សំណួរ
៦- ដូចម្តេចដែលហៅថា ការព្យួរទោស ? ហើយចែកចេញជាប៉ុន្មានប្រភេទ ?
៧- ចូររៀបរាប់ដោយសង្ខេបអំពីតួនាទីរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្រឡាបញ្ចី ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ ចៅក្រមជំនុំជម្រះ មេធាវី និងសាក្សី ?
ចម្លើយ
៦- ការព្យួរទោស គឺការអនុញ្ញាតឲ្យជនជាប់ពិរុទ្ធ ដែលត្រូវតុលាការផ្តន្ទាទោស អាចមិនអនុវត្តទោសនេះបាន ប្រសិនបើមិនប្រព្រឹត្តល្មើសថ្មីទៀត ក្នុងរយៈពេលដែលបានកំណត់ណាមួយ ។ នៅក្នុងក្រមព្រហ្មទណ្ឌខ្មែរ ទោសដែលអាចព្យួរបាន គឺមានទាំងទោសពន្ធនាគារ និងទោសពិន័យជាប្រាក់ ហើយការព្យួរទោសត្រូវចែកជា០២ (ពីរ) ប្រភេទ គឺ ៖
- ការព្យួរទោសធម្មតា ប្រសិនបើជនល្មើសត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ដោយត្រូវព្យួរទោស ជនល្មើសនេះមិនត្រូវជាប់ក្នុងពន្ធនាគារទេ ។ ក៏ប៉ុន្តែ ប្រសិនបើក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីថ្ងៃប្រកាសទោស ជនល្មើសនេះបានប្រព្រឹត្តបទល្មើសណាមួយថ្មីទៀត ការព្យួរទោសនឹងត្រូវលើកចេញវិញ ហើយជនល្មើសនឹងត្រូវអនុវត្តទោសទាំងពីរ គឺទាំងទោសទី១ ដែលបានព្យួរ និងទោសទី២ សម្រាប់បទល្មើសដែលប្រព្រឹត្តថ្មីក្រោយ ។ ដូចគ្នាចំពោះទោសពិន័យជាប្រាក់ ។ ប្រសិនបើតុលាការប្រកាសព្យួរទោស ជនល្មើសមិនត្រូវបង់ប្រាក់ពិន័យទេ ប្រសិនបើមិនមានប្រព្រឹត្តបទល្មើសថ្មីទៀត ក្នុងរយៈពេល ៥ឆ្នាំ ។ គួរបញ្ជាក់ថា ការប្រកាសព្យួរទោស ឬមិនព្យួរ គឺជាសិទ្ធិអំណាចរបស់តុលាការ ក៏ប៉ុន្តែទោសពន្ធនាគារ ដែលតុលាការអាចប្រកាសព្យួរបាន ទាល់តែទោសពន្ធនាគារនោះ មានរយៈពេលយ៉ាងច្រើនបំផុត ៥ឆ្នាំ ។ ប្រសិនបើជនល្មើសត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ លើសពី៥ឆ្នាំ តុលាការមិនអាចប្រកាសព្យួរទោសនេះបានទេ ។ ម្យ៉ាងទៀត បើទោះបីជាទោសពន្ធនាគារនេះមានរយៈពេលត្រឹម ៥ឆ្នាំ ឬតិចជាង ៥ឆ្នាំក៏ដោយ តុលាការអាចប្រកាសព្យួរទោសបាន លុះត្រាតែជនល្មើសមិនធ្លាប់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្តងសោះ នៅក្នុងរយៈពេល ៥ឆ្នាំមុនអំពើល្មើស ។ ឧទាហរណ៍ ៖ នៅឆ្នាំ២០០៨ ជនល្មើស “ក” ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្តងរួចមកហើយ ស្រាប់តែ ៤ឆ្នាំក្រោយមក នៅឆ្នាំ២០១២ “ក” បានប្រព្រឹត្តបទល្មើសថ្មីទៀត ហើយត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ។ ទោស ៣ឆ្នាំក្រោយនេះមិនអាចត្រូវព្យួរបានទេ ។
- ការព្យួរទោសសាកល្បង គឺប្រហាក់ប្រហែលនឹងការព្យួរទោសធម្មតាដែរ គ្រាន់តែមានរយៈពេលសាកល្បងមួយ ដែលមានរយៈពេល ពី ១ឆ្នាំ ទៅ ៣ឆ្នាំ។ ក្នុងរយៈពេលសាកល្បងនេះ ទណ្ឌិតត្រូវគោរពទៅតាមវិធានការត្រួតពិនិត្យ ដែលកំណត់ដោយតុលាការ ៖
- ត្រូវចូលខ្លួនទៅតាមដីកាកោះពីព្រះរាជអាជ្ញា (ឬតំណាងព្រះរាជអាជ្ញា)
- ត្រូវទទួលការមកត្រួតពិនិត្យមើលរបស់ព្រះរាជអាជ្ញា
- ត្រូវផ្តល់ឯកសារ ទៅតាមការបង្គាប់របស់ព្រះរាជអាជ្ញា
- ត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា អំពីការផ្លាស់ប្តូរអាសយដ្ឋាន ឬការផ្លាស់ប្តូរមុខរបរ
