ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វទាមទារឲ្យមានលក្ខខណ្ឌបីគឺ ៖
- គឺត្រូវមានសត្វ ជាការពិតមិនអាចមានបញ្ហាលើកឡើងអំពីការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វឡើយ ប្រសិនបើពុំមានការចូលរួមពីសំណាក់សត្វ ។
- គឺត្រូវមានឥទ្ធិពលរបស់សត្វ មានបញ្ហាពីរដែលគប្បីលើកយកមកពិចារណាគឺ ឥទ្ធិពលដែលបណ្តាលមកពីសកម្មភាពដោយសភាវៈរបស់សត្វ និងឥទ្ធិពលនៃសកម្មភាពរបស់មនុស្ស ដើម្បីអនុវត្តបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណីស្តីពីអំពើអនីត្យានុកូល ។ នៅពេលដែលការខូចខាតណាមួយបានកើតឡើង ដោយសារអំពើរបស់មនុស្ស ដែលប្រើប្រាស់សត្វជាមធ្យោបាយបង្កឲ្យមានការខូចខាតដល់អ្នកដទៃ នោះបទប្បញ្ញត្តិទូទៅនៃអំពើអនីត្យានុកូលត្រូវបានយកមកអនុវត្ត ។ ផ្ទុយទៅវិញ នៅពេលដែលមានការខូចខាតណាមួយដល់ជនដទៃបង្កឡើងដោយសត្វ នោះអ្នកកាន់កាប់សត្វត្រូវទទួលខុសត្រូវសងការខូចខាត ហើយបញ្ញត្តិដែលត្រូវយកមកអនុវត្តគឺមាត្រា៧៥០នៃក្រមរដ្ឋប្បវេណី ។
- គឺឥទ្ធិពលរបស់សត្វ គឺជាមូលហេតុនៃការខូចខាត ដើម្បីឲ្យមានការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ នោះគឺទាមទារឲ្យមានឥទ្ធិពលនៃសត្វមានតួនាទីសំខាន់ក្នុងការបង្កឲ្យមានការខូចខាត ។