Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥១- តើប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានអ្វីខ្លះ ?

៥២- តើក្រុមប្រឹក្សាធម្មនុញ្ញជាអ្វី ?

៥៣- តើនិមិត្តសញ្ញា និងរចនាសម្ព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រម្ពុជាមានអ្វីខ្លះ ?

៥៤- តើប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានជ្រើសតាំងទ្បើងតាមអ្វី ?

៥៥- តើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានជ្រើសរើសក្នុងចំណោមឥស្សរជនមានអ្វីខ្លះ ?

ចម្លើយ

៥១- ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានដូចជា ៖

  • ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ពុំដែលប្រព័ន្ធត្រួតពិនិត្យធម្មនុញ្ញភាពទេ ។ រដ្ឋធម្មនុញ្ញថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧ ​ដែលបានកែប្រែបន្តបន្ទាប់រហូតដល់ថ្ងៃទី៣១ ខែមីនា ១៩៦៤ ក៏​បាននិយាយនៅក្នុងមាត្រា ១១៩ តែ​ពី​សិទ្ធិ​បកស្រាយ​អត្ថបទ​ធម្មនុញ្ញ ហើយ​មិនមាន​និយាយ​ពី​ការត្រួត ពិនិត្យ​ធម្មនុញ្ញភាព​ទេ ។ សិទ្ធិ​បកស្រាយ​ចុងក្រោយ​ជា​របស់​រដ្ឋសភា ។
  • សាធារណរដ្ឋខ្មែរ រដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧២ បានបង្កើតឲ្យមាន​ប្រព័ន្ធ ត្រួតពិនិត្យធម្មនុញ្ញភាពមួយដែរ ដែលដាក់ឈ្មោះថា “តុលាការធម្មនុញ្ញ” ។ ទោះបី​ជា​មានឈ្មោះជាតុលាការធម្មនុញ្ញយ៉ាងណាក៏ដោយ ក៏អង្គការនេះស្ថិតដោយឡែកពីអង្គការ​តុលាការដែរ ។ ការបង្កើតនេះ គឺពិតជាទទួលឥទិ្ធពលពីបស្ចឹមប្រទេសយ៉ាងប្រត្យក្ស​ ។ តុលាការធម្មនុញ្ញនេះមានសមាជិក ៦ រូប និងមានអាណត្តិ ៦​ ឆ្នាំ ។​ សមាជិក​តុលាការ ធម្មនុញ្ញទាំងអស់ចងអាណត្តិមិនព្រមគ្នាទេ សមាជិកចំនួនពាក់កណ្តាលត្រូវផ្លាស់​ប្តូរថ្មី ក្នុងរយៈពេល ៣​​ ឆ្នាំម្តងៗ មុនផុតឆ្នាំទី ៣ នៃអាណត្តិទី ១ ត្រូវចាត់ការបោះឆ្នោត​ដើម្បី​ជ្រើសតាំងសមាជិកតុលាការធម្មនុញ្ញ ដែលត្រូវផុតអាណត្តិមុនគេ ។ សមាជិកតុលាការធម្មនុញ្ញត្រូវចាត់តាំងតាមរបៀបដូចតទៅ ៖

         - ២ រូប ដោយប្រធានាធិបតី

         - ២ រូប ដោយសភាជាតិ

         - ២ រូប ដោយព្រឹទ្ធសភា

ប្រធានតុលាការធម្មនុញ្ញត្រូវជ្រើសតាំងក្នុងចំណោមសមាជិករបស់ខ្លួន ។ ការបោះ​ឆ្នោតនេះ ត្រូវធ្វើឡើងនៅពេលផ្លាស់សមាជិកពាក់កណ្តាលចំនួន ។ មុខងារសមាជិកតុលាការធម្មនុញ្ញ មានវិសមិតភាពនឹងមុខងារដូចជា ៖ ប្រធានាធិបតី អនុប្រធានាធិបតី សមាជិករដ្ឋាភិបាល សមាជិកសហសភា សមាជិកតុលាការជាន់ខ្ពស់ និងសមាជិកតុលាការកំពូល ។

