Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- ក្នុងការបំពេញកិច្ចនៃនីតិវិធីរបស់ខ្លួន តើព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ ចំណុះឲ្យគ្នាដែរ ឬទេ ?

១២- តើសមត្ថកិច្ចរបស់ចៅក្រមមានអ្វីខ្លះ ? ចូររៀបរាប់ ។

១៣- ចូររៀបរាប់អំពីរយៈពេលនៃការធ្វើបណ្តឹងឧបាស្រ័យចាប់ពីសាលាដំបូងដល់តុលាការកំពូល ?

១៤- ដូចម្តេចដែលហៅថា មូលទោស អនុទោស និងទោសជំនួស?

១៥- តើលក្ខណៈនៃច្បាប់ហិរញ្ញវត្ថុមានប៉ុន្មាន ?

ចម្លើយ

១១- គោលការណ៍នៃការបែងចែកអំណាចផ្តោតជាសំខាន់នៅក្នុងការបែងចែងអំណាចរបស់ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ ឲ្យដាច់ស្រឡះពីគ្នា និងមិនចំណុះឲ្យគ្នាឡើយ។ ការបែងចែកអំណាចមិនចំណុះឲ្យគ្នានោះ គឺ ដើម្បីធានាដំណើរការប្រព្រឹត្តទៅនៃរឿងក្តីព្រហ្មទណ្ឌមួយប្រកបដោយភាពយុត្តិធម៌ និងតម្លាភាពស្របតាមគោលការណ៍នីត្យានុកូលភាពនៃនីតិវិធីព្រហ្មទណ្ឌដែលជាគោលគំនិតរួមរបស់នីតិនិពន្ធ ។ អំណាចនៅក្នុងការធ្វើបណ្តឹងអាជ្ញាជាសិទ្ធិអំណាចផ្តាច់មុខរបស់អង្គការអយ្យការ ហើយអំណាចនេះ​ មិនចំណុះឲ្យអំណាចរបស់ចៅក្រមស៊ើបសួរ ឬ ចៅក្រមជំនុំជម្រះទេ។ ម្យ៉ាងវិញទៀត ព្រះរាជអាជ្ញា ក៏មិនអាចបំពេញកិច្ចនៃនីតិវិធីជាចៅក្រមស៊ើបសួរ ឬ ចៅក្រមជំនុំជម្រះនោះទេ។ ព្រះរាជអាជ្ញា ជាអ្នកការពារផលប្រយោជន៍សាធារណៈតាមរយៈការធ្វើបណ្តឹងអាជ្ញា។ ក្នុងនាមជាអ្នកការពារផលប្រយោជន៍ ព្រះរាជអាជ្ញា អាចបញ្ចេញយោបល់របស់ខ្លួនក្នុងការស្នើសុំឃុំខ្លួន ឬស្នើសុំឲ្យដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការទៅចៅក្រមស៊ើបសួរ ក្នុងដីកាសម្រេចបញ្ជូនរឿងឲ្យស៊ើបសួរបាន។ ប៉ុន្តែការស្នើសុំ ឬការផ្តល់ជាយោបល់នានា របស់ព្រះរាជអាជ្ញា មិនចងកាតព្វកិច្ចឲ្យចៅក្រមស៊ើបសួរត្រូវតែសម្រេចតាមនោះទេ។ ចៅក្រមស៊ើបសួរ មានសិទ្ធិអំណាចផ្តាច់មុខក្នុងការសម្រេចកិច្ចនីតិវិធីនានារបស់ខ្លួន ដោយមិនចំណុះឲ្យអំណាចរបស់ព្រះរាជអាជ្ញា ឬចៅក្រមជំនុំជម្រះឡើយ។ កាលណាចៅក្រមស៊ើបសួរបានសម្រេចផ្ទុយពីការស្នើសុំរបស់ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរត្រូវជូនដំណឹងអំពីការសម្រេចនោះទៅព្រះរាជអាជ្ញាឲ្យបានឆាប់បំផុត។ ប្រសិនបើព្រះរាជអាជ្ញា មិនសុខចិត្តនូវការសម្រេចរបស់ចៅក្រមស៊ើបសួរ ព្រះរាជអាជ្ញាមានសិទ្ធិក្នុងការប្តឹងឧទ្ធរណ៍លើគ្រប់ដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ ក្នុងនាមជាអ្នកការពារផលប្រយោជន៍សាធារណៈ។ បន្ទាប់ពីចៅក្រមស៊ើបសួរបានចេញដីកាសម្រេចបញ្ជូនរឿងទៅជំនុំជម្រះ ចៅក្រមស៊ើបសួរត្រូវបញ្ចប់សិទ្ធិអំណាចលើកិច្ចនីតិវិធីរបស់ខ្លួនទៀតហើយ។ ហើយចៅក្រមស៊ើបសួរក៏មិនជាក្លាយជាចៅក្រមជំនុំជម្រះទៀតផងដែរ គឺ ចៅក្រមជំនុំជម្រះ ជាចៅក្រមផ្សេងដែលមិនមែជាព្រះរាជអាជ្ញា និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងនោះ។ រាល់ការសម្រេចរបស់ ចៅក្រមជំនុំជម្រះ ព្រះរាជអាជ្ញាអាចប្តឹងឧទ្ធរណ៍បានពាក់ព័ន្ធនឹងផលប្រយោជន៍សាធារណៈ។ ហេតុនេះ សិទ្ធិអំណាចរបស់ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ មិនចំណុះឲ្យគ្នាទេ។

១២- សមត្ថកិច្ចរបស់ចៅក្រមរួមមាន ៖

  • ចៅក្រមស៊ើបសួរនាទីកន្លែងបទល្មើស

· ចៅក្រមស៊ើបសួរនាទីលំនៅឋាន ឬទីសំណាក់របស់បុគ្គលដែលសង្ស័យថា បានប្រព្រឹត្ដបទល្មើស

  • ចៅក្រមស៊ើបសួរនាទីកន្លែងចាប់ខ្លួនបុគ្គលដែលសង្ស័យថា បានប្រព្រឹត្ដបទល្មើស ។

ក្នុងករណីដែលមានទំនាស់រវាងចៅក្រមស៊ើបសួរច្រើនរូបនៅសាលាដំបូងខុសៗគ្នា​ ហើយទទួលបណ្ដឹងទាំងអស់គ្នា អំពីរឿងព្រហ្មទណ្ឌតែមួយដូចគ្នា ទំនាស់នេះត្រូវបញ្ជូនទៅប្រធានសភាស៊ើបសួរដើម្បីសម្រេច។ វិវាទសមត្ថកិច្ចដែនដី រវាងសភាស៊ើបសួរច្រើន ត្រូវសម្រេចដោយសភារួមក្រុមនៃសាលាឧទ្ធរណ៍។ ដីកាសម្រេចលើវិវាទសមត្ថកិច្ចនេះ គឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា ។ ប៉ុន្ដែបើចៅក្រមស៊ើបសួរ មិនទំនេរ (ឈប់សម្រាក មានជម្ងឺ......) ចៅក្រមស៊ើបសួរផ្សេងទៀតនៃ សាលាដំបូងតែមួយ អាចត្រូវចាត់តាំងឲ្យទទួលបន្ទុកបណ្ដោះអាសន្នដោយប្រធានសាលាដំបូង ដើម្បីធានាឲ្យ បាននូវដំណើរការនៃការស៊ើបសួរ។ ប្រធានសាលាដំបូងចេញដីកាតែងតាំង ដែលបិទផ្លូវតវ៉ាទាំងអស់ ។

១៣- បណ្តឹងឧបាស្រ័យ សំដៅលើបណ្តឹងដែលច្បាប់បើកផ្លូវឲ្យភាគីប្តឹងមិនសុខចិត្តលើសេចក្តីសម្រេចរបស់សាលាជម្រះក្តីជាន់ទាប និងសេចក្តីសម្រេចរបស់សាលាជម្រះក្តីជាន់ខ្ពស់ ។ ដើម្បីងាយស្រួលយល់អំពីរយៈពេលនៃការធ្វើបណ្តឹងឧបាស្រ័យ យើងនឹងធ្វើការបកស្រាយតាមលំហូរនីតិវិធី ដូចតទៅ ៖

