នាំសិក្សា ២០១៤-២០១៥ កន្លងទៅនេះ វត្តមានរបស់អង្គភាពប្រឆាំងអំពើពុករលួយបានអនុវត្តវិធានការទប់ស្កាត់អំពើពុករលួយនៅថ្ងៃប្រឡង ដោយសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ។ ប្រសិនបើគ្មានវត្តមានអង្គភាពប្រឆាំងអំពើពុករលួយទេនោះ សាធារណៈជនប្រាកដជាគិតថានឹងមានអំពើពុករលួយកើតឡើងនៅថ្ងៃប្រឡង ។ យើងក៏ឃើញមានវត្តមានរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍នៃការប្រឡង ជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី៤ និងសិស្សចៅក្រមជំនាន់ទី៧ នៃសាលារាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ក្នុងអំឡងឆ្នាំ២០១៥ និងឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះផងដែរ។
២- ដើម្បីឲ្យមន្រ្តីរាជការនៃក្រសួងស្ថាប័នណាមួយអាចក្លាយជាមន្រ្តីនគរបាលយុត្តិធម៌បាន លុះត្រាតែមានច្បាប់ពិសេសបានប្រគល់នីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ។ ដោយសារតែការទទួលបាននូវនីតិសម្បទា តាមរយៈច្បាប់ពិសេសមានចំនួនច្រើន យើងគ្រាន់តែលើកយកច្បាប់ចំនួន ០៣ (បី) មកធ្វើជាកម្មវត្ថុនៃការបកស្រាយប៉ុណ្ណោះរួមមាន៖
៣- គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ សំដៅដល់ការទទួលខុសត្រូវចំពោះអំពើផ្ទាល់ខ្លួន ។ “អំពើផ្ទាល់ខ្លួន” មានន័យថា បើបុគ្គលណាម្នាក់ជាអ្នកប្រព្រឹត្តបទល្មើស ដូច្នេះបុគ្គលនោះជាអ្នកទទួលខុសត្រូវព្រហ្មទណ្ឌ ។ ករណីបែបនេះគឺខុសពីរឿងក្តីរដ្ឋប្បវេណី មានន័យថាក្នុងរឿងរដ្ឋប្បវេណី ច្បាប់អនុញ្ញាតឲ្យអ្នកដទៃទទួលខុសត្រូវជំនួសបាន ។ ប៉ុន្តែនៅក្នុងរឿងព្រហ្មទណ្ឌ អ្នកណាជាអ្នកប្រព្រឹត្តបទល្មើស អ្នកនោះគឺជាអ្នកទទួលខុសត្រូវដែលភាសាខ្មែរយើងនិយាយយ៉ាងសាមញ្ញថា “អ្នកណាធ្វើ អ្នកនោះទទួល” ហេតុនេះមិនអាចឲ្យអ្នកដទៃចូលទៅទទួលទោសជំនួសទេ ទោះបីទោសនោះជាទោសប្រភេទអ្វីក៏ដោយ ។ ដើម្បីងាយយល់ យើងសូមលើកឧទាហរណ៍ ៖ មូលទោស គឺទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ។ ប្រសិនបើជននោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ គឺច្បាប់មិនអនុញ្ញាតឲ្យអ្នកដ៏ទៃចូលទៅទទួលរងទោសជំនួសឲ្យទណ្ឌិតនោះទេ ។ សូម្បីតែការបង់ប្រាក់ពិន័យ ក៏ច្បាប់មិនអនុញ្ញាតឲ្យអ្នកដ៏ទៃទៅបង់ប្រាក់ជំនួសដែរ ព្រោះគោលបំណងនៃទោសព្រហ្មទណ្ឌដែលមានគោលដៅធ្វើឲ្យជននោះខ្លាចរអារ និងដើម្បីបង្ការដល់សាធារណជន ។ ដូច្នេះការដាក់ទណ្ឌកម្ម គឺធ្វើឲ្យទណ្ឌិតមានអារម្មណ៍មួយទទួលរងថាអ្វីដែលគាត់ប្រព្រឹត្តគឺខុស ហើយនៅពេលខុស តើគាត់បានទទួលរងនូវផលវិបាកអ្វីខ្លះ ចំពោះផ្ទាល់ខ្លួនឯងជាដើម ។