- ត្រូវសុំការអនុញ្ញាតពីព្រះរាជអាជ្ញាមុននឹងធ្វើដំណើរទៅបរទេ។
ក្រៅពីវិធានការទាំងអស់នេះ តុលាការអាចកំណត់ឲ្យទណ្ឌិតគោរពទៅតាមកាតព្វកិច្ចមួយចំនួនផ្សេងទៀត នៅក្នុងរយៈពេលសាកល្បងដូចជា ៖
- ត្រូវបំពេញសកម្មភាពខាងវិជ្ជាជីវៈ
- ត្រូវទៅរៀន ឬទទួលការបណ្តុះបណ្តាលខាងវិជ្ជាជីវៈ
- ត្រូវរស់នៅក្នុងកន្លែងណាមួយជាកំណត់
- ត្រូវទទួលឲ្យពេទ្យធ្វើការពិនិត្យ និងព្យាបាល
- មិនត្រូវមានវត្តមាន នៅទីកន្លែងណាមួយ ដែលកំណត់ដោយតុលាការ
- មិនត្រូវធ្វើសកម្មភាពមួយចំនួន ដូចជា សេពគប់បនល្បែង គ្រឿងស្រវឹង កាន់កាប់ ឬយកអាវុធតាមខ្លួន ឬប្រកបអាជីវកម្មណាមួយ ដែលកំណត់ដោយតុលាការ
- មិនត្រូវទៅក្បែរ ឬទៅជួបជាមួយបុគ្គលខ្លះ ដូចជា អ្នកផ្តើមគំនិត អ្នកសមគំនិត ឬជនរងគ្រោះនៃបទល្មើស ជាដើម ។
នៅក្នុងរយៈពេលសាកល្បង (១ឆ្នាំ ទៅ៣ឆ្នាំ) ប្រសិនបើជនល្មើសមិនគោរពតាមវិធានការត្រួតពិនិត្យ ឬតាមកាតព្វកិច្ច ដែលកំណត់ដោយតុលាការទេ ការព្យួរទោសនឹងត្រូវលើកចេញវិញ ហើយជនល្មើសត្រូវតែអនុវត្តទោស។ ប្រសិនបើជនល្មើសប្រព្រឹត្តបទល្មើសថ្មីណាមួយទៀត ក្នុងរយៈពេលសាកល្បងនេះ ការព្យួរទោសក៏ត្រូវលើកចេញវិញដូចគ្នាដែរ ហើយជនល្មើសត្រូវអនុវត្តទោស សម្រាប់បទល្មើសទាំងពីរ ដូចករណីព្យួរទោសធម្មតាដែរ ។
គួរបញ្ជាក់ថា តុលាការអាចប្រកាសព្យួរទោសសាកល្បងបាន តែចំពោះទោសពន្ធនាគារប៉ុណ្ណោះ ហើយបានតែចំពោះទោសពន្ធនាគារ ដែលមានរយៈពេល ក្នុងចន្លោះពី ៦ខែ ទៅ ៥ឆ្នាំប៉ុណ្ណោះ ។ ទោសពិន័យជាប្រាក់ និងទោសពន្ធនាគារតិចជាង ៦ខែ ឬច្រើនជាង ៥ឆ្នាំ មិនអាចព្យួរដោយមានរយៈពេលសាកល្បងនេះបានទេ ។ ចំណុចដែលគួរកត់សម្គាល់ចុងក្រោយ ការប្រកាសព្យួរទោសអាចធ្វើចំពោះទោសទាំងមូល ឬក៏ធ្វើមួយផ្នែកក៏បាន ។ ឧទាហរណ៍ ៖ ជនល្មើស “ក” ប្រព្រឹត្តបទល្មើសឆបោក ហើយត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែ ២ឆ្នាំត្រូវព្យួរ ។ ក្នុងករណីនេះ ជនល្មើសត្រូវជាប់ពន្ធនាគារតែ២ឆ្នាំប៉ុណ្ណោះ ដោយត្រូវព្យួរទោស ២ឆ្នាំ ។
៧- នៅក្នុងនីតិវិធីព្រហ្មទណ្ឌខ្មែរ យើងឃើញវត្តមានរបស់បុគ្គលមួយចំនួន ដូចជា ៖ មន្រ្តីនគរបាលយុត្តិធម៌ ក្រឡាបញ្ជី ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ ចៅក្រមជំនុំជម្រះ មេធាវី និងសាក្សី ដែលជាតួរអង្គសំខាន់សម្រាប់ឲ្យដំណើរការនីតិវិធីព្រហ្មទណ្ឌតាំងពីតំណាល់កាលស៊ើបអង្កេត រហូតដល់ដំណាក់កាលជំនុំជម្រះ អាចប្រព្រឹត្តទៅបានរលួនក្នុងការស្វែងរកការពិត ។ តួរអង្គទាំងនេះ មានតួនាទីខុសៗនៅក្នុងដំណើរការនីតិវិធី ។ កម្មវត្ថុនៃការបកស្រាយអំពីតួនាទីរបស់តួរអង្គទាំងនេះ យើងនឹងពន្លិចតួនាទីទៅតាមដំណាក់កាលនីមួយៗ ៖ ដំណាក់កាលស៊ើបអង្កេត ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ ។
- មន្រ្តីនគរបាលយុត្តិធម៌ ជាអ្នកបម្រើសេវាយុត្តិធម៌ផ្ទាល់ដែលស្ថិតនៅជិតប្រជាពលរដ្ឋបំផុតនៃដែន
រដ្ឋបាលមូលដ្ឋានរបស់ខ្លួន។ មន្រ្តីនគរបាលយុត្តិធម៌ មានតួនាទីយ៉ាងសំខាន់ទៅតាមដំណាក់កាលនីមួយៗ ដូចជា ៖
