សំណួរ
៩៦- តើអ្នកចូលនិវត្តត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទី២ដែរឬទេ ?
៩៧- តើចំណូលដែលទទួលបានមិនទៀងទាត់ ប្រកាសយ៉ាងដូចម្តេច ?
៩៨- ករណីដីភូមិ ឬដីស្រែចម្ការឪពុកចែកឱ្យ តែមិនទាន់មានបណ្តាំមរតក តើអាចប្រកាសបានដែរឬទេ ?
៩៩- តើភារកិច្ចរបស់ក្រុមជនបង្គោលនៅតាមក្រសួង ស្ថាប័នមានអ្វីខ្លះ ?
១០០- បើមិនមានឯកសារបញ្ជាក់ជាក់លាក់ណាមួយលើតម្លៃគ្រឿងអលង្ការ តើត្រូវដាក់យ៉ាងណា ?
ចម្លើយ
៩៦- បុគ្គលនេះមិទប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទី២ទេ បើបុគ្គលនេះចូលនិវត្តមុនកាលបរិច្ឆេទនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទី២នោះ ។
៩៧- ចំណូលដែលទទួលបានមិនទៀងទាត់ ចំណូលប្រភេទនេះ យើងអាចប្រកាសជាលក្ខណៈប៉ាន់ស្មានបាន និងយកទិន្នន័យពីឆ្នាំមុនមកធ្វើការប្រកាស ។
៩៨- បណ្តាំមរតកកើតចេញពីការបន្សល់ទុកទ្រព្យសម្បត្តិរបស់សន្តតិជនផ្ដល់ឱ្យមរតកជន ។ ក្នុងករណីមិនទាន់មានឈ្មោះរបស់អ្នកប្រកាសក្នុងឯកសារបណ្តាំមរតក បុគ្គលនោះមិនអាចប្រកាសអំពីទ្រព្យដែលជាដីស្រែចម្ការនោះបានទេ ។
៩៩- ភារកិច្ចទាំងមាន១០ចំណុចរបស់ក្រុមជនបង្គោលនៅតាមក្រសួង ស្ថាប័ន មានដូចជា ៖
- ទំនាក់ទំនង និងសហការដោយផ្ទាល់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយប្រចាំ (ក្រសួង ស្ថាប័ន) ។
- ទទួលបន្ទុករាល់ការងារពាក់ព័ន្ធនឹងការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដូចជាធ្វើបញ្ជីឈ្មោះអ្នកត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុង (ក្រសួង ស្ថាប័ន) រួចបញ្ជូនមកអង្គភាពប្រឆាំងអំពើពុករលួយ។ ផ្សព្វផ្សាយគោលការណ៍ណែនាំអំពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល និងរៀបចំបញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងអស់មកអង្គភាពប្រឆាំងអំពើពុករលួយ ។
- តាក់តែង និងឆ្លង (រដ្ឋមន្ត្រី ប្រធាន) នូវក្រមសីលធម៌ផ្ទៃក្នុង (ក្រសួង ស្ថាប័ន) រួចបញ្ជូនមកអង្គភាពប្រឆាំងអំពើពុករលួយ ។
- (១). រៀបចំ និងឆ្លង (រដ្ឋមន្ត្រី ប្រធាន) នូវផែនការសកម្មភាពប្រឆាំងអំពើពុករលួយរបស់ (ក្រសួង ស្ថាប័ន) (២). ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពនេះ (៣). ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារអនុវត្តផែនការសកម្មភាពនេះ ដើម្បីដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយ (៤). ចូលរួមប្រជុំបូកសរុបលទ្ធផលការងារអនុវត្តផែនការសកម្មភាពនេះ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និង (៥). ទទួល និងអនុវត្តតាមការណែនាំបន្ថែមនានាទាក់ទងនឹងផែនការសកម្មភាពនេះ ពីអង្គភាពប្រឆាំងអំពើពុករលួយប្រសិនបើមាន ។
- (១), ដឹកនាំកសាងអង្គភាពសស្អាត និងមនុស្សល្អ ការងារល្អ សុចរិត (គ្មានអំពើពុករលួយ) និងក្នុង (ក្រសួង ស្ថាប័ន) (២), ផ្សព្វផ្សាយ និងណែនាំអំពីគោលការណ៍អភិបាលកិច្ចល្អ និងការត្រួតពិនិត្យផ្ទៃក្នុងរបស់ (ក្រសួង ស្ថាប័ន) និង (៣), ជំរុញឱ្យមានការបង្កើត និងអនុវត្តនូវគោលនយោបាយចាំបាច់នានា ទាក់ទងនឹងអភិបាលកិច្ចល្អ និងការត្រួតពិនិត្យផ្ទៃក្នុងរបស់ (ក្រសួង ស្ថាប័ន) ។
- (១). រៀបចំបទបញ្ញត្តិអំពីការទទួលអំណោយសម្រាប់ (ក្រសួង ស្ថាប័ន) និង (២). ធ្វើរបាយការណ៍ប្រចាំខែអំពីអំណោយ និងមន្ត្រីដែលទទួលអំណោយ ការសម្រេចរបស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយទៅលើអំណោយនោះមកអង្គភាពប្រឆាំងអំពើពុករលួយ ។
- (១), រៀបចំទម្រង់ប្រកាសទំនាស់ផលប្រយោជន៍ដែលមាន និងអាចមានសម្រាប់ (ក្រសួង ស្ថាប័ន) និង (២),ធ្វើរបាយការណ៍ប្រចាំខែអំពីការប្រកាសទំនាស់ផលប្រយោជន៍ដែលមាន និងអាចមាននៅក្នុង (ក្រសួង ស្ថាប័ន)មកអង្គភាពប្រឆាំងអំពើពុករលួយ ។
- ផ្ដល់កិច្ចសហការ ក្នុងដំណើរការផ្តល់ចំណាត់ថ្នាក់ និងរង្វាន់សុចរិតភាពប្រចាំឆ្នាំដល់ (ក្រសួង ស្ថាប័ន) ។
- (១). ផ្តល់ព័ត៌មាន និងកិច្ចសហការជាមួយក្រមសិក្សាស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីលុបបំបាត់លទ្ធភាព និងឱកាសប្រព្រឹត្តអំពើពុករលួយនៅក្នុង (ក្រសួង ស្ថាប័ន) និង (២). ជំរុញឱ្យមានការផ្លាស់ប្តូរដែលចាំបាច់ក្នុងផ្នែកដែលមានហានិភ័យខ្ពស់នៅក្នុង (ក្រសួង ស្ថាប័ន) ។
- ចូលរួមការបណ្តុះបណ្តាលតាមការអញ្ជើញរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងផ្តល់ការគាំទ្រចាំបាច់នានាដែលមានដល់អង្គភាពប្រឆាំងអំពើពុករលួយ ។
១០០- បើតម្លៃនៅពេលទទួលបានគ្រឿងអលង្ការនោះចាប់ពី ៤លានរៀល ត្រូវប្រកាស បើមិនមានឯកសារបញ្ជាក់ ឬមិនចាំតម្លៃច្បាស់លាស់ត្រូវដាក់ក្នុងតម្លៃប៉ាន់ស្មាន ។
តភាគ