សំណួរ
២១- តើមាត់ច្រកទ្វារព្រំដែនគោកណាខ្លះដែលត្រូវបានអនុញ្ញាតឲ្យទំនិញប្រភេទផ្ទុកក្នុងកុងតឺន័រប្រភេទទី៣ នាំចូលតាមផ្លូវទឹកដោយប្រើកំពង់ផែប្រទេសជិតខាង រួចដឹកជញ្ជូនក្រោមរបបឆ្លងកាត់ចូលមកប្រទេសកម្ពុជា ?
២២- ចូរបង្ហាញពីរយៈពេលរក្សាទុកទំនិញក្នុងសន្និធិគយបណ្តោះអាសន្ន ?
២៣- តើឯកសារអ្វីខ្លះដែលនាវាបតីត្រូវបង្ហាញជូនសមត្ថកិច្ចសម្រាប់ការធ្វើបែបបទនៅលើនាវា ក្នុងករណីនាំចូលតាមផ្លូវសមុទ្រឬទន្លេ ?
២៤- តើទំនិញនាំចូលណាខ្លះដែលត្រូវបានលើកលែងការស្កែន ?
២៥- តើទំនិញនាំចេញណាខ្លះដែលត្រូវបានលើកលែងការស្កែន ?
ចម្លើយ
២១- មាត់ច្រកទ្វារព្រំដែនគោក ដែលត្រូវបានអនុញ្ញាតឲ្យទំនិញប្រភេទផ្ទុកក្នុងកុងតឺន័រប្រទេសទី៣ នាំចូលតាមផ្លូវទឹកដោយប្រើកំពង់ផែប្រទេសជិតខាងរួចដឹកជញ្ជូនក្រោមរបបឆ្លងកាត់ចូលមកប្រទេសកម្ពុជាមានដូចជា ៖
- ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង
- ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តកំពង់ម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)
- ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ
- ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង
- ច្រកទ្វារព្រំដែនអន្តរជាតិ ដូង ខេត្តបាត់ដំបង (កំណត់ជាបណ្តោះអាសន្ន)
- ច្រកទ្វារព្រំដែនអន្តរជាតិ ត្រាពាំក្រៀល ខេត្តស្ទឹងត្រែង (កំណត់ជាបណ្តោះអាសន្ន) ។
២២- រយៈពេលរក្សាទុកទំនិញក្នុងសន្និធិគយបណ្តោះអាសន្នមានដូចជា ៖
- មានរយៈពេលសែសិបប្រាំ (៤៥) ថ្ងៃ គិតចាប់ពីថ្ងៃចុះបញ្ជិកាទំនិញមកដល់
- ផុតរយៈពេលនេះ ទំនិញត្រូវដាក់ក្នុងនិក្ខិត្តភ័ណ្ឌគយ ហើយម្ចាស់ទំនិញត្រូវបង់កម្រៃ ០.១% លើតម្លៃគិតពន្ធគយក្នុងមួយថ្ងៃច័ន្ទ
- ប្រសិនបើទំនិញត្រូវបានរក្សាទុកលើសពីរយៈពេលបី (៣) ខែគិតចាប់ពីថ្ងៃកត់ត្រាចូលក្នុងបញ្ជី នៃសន្និធិគយបណ្តោះអាសន្នទំនិញទាំងនោះត្រូវបានចាត់ទុកថាជាទំនិញគ្មានការទាមទារ ។
២៣- ឯកសារដែលនាវាបតីត្រូវបង្ហាញជូនសមត្ថកិច្ចសម្រាប់ការធ្វើបែបបទនៅលើនាវាក្នុងករណីនាំចូលតាមផ្លូវសមុទ្រឬទន្លេមានដូចជា ៖
- របាយការណ៍នាវា
- និវេទន៍ប័ណ្ណទំនិញ
- និវេទន៍ប័ណ្ណសម្ភារៈប្រើប្រាស់សម្រាប់នាវិក
- បញ្ជីឈ្មោះនាវិក
- បញ្ជីផ្ទេរទំនិញ
- បញ្ជីឈ្មោះអ្នកដំណើរ
- អញ្ញត្តិប័ណ្ណ
- កិច្ចសន្យាជួលនាវា
- វិញ្ញាបនបត្រចុះបញ្ជីនាវានិងឯកសារដទៃទៀតតាមការតម្រូវរបស់រដ្ឋបាលគយ ដើម្បីអនុវត្តវិធានការគយ ។
២៤- រាល់ទំនិញនាំចូលតាមកុងតឺន័រទាំងអស់ត្រូវស្កែនលើកលែងតែ ៖
- ទំនិញនាំចូលសម្រាប់អង្គទូត ឬអង្គការមានអភ័យសិទ្ធិការទូត អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលនានា ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាល
- ទំនិញជាអំណោយមនុស្សធម៌ ជាជំនួយ ការនាំចូលតាមរយៈឥណទានកម្ចីរបស់រដ្ឋ ព្រមទាំងទំនិញនាំចូលរបស់អង្គភាពរដ្ឋ
- ទំនិញដែលទទួលការអនុញ្ញាតដោយឡែកឲ្យរួចពីកាតព្វកិច្ចនេះពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ទំនិញនាំចូលដោយក្រុមធុរៈជនល្អបំផុត តាមគោលការណ៍នៃការគ្រប់គ្រងហានិភ័យគយ ។
២៥- រាល់ទំនិញនាំចេញតាមកុងតឺន័រទាំងអស់ត្រូវស្កែនលើកលែងតែ ៖
- ទំនិញនាំចេញដែលជាផលិតផលសម្រេចរបស់វិនិយោគិនវិស័យកាត់ដេរដែលបានបំពេញបែបបទនៅសាខាគយនិងរដ្ឋាករនាំចេញ
- ទំនិញនាំចេញ ដែលត្រូវបានត្រួតពិនិត្យរូបរ័ន្តដោយមន្រ្តីគយនៃអង្គភាពគយនិងរដ្ឋាករមាត់ច្រករួចនាពេលផ្ទុកចូលកុងតឺន័រ
- ទំនិញនាំចូលសម្រាប់អង្គទូត ឬអង្គការមានអភ័យឯកសិទ្ធិការទូត អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលនានា ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីរដ្ឋាភិបាល
- ទំនិញដែលទទួលការអនុញ្ញាតដោយឡែកឲ្យរួចពីកាតព្វកិច្ចនេះពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- កុងតឺន័រទទេ ។
តភាគ