ក- ដំណាក់កាលស៊ើបអង្កេត នៅដំណាក់កាលស៊ើបអង្កេត មន្រ្តីនគរបាលយុត្តិធម៌ជាសេនាធិការ និងស្ថិតនៅក្រោមការសម្របសម្រួល របស់ព្រះរាជអាជ្ញាមានសមត្ថកិច្ច។ តួនាទីចម្បងរបស់មន្រ្តីនគរបាលយុត្តិធម៌នៅដំណាក់កាលស៊ើបអង្កេត យើងអាចបែងចែកជា ០២ (ពីរ) ប្រភេទ ៖ (ក.១) នៅក្នុងការពិនិត្យស្វែងរកបទល្មើស និង (ក.២) នៅក្នុងការស៊ើបអង្កេតស្វែងរកភស្តុតាង ។
ក-១- នៅក្នុងការពិនិត្យស្វែងរកបទល្មើស មន្រ្តីនគរបាលយុត្តិធម៌មានតួនាទីដោយស្វ័យប្រវត្តក្នុងការពិនិត្យស្វែងរកបទល្មើសដោយខ្លួនឯង ដែលមិនមែនរង់ចាំមានពាក្យបណ្តឹងពីប្រជាពលរដ្ឋនោះទេ ទើបខ្លួនមានសមត្ថកិច្ចត្រួតពិនិត្យនោះទេ។ ដូចយើងបានដឹងហើយថា មន្រ្តីនគរបាលយុត្តិធម៌ ជាអ្នកបម្រើសេវាយុត្តិធម៌ផ្ទាល់ដល់ប្រជាពលរដ្ឋ ដោយស្របនឹងពាក្យស្លោករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា “មន្រ្តីរាជការត្រូវឈប់ធ្វើជាមន្រ្តីជើងដប” មានន័យថា មន្រ្តីរាជការទាំងអស់ត្រូវតែបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សដល់ទីកន្លែង និងមិនត្រូវរងចាំប្រជាពលរដ្ឋមកដល់ការិយាល័យនោះទេ។ ប៉ុន្តែមិនមែនមានន័យថា មន្រ្តីនគរបាលយុត្តិធម៌ត្រូវតែដឹងគ្រប់រឿងហេតុនោះទេ។ ហេតុនេះហើយបានជាមន្រ្តីនគរបាលយុត្តិធម៌អាចត្រួតពិនិត្យស្វែងរកបទល្មើសតាមរយៈពាក្យបណ្តឹងបានផងដែរ។ ពាក្យបណ្តឹង មិនតម្រូវឲ្យធ្វើឡើងក្រោមទម្រង់ណាមួយជាដាច់ខាតនោះទេ គ្រាន់តែធ្វើឲ្យយ៉ាងណាឲ្យមន្រ្តីនគរបាលយុត្តិធម៌បានដឹង អំពីហេតុការណ៍នោះជាការសម្រេច អាចធ្វើតាមរយៈទម្រង់លាយលក្ខណ៍អក្សរ ឬទម្រង់ផ្ទាល់មាត់ គឺគ្រប់គ្រាន់។ បន្ទាប់ពីមន្រ្តីនគរបាលយុត្តិធម៌បានដឹងអំពីហេតុការណ៍តាមរយៈមធ្យោបាយដោយខ្លួនផ្ទាល់ក្តី ឬតាមរយៈពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្តី មន្រ្តីនគរបាលយុត្តិធម៌ត្រូវមានតួនាទីក្នុងការស៊ើបអង្កេតស្វែងរកភស្តុតាងជាបន្ត ។
ក-២- នៅក្នុងការស៊ើបអង្កេតស្វែងរកភស្តុតាង បន្ទាប់ពីមន្រ្តីនគរបាលយុត្តិធម៌បានដឹងអំពីហេតុការណ៍នោះរួចមក ជាបឋមត្រូវវាយតម្លៃអំពីប្រភេទនៃបទល្មើសជាមុនសិន ថាតើជាបទល្មើសជាក់ស្តែង ឬមិនមែនជាបទល្មើសជាក់ស្តែង? ហើយតួនាទីរបស់មន្រ្តីនគរបាលយុត្តិធម៌អាស្រ័យលើប្រភេទនៃបទល្មើសទាំងពីរនេះ។ ការស៊ើបអង្កេតក្នុងករណីបទល្មើសជាក់ស្តែង មន្រ្តីនគរបាលយុត្តិធម៌ មានតួនាទីចុះទៅកន្លែងកើតហេតុភ្លាមៗ ឬស្វែងរកស្រាវជ្រាវកំណត់អត្តសញ្ញាណជនល្មើសដែលទើបរត់គេចពីកន្លែងប្រព្រឹត្តបទល្មើស ឬធ្វើការឆែកឆេរពីកន្លែងប្រព្រឹត្តបទល្មើស ដោយមិនចាំបាច់គោរពម៉ោងនីត្យានុកូលនៃការឆែកឆេរដូចករណីបទល្មើសមិនជាក់ស្តែងទេ (មានការអនុញ្ញាតពីព្រះរាជអាជ្ញា) /ឬ ធ្វើការឃាត់ខ្លួនជនល្មើស និងរាល់បុគ្គលដែលបានដឹងហេតុការណ៍ដោយរឹងទទឹងមិនព្រមធ្វើជាសាក្សី ឬធ្វើការឃាត់ខ្លួនរាល់បុគ្គលដែលមានតម្រុយបានប្រព្រឹត្តបទល្មើស ទៅការិយាល័យនគរបាលយុត្តិធម៌ដើម្បីធ្វើកំណត់ហេតុក្នុងការស្តាប់ចម្លើយ និងបញ្ជូនជននោះ ទៅអយ្យការ ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើចំណាត់ការបន្ត ។ រីឯការស៊ើបអង្កេតក្នុងករណីបទល្មើសមិនជាក់ស្តែង មន្រ្តីនគរបាលយុត្តិធម៌អាចធ្វើបើកការស៊ើបអង្កេតបឋម ដោយខ្លួនឯងផ្ទាល់ ឬតាមការចង្ហុលបង្ហាញពីព្រះរាជអាជ្ញា ដើម្បីធ្វើការស្រាវជ្រាវតម្រុយនៃបទល្មើស ដើម្បីឈានដល់ការកំណត់អត្តសញ្ញាណជនជាប់សង្ស័យ រហូតឈានដល់វិធានការឆែកឆេរដោយគោរពម៉ោងនីត្យានុកូលនៃការឆែកឆេរពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច និងធ្វើការឃាត់ខ្លួនជនជាប់សង្ស័យតាមរយៈការបញ្ជាឲ្យចូលខ្លួន (ដីកាកោះ ឬដីកាបញ្ជាឲ្យចូលខ្លួន) ដែលមានតម្រុយនៃបទល្មើស ដើម្បីធ្វើកំណត់ហេតុក្នុងការស្តាប់ចម្លើយ និងបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញាធ្វើចំណាត់ការបន្ត ។
ខ- ដំណាក់កាលស៊ើបសួរ មន្រ្តីនគរបាលយុត្តិធម៌ ក៏ជាអ្នកជំនួយដល់ចៅក្រមស៊ើបសួរនាពេលដែលចៅក្រមស៊ើបសួរបានផ្តល់សិទ្ធិអំណាចដល់មន្រ្តីនគរបាលយុត្តិធម៌តាមរយៈដីកាចាត់ឲ្យស៊ើបសួរជំនួស ក្នុងការបំពេញតួនាទីដូចជា៖ ការកោះហៅ និងស្តាប់ចម្លើយសាក្សី ការឆែកឆេរ និងចាប់យកវត្ថុតាង ការឃាត់ខ្លួន ជាអាទិ៍។ តួនាទីរបស់មន្រ្តីនគរបាលយុត្តិធម៌ត្រូវបំពេញ គឺត្រូវតែបញ្ជាក់ឲ្យមានច្បាស់លាស់ក្នុងដីកាចាត់ឲ្យស៊ើបសួរជំនួសដោយចៅក្រមស៊ើបសួរ ប៉ុន្តែចៅក្រមស៊ើបសួរមិនអាចឲ្យមន្រ្តីនគរបាលយុត្តិធម៌ សួរចម្លើយជនត្រូវចោទ ឬ ស្តាបចម្លើយរបស់ដើមបណ្តឹងរដ្ឋប្បវេណីបានទេ ព្រោះមន្រ្តីនគរបាលយុត្តិធម៌នឹងរក្សាចម្លើយរបស់ខ្លួនដែលបានកសាងកន្លង មក ហើយវានឹងនាំឲ្យផ្ទុយនឹងគោលការណ៍ស្វែងរកភស្តុតាងដាក់បន្ទុក និងដោះបន្ទុករបស់ចៅក្រមស៊ើបសួរ។
គ- ដំណាក់កាលជំនុំជម្រះ នៅដំណាក់កាលជំនុំជម្រះ មន្រ្តីនគរបាលយុត្តិធម៌មានតួនាទីក្នុងការសម្រួលដល់នីតិវិធីតុលាការ ដូចជា ៖ ការប្រគល់ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ ការអមជនជាប់ចោទនៅក្នុងនីតិវិធីចូលបង្ហាញខ្លួនភ្លាម ការរក្សាទុកជនជាប់ចោទមុនចូលបង្ហាញខ្លួននៅមុខតុលាការ ការនាំខ្លួនជនជាប់ចោទទៅបង្ហាញខ្លួនតាមរយៈដីកាបញ្ជូន ឬសាលដីកាបញ្ជូន ការបង្ខំសាក្សីឲ្យចូលបង្ហាញខ្លួន ការធ្វើជាសាក្សីរបស់មន្រ្តីនគរបាលយុត្តិធម៌នៅមុខសវនាការ ការធានាសណ្តាប់ធ្នាប់នៃសវនាការ ការជូនដំណឹងអំពីដីកាសម្រេចរបស់តុលាការ ការទទួល និងបញ្ជូនពាក្យបណ្តឹងទាស់ចំពោះសាលក្រម ឬសាលដីកាកំបាំងមុខ។
- ក្រឡាបញ្ជី ជាមន្រ្តីរាជការក្របខណ្ឌក្រសួងយុត្តិធម៌ដែលមានតួនាទីជាជំនួយរបស់ព្រះរាជអាជ្ញា និងចៅក្រមនៅគ្រប់ដំណាក់កាល។ ក្រមនីតិវិធីព្រហ្មទណ្ឌ បានប្រគល់តួនាទីចម្បងដល់ក្រឡាបញ្ជីជាអ្នកធ្វើកំណត់ហេតុស្តាប់ចម្លើយនៅដំណាក់កាលអយ្យការ កំណត់ហេតុស្តាប់ ឬសួរចម្លើយនៅដំណាក់កាលចៅក្រមស៊ើបសួរ និងជាអ្នកធ្វើកំណត់ហេតុសវនាការនៅតំណាក់កាលជំនុំជម្រះ។ នៅក្នុងបទបញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ មានមាត្រាមួយចំនួន ដូចជា៖ មាត្រា ៨៣ កថាខណ្ឌទី១ បានបញ្ជាក់អំពីវត្តមានរបស់ក្រឡាបញ្ជីនៅដំណាក់កាលព្រះរាជអាជ្ញា មាត្រា ១២៨ និង១២៩ បានបញ្ជាក់អំពីវត្តមានរបស់ក្រឡាបញ្ជីនៅដំណាក់កាលចៅក្រមស៊ើបសួរ មាត្រា ៣២២ និង៣៣៧ បានបញ្ជាក់អំពីវត្តមានរបស់ក្រឡាបញ្ជីនៅដំណាក់កាលជំនុំជម្រះ ជាអាទិ៍ ។
ក- ដំណាក់កាលព្រះរាជអាជ្ញា ក្រឡាបញ្ជី ជាអ្នកធ្វើកត់ត្រារាល់ព័ត៌មានតាមរយៈការសួរ ឬស្តាប់ចម្លើយរបស់ជនជាប់សង្ស័យ ឬជនល្មើស ឬដើមបណ្តឹង ឬសាក្សី ក្នុងកំណត់ហេតុដែលមានការដឹកនាំធ្វើកំណត់ហេតុដោយព្រះរាជអាជ្ញា។ ទម្រង់កំណត់ហេតុសម្រាប់ទិដ្ឋភាពនៃការអនុវត្ត គឺមានការចុះហត្ថលេខារបស់ក្រឡាបញ្ជីអមតំណាងអយ្យការ។
ខ- ដំណាក់កាលចៅក្រមស៊ើបសួរ ក្រឡាបញ្ជី ជាអ្នកអមចៅក្រមស៊ើបសួរជានិច្ច ដើម្បីជួយសម្រួលការងាររបស់ចៅក្រមស៊ើបសួរ ប៉ុន្តែក្នុងករណីណាក៏ដោយ ក្រឡាបញ្ជីមិនអាចបំពេញកិច្ចដែលជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរបានទេ។ ក្រឡាបញ្ជី ជាអ្នករក្សាទុកសំណុំរឿងស៊ើបសួរដែលចៅក្រមស៊ើបសួររបស់ខ្លួនធ្វើចំណាត់ការ។ កាលណាសំណុំរឿងបាត់ ក្រឡាបញ្ជីជាអ្នកទទួលខុសត្រូវដោយអាចប្រឈមនឹងវិន័យរដ្ឋបាលពីក្រសួងយុត្តិធម៌។ ក្រឡាបញ្ជី ជាអ្នកបញ្ជាក់ភាពត្រឹមត្រូវលើលិខិតចម្លងដោយដាក់ថា “ថតចម្លងត្រឹមត្រូវតាមច្បាស់ដើម” ដើម្បីជាប្រយោជន៍សម្រាប់សំណុំរឿងបង្ការទុក ឬដើម្បីប្រើប្រាស់នៅពេលបាត់លិខិតច្បាប់ដើម។ គ្រប់លិខិតនៃសំណុំរឿង ត្រូវតែបង់លេខដោយក្រឡាបញ្ជីតាមលំដាប់នៃកាលប្បវត្តិ។ សំណុំរឿង និងសំណុំលិខិតដែលបង្ការទុកត្រូវតម្កល់ទុកនៅការិយាល័យក្រឡាបញ្ជីនៅមន្ទីរចៅក្រមស៊ើបសួរ ឬ នៅក្នុងបន្ទប់ណាមួយនៃតុលាការដែលមានលក្ខខណ្ឌសន្តិសុខគ្រប់គ្រាន់។ ក្រឡាបញ្ជី ក៏ជាអ្នកថតចម្លងសំណុំរឿងឲ្យទៅមេធាវីបន្ទាប់ពីមានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដោយមេធាវីជាអ្នកបង់សោហ៊ុយថតចម្លង។
គ- ដំណាក់កាលជំនុំជម្រះ ក្រឡាបញ្ជី ជាអ្នកកត់ត្រានូវកំណត់ហេតុសវនាការចាប់តាំងពីពេលមុនសវនាការ រហូតដល់បញ្ចប់។ ក្រឡាបញ្ជី ត្រូវពិនិត្យមើលអំពីវត្តមានរបស់ភាគីពាក់ព័ន្ធនៅពេលមុនសវនាការ អានកំណត់ហេតុនានា ដើម្បីឲ្យ អ្នកចូលរួមសវនាការបានដឹងអង្គហេតុ និងកត់ត្រារាល់សំនួរ-ចម្លើយនាពេលសវនាការរហូតដល់បញ្ចប់។
- ព្រះរាជអាជ្ញា ជាអ្នកដឹកនាំ និងសម្របសម្រួលដល់នគរបាលយុត្តិធម៌។ ព្រះរាជអាជ្ញា មានតួនាទីចំនួន ០៤ (បួន) គឺ ការចោទប្រកាន់ ការធ្វើសេចក្តីសន្និដ្ឋានឲ្យតុលាការ ការធានារ៉ាបរងការអនុវត្ត និងការផ្សព្វផ្សាយដីកាបង្គាប់ឲ្យចាប់ខ្លួន ។ តួនាទីរបស់ព្រះរាជអាជ្ញា នៅដំណាក់កាលស៊ើបអង្កេត គឺ ចង្អុលបង្ហាញឲ្យនគរបាលយុត្តិធម៌ធ្វើការស៊ើបអង្កេតស្រាវជ្រាវ ការអនុញ្ញាតឲ្យធ្វើការឆែកឆេរ ការអនុញ្ញាតឲ្យធ្វើការឃាត់ខ្លួន ការដឹកនាំការឆែកឆេរ និងការឲ្យយោបល់នានា នៅពេលដែលនគរបាលយុត្តិធម៌សុំយោបល់ពីព្រះរាជអាជ្ញា។ បន្ទាប់ពីស្រាវជ្រាវ ប្រមូលបាននូវតម្រុយបទល្មើសជាបឋមរួចមក ព្រះរាជអាជ្ញាត្រូវធ្វើចំណាត់ការសំណុំរឿងឲ្យបានក្នុងរយៈពេល ០២ (ពីរ) គិតពីថ្ងៃចុះបញ្ជីបណ្តឹង ក្នុងការសម្រេចតម្កល់រឿងទុកឥតចាត់ការ ឬការសម្រេចចោទប្រកាន់។ ប្រសិនបើព្រះរាជអាជ្ញា បានធ្វើការចោទប្រកាន់តាមរយៈដីកាបញ្ជូនរឿងឲ្យស៊ើបសួរ ព្រះរាជអាជ្ញាមានតួនាទី ក្នុងការឃ្លាំមើលការអនុវត្តរបស់ចៅក្រមស៊ើបសួរថា “តើការសម្រេចឲ្យដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ឬការសម្រេចឃុំខ្លួនបណ្តោះអាសន្នជារឿងសមហេតុផល និងចាំបាច់ឬទេ? តើការបំពេញកិច្ចស៊ើបសួររបស់ចៅក្រមស៊ើបសួរបានបំពេញគ្រប់កិច្ច ឬទេ? តើត្រូវស្នើសុំឲ្យស៊ើបសួរបន្ថែម ឬទេ? តើការប្តូរបទចោទ ឬបន្ថែមបទចោទរបស់ចៅក្រមស៊ើបសួរត្រឹមត្រូវ ឬទេ? តើការសម្រេចតាមរយៈដីកាដំណោះស្រាយត្រឹមត្រូវ ឬទេ? ជាអាទិ៍” កាលណាចៅក្រមស៊ើបសួរមិនធ្វើតាមការស្នើសុំ ឬទុកការស្នើសុំចោលហួសថិរវេលាកំណត់ក្នុងច្បាប់ ព្រះរាជអាជ្ញាអាចប្តឹងឧទ្ធរណ៍ទៅសភាស៊ើបសួរគ្រប់ដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ។
នៅក្នុងសវនាការ ទោះបីការចោទប្រកាន់របស់ព្រះរាជអាជ្ញាតាមនីតិវិធីចោទប្រកាន់ប្រភេទណាមួយក៏ដោយ ព្រះរាជអាជ្ញាត្រូវមានវត្តមានជានិច្ចនៅសវនាការ។ ព្រះរាជអាជ្ញា មានសិទ្ធិធ្វើសេចក្តីសន្និដ្ឋានតាមការយល់ឃើញរបស់ខ្លួនជូនចៅក្រមជំនុំជម្រះដើម្បីសម្រេច។ សេចក្តីសន្និដ្ឋានរបស់ព្រះរាជអាជ្ញាមិនចង់កាតព្វកិច្ច ក្នុងការសម្រេចរបស់ចៅក្រមជំនុំជម្រះទេ ប៉ុន្តែប្រសិនបើព្រះរាជអាជ្ញាយល់ឃើញថា ការសម្រេចរបស់ចៅក្រមជំនុំជម្រះពាក់ព័ន្ធផលប្រយោជន៍សាធារណៈ ព្រះរាជអាជ្ញាមានសិទ្ធិប្តឹងឧទ្ធរណ៍បាន។
- ចៅក្រមស៊ើបសួរ មានតួនាទីស្វែងរកភស្តុតាងដាក់បន្ទុក និងភស្តុតាងដោះបន្ទុក ក្នុងការធានាឲ្យការស្វែងរកការពិតលាតត្រដាង ដើម្បីទុកជូនចៅក្រមជំនុំជម្រះពិចារណា និងសម្រេច។ ដើម្បីអាចស្វែងរកភស្តុតាងដាក់បន្ទុក និងភស្តុតាងដោះបន្ទុក ប្រកបដោយប្រសិទ្ធភាព ក្រមនីតិវិធីព្រហ្មទណ្ឌបានប្រគល់ភារកិច្ចមួយចំនួនទៀត ដូចជា៖ ការសួរចម្លើយជនត្រូវចោទ ការស្តាប់ចម្លើយសាក្សី ឬដើមបណ្តឹងរដ្ឋប្បវេណី ការឆែកឆេរ ការចាប់យកវត្ថុតាង ការប្រគល់វត្ថុចាប់យក ការស្នើសុំធ្វើកោសលវិច័យ ការស្តាប់ទូរស័ព្ទ ការចាត់ឲ្យស៊ើបសួរ ជំនួសទៅមន្រ្តីនគរបាលយុត្តិធម៌ ការប្រើប្រាស់អំណាចបង្ខំតាមរយៈដីកាបង្គាប់ឲ្យចូលខ្លួន ដីកាបង្គាប់ឲ្យនាំខ្លួន ដីកាបង្គាប់ឲ្យចាប់ខ្លួន និងដីកាបង្គាប់ឲ្យឃុំខ្លួន ជាទិ៍។ នៅតំណាក់កាលស៊ើបសួររបស់ចៅក្រមស៊ើបសួរ ចៅក្រមស៊ើបសួរ ជាអ្នកទទួលខុសត្រូវរាល់ការសម្រេចរបស់ខ្លួនដោយឯករាជ្យ ដើម្បីឲ្យដល់គោលដៅនៃការបង្ហាញការពិតសម្រាប់យុត្តិធម៌សង្គម។ ភារកិច្ចរបស់ចៅក្រមស៊ើបសួរនឹងត្រូវបញ្ចប់ទៅវិញ ចាប់ពីពេលដែលចៅក្រមស៊ើបសួរសម្រេចចេញដីកាដំណោះស្រាយ (ដីកាបញ្ជូនទៅជំនុំជម្រះ ដីកាលើកលែងចោទប្រកាន់ ឬដីកាបញ្ជូនឲ្យសម្រេចរឹបអូស) ដោយបញ្ចូលសំណុំរឿងនោះទៅតុលាការជំនុំជម្រះ។
