សំណួរ
១១- តើបណ្តឹងអាជ្ញានឹងរលត់ដោយមូលហេតុអ្វីខ្លះ ?
១២- តើអាជ្ញាយុកាលនៃបទល្មើសត្រូវបានកំណត់ថិរវេលាដូចម្តេច ?
១៣- តើនគរបាលយុត្តិធម៌ត្រូវបានបែងចែកតាមឋានុក្រមជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
១៤- តើការទទួលគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌មានអ្វីខ្លះ ?
១៥- តើដើម្បីទទួលបាននូវសញ្ញាបត្រជាន់ខ្ពស់នៃនគរបាលយុត្តិធម៌ ត្រូវបានផ្តល់ជូនដោយឆ្លងកាត់នូវការប្រឡងបែបវិជ្ជាជីវៈដែលរួមមានវិញ្ញាសារជាមូលដ្ឋានអ្វីខ្លះ ?
ចម្លើយ
១១- បណ្តឹងអាជ្ញានឹងរលត់ដោយមូលហេតុដូចជា ៖
- មរណភាពនៃជនល្មើស ។
- ការផុតអាជ្ញាយុកាល ។
- ការលើកលែងទោសជាទូទៅ ។
- និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ ។
- អាជ្ញាអស់ជំនុំ ។
- ដោយការសម្របសម្រួលជាមួយរដ្ឋ ។
- ដោយការដកពាក្យបណ្តឹង នៅក្នុងករណីដែលពាក្យបណ្តឹងនេះជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ជាបទល្មើស ។
- ដោយការបង់ប្រាក់ពិន័យសរុប ឬប្រាក់ពិន័យសម្របសម្រួល ។
១២- អាជ្ញាយុកាលនៃបទល្មើសត្រូវបានកំណត់ថិរវេលាដូចជា ៖
- ១៥ (ដប់ប្រាំ) ឆ្នាំ ចំពោះបទឧក្រិដ្ឋ ។
- ៥ (ប្រាំ) ឆ្នាំ ចំពោះបទមជ្ឈិម ។
- ១ (មួយ) ឆ្នាំ ចំពោះបទលហុ ។
- ដោយឡែកបទឧក្រិដ្ឋប្រល័យពូចសាសន៍ បទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងបទឧក្រិដ្ឋសង្រ្គាមមិនមានអាជ្ញាយុកាលកំណត់ទេ ។
ថិរវេលានៃអាជ្ញាយុកាល ត្រូវចាប់ផ្តើមគិតចាប់ពីពេលប្រព្រឹត្តបទល្មើស ។ អាជ្ញាយុកាលត្រូវផ្តាច់ដោយគ្រប់កិច្ចនៃការចោទប្រកាន់ ឬកិច្ចស៊ើបសួរ ។ ការបញ្ចប់កិច្ចចោទប្រកាន់ ឬកិច្ចស៊ើបសួរនីមួយៗ នាំឲ្យចាប់ផ្តើមគិតថិរវេលាថ្មីនៃអាជ្ញាយុកាល ។
១៣- នគរបាលយុត្តិធម៌ត្រូវបាបែងចែកតាមឋានុក្រមជាបីប្រភេទគឺ ៖
- មន្ត្រីនគរបាលយុត្តិធម៌
- ភ្នាក់ងារនគរបាលយុត្តិធម៌
- មន្រ្តីរាជការដែលច្បាប់ដោយឡែកប្រគល់អំណាចឲ្យពិនិត្យកត់ត្រាបទល្មើសណាមួយ ។
១៤- ការទទួលគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌មានដូចជា ៖
- មន្រ្តីនគរបាលជាតិ អ្នកដែលមានឋានៈជាមន្ត្រីនគរបាលយុត្តិធម៌ គឺនាយនគរបាល ដែលមានឋានន្តរស័ក្តិចាប់ពីអនុសេនីយ៍ត្រីឡើងទៅ ដែលបានបំពេញការងារយ៉ាងតិចពីរឆ្នាំ ក្នុងនគរបាលជាតិរួចហើយ ហើយបន្ទាប់ពីបានទទួលសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌ ។ នាយនគរបាលជាតិដែលមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពីមន្ត្រីនគរបាលយុត្តិធម៌ មុនពេលក្រមនេះចូលជាធរមាន ត្រូវបានដោយស្វ័យប្រវត្តិ នូវសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌ ហើយត្រូវតែងតាំងជាមន្ត្រីនគរបាលយុត្តិធម៌ដោយប្រកាសរួមរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ។ (មាត្រា ៦០ វាកខ័ណ្ឌ១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ២០០៧)
- ក្នុងកងរាជអាវុធហត្ថ អ្នកដែលមានឋានៈជានគរបាលយុត្តិធម៌ គឺនាយទាហាន នៃកងរាជអាវុធហត្ថដែលបានបម្រើការងារយ៉ាងតិចពីរឆ្នាំ ក្នុងកងរាជអាវុធហត្ថរួចហើយ ហើយបន្ទាប់ពីទទួលបានសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌ ។ នាយទាហាននៃកងរាជអាវុធហត្ថ ដែលមានវិញ្ញាបនបត្រជាន់ខ្ពស់នៃមន្រ្តីប៉ូលីសតុលាការមុនក្រម (ក្រមនីតិវិធីព្រហ្មទណ្ឌ ២០០៧) នេះចូលជាធរមាន ត្រូវបានទទួលដោយស្វ័យប្រវត្តិនូវសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌ ហើយត្រូវតែងតាំងជាមន្ត្រីនគរបាលយុត្តិធម៌ ដោយប្រកាសរួមរបស់ក្រសួងការពារជាតិ និងក្រសួងយុត្តិធម៌ ។ (មាត្រា៦០ វាកខណ្ឌ២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ២០០៧)
១៥- ដើម្បីទទួលបាននូវសញ្ញាបត្រជាន់ខ្ពស់នៃនគរបាលយុត្តិធម៌ ត្រូវបានផ្តល់ជូនដោយឆ្លងកាត់នូវការប្រឡងបែបវិជ្ជាជីវៈដែលរួមមានវិញ្ញាសារជាមូលដ្ឋានដូចជា ៖
- វិញ្ញាសារស្តីពីនីតិព្រហ្មទណ្ឌ
- វិញ្ញាសារស្តីពីនីតិវិធីព្រហ្មទណ្ឌ
- វិញ្ញាសារស្តីពីករណីយកិច្ចសាស្ត្រ ដូចដែលមានចែងក្នុងក្រមសីលធម៌ដែលតាក់តែងដោយអង្គការសហប្រជាជាតិ ។
តភាគ