Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤១- តើការរាប់ចំនួនថ្ងៃច្រើនជាង ១៨២ថ្ងៃ ក្នុងកំឡុងពេល១២ខែនៃឆ្នាំសារពើពន្ធយ៉ាងដូចម្តេច ដើម្បីក្លាយជាអ្នកជាប់ពន្ធនិវាសនជន ?

៤២- តើចាប់ពីរយៈពេលណាទើបរូបវន្តបុគ្គលបរទេសក្លាយជានិវាសនជនក្នុងប្រទេសកម្ពុជា ?

៤៣- តើនរណាជានីតិបុគ្គល ?

៤៤- តើគ្រឹះស្ថានអចិន្ត្រៃយ៍សំដៅទៅលើអ្វី ?

៤៥- តើក្រុមអាជីវកម្មសំដៅទៅលើអ្វី ?

ចម្លើយ

៤១- វត្តមានរបស់រូបវន្តបុគ្គលក្នុងព្រះរាជាណាចក្រកម្ពុជាលើសពីចំនួន១៨២ថ្ងៃ ក្នុងមួយលើក ឬច្រើន លើកក្នុងរយៈពេល ១២ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំសារពើរពន្ធចរន្តបុគ្គលនោះក្លាយជានិវាសនជន ។ ក្នុងការកំណត់ចំនួនថ្ងៃស្នាក់នៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជា វត្តមានក្នុងចំណែកណាមួយនៃថ្ងៃត្រូវរាប់ថាមួយថ្ងៃពេញ ។

៤២- រូបវន្តបុគ្គលបរទេសអាចក្លាយជានិវាសនជន ក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលដែលត្រូវបានសំរេចថាបុគ្គលនោះនឹងស្នាក់នៅក្នុងប្រទេសកម្ពុជាច្រើនជាង ១៨២ថ្ងៃក្នុងរយៈពេល ១២ខែណាមួយ ដែលបានបញ្ចប់ក្នុងឆ្នាំសារពើពន្ធចរន្ត ទន្ទឹមនឹងនេះ បុគ្គលដែលរំពឹងទុកថាបានស្នាក់នៅក្នុងប្រទេសកម្ពុជា លើស១៨២ថ្ងៃ ចាប់តាំងពីពេលបានចូលក្នុងប្រទេសកម្ពុជា ពោលគឺនៅថ្ងៃទី ១ ដែលគាត់បានស្នាក់នៅក្នុងប្រទេសកម្ពុជា បុគ្គលនោះត្រូវបានកំណត់ថា ជានិវាសនជននៃប្រទេសកម្ពុជា ។ ផ្ទុយទៅវិញ ប្រសិនបើ បុគ្គលនោះបានចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល ១៨២ថ្ងៃ ឬតិចជាងនេះ ក្នុងរយៈពេលណាមួយនៃ ១២ខែ ប៉ុន្តែបានបន្តការស្នាក់នៅរបស់គាត់ច្រើនជាង ១៨២ថ្ងៃ បុគ្គលនោះនឹងក្លាយជានិវាសនជនក្នុងថ្ងៃដែលបានសម្រេចថាបន្តការស្នាក់នៅ ។

៤៣- ពាក្យ "នីតិបុគ្គល” សំដៅដល់សហគ្រាស ឬអង្គការនានាដែលប្រកបអាជីវកម្ម ទោះបីជាបាន ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្តី ។ ពាក្យ "នីតិបុគ្គល ” រួមបញ្ចូលផងដែរនូវស្ថាប័នរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ ឬអង្គការមិនស្វែងរកចំណេញ។ ចំពោះបុគ្គលអនិវាសនជន ពាក្យ "នីតិបុគ្គល” សំដៅដល់គ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពាក្យ "នីតិបុគ្គល" ពុំរាប់បញ្ចូលទេនូវក្រុមអាជីវកម្ម ឬសហគ្រាសឯកបុគ្គល ។

៤៤- ពាក្យ “គ្រឹះស្ថានអចិន្ត្រៃយ៍” សំដៅដល់ទីកន្លែងប្រកបអាជីវកម្មជាប់លាប់នៅព្រះរាជាណាចក្រកម្ពុជា សាខារបស់ក្រុមហ៊ុនបរទេស ឬភ្នាក់ងារនិវាសនជននៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈនេះ បុគ្គលអនិវាសនជនប្រកបអាជីវកម្មទាំងអស់ ឬមួយចំណែករបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពាក្យ "គ្រឹះស្ថានអចិន្ត្រៃយ៍” រួមបញ្ចូលផងដែរនូវសមាគម ឬរូបភាពទំនាក់ទំនងផ្សេងទៀត ដែលតាមរយៈនេះបុគ្គលអនិវាសជនធ្វើសកម្មភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានអចិន្ត្រៃយ៍ត្រូវបានចាត់ទុកថា ជានីតិបុគ្គលនិវាសនជនចំពោះតែប្រាក់ចំណូលប្រភពកម្ពុជាប៉ុណ្ណោះ។

