សំណួរ
១៨១- តើក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ មានតួនាទីនិងភារកិច្ចអ្វីខ្លះ ?
១៨២- តើអ្វីទៅជាបទល្មើសពុករលួយ ?
១៨៣- តើបទល្មើសពុករលួយមានអ្វីខ្លះ ?
១៨៤- តើបទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយត្រូវបានច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយចាត់ទុកថាជាបទល្មើសពុករលួយរួមមានអ្វីខ្លះ ?
១៨៥- តើបទល្មើសពុករលួយដែលមានចែងនៅក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០ ហើយត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ បានបញ្ញត្តិអំពីបទល្មើសពុករលួយមានអ្វីខ្លះ ?
ចម្លើយ
១៨១- ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ មានតួនាទីនិងភារកិច្ចដូចជា ៖
- សម្របសម្រួលការងារអប់រំ ផ្សព្វផ្សាយ ច្បាប់ លិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ នៅក្នុងក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈរបស់ខ្លួន
- ធ្វើបញ្ជីសមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ដើម្បីផ្ញើមកអង្គភាពប្រឆាំងអំពើពុករលួយ
- ជួយសម្រួលឲ្យការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដំណើរការបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេល
- ធ្វើជាសេនាធិការឲ្យប្រធានសាមីនៃក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈក្នុងការកសាងផែនការសកម្មភាព បង្ការ ទប់ស្កាត់អំពើពុករលួយ កសាងអង្គភាពសស្អាត និងលើកសរសើរ ព្រមទាំងការដាក់ពិន័យ កសាង និងពង្រឹងក្រមសីលធម៌ ព្រមទាំងបទប្បញ្ញត្តិនៃការទទួលអំណោយ
- ធ្វើរបាយការណ៍ទៀតទាត់អំពីលទ្ធផលអនុវត្តជូនអង្គភាពប្រឆាំងអំពើពុករលួយដោយមានការឯកភាពពីប្រធានសាមីនៃក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈនោះ ។
១៨២- បទល្មើសពុករលួយ គឺជាបទល្មើសព្រហ្មទណ្ឌទាំងអស់ដែលមានចែងនៅក្នុងជំពូកទី០៦នៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ។
១៨៣- បទល្មើសពុករលួយមានដូចជា ៖
- បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងមាត្រាក្រមព្រហ្មទណ្ឌ
- បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
១៨៤- បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយត្រូវបានច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយចាត់ទុកថាជាបទល្មើសពុករលួយរួមមាន ៖
- បទស៊ីសំណូកនៃនិយោគជិត (មាត្រា២៧៨ នៃក្រមព្រហ្មទណ្ឌ)
- បទសូកប៉ាន់និយោជិត (មាត្រា២៧៩ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូករបស់អភិបាលជាអាទិ៍ (មាត្រា២៨០ នៃក្រមព្រហ្មទណ្ឌ)
- បទដេញថ្លៃមិនត្រឹមត្រូវ (មាត្រា២៨៧ នៃក្រមព្រហ្មទណ្ឌ)
- បទសម្អាតប្រាក់ (មាត្រា៤០៤ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូកដែលប្រព្រឹត្តដោយចៅក្រម (មាត្រា៥១៧ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសូកប៉ាន់ចំពោះចៅក្រម (មាត្រា៥១៨ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូករបស់សាក្សីដើម្បីធ្វើសក្ខីកម្មក្លែងក្លាយ (មាត្រា៥៤៧ នៃក្រមព្រហ្មទណ្ឌ)
- បទសូកប៉ាន់សាក្សី (មាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូករបស់អ្នកបកប្រែ (មាត្រា៥៥៣ នៃក្រមព្រហ្មទណ្ឌ)
