Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤១- ចៅក្រមស៊ើបសួរអាចចេញដីកាបង្គាប់ឲ្យចាប់ខ្លួន តើត្រូវគោរពលក្ខខណ្ឌអ្វីខ្លះ ?

៤២- តើដីកាបង្គាប់ឲ្យចាប់ខ្លួនមានតួនាទីប៉ុន្មាន ?

៤៣- តើដីកាបង្គាប់ឲ្យឃុំខ្លួនគឺជាអ្វី ?

៤៤- តើសិទ្ធិរបស់ជនត្រូវចោទរួមមានអ្វីខ្លះ ?

៤៥- យោងតាមការវិភាគលើផ្នែកទី៥ ស្តីពីការឃុំខ្លួនបណ្តោះអាសន្ននេះឃើញថា តើការអនុវត្តវិធាននៃការឃុំខ្លួនបណ្តោះអាសន្ននេះ មិនអាចអនុវត្តបានឡើយ ចំពោះករណីអ្វីខ្លះ ?

ចម្លើយ

៤១- ចៅក្រមស៊ើបសួរអាចចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ត្រូវគោរពលក្ខខណ្ឌមួយចំនួនដូចជា ៖

  • ចេញបានទៅលើជនត្រូវចោទ និងបុគ្គលដែលមានតម្រុយពីពិរុទ្ធភាព ។
  • បទល្មើសដែលត្រូវចោទប្រកាន់ ជាបទឧក្រិដ្ឋ ឬបទមជ្ឈិមដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ (ត្រង់ចំណុចនេះ ក្រមនីតិវិធីព្រហ្មទណ្ឌ ពុំបានកំណត់អំពីកម្រិតទោសដាក់ពន្ធនាគារនោះទេ ពោលគឺទោសដាក់ពន្ធនាគារជាទូទៅ) ។ ក្នុងក្របខណ្ឌនេះ ចៅក្រមស៊ើបសួរពុំមានសិទ្ធិអំណាចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គល ដែលទទួលរងការចោទប្រកាន់ពីបទល្មើសមជ្ឈិមដែលមានទោសពិន័យជាប្រាក់នោះឡើយ ។
  • បុគ្គលដែលពាក់ព័ន្ធបានគេចខ្លួន មិនដឹងជាស្ថិតនៅទីកន្លែណា ឬស្ថិតនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
  • ចៅក្រមស៊ើបសួរត្រូវសុំយោបល់ពីព្រះរាជអាជ្ញាជាមុនសិន (យោបល់របស់ព្រះរាជអាជ្ញាមិនចងកាតព្វកិច្ចឲ្យចៅក្រមស៊ើបសួរត្រូវតែអនុវត្តតាមនោះឡើយ) ។

៤២- ដីកាបង្គាប់ឲ្យចាប់ខ្លួន មានតួនាទីបីគឺ ស្វែងរក ចាប់ខ្លួន និងឃុំខ្លួន ។ នៅត្រង់ចំណុចចុងក្រោយនេះ មានការបកស្រាយតាមទស្សនៈពីរផ្សេងគ្នាគឺ ៖

  • ទស្សនៈទី១ ៖ នៅពេលដែលបុគ្គលពាក់ព័ន្ធត្រូវបានរកឃើញ និងចាប់ខ្លួនបានហើយចៅក្រមស៊ើបសួរពុំចាំបាច់ចេញសេចក្តីសម្រេចឃុំខ្លួនបណ្តោះអាសន្ន និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនទេ ពីព្រោះដីកាបង្គាប់ឲ្យចាប់ខ្លួនមានតម្លៃស្មើនឹងការបញ្ជាឲ្យអង្គភាពពន្ធនាគារទទួល និងឃុំខ្លួនបុគ្គលដែលពាក់ព័ន្ធដោយស្វ័យប្រវត្តិ ។
  • ទស្សនៈទី២ ៖ នៅពេលដែលបុគ្គលពាក់ព័ន្ធត្រូវបានរកឃើញ និងចាប់ខ្លួនបានហើយចៅក្រមស៊ើបសួរចាំបាច់ចេញត្រូវតែសេចក្តីសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដោយអនុវត្តតាមវិធាននៃការឃុំខ្លួនបណ្តោះអាសន្ន ដោយហេតុថាការខកខានមិនបានអនុវត្តតាមវិធាននេះ នាំឲ្យមានការរំលោភលើសិទ្ធិរបស់បុគ្គលដែលពាក់ព័ន្ធ និងនីតិវិធីព្រមទាំងលក្ខខណ្ឌមួយចំនួនដែលបញ្ញត្តិនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌជាអាទិ៍ ៖

- ជាគោលការណ៍ ជនត្រូវចោទត្រូវតែមានសេរីភាព លើកលែងតែក្នុងករណីពិសេស ដែលជាការចាំបា​ច់ដូចមានកំណត់ក្នុងមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

