2019-11-16 09:53
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អំពើអនីត្យានុកូល គឺជាអំពើដែលផ្ទុយ និងច្បាប់ផ្ទុយសីលធម៌ល្អរបស់សង្គមដែលប្រព្រឹត្តដោយបុគ្គលម្នាក់ ឬមួយក្រុម ហើយធ្វើប៉ះពាល់ដល់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ បូរណភាពរូបរាងកាយ ឬខូចខាតប្រយោជន៍អ្នកដទៃ ។ បុគ្គលដែលបង្កការខូចខាត ត្រូវសងការខូចខាតដោយសាមគ្គីភាព ឬទៅតាមភាគដែលខ្លួនបានបង្កនោះ បើអាចបញ្ជាក់បានអំពីភាគនៃការខូចខាតដែលខ្លួនបានបង្ក ។ ប៉ុន្តែបើបុគ្គលដែលមានអាយុក្រោម១៤ឆ្នាំ ឬបុគ្គលដែលស្ថិតក្នុងស្ថានភាពមិនអាចយល់ដឹង និងវិនិច្ឆ័យបានអំពីការទទួលខុសត្រូវចំពោះអំពើររបស់ខ្លួន ដែលបានប្រព្រឹត្តនោះ ដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី ឬមូលហេតុផ្សេងទៀត បុគ្គលនោះមិនទទួលខុសត្រូវ សំណងខូចខាតដោយអំពើអនីត្យានុកូលឡើយ។ យោងតាមសទានុក្រមនៃក្រមរដ្ឋប្បវេណី អំពើអនីត្យានុកូលសំដៅទៅលើអំពើដែលបំពានដោយខុសច្បាប់ទៅលើសិទ្ធ ឬផលប្រយោជន៍អ្នកដទៃដោយកំហុសចេតនា ឬអចេតនា ។ បន្ថែមលើនេះនៅក្នុងមាត្រា ៧៤២ (ក្រមរដ្ឋប្បវេណី, ២០០៧) ជំពូកទី១៦ (អំពើអនីត្យានុកូល) បានធ្វើការកំណត់ថាអំពើអនីត្យានុកូលសំដៅលើ អំពើដែលបានប្រព្រឹត្តឡើងដោយមានកំហុសដោយចេតនា ឬអចេតនា ហើយដែលអាចជាអំពើណាមួយដូចខាងក្រោម ៖
ក្នុងករណីដែលអំពើអនីត្យានុកូលបានបំពានទៅលើសិទ្ធិ ឬផលប្រយោជន៍របស់អ្នកដទៃដោយខុសច្បាប់ដោយកំហុសចេតនា ឬអចេតនា ឬអំពើអនីត្យានុកូលគឺមានន័យថាបុគ្គលម្នាក់ (ចារី) បានបង្កឲ្យមានការខូចខាតដោយខុសច្បាប់ទៅដល់បុគ្គលផ្សេងទៀត (ជនរងគ្រោះ) ដោយចេតនា និងអចេតនា ហើយនាំឲ្យមានការសងនូវសំណងនៃការខូចខាត។ ដូច្នេះបុគ្គលដែលមានសិទ្ធិ ឬផលប្រយោជន៍របស់ខ្លួនដែលត្រូវបានគេរំលោភបំពានមានសិទ្ធិទាមទារនូវសំណងការខូចខាត ។ ម៉្យាងវិញទៀត កម្មវត្ថុនៃសំណងនៃការខូចខាតមិនត្រឹមតែមានការខូចខាតផ្នែកទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែរួមមានទាំងការខូចខាតខាងផ្លូវចិត្តទៀតផង ។ យើងដឹងហើយថា អំពើអនីត្យានុកូលតម្រូវឲ្យចារីសងសំណងការខូចខាតខាងសេដ្ឋកិច្ច និងខាងផ្លូវចិត្តចំពោះជនរងគ្រោះ ដើម្បីទទួលបាននូវយុត្តិធម៌ ។ ការទទួលខុសត្រូវលើអំពើអនីត្យានុកូល គឺយោងទៅតាមគោលការណ៍នៃការទទួលខុសត្រូវកំហុស មានន័យថានៅក្នុងសង្គមដែលមានសេរីភាព សេរីភាពខាងអំពើត្រូវបានធានា ។ បុគ្គលម្នាក់ៗ ជាគោលការណ៍មិនត្រូវទទួលខុសត្រូវនោះទេ បើត្រូវទទួលខុសត្រូវចំពោះផលដែលនឹងកើតមានឡើងពីសកម្មភាព ឬអាចត្រូវបានព្យាករទុកជាមុនបានក្នុងការបំពាននូវសិទ្ធិ ឬផលប្រយោជន៍របស់អ្នកដទៃ ចំពោះសកម្មភាពដែលមិនអាចព្យាករដឹងបានពីលទ្ធផលនៃសកម្មភាពនោះ ជាទូទៅច្បាប់មិនតម្រូវឲ្យទទួលខុសត្រូវទេ ពីព្រោះវានឹងរារាំងដល់សកម្មភាពដោយសេរីទៅវិញ ។ ដូចនេះជាទូទៅគោលការណ៍នៃអំពើអនីត្យានុកូល គឺមិនតម្រូវឲ្យមានការទទួលខុសត្រូវទេ ទោះបីជាមានការខូចខាតក៏ដោយ ប្រសិនបើអ្នកធ្វើសកម្មភាពនោះមិនធ្វើអំពើដោយមានកំហុសចេតនា ឬអចេតនានោះ ។ តាមទស្សនៈនេះ ជនដែលបានធ្វើឲ្យអ្នកដទៃរងរបួសដោយគ្មានការប្រុងប្រយ័ត្នសមហេតុផលទេ ត្រូវទទួលខុសត្រូវចំពោះការរងរបួសនោះ ចំណែកឯគោលការណ៍នេះធ្វើឲ្យបុគ្គលម្នាក់ៗមុននឹងធ្វើអ្វីមួយ ត្រូវគិតពិចារណាឲ្យបានហ្មត់ចត់នូវសកម្មភាពរបស់ខ្លួន ដើម្បីជៀសវាងនូវការកកើតឡើងនូវលទ្ធផលដែលអាចបង្កជាគ្រោះថ្នាក់ដល់អ្នកដទៃ ។