  • រយៈពេលប្តឹងទាស់

កាលណាសាលាជម្រះក្តីជាន់ទាប ចេញសាលក្រមកំបាំងមុខជនជាប់ចោទ ឬដើមបណ្តឹងរដ្ឋប្បវេណី ជននោះអាចដាក់ពាក្យប្តឹងទាស់ទៅនឹងសាលាក្រមកំបាំងមុខនោះក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃផ្តើមគិត ៖ ពីថ្ងៃជូនដំណឹងអំពីសាលក្រមកំបាំងមុខ កាលណាសាលក្រមត្រូវបានប្រគល់ឲ្យពិរុទ្ធជនដោយផ្ទាល់ដៃ ឬពីថ្ងៃដែលពិរុទ្ធជននេះបានដឹងយ៉ាងពិតប្រាកដអំពីសាលក្រម កាលណាសាលក្រមនេះ មិនបានប្រគល់ឲ្យដល់ពិរុទ្ធជនដោយផ្ទាល់ដៃទេ។ ពិរុទ្ធជនត្រូវចាត់ទុកថា បានដឹងយ៉ាងពិតប្រាកដអំពីសាលក្រម ក្នុងករណីដែលនីតិវិធីនៃការឲ្យដំណឹងអំពីសេចក្តីសម្រេចរបស់តុលាការត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវតាមរយៈដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ ដីកាកោះហៅ និងដីកាជូន

ដំណឹង ។ រយៈពេលនៃការប្តឹងទាស់ទៅនឹងសាលដីការបស់សាលាជម្រះក្តីជាន់ខ្ពស់ ត្រូវយកអនុវត្តដូចគ្នានឹងការប្តឹងទាស់ទៅនឹងសាលក្រមរបស់សាលាជម្រះក្តីជាន់ទាប។ ហេតុនេះ យើងមិនធ្វើការបកស្រាយអំពីរយៈពេលនៃការប្តឹងទាស់ទៅនឹងសាលដីការបស់សាលាជម្រះក្តីជាន់ខ្ពស់ទៀតទេ ។

  • រយៈពេលប្តឹងឧទ្ធរណ៍

កាលណាសាលក្រមកំបាំងមុខត្រូវបានសម្រេចម្តងទៀតរួចហើយ ឬរយៈពេលប្តឹងទាស់បានកន្លងផុត ឬជាសាលក្រមចំពោះមុខ រយៈពេលប្តឹងឧទ្ធរណ៍ត្រូវបែងចែកជា ០២ (ពីរ) សណ្ឋាន ៖

- ទី១ ៖ រយៈពេលប្តឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញា ការប្តឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញាត្រូវតែធ្វើក្នុងរយៈពេល ១ (មួយ) ខែ ។ ការប្តឹងឧទ្ធរណ៍របស់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ត្រូវតែធ្វើក្នុងរយៈពេល ៣ (បី) ខែ។ រយៈពេលប្តឹងឧទ្ធរណ៍ផ្តើមគិតពីពេលប្រកាសសាលក្រម ។

- ទី២ ៖ រយៈពេលប្តឹងឧទ្ធរណ៍របស់ពិរុទ្ធជន ដើមបណ្តឹងរដ្ឋប្បវេណី អ្នកទទួលខុសត្រូវរដ្ឋប្បវេណីត្រូវតែធ្វើក្នុងរយៈពេល ១​ (មួយ) ខែ។ រយៈពេលប្តឹងឧទ្ធរណ៍គិតពីពេលប្រកាសសាលក្រម ។

  • រយៈពេលប្តឹងសាទុក្ខ

កាលណាសាលដីកាកំបាំងមុខត្រូវបានសម្រេចម្តងទៀតរួចហើយ ឬរយៈពេលប្តឹងទាស់បានកន្លងផុត ឬជាសាលដៅលាចំពោះមុខ រយៈពេលប្តឹងសាទុក្ខត្រូវបែងចែកជា ០៣ (ពីរ) សណ្ឋាន ៖

- ទី១៖ ១ (មួយ) ខែ ចំពោះសាលដីការបស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍

