លក្ខខណ្ឌនៃរំលស់ធម្មតានៃទ្រព្យរូបីមានដូចជា ៖
- ក្នុងការកំណត់ប្រាក់ចំណេញជាប់ពន្ធ ការកាត់កងសម្រាប់រំលស់ ត្រូវបានផ្តល់ឲ្យម្ចាស់ទ្រព្យរូបី ឬអ្នកជួលទ្រព្យរូបី ក្នុងករណីដែលអ្នកជួលទទួលខុសត្រូវលើហានិភ័យចំពោះការបាត់បង់ ឬការខូចខាតនៃទ្រព្យស្របតាមលក្ខខណ្ឌដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ទ្រព្យរូបីដែលអាចរំលស់បាន គឺទ្រព្យរូបីប្រើប្រាស់ក្នុងអាជីវកម្មដែលតែងតែបាត់បង់តម្លៃដោយការប្រើប្រាស់ ឬភាពហួសសម័យ ។ ដីធ្លីមិនមែនជាទ្រព្យអាចរំលស់បានទេ ។
- ទ្រព្យរូបីទាំងអស់ ត្រូវបានបែងចែកជាថ្នាក់ដូចតទៅ ៖
- ថ្នាក់ទី១ ៖ អាគារ និងរចនាសម្ព័ន្ធ ព្រមទាំងសមាសភាពរបស់វា ។ អត្រារំលស់៥ភាគរយតាមវិធីរំលស់ស្មើភាគ
- ថ្នាក់ទី២ ៖ កុំព្យូទ័រ ប្រព័ន្ធព័ត៌មានអេឡិចត្រូនិច សហ្វវែរ និងបរិក្ខារទុកដាក់ទិន្នន័យ ។ អត្រារំលស់៥០ភាគរយ តាមវិធីរំលស់ថយជាលំដាប់ ។
- ថ្នាក់ទី៣ ៖ រថយន្ត រថយន្តដឹកទំនិញ គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ ។ អត្រារំលស់២៥ភាគរយតាមវិធីរំលស់ថយជាលំដាប់ ។
- ថ្នាក់ទី៤ ៖ ទ្រព្យរូបីឯទៀតទាំងអស់ អត្រារំលស់២០ភាគរយ តាមវិធីរំលស់ថយជាលំដាប់ ។
- នីតិវិធីក្នុងការបង្កើតថ្នាក់នៃទ្រព្យ ការបញ្ជូលទ្រព្យថ្មីទៅក្នុងថ្នាក់ណាមួយ ការបញ្ចេញទ្រព្យពីថ្នាក់ណាមួយ និងការចាត់ចែងចំពោះបញ្ហាជួសជុលព្រមទាំងចំណាយផ្សេងៗ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
- វិធានអន្តរកាលសម្រាប់អ្នកជាប់ពន្ធក្នុងការប្រើវិធីរំលស់ ដូចមានចែងក្នុងកថាខណ្ឌនេះ សម្រាប់ឆ្នាំសារពើពន្ធ២០០២ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
- ការកាត់កងសម្រាប់រំលស់នៅក្នុងកថាខណ្ឌនេះត្រូវគណនាដោយផ្អែក លើតម្លៃទ្រព្យក្រោយការកាត់កងទឹកប្រាក់រំលស់ពិសេសក្នុងកថាខណ្ឌ២នៃមាត្រានេះ ។