មាត្រា១៦២នៃក្រមរដ្ឋប្បវេណី២០០៧ បានធ្វើការបែងចែកលក្ខខណ្ឌនៃលទ្ធកម្មកម្មសិទ្ធិជា៣ប្រភេទគឺ ៖
- ការកាន់កាប់អចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈ ដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល២០ឆ្នាំ ។
- ការកាន់កាប់អចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល១០ឆ្នាំ ក្នុងករណីការកាន់កាប់នោះ ធ្វើឡើងដោយសុចរិត និងគ្មានកំហុស នៅពេលចាប់ផ្តើមកាន់កាប់ ។
- បទបញ្ញត្តិទាំងពីរចំណុចខាងលើ មិនត្រូវបានយកមកអនុវត្តឡើយចំពោះអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋទោះបីជាប្រភេទណាក៏ដោយ ។ ពាក្យថាប្រភេទណាក៏ដោយ បើយោងតាមច្បាប់ភូមិបាល ២០០១ ត្រង់ជំពូក២ អំពីកម្មសិទ្ធិសាធារណៈមាត្រា១៤ ចែងថា ៖ (ទ្រព្យមួយចំនួនរបស់រដ្ឋសមូហភាពដែនដីសាធារណៈដែលត្រូវបានដាក់នៅក្រោមរបបគតិយុត្តិពិសេសគឺជា ទ្រព្យសម្បត្តិសាធារណៈ ។ ទ្រព្យមួយចំនួនទៀតត្រូវគ្រប់គ្រងដូចកម្មសិទ្ធិឯកជន និងអាចជាកម្មវត្ថុនៃកិច្ចការជំនួញ គឺជាទ្រព្យសម្បត្តិឯកជនរបស់នីតិបុគ្គលសាធារណៈ) ។ បើយើងប្រៀបធៀបទៅនឹងបទបញ្ញត្តិនៃមាត្រា ១៦១វិញ ពុំបានកំណត់ច្បាស់ថា អចលនវត្ថុដែលគ្មានម្ចាស់ ត្រូវជាកម្មសិទ្ធិរបស់រដ្ឋ និងថាតើអចលនវត្ថុនោះជា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។ ត្រង់ចំណុចនេះជាភាពពុំច្បាស់លាស់នៃក្រមរដ្ឋប្បវេណី ២០០៧ ។ ប៉ុន្តែបើយើងក្រឡេកមើលអំពីប្រវត្តិសាស្រ្តប្រទេសកម្ពុជានៅក្រោយថ្ងៃរំដោះ ៧ ខែ មករា ឆ្នាំ ១៩៧៩ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត យើងបានបង្កើតរបបថ្មីមួយទៀត គឺសាធារណៈរដ្ឋប្រជាមានិត្យកម្ពុជា ដែលមានរបបនយោបាយឯកបក្ស សង្គមនិយម និងមានសេដ្ឋកិច្ចផែនការ (សេដ្ឋកិច្ចជាតិ ស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋ) ។