ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- តើនរណាខ្លះ មានសិទ្ធិប្តឹងទាស់ ឬប្តឹងជួសជនជាប់ចោទបានហើយក្នុងន័យច្បាប់បកស្រាយបែបណាដែរ ?
២២- មូលហេតុអ្វីបានជាច្បាប់ចែងឲ្យមានការប្តឹងជំទាស់ ឬប្ដឹងជំនួស?
២៣- តើការប្តឹងនេះមានផលប្រយោជន៍បែបណាដល់ជនជាប់ចោទ ?
២៤- តើព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញា អាចប្តឹងបដិសេធលើសាលក្រម ឬសាលដីកាបានដែរឬយ៉ាងណា?
២៥- ដូចម្តេចទៅហៅថាសាលក្រម ?
ចម្លើយ
២១- អ្នកដែលមានសិទ្ធិប្តឹងទាស់ ឬប្តឹងជំនួសពិរុទ្ធជនបានគឺ ពិរុទ្ធជនខ្លួនឯង , មេធាវី , ឪពុក, ម្តាយ ឬអាណាព្យាបាល៖
- ពិរុទ្ធជនជានីតិជនអាចប្តឹងដោយខ្លួនឯង ឬមានសិទ្ធិពឹងមេធាវីឲ្យប្ដឹងជំនួស ព្រោះថាច្បាប់នៅក្នុងប្រទេសកម្ពុជា បានកំណត់វ័យនីតិភាពពោលគឺអាយុ ១៨ឆ្នាំឡើង ព្រោះថាអាយុនេះអាចមានការគិតពិចារណាបានត្រឹមត្រូវទៅលើ សកម្មភាពរបស់ខ្លួន ។
- ពិរុទ្ធជនជាអនីតិជនចាប់ពីអាយុ ១៤ឆ្នាំ ដល់ ក្រោម ១៨ឆ្នាំ គឺ អ្នកតំណាងស្របច្បាប់របស់គាត់ជាអ្នកប្តឹងជំនួស ឬអ្នកតំណាងនោះផ្ទេរសិទ្ធិឲ្យអ្នកតំណាងស្របច្បាប់ប្ដឹងជំនួសបន្តទៀតបាន ។ (មាត្រា ៩៦ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧) ។ មូលហេតុបានជាពិរុទ្ធជនជាអនីតិជនមិនអាចប្តឹងដោយខ្លួនឯងបាន ព្រោះគាត់ពុំទាន់មានសមត្ថភាពតាមផ្លូវច្បាប់នៅឡើយ ។
២២- មូលហេតុដែលច្បាប់ចែងឲ្យមានការប្តឹងជំទាស់ ឬប្តឹងជំនួស ព្រោះថាច្បាប់ត្រូវបានធានារក្សាសិទ្ធិដល់ជនជាប់ចោទ និងផលប្រយោជន៍ស្របច្បាប់នៅចំពោះមុខយុត្តាធិការតុលាការ ។
២៣- កាលណាបណ្តឹងជំទាស់ត្រូវបានធ្វើឡើងនោះ សាលក្រម ឬសាលដីកាដែលបានសម្រេចត្រូវចាត់ទុកជាអត់បានការ ហើយតុលាការដដែលនោះនឹងបើកសវនាការជំនុំជម្រះសាជាថ្មីឡើងវិញ ។
២៤- ព្រះរាជអាជ្ញាអាចប្តឹងទៅសាលាឧទ្ធរណ៍ ដោយមិនសុខចិត្តលើសាលក្រុមសាលាដំបូងខេត្ត-ក្រុងបាន ។ ចំណែកអគ្គព្រះរាជអាជ្ញាអាចប្តឹងសារទុក្ខទៅតុលាការកំពូលចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ។ ជាឧទាហរណ៍ ៖
ក- ជនជាប់ចោទត្រូវមានទោសក្នុងបទឧក្រិដ្ឋដែលច្បាប់បានកំណត់ទោសពីឆ្នាំ តែព្រះរាជអាជ្ញាសាលាដំបូងមិនសុខចិត្តប្ដឹងទៅសាលាឧទ្ធរណ៍។ សាលាឧទ្ធរណ៍តម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការទាំងមូល។
ខ- ជនជាប់ចោទត្រូវមានទោសក្នុងបទឧក្រិដ្ឋ ដែលច្បាប់បានកំណត់ទោស ដាក់ពន្ធនាគារពីបីឆ្នាំទៅដប់ឆ្នាំ តែ ត្រូវសាលាដំបូងផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ឆ្នាំ តែត្រូវជនជាប់ចោទប្តឹងឧទ្ធរណ៍ ។ ពេលជម្រះសាលាឧទ្ធរណ៍បានសម្រេចកែប្រែទណ្ឌកម្មទោសពីដាក់ពន្ធនាគារ ៩ឆ្នាំ មក ៤ ឆ្នាំវិញក្នុងករណីនេះ ៖
- អគ្គព្រះរាជអាជ្ញាមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍បាន ប្តឹងសារទុក្ខទៅតុលាការកំពូល ។
- ពិរុទ្ធជនឬតំណាងស្របច្បាប់ មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍បានប្តឹងសារទុក្ខទៅតុលាការកំពូល ។ តែដោយសំណុំរឿងមានច្រើន តុលាការកំពូលមិនទាន់បានបើកសវនាការជំនុំជម្រះរឿងក្តីនេះ រយៈពេលបួនឆ្នាំ បានមកដល់ ។ ដោយយោងតាមសាលដីកា របស់សាលាឧទ្ធរណ៍ដែលបានដល់ថ្ងៃកំណត់ផុតទោស ។ ក្នុងករណីនេះតើមន្ត្រីពន្ធនាគារអាចដោះលែងពិរុទ្ធជននោះបានទេ ? អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍មានសិទ្ធិប្តឹងសារទុក្ខទៅតុលាការកំពូលបាន ។
ក- ចំពោះបណ្តឹងសារទុក្ខរបស់អគ្គព្រះរាជអាជ្ញា មន្ត្រីពន្ធនាគារមិនអាចដោះលែងពិរុទ្ធជនបានទេ ទាល់តែមានសេចក្តីសម្រេចរបស់តុលាការកំពូល ឬដល់កំណត់ទោសរបស់សាលាដំបូងទើបអាចដោះលែងពិរុទ្ធជននោះបាន ។
ខ- ចំពោះបណ្តឹងសារទុក្ខរបស់ពិរុទ្ធជន ឬអ្នកតំណាងស្របច្បាប់ មន្ត្រីពន្ធនាគារដោះលែងពិរុទ្ធជននោះបានបញ្ជាក់ - បណ្តឹងធ្វើឡើងដោយព្រះរាជអាជ្ញា ឬអគ្គព្រះរាជអាជ្ញា ទណ្ឌកម្ម អាចត្រូវបានតុលាការសម្រេចបន្ថែម ឬបន្ថយទណ្ឌកម្មទោស ។ បណ្តឹងធ្វើឡើងដោយពិរុទ្ធជនឬអ្នកតំណាងស្របច្បាប់តុលាការសម្រេចទណ្ឌកម្មនៅដដែល ឬបន្ថយ (មិនសម្រេចដំឡើងទណ្ឌកម្មឡើយ )។
២៥- សាលក្រម គឺជាសេចក្តីសម្រេចរបស់តុលាការជាន់ទាប ឬ សាលាដំបូងក្រោយពីបានវិនិច្ឆ័យនូវ វិវាទកម្ម ដែលគេបានប្តឹងមកឱ្យជំនុំជម្រះ ។