ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
បុព្វបុរសខ្មែរយើង លោកបានបន្សល់ទុកនូវកេរមរតកស្នាដៃរបស់គាត់ជាចំណងអនុស្សាវរីយ៍យ៉ាងសម្រាប់ការអប់រំ និងដាស់តឿនមនុស្សប្រុសស្រីដែលរស់នៅសង្គមគ្រួសារ ឬសង្គមជាតិក្តីឲ្យមានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អ ។ អាស្រ័យបែបនេះហើយទើបមានសុភាសិតខ្មែរមួយបានចែងថា « ដឹងឆ្ងើយព្រោះដង កូនឆ្គងព្រោះមេបា »។
តើសុភាសិតនេះមានអត្ថន័យយ៉ាងដូចម្តេច?
ដើម្បីធ្វើការបកស្រាយសុភាសិតខាងលើនេះ ឲ្យបានច្បាស់លាស់និងក្បោះក្បាយជាបឋមយើងត្រូវយល់នូវអត្ថន័យរបស់ពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ពាក្យ « មេបា » គឹជាឪពុកម្តាយ ឬអាណាព្យាបាល ឬក៏គ្រូអាចារ្យ អ្នកគ្រប់គ្រង អ្នកទទួលខុសត្រូវ ។ ចំណែកឯពាក្យ «ឆ្ងើយ » មានន័យថាដែលងើយឆ្គង ឬមិនសមទំនង ។ ដូចនេះប្រធានខាងលើមានន័យថា ដឹងដែលមានដងដែលងើយឡើងលើជ្រុលហួស ចំណែកឯកូនដែលមិនល្អ មិនមានឥរិយាបថល្អប្រពៃ គឹមកពីឪពុកម្តាយ ឬអាណាព្យាបាល ។
យើងដឹងហើយថាកសិករយើងតែងតែច្នៃប្រឌិតឧបករណ៍ប្រើប្រាស់ផ្សេងៗដើម្បីជាសម្ភារៈមួយក្នុងការធ្វើប្រដាប់ប្រដារស្រែចម្ការមាន នង្គ័ល រទេះ រនាស់... ។ ក្នុងការច្នៃឧបករណ៍ទាំងនោះកសិករយើងតែងតែប្រើរបស់មួយហៅថា ដឹង រួមនិងសម្ភារៈផ្សេងៗទៀតដើម្បីរំលីងឲ្យស្អាត ។ ក្នុងការប្រើសម្ភារៈគាត់មានការពិសោធន៍ច្រើនដូចជាដឹងឆ្ងើយព្រោះដង សំដៅលើដឹងដែលមានដងងើយឡើងលើជ្រុងហួសជាហេតុមួយដែលគេយកមកប្រើមិនស្រួល ។ តាមរយៈបញ្ហានេះគឹបណ្តាលមកពីការបញ្ចុះដងនិងផ្លែមិនបានត្រឹមត្រូវ ។ ជួនកាលវាមកពីដងនោះមានលក្ខណៈរលុងកជ្រុល រួចយើងទ្រាប់ទ្រនាប់ធ្វើស្នៀតច្រើនហួសពេកក៏ថាបាន ។ ម្យ៉ាងទៀតវាអាចមកពីដងនោះយកឈើគ្មានគុណភាព អន់ រៀចឬមានថ្នាំងច្រើនហួសក៏ជាបញ្ហានាំឲ្យទើសទែងចាំងមិនកើតផងដែរ ។ ដូច្នេះបើដងមិនល្អឬការបញ្ចុះដងមិនបានណែនជាហេតុដែលនាំឲ្យប្រើប្រាស់មិនកើត ។
តាមន័យធៀបវិញ ផ្លែដឹងប្រៀបបានទីនិងកុលបុត្រកុលធីតាប្រុសស្រីដែលពុំទាន់ស្គាល់ ពុំទាន់ដឹងនូវអ្វីដែលហៅថាអំពើខុសឆ្គងនៅឡើយ ។ ចំណែកឯដងដឹងវិញប្រៀបបានទៅនិងឪពុកម្តាយអាណាព្យាបាល ឬគ្រូបង្រៀនដែលជាអ្នកទូន្មាន ជាអ្នកមើលថែរក្សានិងជាអ្នកគ្រប់គ្រង ។ យើងដឹងហើយថាមាតាបិតាគឺជាបុព្វាចារ្យឬជាគ្រូដើមរបស់កូនប្រុសស្រី ព្រោះចាប់ពីថ្ងៃដែលកូនប្រុសស្រីកើតកមានពួកគេស្ថិតនៅក្នុងរង្វង់នៃការបីបាច់រក្សារបស់មាតាបិតាទាំងអស់ ។ ការអប់រំការប្រៀនប្រដៅគឺចាប់តាំងតែពីកូននៅតូចៗម្ល៉េះ ។ ជាពិសេសមាតាបិតានេះឯងជាអ្នកតម្រង់ទិសនិងសម្រេចជោគវាសនាអនាគតឲ្យកូនប្រុសស្រី ។ ក្នុងបញ្ហានេះដែរ វាបានធ្វើឲ្យយើងឃើញថា ឪពុកម្តាយមានខ្លះធូររលុងពេកក្នុងការអប់រំទូន្មាន ដាស់តឿនកូនចៅដោយការស្រឡាញ់កូនជ្រុល ។ រីឯខ្លះទៀតជាអាណាព្យាបាល កាន់ចរិតមិនល្អដែលជាគម្រូអាក្រក់ដល់កូនក៏អាចបណ្តាលកូនក្លាយជាមនុស្សមិនល្អផងដែរ ។ ដូច្នេះកូនល្អឬអាក្រក់គឺដោយអ្នកគ្រប់គ្រង អ្នកថែរក្សាសមដូចពាក្យចាស់លើកឡើងថា « ល្អពុម្ព ទើបល្អព្រះ » ។ យ៉ាងណាមិញនៅក្នុងសង្គមគេតែងតែឃើញកុមារ និងយុវជនមួយចំនួនមដែលជាសិស្សកាន់អាកប្បកិរិយាមិនល្អ ខិលខូច គេចវេសសាលាក្លាយជាក្មេងព្រហើនកោងកាច ក្មេងទំនើងជាដើម ។ ជាមួយនេះដែលកំហុសនេះមិនមែនជាកំហុសរបស់កុមារយុវជនទេតែគឺជាកំហុសរបស់អ្នកគ្រប់គ្រងវា ។ ភាពកង្វះខាតនេះបណ្តាលមកពីការធូររលុងរបស់អ្នកទទួលខុសត្រូវដោយពុំបានអប់រំគេឲ្យយល់ច្បាស់នូវអំពើដែលខ្លួនបានធ្វើ យូៗទៅវានិងក្លាយជាទម្លាប់អាក្រក់កែលែងកើត ។ ម្យ៉ាងទៀតអ្នកទម្លាប់លួចក្លាយជាចោរប្លន់ទ្រព្យអ្នកដទៃ រីឯអ្នកទម្លាប់ខិលខូចបើមិនបានអប់រំវានិងក្លាយជាមនុស្សមានៈលែងស្តាប់បង្គាប់ឪពុកម្តាយ គ្រូបាធ្យាយ ។ ជួនកាលបណ្តាលមកពីគ្រួសារ ឬឪពុកម្តាយខ្លះ ឬយុវជននោះផ្ទាល់មានវិបត្តិ ឬក៏លែងល្បែងពាលាផ្សេងៗដោយគ្មានឱកាសអប់រំខ្លួនឲ្យបានត្រឹមត្រូវ ។ ម្យ៉ាងវិញទៀតវាអាចបណ្តាលមកពីឪពុកម្តាយខ្លះទំរើសកូនពេកអាងខ្លួនមានទ្រព្យសម្បត្តិកូនចង់បានអ្វីគឹបំពេញបំណងកូនភ្លាមទើងនាំឲ្យភ្លើតភ្លើនតាមសង្គម។ ដូច្នេះអាកប្បកិរិយាកូនចៅដែលមិនសមរម្យ គឺមកពីអាណាព្យាបាលមិនណែនាំអប់រំ ។ បើយើងក្រឡេ្កកមើលអក្សរសិល្ប៍រឿងកុលាបប៉ៃលិន វិញយើងឃើញថាអាកប្បកិរិយាឆ្មើងឆ្មៃរបស់នាងឃុននារីបានឆ្លុះបញ្ចាំងឲ្យឃើញពីការមិនសូវយកចិត្តទុកដាក់អប់រំកូនរបស់លោកហ្លួងរតនសម្បត្តិដែលជាឪពុក ។ នេះមកពីគាត់ជាប់រវល់និងមុខរបរបលក់ត្បូង ហើយម្យ៉ាងទៀតគាត់មានកូនស្រីតែមួយផង ជាហេតុនាំឲ្យគាត់ទំរើសរហូតដល់នាងមានអាប្បកិរិយាមើលងាយចៅចិត្រ ។ ដូច្នេះកូនចៅដែលខិលខូច គឹមកពីឪពុកម្តាយ មិនប្រដៅឬទំរើសពេក ។
សរុបមកសម្ភារៈដឹងដែលយកមកប្រើមិនស្រួលប្រាកដជាបន្ទោសទៅលើដងហើយ ។ រីឯកូនដែលមានឫកុំពារ កិរិយា មារយាទ និងសម្តីខុសឆ្គងជាហេតុមួយដែលគេបន្ទោសអាណាព្យាបាលរឪបុកម្តាយជាមិនខាន ។
ឆ្លងតាមការបកស្រាយខាងលើរួចមក យើងឃើញថាសុភាសិត នេះមានអត្ដន័យល្អសម្រាប់ដាស់តឿនស្មារតីឪពុកម្តាយឲ្យទម្លាប់ប្រព្រឹត្តនូវអំពើដែលល្អ ព្រោះវាជារឿងអប់រំណែនាំកូនឲ្យបានល្អ ។ ដូចនេះកុលបុត្រកុលធីតា ត្រូវតែជម្រុះចោលនូវអាកប្បកិរិយាមារយាទសម្តីសំដៅអាក្រក់ ដើម្បីការពារកេរ្តិ៍ឈ្មោះវង្សត្រកូលឪពុកម្តាយនិងគ្រូបាធ្យាយឲ្យបានល្អប្រពៃ ៕