៤- យោងតាមមាត្រា ៤ ចំណុច១១ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានឲ្យនិយមន័យថា “ទំនាស់ផលប្រយោជន៍ មានន័យថា ផលប្រយោជន៍ជាទឹកប្រាក់ ផលប្រយោជន៍នយោបាយ ផលប្រយោជន៍សម្រាប់គ្រួសារ ឬផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចមានឥទ្ធិពលលើទង្វើរបស់ជនណាម្នាក់ ក្នុងការអនុវត្តកាតព្វកិច្ចជាផ្លូវការបស់ខ្លួន ។ ឧទាហរណ៍ ៖ មេធាវី “ក” ជាអន្តរការី (រត់ការ) ឲ្យកូនក្តីរបស់ខ្លួនឈ្មោះ “ខ” រួចផុតពីការឃុំខ្លួនរបស់ ចៅក្រមស៊ើបសួរឈ្មោះ “គ” ជាថ្នូរនឹងប្រាក់ចំនួន ៣០០០ (បីពាន់) ដុល្លាអាមេរិក ។ ប៉ុន្តែនៅពេលដែលចៅក្រមស៊ើបសួរសម្រេចឲ្យជនត្រូវចោទ “ខ” រួចផុតពីការឃុំខ្លួនបណ្តោះអាសន្ន ចៅក្រមស៊ើបសួរ និងមេធាវី មិនបានចែកផលប្រយោជន៍ឲ្យព្រះរាជអាជ្ញានោះទេស្រាប់តែពេលចេញដីកាសម្រេចឲ្យនៅក្រៅឃុំ ព្រះរាជអាជ្ញាបានដឹងអំពីផលប្រយោជន៍នេះ ព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ ព្រោះកាលណាមានបណ្តឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញា ជនត្រូវចោទ “ខ” មិនអាចចេញក្រៅឃុំភ្លាមនោះទេ គឺ ត្រូវរង់ចាំឲ្យសភាស៊ើបសួរជាអ្នកសម្រេចជាមុនសិន ។
តាមអង្គហេតុខាងលើ យើងទាញបាន ៖
ក. ប្រាក់ចំនួន ៣០០០ (បីពាន់) ដុល្លាអាមេរិក ជាផលប្រយោជន៍ជាទឹកប្រាក់ ។
ខ. ការប្តឹងរបស់ព្រះរាជអាជ្ញា ជាទង្វើដែលមានឥទ្ធិពលលើជនត្រូវចោទ ដោយរក្សាការឃុំខ្លួនបន្ត ។
គ. ការសម្រេចប្តឹង ឬមិនប្តឹងរបស់ព្រះរាជអាជ្ញា ជាកាតព្វកិច្ចក្នុងការត្រួតពិនិត្យគ្រប់សេចក្តីសម្រេច របស់ចៅក្រមស៊ើបសួរ ដើម្បីការពារប្រយោជន៍សាធារណៈ ។
ដូច្នេះ ធាតុផ្សំនៃ “ទំនាស់ផលប្រយោជន៍” ត្រូវបានបំពេញយោងតាមអង្គហេតុខាងលើ ។
៥- និយមន័យនៃពាក្យ ៖ តាមអត្ថបទច្បាប់ (ក្រមព្រហ្មទណ្ឌ) ។
- ជំរុញឱ្យប្រព្រឹត្ដបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ តាមការណែនាំ ឬការបញ្ជា ។
- បង្កឱ្យមានបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ ដោយផ្ដល់អំណោយ ដោយការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏ដោយការរំលោភអាជ្ញា ឬ អំណាចរបស់ខ្លួន (មាត្រា ២៨) ។