  • កម្ពុជាប្រជាធិបតេយ្យ ការមកដល់នៃរបបខ្មែរក្រហមនា ឆ្នាំ១៩៧៥ បាននាំមកនូវការសំលាប់ប្រជាជន និង​កំទេច បំផ្លាញ រចនាសម្ព័ន្ធទាំងអស់ ព្រមទាំងជាន់ឈ្លីក្បួនច្បាប់ទាំងឡាយគ្មានសល់រហូត​ដល់ដំណាច់ ឆ្នាំ១៩៧៨ ។
  • រដ្ឋកម្ពុជា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទន្ទឹមនឹងការកសាងប្រទេសជាតិឡើងវិញ​នូវគ្រប់វិស័យ ការស្តារប្រព័ន្ធច្បាប់ក៏មានសកម្មភាពខ្លាំងក្លាណាស់ដែរ ។ រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ ប្រជាមានិតកម្ពុជាឆ្នាំ ១៩៨១ អនុញ្ញាតឲ្យមានការបកស្រាយច្បាប់ដោយក្រុម​ប្រឹក្សារដ្ឋ ក្នុងឋានៈជាអង្គការអចិន្រ្តៃយ៍របស់រដ្ឋសភា ។ ចាប់តាំងពីឆ្នាំ ១៩៨៩ ដល់ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៣ រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជាបានចែងអំពីការបកស្រាយច្បាប់ ដោយ​គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ។ ប៉ុន្តែនៅពេលនោះ ការបកស្រាយធម្មនុញ្ញ និងការ​ត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ពុំទាន់មានឡើយ ។
  • ព្រះរាជាណាចក្រកម្ពុជាទី២ រដ្ឋធម្មនុញ្ញថ្មីដែលបានអនុម័តនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៩៩៣ ដោយសភា​ធម្មនុញ្ញ ដែលកើតចេញពីការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិពីឆ្នាំ ១៩៩៣ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ។ នេះគឺជាការវិលត្រឡប់ទៅរក​ឥទ្ធិពល​បស្ចឹមប្រទេសជាថ្មីម្តងទៀត ។ ជំពូកទី ១២ ថ្មី នៃរដ្ឋធម្មនុញ្ញនិយាយអំពី “ក្រុម​ប្រឹក្សាធម្មនុញ្ញ” ដែលមានចំណុចជាច្រើនធ្វើឲ្យគេនឹកគិតដល់ក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសបារាំង ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខុសគ្នាពីបែបបារាំងដែរ ពិសេស​ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ក្រោយពេលដែលច្បាប់នោះត្រូវបានប្រកាសឲ្យប្រើហើយ និង សវនាការសាធារណៈ នៅក្នុងការជំនុំជំរះវិវាទទាក់ទងទៅនឹងការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត ។ សវនាការសាធារណៈនេះមានចែងនៅក្នុងច្បាប់ ស្តីពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត ដែលប្រកាសឲ្យប្រើនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩៧ ។ គួរកត់សំគាល់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ចំនួន ៦ លើក ៖

         - លើកទី ១ នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៩៤ ៖ ការផ្ទេរសិទ្ធិរបស់ព្រះមហាក្សត្រ​ពេលទ្រង់អវត្តមាន

         - លើកទី ២ នៅថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ១៩៩៩ ៖ បង្កើតស្ថាប័នព្រឹទ្ធសភា

         - លើកទី ៣ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០១ ៖​ ព្រះមហាក្សត្រទ្រង់បង្កើត និង​ប្រទានគ្រឿងឥស្សរិយយសជាតិ

         - លើកទី ៤ នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០០៥ ៖ កែប្រែកូរ៉ុមប្រជុំ និងសម្លេងអនុម័ត​របស់រដ្ឋសភា ព្រឹទ្ធសភា

         - លើកទី ៥ នៅថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០០៦ ៖ កែប្រែកូរ៉ុមប្រជុំ និងសម្លេងអនុម័ត​របស់រដ្ឋសភា ព្រឹទ្ធសភា

         - លើកទី ៦ នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៨ ៖ ផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរដ្ឋបាល

៥២- ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​ស្ថាប័ន​កំពូល​មួយ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និងច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត និងព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ និងសម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះ​ឆ្នា​ត​ជ្រើសតាំង​តំណាងរាស្ដ្រ និង​ការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។

៥៣- និមិត្តសញ្ញា និងរចនាសម្ព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រម្ពុជាដូចជា ៖