- ចៅក្រមជំនុំជម្រះ មានភារកិច្ចចម្បងក្នុងការដឹកនាំនីតិវិធីសវនាការ និងការសម្រេចសេចក្តីលើជនជាប់ចោទបន្ទាប់ពីខ្លួនទទួលបានបណ្តឹងតាមរយៈដីកាបញ្ជូនរបស់ចៅក្រមស៊ើបសួរ ឬសាលដីកាបញ្ជូនរបស់សភាស៊ើបសួរ ដីកាបញ្ជូនទៅតុលាការជំនុំជម្រះដោយផ្ទាល់របស់ព្រះរាជអាជ្ញា ឬ កំណត់ហេតុស្តីពីការចូលបង្ហាញខ្លួនភ្លាមដែលធ្វើដោយព្រះរាជអាជ្ញា។ ដើម្បីងាយអំពីភារកិច្ចរបស់ចៅក្រមជំនុំជម្រះ យើងនឹងធ្វើការបកស្រាយចាប់ពី ពេលសវនាការ និង ពេលប្រកាសសាលក្រម។ នៅពេលដែលចៅក្រមជំនុំជម្រះទទួលបានបណ្តឹងតាមរយៈដីកាមួយណារួចមក ចៅក្រមជំនុំជម្រះត្រូវ កំណត់កាលបរិច្ឆេទដើម្បីបើកសវនាការ ដោយធ្វើការហោះហៅជនជាប់ចោទ មេធាវីជនជាប់ចោទ ជនរងគ្រោះ (កាលណាជននេះមិនទាន់បានតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីនៅមុខចៅក្រមស៊ើបសួរ) សាក្សី អ្នកជំនាញ អ្នកបកប្រែ ឬអ្នកទទួលខុសត្រូវរដ្ឋប្បវេណី។ ចៅក្រមជំនុំជម្រះ មានភារកិច្ចក្នុងការដឹកនាំនីតិវិធីជំនុំជម្រះឲ្យប្រព្រឹត្តទៅរលូនដើម្បីសម្រេចគោលដៅនៃការបង្ហាញការពិតក្នុងការសម្រេចសេចក្តី។ ការពិភាក្សាដេញដោលនេះ ចៅក្រមជំនុំជម្រះជាអ្នកសម្រេចអំពីការបើកសវនាការសាធារណៈ ឬអសាធារណៈ។ សាលក្រម ត្រូវសម្រេចនៅចេញនៅពេលសវនាការ ដែលធ្វើការពិភាក្សាដេញដោល ឬ នៅពេលសវនការលើកក្រោយ។ ក្នុងករណីប្រកាសសាលក្រមនៅកាលបរិច្ចេទលើកក្រោយនេះ ត្រូវជូនដំណឹងដល់ភាគីទាំងឡាយដែលមានវត្តមាន អំពីថ្ងៃដែលត្រូវប្រកាសសាលក្រមនោះ។
- មេធាវី ជាអ្នកវិជ្ជាជីវៈឯករាជ្យ និងសេរីដែលចូលរួមបម្រើវិស័យយុត្តិធម៌ តាមរយៈបទបញ្ញត្តិច្បាប់ជាធរ។ ក្រមនីតិវិធីព្រហ្មទណ្ឌខ បានផ្តល់នូវភារកិច្ចជូនមេធាវីជាអ្នកការពារសិទ្ធិឲ្យជនល្មើស និងការពារសិទ្ធិឲ្យជនរងគ្រោះ ទៅតាមដំណាក់កាលនីមួយៗ។ ក្នុងករណីដែលមេធាវីជាអ្នកការពារសិទ្ធិឲ្យជនល្មើស មេធាវីមានតួនាទីចូលរួមពិនិត្យមើលអំពីការទទួលស្គាល់ និងប្រើប្រាស់សិទ្ធិសម្រាប់ជនល្មើសពីសំណាក់អាជ្ញាធរសមត្ថកិច្ចតាមដំណាក់កាលនីតិវិធី។ នៅដំណាក់កាលស៊ើបអង្កេតបឋម មេធាវីអមជាមួយជនជាប់សង្ស័យ ដែលជននេះផ្តល់ចម្លើយតាមការសាកសួរពីសំណាក់មន្រ្តីនគរបាលយុត្តិធម៌ ឬព្រះរាជអាជ្ញា។ ប៉ុន្តែក្នុងករណីដែលជនជាប់សង្ស័យគ្មានមេធាវីហើយត្រូវបានឃាត់ខ្លួន ឬជនល្មើសត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង ជននេះអាចមានសិទ្ធិមានមេធាវីបាន បន្ទាប់ពីមានការឃាត់ខ្លួនក្នុងរយៈពេល ២៤ម៉ោង កន្លងផុត។ ប្រសិនបើមន្រ្តីនគរបាលយុត្តិធម៌ ឬព្រះរាជអាជ្ញាបានធ្វើទារុណកម្ម ឬប្រព្រឹត្តអំពើហិង្សា ដើម្បីឲ្យជនល្មើស ឬជនជាប់សង្ស័យផ្តល់ចម្លើយតាមការបង្ខំ ឬឲ្យឆ្លើយសារភាព មេធាវីអាចប្តឹងលើកំណត់ហេតុនោះទុកជាមោឃៈ ដើម្បីដកចេញពីសំណុំរឿង។ កំណត់ហេតុនៅដំណាក់កាលស៊ើបអង្កេត ជាឯកសារដើមដែលត្រូវបារក្សាទុកក្នុងសំណុំរឿង ហេតុនេះកាលណាគ្មានភស្តុតាងផ្ទុយទេ តុលាការនឹងសម្រេចដោយយោងទៅលើកំណត់ហេតុនោះដែលជាភស្តុតាងដាក់បន្ទុក។ ក្នុងដំណាក់កាលចៅក្រមស៊ើបសួរ មេធាវីមានតួនាទីត្រួតពិនិត្យអំពីចំណាត់ការរបស់ចៅក្រមស៊ើបសួរក្នុងការការពារសិទ្ធិ របស់ជនត្រូវចោទដែលជាកូនក្តីរបស់ខ្លួន ជៀសវាងមានការបំពានសិទ្ធិរបស់ជនត្រូវចោទ។ មេធាវី មានសិទ្ធិដឹងរាល់ការសម្រេចរបស់ចៅក្រមស៊ើបសួរលើជនត្រូវចោទតាមរយៈការជូនដំណឹង។ រីឯដំណាក់កាលជំនុជម្រះ មេធាវីមានភារកិច្ចការពារសិទ្ធិឲ្យជនជាប់ចោទ សម្រាប់ការពិនិត្យមើលអំពីការដឹងនាំនីតិវិធីសវនាការរប់ចៅក្រមជំនុំជម្រះ និងធ្វើការតវ៉ាភ្លាមៗសម្រាប់ការដឹកនាំមិនត្រឹមត្រូវតាមច្បាប់កំណត់។ មេធាវី អាចធ្វើការប្តឹង ឧបាស្រ័យលើការសម្រេចសេចក្តីរបស់ចៅក្រុមជំនុំជម្រះ តាមរយៈការប្រគល់សិទិ្ធពីកូនក្តីរបស់ខ្លួន។ ចំពោះភារកិច្ចរបស់មេធាវីការពារសិទ្ធិឲ្យជនរងគ្រោះវិញ គឺមិនមានអ្វីខុសគ្នាទៅនឹងមេធាវីការពារសិទ្ធិឲ្យជនរងគ្រោះនោះទេ។ ប៉ុន្តែមេធាវីការពារសិទិ្ធឲ្យជនរងគ្រោះ អាចហៅម្យ៉ាងទៀតបានថា មេធាវីតំណាងដោយអាណត្តិនាពេលដែលជនរងគ្រោះ ឬសិទ្ធិវន្ត បានតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីនៅចំពោះមុខចៅក្រមស៊ើបសួរ ឬចៅក្រមជំនុំជម្រះ។ នៅក្នុងដំណាក់កាលស៊ើបអង្កេត មេធាវិមានភារកិច្ចអមជាមួយជនរងគ្រោះ ដើម្បីចូលបំភ្លឺអង្គហេតុតាមការកោះហៅរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬព្រះរាជអាជ្ញា។ ហើយនៅក្នុងដំណាក់ស៊ើបសួរ មេធាវីអាចធ្វើការស្នើសុំបំពេញកិច្ចនានាដែលខ្លួនយល់ឃើញថាចំណាច់ដើម្បីបំភ្លឺការពិតតាមរយៈការប្រគល់សិទ្ធិពីជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី។ រីឯនៅក្នុងដំណាក់ជំនុំជម្រះវិញ មេធាវីអាចតំណាងឲ្យជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងសវនាការបាន ដើម្បីបំភ្លឺអង្គហេតុ ឬភស្តុតាងនានា។ មេធាវី ជាអ្នកបំពេញកាតព្វកិច្ចមធ្យោបាយតាមផ្លូវច្បាប់ឲ្យកូនក្តីរបស់ខ្លួន ដើម្បីប្រើប្រាស់សិទ្ធិដែលច្បាប់បានប្រគល់ជូនភាគីនៃបណ្តឹងជាអតិបរមានដែលអាចធ្វើទៅបាន។ ដូច្នេះ មេធាវី មានភារកិច្ចធ្វើយ៉ាងណាឲ្យកូនក្តីរបស់ខ្លួនទទួលបានសិទ្ធិជំនុំជម្រះក្តីដោយយុត្តិធម៌។
- សាក្សី ជាបុគ្គលដែលស្ថិតនៅក្រៅអង្គហេតុដែលជាកម្មវត្ថុនៃការចោទប្រកាន់ និងមានតួនាទីក្នុងការផ្តល់ពត៌មានដែលជាប្រយោជន៍ដល់ការបង្ហាញការពិតនៅគ្រប់ដំណាក់កាលនីតិវិធី។ នៅដំណាក់កាលស៊ើបអង្កេត សាក្សីត្រូវចូលខ្លួនមកបំភ្លឺតាមការកោះហៅរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬព្រះរាជអាជ្ញា។ ប៉ុន្តែប្រសិន បើសាក្សីមិនព្រមចូលខ្លួនតាមការកោះហៅ ដែលមន្រ្តីនគរបាលយុត្តិធម៌យល់ឃើញថាជននោះមានវត្តមាន នៅទីកន្លែងកើតហេតុ នោះមន្រ្តីនគរបាលយុត្តិធម៌អាចធ្វើការនាំខ្លួនជននោះ ដើម្បីធ្វើការសាកសួរបាន។ នៅក្នុងដំណាក់កាលស៊ើបសួរ សាក្សីត្រូវធ្វើសម្បថតាមប្រពៃណី និងជំនឿស្របតាមសាសនារបស់ជននោះ មុននឹងចៅក្រមស៊ើបសួរស្តាប់ចម្លើយសាក្សី។ ប្រសិនបើសាក្សីបដិសេធមិនបង្ហាញខ្លួនតាមការកោះហៅទេ ចៅក្រមស៊ើបសួរនឹងសុំឲ្យកងកំលាំងសាធារណៈបង្ខំសាក្សីឲ្យចូលមកបង្ហាញខ្លួន ដោយចេញបញ្ជាឲ្យចូលបង្ហាញខ្លួន។ នៅដំណាក់កាលសវនាការ សាក្សីមានភារកិច្ចដូចគ្នានៅដំណាក់កាលស៊ើបសួរដែរ គឺ ត្រូវចូលបង្ហាញខ្លួននៅសវនាការ ដើម្បីបំភ្លឺអង្គហេតុតទល់នៅចំពោះមុខភាគីនៃសំណុំរឿងក្នុងការបង្ហាញការពិតដែលខ្លួនបានដឹង ។
តភាគ