- ទី២ ៖ ១៥ (ដប់ប្រាំ) ថ្ងៃ ចំពោះសាលដីការបស់សភាស៊ើបសួរនៃសាលាឧទ្ធរណ៍

- ទី៣ ៖ ៥ (ប្រាំ) ថ្ងៃ ចំពោះមតិរបស់សភាស៊ើបសួរដែលបញ្ចេញក្នុងរឿងបត្យាប័ន ។

រយៈពេលប្តឹងសាទុក្ខគិតពីពេលប្រកាសសាលដីកា ។

បណ្តឹងសាទុក្ខអាចត្រូវធ្វើដោយ ៖ អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ជនជាប់ចោទ ឬ ពិរុទ្ធជន បុគ្គលដែលត្រូវគេទាមទារក្នុងករណីនៃនីតិវិធីបត្យាប័ន ដើមបណ្តឹងរដ្ឋប្បវេណី និង អ្នកទទួលខុសត្រូវរដ្ឋប្បវេណី។ បណ្តឹងសាទុក្ខ ត្រូវពិនិត្យដោយសភាព្រហ្មទណ្ឌនៃតុលាការកំពូល ។ ក្នុងករណីដែលសភាព្រហ្មទណ្ឌនៃតុលាការកំពូល បដិសេធសាលដីការបស់សាលាឧទ្ធរណ៍ដែលគេតវ៉ានេះចោលទាំងស្រុង ឬមួយផ្នែក តុលាការកំពូលបញ្ជូនរឿង និងគូភាគីនៅចំពោះមុខសាលាឧទ្ធរណ៍មួយផ្សេងទៀត ឬ នៅចំពោះមុខសាលាឧទ្ធរណ៍ដដែល ប៉ុន្តែមានសមាសភាពថ្មីផ្សេងពីសមាសភាពមុន ដើម្បីសម្រេចសេចក្តីម្តងទៀត។ ហើយសាលដីការបស់សាលាឧទ្ធរណ៍លើកទី២ បុគ្គលខាងលើអាចធ្វើការប្តឹងសាទុក្ខលើកទី២ បានក្នុងរយៈពេលកំណត់ដ៏ដែល។ ប៉ុន្តែប្រសិនបើសភាព្រហ្មទណ្ឌបានសម្រេចបដិសេធបណ្តឹងសាទុក្ខទាំងស្រុង ឬ មួយផ្នែក នោះសេចក្តីសម្រេចដែលតវ៉ាមានអាជ្ញាអស់ជំនុំ និងបិទផ្លូវតវ៉ា។

១៤- ក្រមព្រហ្មទណ្ឌ បានបែងចែកទោសព្រហ្មទណ្ឌជា ០៣ (បី) ប្រភេទ គឺ ៖ (ក.) មូលទោស (ខ.) អនុទោស និង (គ.) ទោសជំនួស។ ដើម្បីអាចយល់បានច្បាស់អំពីមូលទោស យើងនឹងធ្វើការបកស្រាយដូចតទៅ៖

         ក- មូលទោស គឺជាទោសមូលដ្ឋានដែលយកទៅប្រើប្រាស់សម្រាប់ការប្រកាសទោសចំពោះជនជាប់ចោទ ដែលបានប្រព្រឹត្តបទល្មើស។ មូលទោស ត្រូវបានបែងចែកជា ០២ (ពីរ) ប្រភេទ គឺ ទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។ ទោសដាក់ពន្ធនាគារ គឺជាទោសគុកដែលដកសិទ្ធិសេរីភាព មានកំណត់កាលដែលត្រូវបានផ្តន្ទាទោសដោយដាក់ពន្ធនាគារ។ កាលបើបទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ច្បាប់កំណត់អំពី អប្បបរមា និងអតិបរមានៃទោសដាក់ពន្ធនាគារ ។ ទោសពិន័យជាប្រាក់ គឺជាទោសដែលចៅក្រមជំនុជម្រះប្រកាសឲឲ្យជនជាប់ចោទបង់ប្រាក់ចូលរដ្ឋតាមការកំណត់ឲ្យបង់។ ការពិន័យត្រូវគិតជាប្រាក់រៀល ។ កាលបើបទល្មើសត្រូវផ្ដន្ទាទោសពិន័យ ច្បាប់កំណត់អំពីអប្បបរមា និង អតិបរមា នៃចំនួនទឹកប្រាក់ពិន័យដែលត្រូវទទួល ។

         ខ- អនុទោស ឬទោសបន្ថែម គឺជាទោសដែលតុលាការប្រកាសបន្ថែមទៅលើមូលទោស។ ទោសបន្ថែម នឹងអាចប្រកាសទៅបាន លុះត្រាតែទោសនេះត្រូវបានចែងដោយជាក់លាក់ចំពោះបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ ដែលត្រូវចោទប្រកាន់។ ទោសបន្ថែម អាចប្រកាសក៏បាន មិនប្រកាសក៏បាន។ ទោសបន្ថែមត្រូវ ប្កាសជាកាតព្វកិច្ច ប្រសិនបើច្បាប់ចែងយ៉ាងជាក់លាក់ ។ អនុទោស ឬ ទោសបន្ថែម មានដូចជា ៖

  • ការដកសិទ្ធិខ្លះជាពលរដ្ឋ ។
  • ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈណា ដែលបទល្មើសនោះបាន ប្រព្រឹត្ដ នៅក្នុងពេលដែលប្រកបវិជ្ជាជីវៈនេះ ។
  • ការហាមឃាត់ចំពោះការបើកបរយានយន្ដគ្រប់ប្រភេទ ។
  • ការព្យួរលិខិតបើកបរ ។
  • ការហាមឃាត់ចំពោះការស្នាក់នៅ ។
  • ការហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
  • ការហាមឃាត់ចំពោះការចូល និងការស្នាក់នៅលើដែនដីនៃព្រះរាជាណា ចក្រកម្ពុជា ចំពោះទណ្ឌិតដែលជាជនបរទេស ។
  • ការរឹបអូសឧបករណ៍ សម្ភារៈ ឬវត្ថុដែលប្រើប្រាស់ក្នុងពេលប្រព្រឹត្ដ បទល្មើស ឬដែលទុកសម្រាប់ប្រព្រឹត្ដបទល្មើស ។
  • ការរឹបអូសវត្ថុ ឬមូលនិធិ ដែលជាកម្មវត្ថុនៃបទល្មើស ។
  • ការរឹបអូសផលទុន ឬទ្រព្យសម្បត្ដិ ដែលជាផលកើតចេញពីបទល្មើស ។
  • ការរឹបអូសឧបភោគភណ្ឌ សម្ភារៈ ឬចលនវត្ថុ ដែលលំអទីកន្លែងដែល បទល្មើសត្រូវបានប្រព្រឹត្ដ ។
  • ការរឹបអូសយានជំនិះដែលជារបស់ទណ្ឌិត ។
  • ការហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ។
  • ការបណ្ដេញចេញពីលទ្ធកម្មសាធារណៈ ។
  • ការបិទគ្រឹះស្ថានដែលប្រើប្រាស់ ដើម្បីត្រៀម ឬប្រព្រឹត្ដបទល្មើស ។
  • ការហាមឃាត់ចំពោះការធ្វើអាជីវកម្មនៅក្នុងគ្រឹះស្ថាន ដែលបើកចំហ សម្រាប់សាធារណជន ឬដែលប្រើប្រាស់ដោយសាធារណជន ។
  • ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស ។
  • ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មាន ។
  • ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ ។

ក្រៅពីទោសបន្ថែមដែលបានរៀបរាប់ខាងលើ ក៏មានទោសបន្ថែមដែលមានចែងក្នុងច្បាប់ដោយឡែកដែរ។ទោសបន្ថែមទាំងឡាយ ដែលមានចែងនៅក្នុងចំណុច ១, ២, ៣, ៤, ៥, ៦ និង ៧ ខាងលើនេះ ត្រូវអនុវត្ដនៅពេលផុតទោសពន្ធនាគារ លើកលែងតែមានសេចក្ដីសម្រេចផ្ទុយរបស់តុលាការ។

