Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          បុព្វបុរសខ្មែរយើងជាអ្នកដែលពោរពេញទៅដោយចំណេះដឹងហើយមុននិងលោកស្លាប់ទៅលោកបានបន្សល់ទុកនូវពាក្យស្លោក សុភាសិត កំណាព្យ កាព្យឃ្លោង ជាច្រើនទុកទូន្មមានប្រៀនប្រដៅដល់កូនចៅជំនាន់ក្រោយឲ្យបានទទួលបទពិសោធន៍ចំណេះដឹងសម្រាប់យកមកអនុវត្តន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃហើយវៀរចាកអំពីអំពើទុច្ចរិតផ្សេងៗ ។ ហើយនៅក្នុងនោះមានសុភាសិតមួយបានពោលថា​ « វិជ្ជាជាអាហារ ប្រាជ្ញាជាអាវុធ » ។ 

          តើសុភាសិតនេះមានអត្ថន័យអប់រំដូចម្តេចខ្លះ ?

          ជាបឋមដើម្បីជាប្រទីបបំភ្លឺឈានទៅដល់ការអត្ថាធិប្បយានូវប្រធានខាងលើនេះឲ្យបានក្បោះក្បាយជាដំបូងយើងគួរគប្បីស្វែងយល់ពីអត្ថន័យរបស់ពាក្យពិបាកខ្លះៗជាមុនសិន ។ ​ដូចនេះពាក្យថា « វិជ្ជា» គឺជាចំណេះដឹងជំនាញវិជ្ជាជីវៈផ្សេងៗដែលទទួលបានពីការសិក្សារៀនសូត្រឬអនុវត្តន៍ការងារផ្សេងៗ ។ រីឯពាក្យថា « អាហារ » គឺជាគ្រឿងបរិក្ខារសម្រាប់បរិភោគទ្រទ្រង់នូវរាងកាយ ។ ចំណែកឯពាក្យថា « ប្រាជ្ញា » មានន័យថា ញាណប្រកបដោយការត្រិះរិះពិចារណា ចេះថ្លឹងថ្លែងនិងយល់គ្រប់កាលៈទេសៈ ។ ហើយចំពោះពាក្យថា « អាវុធគឹគ្រឿងប្រដាប់ដែលធ្វើពីឬស្សីឬដែកសម្រាប់ទុកត្រួសត្រាយសត្រូវឬឧសបគ្គផ្សេងៗ ។ ដូច្នេះបើយោងទៅតាមអត្ថន័យរបស់ពាក្យពិបាកនេះយើងអាចស្វែងយល់ពីន័យរបស់ប្រធានឲ្យុកាន់តែច្បាស់បានថែមទៀតថា ចំណេះដឹងឬជំនាញវិជ្ជាជីវៈផ្សេងៗដែលទទួលបានពីការសិក្សារៀនសូត្រឬអនុវត្តការងារផ្សេងៗវាប្រៀបដូចជាគ្រឿងបរិក្ខារសម្រាប់បរិភោគទ្រទ្រង់រាងកាយរបស់យើងហើយចំពោះញាណដែលប្រកបដោយការត្រិះរិះពិចារណាថ្លឹងថ្លែងនិងយល់គ្រប់កាលៈទេសៈវាប្រៀបដូចជាគ្រឿងប្រដាប់ផ្សេងៗដែលធ្វើពីឬស្សីឬដែកសម្រាប់ទុកត្រួសត្រាយសត្រូវឬឧបសគ្គ ៕​

          ជាការពិតណាស់មនុស្សម្នាក់ៗដែលកើតមកហើយតែងតែខិតខំស្វះស្វែងរកចំណេះវិជ្ជាឬជំនាញណាមួយពិតប្រាកដជាមួយគេពីព្រោះថាពួកគេបានយល់ពីតម្លៃនៃចំណេះវិជ្ជា ។ ហើយចំពោះវិជ្ជាជាអាហារបានសេចក្តីថាប្រសិនបើបុគ្គលណាម្នាក់បានព្យាយាមខិតខំប្រឹងប្រែងសិក្សារៀនសូត្រហើយមានគោលបំណងជាក់លាក់ច្បាស់លាស់ចទៅលើមុខរបរឬអាជីពណាមួយតាមចំណងចំណូលចិត្តរបស់គេរៀងៗខ្លួនទៅតាមជំនាញដែលគេបានសិក្សារួចហើយ ។ ហើយកាលដែលគេមានអាជីពឬមុខរបរផ្ទាល់ខ្លួនណាមួយហើយប្រាកដជាអាចស្វែងរកប្រាក់កម្រៃមកបំពេញតម្រូវការផ្ទាល់ខ្លួនផ្គត់ផ្គងជីវភាពគ្រួសារឲ្យប្រសើរឡើងបានជាមិនខាន ។ ហើយប្រសិនបើកាលណាសេដ្ឋកិច្ចគ្រួសារមានការរីកចម្រើនហើយក៏បានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិដែរ ។ ហើយបើយើងមកមើល​ពីការងារនៅក្នុងសង្គមយើងនាពេលបច្ចុប្បន្ននេះមានច្រើនណាស់ដូចជាគ្រូបង្រៀនគ្រួពេទ្យ វិចិត្រករ កម្មករ ពាណិជ្ជករ សិល្បករ កសិករជាដើម ។ សុទ្ធសឹងតែជាការងារដែលមានតម្លៃ​ សុចរិតថ្លៃថ្នូរ ហើយសង្គមគាំទ្រថែមទៀត ហើយសុទ្ធតែទទួលបានប្រាក់កម្រៃយកមកបំពេញតម្រូវការបានទាំងអស់ ។ ហើយទ្រព្យនៃចំណេះវិជ្ជានេះគឺជាំឃ្លាំងទ្រព្យដ៏មហិមាចាយមិនចេះរីងស្ងួតចាយច្រើនចម្រើនឡើងទីណាមកណាមិនពិបាកវេ​ចស្ពាយតាមខ្លួនភ្លើងឆេះក៏មិនដល់ ។ ដូចដែលពាក្យស្លោកមួយបានពោលថា«​ វិជ្ជាជាទ្រព្យជាប់និងប្រាណចោរលួចមិនបានចាយច្រើនកើនច្រើនកណ្តៀរមិនកោរ កណ្តុរមិនកាត់ » ។ ហើយលើសពីនេះទៅទៀតកាលណាយើងមានវិជ្ជាយើងប្រាកដជាមានគំនិតច្នៃប្រឌិតបង្កើតនូវអ្វីដែលថ្មីៗដែលអាចឲ្យយើងរកប្រាក់បានមួយផ្នែកទៀតហើយលើសពីនេះទៅទៀតបើយើងមានវិជ្ជាមុននឹងយើងធ្វើអ្វីៗគឹប្រាកដជាមានការពិចារណាល្អិតល្អន់ជាមិនខានហើយមិនចាញ់បោកជនខិលខូចពីការកេងប្រវ័ញ្ចគ្រប់រូបភាព​ ។ ហើយមិនត្រឹមតែកប៉ុណ្ណឹងយើងក៏អាចជួយសារប្រទេសជាតិក៏ដូចជាសហគមន៍របស់យើងឲ្យមានការរីកចម្រើនបានតាមរយៈការផ្សព្វផ្សាយនូវចំណេះដឹងរបស់យើង ។ តួយ៉ាងនៅក្នុងសង្គមយើងនាពេលបច្ចុប្បន្នបុគ្គលដែលបានព្យាយាមសិក្សារៀនសូត្រហើយគេប្រាកដជាក់ច្បាស់លាស់ ។ រីឯនៅក្នុងអក្សរសិល្ប៍ខ្មែរយើងវិញដូចជារឿងកុលាបប៉ៃលិនតួអង្គចៅចិត្រដោយសារគេមានជំនាញគេបានខិតខំព្យាយាមធ្វើការជាកម្មករជីកត្បូងងដោយមិនខ្ជិលច្រអូសរហូតក្លាយទៅជានាយកត្រួតអណ្តូងរ៉ៃទៀត ។ រីឯនៅក្នុងរឿងទុំទាវវិញតួអង្គពេជ្រនិងទុំនៅពេលដែលគេបួសរៀនជាព្រះសង្ឃគេមានជំនាញធ្វើតោកលក់សម្រាប់ផ្គត់ផ្គង់ជីវភាពជាព្រះសង្ឃរបស់គេ ។ ដោយឡែកនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់វិញតួអង្គលោករដ្ឋមន្រ្តីបន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅប្រទេសបារាំងរួចហើយលោកបានក្លាយទៅជាមន្រ្តីបម្រើការងាររាជការ ។ រីឯតួអង្គសមវិញបន្ទាប់ពីគាត់បានបម្រើការងារជាមួយលោករដ្ឋមន្រ្តីរួចហើយគាត់ក៏បានត្រឡប់ទៅស្រុកកំណើតវិញក្នុងជិវីតជាកសិករហើយសមបានចូលរួមជារដ្ឋាភិបាលគឹអនុវត្តនយោបាយទឹក ហើយត្រូវប្រជាពលរដ្ឋគោរពស្រឡាញបានបោះឆ្នោតឲ្យធ្វើមេឃុំសង្គមរាស្រ្តនិយមទៀតហើយអ្វីដែលពិសេសនោះត្រូវបានចាត់ឲ្យទៅចូលរួមសមាជលើកទៅប្រាំបួននៅរាជធានីភ្នំពេញទៀត ។ ហើយចំពោះប្រាជ្ញាអាវុធមានន័យថា នៅក្នុងជីវភាពរស់នៅរបស់មនុស្សយើងម្នាក់ៗតែងតែជួបប្រទះនូវបញ្ហាឧបសគ្គជារឿយៗដូចជាបញ្ហាគ្រួសារបញ្ហាសង្គមឬជាមួយមហាជនទូទៅហើយនៅក្នុងដោះស្រាយបញ្ហាទាំងអស់នេះវាទាមទារឲ្យមនុស្សមានភាពប៉ិនប្រសប់ឈ្លាសវៃក្នុងការដោះស្រាយប្រកបដោយសន្តិវិធី ។ ហើយជននោះនិងក្លាយទៅជាជនសម្បូរប្រាជ្ញាជាមិនខាន ។​ហើយប្រាជ្ញានេះវាប្រៀបដូចជាអាវុធមុតស្រួចហើយរឹងមាំនិងត្រជាក់ដែលដោះស្រាយមិនប៉ះពាល់ទៅលើផលប្រយោជន៍ផ្សេងៗ ។ ហើយប្រាជ្ញាទៀតអាចឲ្យយើងចាកផុតពីបញ្ហទីទល់ក្រល្ងង់ គ្រោះទុរ្ភិក្ស គ្រោះធម្មជាតិ ដូជជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត រន្ទះបាញ់ជាដើម ។ បើយើងជួបនូវបញ្ហាទាំងអស់នេះយើងប្រាកដជាមានវិធីទប់ទល់ឬដោះស្រាយទុកមុនជាមិនខាន ។ ហើយមួយវិញទៀតអាចឲ្យយើងហ៊ានក្រោកឈរតវ៉ាទាមទារសិទ្ធិសេរីភាពនៅពេលដែលមានការជិះជាន់ពីសំណាក់ជនណាម្នាក់ ។ ហើយក៏អាចចូលរួមការពារជាតិមាតុភូមិដែរ ។ តួយ៉ាងដូចជានៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជាយើងនៅក្នុងសម័យអាណានិគមបារាំងស្ថិតក្រោមការដឹកនាំរបស់សម្តេចនរោត្តម សីហនុ ទ្រង់មានភាពឈ្លាសវៃនិងប៉ិនប្រសប់បំផុតក្នុងការទាមទារឯករាជ្យពីបារាំងដូចជាទ្រង់បានផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារការសែតញូយ៉កថែមដែលមានឥទ្ធិពលដូចគ្រាបបែកមួយគ្រាប់និងបានបង្កើតកងជីវពលនារីក្លាហានដែលមានការចូលរួមពីប្រជាជនទាំងប្រុសទាំងស្រីរាប់ម៉ឺននាក់ហើយទទួលការហ្វឹកហាត់យ៉ាងសកម្មទីបំផុតបារាំងព្រមប្រគល់ឯករាជ្យយ៉ាងឧឡារឹកឲ្យខ្មែរវិញ ។ រី​ឯនៅក្នុងអក្សរខ្មែរយើងវិញដូចជា