- បទសូកប៉ាន់អ្នកបកប្រែ (មាត្រា៥៥៤ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូករបស់អ្នកជំនាញ (មាត្រា៥៥៥ នៃក្រមព្រហ្មទណ្ឌ)
- បទសូកប៉ាន់អ្នកជំនាញ (មាត្រា៥៥៦ នៃក្រមព្រហ្មទណ្ឌ)
- បទវិធីក្រម (មាត្រា៥៩២ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូក (មាត្រាមាត្រា៥៩៤ នៃក្រមព្រហ្មទណ្ឌ)
- បទជំនួញឥទ្ធិពល (មាត្រា៥៩៥ នៃក្រមព្រហ្មទណ្ឌ)
- បទកេងយកផលប្រយោជន៍ដោយខុសច្បាប់ (មាត្រា៥៩៧ នៃក្រមព្រហ្មទណ្ឌ)
- បទបក្ខានុគ្រោះ (មាត្រា៥៩៩ នៃក្រមព្រហ្មទណ្ឌ)
- បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ)
- បទសូកប៉ាន់ (មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ)
- បទជំនួញឥទ្ធិពលសកម្ម (មាត្រា៦០៦ នៃក្រមព្រហ្មទណ្ឌ)
- បទសម្លុតគំរាម (មាត្រា៦០៧ នៃក្រមព្រហ្មទណ្ឌ)
- បទបំផ្លាញនិងគៃបំបាត់ (មាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូករបស់អ្នកមាននីតិសម្បទាដើម្បីធ្វើលិខិតបញ្ជាក់មិនពិត (មាត្រា៦៣៧ នៃក្រមព្រហ្មទណ្ឌ)
- បទសូកប៉ាន់អ្នកមាននីតិសម្បទាដើម្បីធ្វើលិខិតបញ្ជាក់មិនពិត (មាត្រា៦៣៨ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូកដោយសមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្រ្តដើម្បីធ្វើលិខិតបញ្ជាក់មិនពិត (មាត្រា៦៣៩ នៃក្រមព្រហ្មទណ្ឌ)
- បទសូកប៉ាន់ចំពោះសមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្ត្រដើម្បីធ្វើលិខិតបញ្ជាក់មិនពិត (មាត្រា៦៤០ នៃក្រមព្រហ្មទណ្ឌ)
១៨៥- បទល្មើសពុករលួយដែលមានចែងនៅក្នុងច្បាប់ស្តីពីការប្រឆាំអំពើពុករលួយ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០ ហើយត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ បានបញ្ញត្តិអំពីបទល្មើសពុករលួយមានដូចជា ៖
- បទស៊ីសំណូកនៃមន្ត្រីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ (មាត្រា៣៣ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ)
- បទសូកប៉ាន់ចំពោះមន្ត្រីសាធារណៈបរទេស ឬ មន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ (មាត្រា៣៤ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ)
- បទរំលោភអំណាច (មាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ)
- បទមានទ្រព្យដោយខុសច្បាប់ (មាត្រា៣៦ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ)
- បទទទួលផលពីបទល្មើសពុករលួយ (មាត្រា៣៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ)
- បទមិនប្រកាសទ្រព្យសម្បត្តិ និង បំណុល (មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ)
- បទទម្លាយការសម្ងាត់នៃប្រភពពត៌មានស្តីពីអំពើពុករលួយ (មាត្រា៣៩ នៃច្បាប់ស្តីពីការប្រឆាំអំពើពុករលួយ)
- បទរារាំង និង ការជ្រៀតជ្រែកដល់ការងាររបស់អង្គភាពប្រឆាំអំពើពុករលួយ (មាត្រា៤០ នៃច្បាប់ស្ដីការប្រឆាំងអំពើពុករលួយ)
- បទប្តឹងបរិហាដោយភូតកុហក (មាត្រា៤១ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ)
- បទបំពានលើទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការចាប់យក (មាត្រា៤២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ)
- បទល្មើសពុករលួយតូចតាច និង ទោស (មាត្រា៤៣ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ)
តភាគ