  • បន្ថែមលើសេចក្តីថ្លែងក្នុងវាក្យខ័ណ្ឌ ក និងវាក្យខ័ណ្ឌ ខ នៃកថាខ័ណ្ឌនេះ បុគ្គលណាមួយត្រូវបានចាត់ទុកជាគ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងករណីដែលបុគ្គលនោះបំពេញលក្ខខណ្ឌចាប់ពីមួយឡើងទៅក្នុងចំណោមលក្ខខណ្ឌទាំងបីដូចតទៅ ៖

         - មាន និងប្រើជាប្រចាំនូវសិទ្ធិអំណាចក្នុងការចុះកិច្ចសន្យា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសហគ្រាសបរទេសណាមួយ

         - កាន់កាប់ជាប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជានូវស្តុកទំនិញ ហើយបុគ្គលនោះតែងធ្វើការបញ្ចេញ ឬផ្គត់ផ្គង់ទំនិញចេញពីស្តុកនោះ នៅក្នុងនាមសហគ្រាសបរទេសណាមួយ

         - ធ្វើការប្រមូលបុព្វលាភ ឬធ្វើការធានារ៉ាប់រង លើកលែងតែការធានារ៉ាប់រងបន្តនូវហានិភ័យ

  • ក្នុងការអនុវត្ត រដ្ឋបាលសារពើពន្ធត្រូវវិនិច្ឆ័យទៅតាមករណីដោយឡែកនីមួយៗទៅតាមព្រឹត្តិការណ៍ ជាក់ស្តែងនៃករណីនីមួយៗថាតើមាន ឬគ្មានគ្រឹះស្ថានអចិន្ត្រៃយ៍ លើកលែងតែការអនុវត្តនូវប្រការទាំងឡាយនៃកិច្ចព្រមព្រៀងអន្តរជា តិ។
  • គ្រឹះស្ថានអចិន្ត្រៃយ៍មានជាអាទិ៍ ៖

         - ទីកន្លែងសម្រាប់ធ្វើការងារគ្រប់គ្រង

         - សាខារបស់សហគ្រាសបរទេសភ្នាក់ងារ

         - ការិយាល័យរបស់សហគ្រាសបរទេស

         - ឃ្លាំង

         - រោងចក្រ

         - រោងជាង

         - កន្លែងយករ៉ែ អណ្តូងប្រេងកាតឬឧស្ម័នធម្មជាតិ កន្លែងយកថ្ម ឬធនធានធម្មជាតិផ្សេងទៀត

         - កសិដ្ឋាន ឬកន្លែងដាំដុះ

  • គ្រឹះស្ថានអចិន្ត្រៃយ៍មានរួមបញ្ចូលផងដែរនូវ ៖

         - ការដ្ឋាន កន្លែងសាងសង់ គំរោងការសាងសង់ ឬគំរោងការផ្គតំលើង និងសកម្មភាពតាមដានពិនិត្យដែលជាប់ទាក់ទិននឹងទីកន្លែង ឬគំរោងការទាំងនោះ ក្នុងករណីដែលទីកន្លែងសាងសង់ ឬគំរោងការ ឬសកម្មភាពទាំងនោះមានរយៈពេលលើសពីប្រាំមួយខែ ។

         - ការផ្តល់សេវាដែលក្នុងនោះមានទាំងសេវាទីប្រឹក្សាផង ធ្វើឡើងដោយនិយោជិត ឬបុគ្គលិក ផ្សេងទៀតរបស់សហគ្រាសបរទេស ក្នុងករណីដែលសកម្មភាពទាំងនោះបានប្រព្រឹត្តទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលសរុបលើសពីប្រាំមួយខែនៅក្នុងរយៈពេល១២ខែ ណាមួយ ។

៤៥- ពាក្យ “ក្រុមអាជីវកម្ម” សំដៅដល់ក្រុមសមូហនាម ដែលមានម្ចាស់ភាគទុនជារូបវន្តបុគ្គលនិវាសនជនយ៉ាងច្រើន  ១០ នាក់ ហើយក្នុងនោះចំណែកសមាមាត្ររបស់ម្ចាស់ភាគទុននៅក្នុងខ្ទង់មូលធន ប្រាក់ចំណេញ និងការខាតបង់ ត្រូវស្របតាមលក្ខណៈវិនិច្ឆ័យដែលត្រូវកំណត់ដោយអនុក្រឹត្យ ។ ក្នុងនិយមន័យនេះ "ក្រុមអាជីវកម្ម” មិនអាចជាសមាជិករបស់ក្រុមហ៊ុន បុគ្គលណាមួយ ហើយក៏មិនរាប់បញ្ចូលផងទេនូវក្រុមហ៊ុនដើមទុន គ្រឹះស្ថានអចិន្ត្រៃយ៍ ឬសហគ្រាសឯកបុគ្គល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login