  • និមិត្តសញ្ញា ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​រូប​ព្រះព្រហ្ម​មាន​ ព្រះភ័ក្ដ្រ៤ និង ព្រះ​ហ​ស្ថ៤ កាន់​កេតនភណ្ឌ គង់​លើ​បល្ល័ង្ក។ ព្រះព្រហ្ម ជា​និ​មិ​ត្ដ​រូប​នៃ​អ្នកបង្កើ់ត​លោក ។ ព្រះភ័ក្ដ្រ​ព្រះព្រហ្ម តំណាងឱ្យ​ព្រហ្ម​វិហារធម៌​ទាំង​បួន​គឺ មេ​ត្ដា ករុណា មុទិតា និង ឧបេក្ខា ។ ព្រះ​ហ​ស្ថ ឆ្វេង ខាងលើ​កាន់​ផ្កាឈូក តំណាង​ការកកើត ព្រះ​ហ​ស្ថ ឆ្វេង ខាងក្រោម​កាន់​សាស្ដ្រា តំណាង​គម្ពីរ​ក្បួន ច្បាប់ ព្រះ​ហ​ស្ថ សាំ្ដ ខាងលើ​កាន់​ផ្គាំ តំណាងឱ្យ​ការ​រំងាប់​អារម្មណ៍ ការ​ឧទ្ទិស​កុសល ការ​ចំរើន​ភាវនា រក​អំពើ​ល្អ ផ្លូវធម៌ ផ្លូវលោក ព្រះ​ហ​ស្ថ ស្ដាំ ខាងក្រោម​កាន់​ពួច​ទឹក តំណាង​ទឹក​អ​ម្រិ​ត​ប្រោះព្រំ ឱ្យ​សុខ​សប្បាយ​ត្រជាក់ត្រជុំឱ្យ​រស់ ។
  • រចនាសម្ព័ន្ធនៃក្រុមប្រឹក្សាធម្មនុញ្

         ក- ព្រះមហាក្សត្រ និង​ក្រុមប្រឹក្សាធម្មនុញ្ញ

         - ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះ​សេចក្ដីស្នើ​ទាំងឡាយ​ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ។

         - ការផ្ដើមគំនិត​សើរើ​ឬ​ការផ្ដើមគំនិត​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​ ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ របស់​នាយករដ្ឋមន្ដ្រី  និង​របស់​ប្រធានរដ្ឋសភា​តាម​សេចក្ដី ស្នើ​របស់​តំណាងរាស្ដ្រ​មួយ​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។

         ខ- ក្រុមប្រឹក្សាធម្មនុញ្ញ និង ប្រជារាស្ដ្រ

         - ប្រជារាស្ដ្រ​អាច​លើកឡើង​ប្ដឹងទៅ​តុលាការ អំពី​បញ្ហា​អធម្មនុញ្ញភាព​នៃ​ច្បាប់ ឬ សេចក្ដីសម្រេច​របស់​ស្ថាប័ន​នានា​របស់​រដ្ឋ ដូចជា​ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងសេចក្ដីសម្រេច​រដ្ឋបាលផ្សេងៗតាមរយៈ​រឿងក្ដី​របស់ខ្លួន​នៅ​តុលាការ ។ តុលាការ​ថ្នាក់ក្រោម​បញ្ជូន​ពាក្យបណ្ដឹង​ខាងលើនេះ​ទៅ​តុលាការកំពូល ។ តុលាការ​កំពូល​ជា​អ្នក​បញ្ជូន​បណ្ដឹង​នោះ​បន្ដ​មក​ក្រុមប្រឹក្សាធម្មនុញ្ញ បើសិនជា​តុលាការ​កំពូល​យល់ឃើញ​ថា​សម​ហេតុ​សម​ផល ។ បញ្ហា​ដែល​កើត ឡើង​នោះ  ជា​បញ្ហា​បន្ទាន់​បង្ខំ​ដែល​តុលាការ​ទទួលបន្ទុក​ជំនុំជម្រះ​ត្រូវ​ផ្អាក​សិន  ដោយ​រង់ចាំ​ចម្លើយ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ជាមុន ។ ក្រុមប្រឹក្សាធម្មនុញ្ញ ជា​អ្នក​ជួយ​ពិនិត្យ​ធម្មនុញ្ញភាព​ជូន​ប្រជារាស្ដ្រ​ក្នុងករណីនេះ ។

         - ក្នុងករណី​គ្មាន​រឿងក្ដី​ក៏ដោយ ប្រជារាស្ដ្រ​មាន​សិទ្ធិ​ប្ដឹង​សុំឱ្យ​ពិនិត្យ​ធម្មនុញ្ញភាព​ នៃ​ច្បាប់​ណា​ដែល​ប្រកាស​ឱ្យប្រើ​ហើយ ។ ប្រជារាស្ដ្រ​ត្រូវ​ប្ដឹង​តាមរយៈ  ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភាសមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន  ឬតំណាងរាស្ដ្រ​ចំនួន​មួយ​ភាគ​ដប់ ។

         - ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ និងសម្រេច​ជូន ប្រជារាស្ដ្រ​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​រឿង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ និងសមាជិកព្រឹទ្ធសភា​ក្នុងករណី​ដែល​ប្រជារាស្ដ្រ​មិន​សុខ​ចិ​ត្ដ​នឹង​សេចក្ដីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ។

