តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានដូចជា ៖
- ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញចំពោះសេចក្ដីស្នើទាំងឡាយ ដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ
- ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ ហើយក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យធម្មនុញ្ញភាព ។
- ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសំរេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។
- ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និងសំរេចលើបណ្ដឹងតវ៉ា ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ។
- ការអនុម័តទាំងឡាយរបស់រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍រក្សាការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ នឹងត្រូវចាត់ទុកជាអាសាសូន្យ ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ ដែលមានសមត្ថកិច្ចសំរេចពីមោឃភាពនេះ ។
- ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសឱ្យប្រើប្រជារាស្ដ្រមានសិទ្ធិប្ដឹងអំពីអធម្មនុញ្ញភាព នៃច្បាប់ទៅក្រុមប្រឹក្សាធម្មនុញ្ញបាន តាមរយៈប្រធានរដ្ឋសភា ឬតំណាងរាស្ដ្រចំនួនមួយភាគដប់ ។
- បុគ្គលដែលជាប់ពាក់ព័ន្ធក្នុងរឿងក្ដីណាមួយ ហើយរឿងក្ដីនោះឡើងដល់តុលាការ បុគ្គលនោះអាចលើកអំពីអធម្មនុញ្ញភាព នៃបទប្បញ្ញត្ដិណាមួយនៃច្បាប់ ឬសេចក្ដីសំរេចរបស់ស្ថាប័ននានា ដែលគេអះអាងថា ប៉ះពាល់ដល់សិទ្ធិសេរីភាពជាសារវន្ដណាមួយរបស់គេជូនតុលាការបាន ។
អ្នកមានសិទ្ធិដាក់សំណើ ឬបណ្ដឹងមកក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញទទួលពិនិត្យដោះស្រាយសំណើ ឬបណ្ដឹងជានិច្ចជាកាលតាមរយៈនៃការស្នើសុំពីខាងក្រៅមិនមែនក្រុមប្រឹក្សាធម្មនុញ្ញខ្លួនឯង ចាប់យកមកពិនិត្យវិនិច្ឆ័យ ដោយឯកឯងនោះទេ ។