- មុនពេលសម្រេចឃុំខ្លួនបណ្តោះអាសន្ន ចៅក្រមស៊ើបសួរត្រូវជូនដំណឹងដល់ជនត្រូវចោទពីគោលបំណងនៃការឃុំខ្លួន និងទទួលការកត់សម្គាល់របស់ជននេះ និងជាយថាហេតុ មេធាវីត្រូវបង្ហាញមធ្យោបាយការពារខ្លួន ។

- ដីកាបង្គាប់ឲ្យឃុំខ្លួន ត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា និងជនត្រូវចោទ ។

- លក្ខខណ្ឌនៃការឃុំខ្លួនបណ្តោះអាសន្នអាចអនុវត្តបានតែក្នុងករណីបទឧក្រិដ្ឋ​ រីឯបទមជ្ឈិមអាចអនុវត្តបាន លុះត្រាតែអំពើនោះ ច្បាប់បានកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារស្មើ ឬលើសពី១ឆ្នាំ ។

- ដីកាបង្គាប់ឲ្យចាប់ខ្លួន មិនអាចជាកម្មវត្ថុនៃបណ្តឹងឧទ្ធរណ៍របស់ជនត្រូវចោទឡើយ ពីព្រោះដីកាបង្គាប់ មិនអាចជាកម្មវត្ថុនៃបណ្តឹងតវ៉ានោះទេ គឺមានតែដីកាសម្រេចប៉ុណោ្ណះ ដែលអាចជាកម្មវត្ថុនៃកម្មវត្ថុនៃបណ្តឹងតវ៉ាបាន ។

៤៣- ដីកាបង្គាប់ឲ្យឃុំខ្លួន គឺជាបញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនដែលត្រូវតែឲ្យទទួល និងឃុំខ្លួនជនត្រូវចោទរហូតទាល់តែបានទទួលដំណឹងអំពីការដោះលែងឲ្យមានសេរីភាពវិញ ។ ចៅក្រមស៊ើបសួរអាចនឹងចេញដីកាបង្គាប់ឲ្យឃុំខ្លួនបាន លុះត្រាតែមានសេចក្តីសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នជាមុនសិន ហើយអាចបង្គាប់ឲ្យឃុំខ្លួនបុគ្គលណាម្នាក់បាន លុះត្រាតែជនត្រូវចោទនោះជាកម្មវត្ថុនៃដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នតែប៉ុណោ្ណះ ។ ត្រូវចំណុចចុងក្រោយនេះ បញ្ជាក់យ៉ាងច្បាស់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌដែល តាមន័យនេះ ចៅក្រមស៊ើបសួរមិនអាចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គលណាម្នាក់ ដោយមិនមានដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ននោះឡើយ ។

៤៤- សិទ្ធិរបស់ជនត្រូវចោទ មានដូចជា ៖

  • សិទ្ធិការពារខ្លួនដែលស្តែងឡើងតាមសិទ្ធិទទួលបាននូវជំនួយមេធាវីតាមលក្ខន្តិកៈមេធាវី
  • សិទ្ធិចូលរួមក្នុងការពារខ្លួន ដោយឆ្លើយ ឬមិនឆ្លើយ
  • សិទ្ធិត្រូវបានស្តាប់ដោយចៅក្រម និងមិនមែនដោយមន្រ្តីនគរបាលយុត្តិធម៌
  • សិទ្ធិទទួលព័ត៌មានពីសកម្មភាពខាងផ្នែកតុលាការរបស់ចៅក្រមស៊ើបសួរ
  • សិទ្ធិសុំមោឃនីតិវិធី
  • សិទ្ធិចូលរួមយ៉ាងសកម្មក្នុងដំណើរការស៊ើបសួរដែលសុំទៅឲ្យចៅក្រមស៊ើបសួរធ្វើការស្រាវជ្រាវមួយចំនួន ។

៤៥- យោងតាមការវិភាគលើផ្នែកទី៥ ស្តីពីការឃុំខ្លួនបណ្តោះអាសន្ននេះឃើញថា ការអនុវត្តវិធាននៃការឃុំខ្លួនបណ្តោះអាសន្ននេះ មិនអាចអនុវត្តបានឡើយ ចំពោះករណីដូចជា ៖

  • បទល្មើសលហុ
  • បទល្មើសមជ្ឈិម ដែលមានទណ្ឌកម្មពិន័យជាប្រាក់ ឬមានទណ្ឌកម្មដាក់ពន្ធនាគារតិចជាង១ឆ្នាំ
  • បុគ្គលដែលរងការចោទប្រកាន់ជាអនីតិជន អាយុតិចជាង១៤ឆ្នាំ ប៉ុន្តែចៅក្រមស៊ើបសួរអាចសម្រេចប្រគល់អនីតិជននោះឲ្យឪពុកម្តាយ អ្នកអាណាព្យាបល ឬក្នុងករណីគ្មានអាណាព្យាបាល ត្រូវប្រគល់ទៅមជ្ឈមណ្ឌលអប់រំថែរក្សាបណ្តោះអាសន្ន រង់ចាំសេចក្តីសម្រេចរបស់តុលាការ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login