         គ- ក្រុមប្រឹក្សាធម្មនុញ្ញ និង គណបក្សនយោបាយ

         - ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និងសម្រេច​លើ​បណ្ដឹង​របស់​គណបក្សនយោបាយ ដែល​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​មិន​ព្រម​ចុះបញ្ជី​គណបក្សនយោបាយ ។

         - ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និងសម្រេច​ជូន​គណបក្សនយោបាយ តាម​បណ្ដឹងផ្ទាល់ (បណ្ដឹង​នេះ​ធ្វើ​បានតែ​ក្នុង​រយៈពេល ៧២ ម៉ោងយ៉ាងយូរ​បន្ទាប់ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន) ឬតាម​បណ្ដឹងឧទ្ធរណ៍​មិន​សុខ​ចិ​ត្ដ នឹង​សេចក្ដីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុងវិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ និងការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។

         - ក្នុងការ​ដោះស្រាយ​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ការបោះឆ្នោត​ជ្រើសតាំងសមាជិក​ព្រឹទ្ធសភា ការដោះស្រាយ​បណ្ដឹងតវ៉ា ឬបណ្ដឹង​ជំទាស់​នឹង​បញ្ជី​ដំបូង​នៃ​ការចុះឈ្មោះ​បោះឆ្នោត និងការដោះស្រាយ​បណ្ដឹង ​ក្នុងពេល​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាធម្មនុញ្ញបំពេញ​តួនាទី​ដូចតុលាការ ។

         ឃ- ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ

         ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ក្នុង​ក្របខ័ណ្ឌ​នៃ ការត្រួតពិនិត្យ​ធម្មនុញ្ញភាព​តាម​សំណើ​ពី ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន  ឬ​អ្នកតំណាងរាស្ដ្រ​មួយ​ភាគ​ដប់ ឬ​តុលាការ (តុលាការ​ចំពោះតែ​ច្បាប់​ណាដែល​ប្រកាស​ឱ្យប្រើ​ហើយ) ។

         ក្រុមប្រឹក្សាធម្មនុញ្ញ​អាច​ពិនិត្យ​ជា​អាទិកាល(២) ឬបច្ឆាកាល(៣)  នូវ​ធម្មនុញ្ញភាព​នៃ​ច្បាប់ក្នុង​ល័ក្ខខ័ណ្ឌ​ខាងលើនេះ លើកលែងតែ​ច្បាប់រៀបចំ​អង្គការ បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា និង បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដែល​ត្រូវតែ​ពិនិត្យ​មុននឹង ​ប្រកាស​ឱ្យប្រើ (ឬ មុននឹង​ដាក់អោយ​អនុវត្ដ​ន៍) ។

         ង- ក្រុមប្រឹក្សាធម្មនុញ្ញ និង អធិបតេយ្យ​ជាតិ

         ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អង្គការតែមួយគត់ ដែលមាន​សមត្ថកិច្ច​ស​ម្រេច​ពី​មោឃភាពនៃ​ការអនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា ដែល​ផ្ទុយ​នឹង​គោលការណ៍ ​រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ ឬការគ្រប់គ្រង​រដ្ឋបាលរបស់ប្រទេសជាតិ ។

សេចក្ដី​សំ​ម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​សេចក្ដីសម្រេច​បិទផ្លូវ​តវ៉ា  ហើយ​មាន​អានុភាព​អនុវត្ដ​ទៅលើ​គ្រប់​អំណាច​ទាំងអស់ ដែល​មានចែង​ក្នុងរដ្ឋធម្មនុញ្ញ ។

៥៤- ប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានជ្រើសតាំងទ្បើងតាមការបោះឆ្នោត ដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញរៀងរាល់ ៣ឆ្នាំម្ដង តាមមតិភាគច្រើនដាច់ខាតនៃសមាជិកទាំងមូល បន្ទាប់ពីសមាជិកថ្មី ៣រូប ចូលកាន់តំណែង ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញចាស់អាចត្រូវបានជ្រើសតាំងជាថ្មីបាន ។

៥៥- សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានជ្រើសរើសក្នុងចំណោមឥស្សរជនដែលមានដូចជា ៖

  • មានសញ្ជាតិខ្មែរពីកំណើត
  • មានអាយុយ៉ាងតិច ៤៥ ឆ្នាំ
  • មានបទពិសោធន៍ក្នុងកាងារយ៉ាងតិច ១៥ ឆ្នាំ
  • មានសញ្ញាប្រ័តចាប់ពីឧត្ដមសិក្សាទ្បើងទៅខាងច្បាប់ រដ្ឋបាលខាងការទូត ឬខាងសេដ្ឋកិច្ច ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login