         គ- ទោសជំនួស សំដៅលើទោសជាការងារ​សហគ​មន៍ ឬការស្តីបន្ទោស ដែលជំនួសឲ្យ​មូលទោស។ តុលាការដែលប្រកាសទោសជាការងារសហគមន៍ ឬការស្តីបន្ទោស ពុំអាច​ប្រកាស​ទោសពន្ធនាគារ ឬទោសពិន័យបានទេ។ តុលាការពុំអាចប្រកាសទោសជំនួសទាំងពីរ​នេះ ត្រួតគ្នា​បាន​ឡើយ។ មូលហេតុដែលសម្រេចអំពីទោសជំនួស គឺដោយផ្អែកទៅលើគោលការណ៍មនុស្សធម៌ គេអាចពិនិត្យទៅលើស្ថា​នភាព កលៈទេសៈនៃ​ការ​ប្រព្រឹត្តបទល្មើស ដើម្បីមិនអនុវត្តទោសដែលជាមូលដ្ឋាន ដោយយកទោសជំនួសមកអនុវត្តវិញ ។ នៅពេលដែលចៅក្រមយល់ឃើញថា ទោសពន្ធនាគារពុំត្រូវបានបង្ហាញទេ(ដោយមានមូលហេតុមកពីយុវភាពនៃជនជាប់ចោទ) ហើយទោសពិន័យ​ក៏ពុំ​អាច​អនុវត្ដបានដែរ (ដោយប្រៀបធៀបទៅនឹងធនធានរបស់ជនជាប់ចោទ) ចៅក្រមអាច​ប្រកាស​​ទោសជំនួសវិញ។ ចៅក្រមអាចប្រកាសទោសការងារសហគមន៍ តែក្នុងករណីដែល​ជនជាប់​​ចោទ​មានវត្ដមាននៅក្នុងសវនាការ ហើយព្រមបំពេញការងារ​នោះ​ប៉ុណ្ណោះ។ នៅមុនពេលប្រកាសសេចក្ដី​សម្រេចរបស់​ខ្លួន ចៅក្រមត្រូវដាស់តឿនដល់ជន​ជាប់ចោទ​ថា ខ្លួនអាចបដិសេធមិនធ្វើការងារនេះ​ ហើយចម្លើយរបស់ជនជាប់ចោទ ត្រូវតែចុះ​ក្នុង​សេចក្ដី​សម្រេចរបស់តុលាការ។ គួរគូសបញ្ជាក់ផងដែលថា តុលាការដែល​ប្រកាសទោសការងារសហគមន៍ ត្រូវតែកំណត់​ថិរ​វេលា​នៃការងារនេះ និងរយៈពេលដែលត្រូវ​បំពេញ ហើយរយៈពេលនេះមិនអាចលើសពី ០១(មួយ) ឆ្នាំឡើយ។ បែបបទនៃការអនុវត្តទោសការងារសហគមន៍ ស្ថិតនៅក្នុងសមត្ថកិច្ចរបស់ស្ថាប័នអយ្យការ មានន័យថា ព្រះរាជអាជ្ញាមានសមត្ថកិច្ចចង្អុលប្រាប់ឈ្មោះនីតិបុគ្គលដែលត្រូវទទួលអត្ថប្រយោជន៍ពីការងារនេះ និងការត្រួតពិនិត្យលើការអនុវត្តការងារនេះ។ រីឯចំពោះការស្តីបន្ទោសវិញ លុះត្រាតែជនជាប់ចោទរងទោសដាក់ពន្ធនាគារ ដែលមានអតិបរមាតិចជាង ឬ ស្មើនឹង ៣ (បី) ឆ្នាំ តុលាការអាចប្រកាសស្ដីបន្ទោស ប្រសិនបើមានគ្រប់លក្ខខណ្ឌទាំងបីដូចតទៅនេះ ៖

- ភាពចលាចលដល់សណ្ដាប់ធ្នាប់សាធារណៈដែលបណ្ដាលមកពីបទល្មើសបានបញ្ចប់

- ការខូចខាតត្រូវបានជួសជុលរួចហើយ និង

- ជនជាប់ចោទបានបង្ហាញការធានាក្នុងការចូលទៅរួមរស់នៅក្នុងសង្គមវិញ ។

១៥- ច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរដ្ឋសភាអនុម័តនិងប្រកាសឱ្យប្រើកាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ១៩៩៣ បានកំណត់ លក្ខណៈនៃច្បាប់ហិរញ្ញវត្ថុចំនួន៣គឺ ៖

  • ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ
  • ច្បាប់ហិរញ្ញវត្ថុកែតម្រូវ
  • ច្បាប់ទូទាត់ថវិកា

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login