រឿងកុលាបប៉ៃលិនតួអង្គមានភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហាបានជាបន្ទាន់ភ្លាមៗដូចជានៅពេលឡានខូចនៅកណ្តាលព្រៃភ្នំចំពេលបាក់រសៀលមិនអាចធ្វើដំណើរទៅមុខបន្តទៀតបានហើយទាំងអស់គ្នានៅទីនោះមិនអាចនឹកឃើញវិធីដំាបាយចៅចិត្រនឹកឃើញភ្លាមៗថាទឹកអាចយកពីក្នុងធុងក្នុងឡានឯឆ្នាំងអាចយកកំប៉ុងជំនួស ហើយអុសអាចកាច់មែកឈើងាប់ៗបានជាការស្រេច ។ នេះជាដំណោះស្រាយដ៏ល្អបំផុត  ។ ដោយឡែកនៅក្នុងរឿងធនញ្ជ័យវិញតួអង្គធនញ្ជ័យជាជនដែលឈ្លាសវៃសម្បូរប្រាជ្ញាអាចដោះស្រាយបញ្ហាការពារជិវីតរបស់ខ្លួនពីស្តេចដូចជារាវពងមាន់ក្នុងទឹក ភ្នាល់ដំរីជល់មាន់ជាដើម ។ ធនញ្ជ័យជីវីតរបស់ខ្លួនពីការប្រហារជីវិតរបស់ស្តេចនិងពួកមន្រ្តីដែលមានគំនិតចង់ផ្តួលរលំគាត់ប្រកបដោយធម៌អហឹង្សា ។ រីឯនៅក្នុងរឿងព្រះវេស្សន្តវិញតួអង្គតាជូជក់ពូកែថ្វីមាត់ក្នុងការដោះស្រាយបញ្ហាដូចជានៅពេលដែលនាងអាមិត្តធីតាបានប្រើគាត់ឲ្យទៅសូមជាលី ក្រឹស្នាពីព្រះកវេស្សន្តមកធ្វើជាទាសា ទាសី នោះ ។ហើយពេលគាត់ធ្វើដំណើរទៅដល់ព្រៃភ្នំគិរីវង្គត

 មានកូនអ្នកភូមិម្នាក់ឈ្មោះចេតបុត្រយាមនៅទីនោះពេលឃើញតាជូជកដើរសំដភមកចេតបុត្របានព្រលែងឆ្កែដេញខាំហើយតាជូជក់រត់ឡើងចុងឈើចេតបុត្របម្រុងទាញព្រួញបាញ់ប្រហារថែមទៀត ។ តែតាជូជក់បានកុហកថាខ្លួនជារាជទូតព្រះបាទស្រីសញ្ជ័យចេតបុត្រជឿក៏បាននាំតាជូជក់ទៅហើយជប់លៀងទៀត ។ នេះបង្ហាញពីភាពប៉ិនប្រសប់របស់តាជូជក់គាត់រួចខ្លួនហើយទទួលបានគុណសម្បត្តិទៀត ។

          សរុបមកប្រធានខាងលើដែលបានលើកឡើងថាវិជ្ជាជាអាហារប្រាជ្ញាជាអាវុធគឺពីតជាត្រឹមត្រូវណស់ ។ ព្រោះវិជ្ជាប្រៀបដូចជាឃ្លាំងទ្រព្យឯប្រាជ្ញាទុកដូចជាអាវុធដ៏ត្រជាក់ ។

          ឆ្លងតាមការអត្ថាធិប្បាយអមដោយអំណៈអំណាងខាងលើយើងឃើញថាប្រធាននោះបានបានអប់រំឲ្យមនស្សស្វៈស្វែងរកចំណេះវិជ្ជាហើយការដោះស្រាយបញ្ហាកុំអាងទៅលើកម្លាំងបាយកម្លាំងកាយត្រូវចេះប្រើប្រាជ្ញា ។ ដូចនេះក្នុងនាមពួកយើងជាយុវជនជំនាន់ក្រោយដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិគួរគប្បីខិតខំសិក្សាក្រេបជញ្ជក់យកចំណេះវិជ្ជាឲ្យបានច្រើនសមជាទំពាំងស្នងឬស្សីដ៏ល្អ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login