ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
គ្រប់ប្រទេសនៅលើសកលលោកគេរមែងយកការអប់រំធ្វើជាវិស័យដ៏ធំមួយ សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាពខ្ពស់ ទាំងបរិមាណទាំងគុណភាព ដើម្បីឲ្យប្រទេសជាតិមានការអភិវឌ្ឍនិងរីកចម្រើនឡើង៕ ក្នុងទិសដៅឲ្យតម្លៃខ្ពស់លើការអប់រំនេះ ទើបមានទស្សនៈមួយលើកឡើងថា «ការអប់រំគឺអភិវឌ្ឍសង្គម » ។
តើទស្សនៈខាងលើនេះមានអត្ថន័យយ៉ាងណាខ្លះ ?
ដើម្បីធ្វើការបកស្រាយទស្សនៈខាងលើនេះឲ្យបានស៊ីជម្រៅយើងគួរគប្បីស្វែងយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ការអប់រំគឺជាការបណ្តុះបណ្តាលការបង្វឹកមនុស្សឲ្យក្លាយទៅជាអ្វីមួយដែរគេចង់បាន ដូចជាអប់រំមនុស្សឲ្យក្លាយទៅជាពលរដ្ឋល្អប្រសើរ ឬអប់រំកងកម្លាំងប្រដាប់អាវុធឲ្យមានគុណភាពល្អជាដើម ។ រីឯ អភិវឌ្ឍ មានន័យថា ធ្វើឲ្យចម្រើន ធ្វើឲ្យលូតលាស់ ធ្វើឲ្យរីកចម្រើន ។ ដូច្នេះអត្ថន័យរបស់ប្រធាននេះចង់មានន័យថា ករណីណាមានការអប់រំគឺតែងតែធ្វើឲ្យសង្គមមានការរីកចម្រើនជានិច្ច ។
តែមុននិងធ្វើការបកស្រាយ យើងគួរពីចារណាតើត្រូវអប់រំអ្វីខ្លះដល់មនុស្សនិងសង្គម ។ ហើយសង្គមគ្រួសារ សហគមន៍ សង្គមជាតិ និងសង្គមអន្តរជាតិអភិវឌ្ឍន៍អ្វីខ្លះ ? ករណីនេះយើងត្រួវអប់រំបញ្ញា សីលធម៌ កាយសោភ័ណ្ឌពោលគឺអប់រំកាយ វាចាចិត្ត សកម្មភាពលើជំនាញអ្វីមួយ ៕ការអប់រំ គឺជាការអប់រំទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌រស់នៅដល់មនុស្ស និងសង្គម ។ លើសពីនេះសង្គមត្រូវតែរីកចម្រើនលើគ្រប់វិស័យពិសេសវិស័យសង្គមកិច្ច នយោបាយ និងសេដ្ឋកិច្ច ពោលគឺរីកចម្រើនទាំងសង្គមធម៌ និងវប្បធម៌ ។ បានសេចក្តីថា ការបណ្តុះបណ្តាលធនធានមនុស្សជាគន្លឹះអាចធ្វើឲ្យគ្រួសារ សហគមន៍ សង្គមជាតិ និងសង្គមអន្តរជាតិមានការរីកចម្រើនដោយរលូន ។ យើងដឹងហើយថា ក្នុងគ្រួសារមួយ ដែលមានសមាជិកគ្រួសារមានការអប់រំល្អគ្រួសារនោះតែងតែទទួលបាននូវការរីកចម្រើនលើគ្រប់វិស័យ ពិសេសគ្មានទំនាស់ក្នងគ្រួសារ មានជីវភាពខ្ពស់ មានសុខភាពល្អ និងមានសន្តិសុខគ្រួសារ ។ ទន្ទឹមនឹងនេះ សហគមន៍មួយមានការអប់រំខ្ពស់ សហគមន៍នោះតែងមានការរីកចម្រើន ។ សហគមន៍នេសាទមួយមានការអប់រំខ្ពស់ សហគមន៍នោះអាចការពារធនធានជលផល ដែលធ្វើឲ្យជីវភាពប្រជាជនក្នុងសហគមន៍នោះមានការរីកចម្រើន ។ ឫសហគមន៍កសិករ សហគមន៍ ព្រៃឈើ សហគមន៍អ្នកវិទ្យាសាស្រ្តក៏ដូចនោះដែរ ។ លើសពីនេះទៀតសង្គមជាតិមួយដែលមានការអប់រំខ្ពស់ពោលគឺមានធនធានមនុស្សមានសមត្ដភាពច្រើន សង្គមជាតិនោះតែងមានការរីកចម្រើន ទាំងសង្គមកិច្ច វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច ។ បញ្ហាសង្គមកិច្ចរីកចម្រើន ទាំងសន្តិសុខសង្គម សុខមាលភាព និងការងារ ។ បញ្ហានយោបាយទាំងក្នុង និងក្រៅប្រទេសបានយ៉ាងល្អ ។បញ្ហាវប្បធម៌ប្រទេសដែលមានការអប់រំខ្ពស់វប្បធម៌បរទេស ពុំអាចជះឥទ្ធិពលអាក្រក់ចូលបានឡើយ ។ ដោយឡែកលើវិស័យេសដ្ឋកិច្ចវិញក៏ដូចនោះដែរ ។ ប្រទេសជាតិមួយ ដែលមានធនធានមនុស្សុមានចំណេះដឹង ចំណេះធ្វើ និងមានសីលធម៌រស់នៅខ្ពស់ ចេះសម្របសម្រូលក្នុងសង្គមសេដ្ឋកិច្ចនៃសង្គមជាតិបោះពិតជាមានការរីកចម្រើនពុំមានអាចប្រកែកបានឡើយ ព្រោះវិទ្យាសាស្រ្តដែលភ្ជាប់និងសីលធម៌ប្រាកដជាមធ្យោបាយសមស្រប ដែលធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនពុំខាន ។ ក្រៅពីសង្គមគ្រួសារ សហគមន៍សង្គមជាតិ ការអប់រំបានធ្វើឲ្យសង្គមអន្តរជាតិរីកចម្រើនផងដែរ ព្រោះបើប្រទេសទាំងអស់នៅលើសកលលោកទទួលបានការអប់រំល្អ នោះសកលលោកនិងលែងមានទំនាស់ ឬយ៉ាងហោចណាស់ក៏អាចកាត់បន្ថយនូវទំនាស់ធំៗបានដែរ ។
សរុបសេចក្តីមកយើងឃើញថា ការអប់រំបានធ្វើឲ្យសង្គមគ្រួសារ សហគមន៍ សង្គមជាតិ និងសង្គមអន្តរជាតិរីកចម្រើនតែបើឃើញវិភាគលើន័យ អប់រំ នោះយើងដឹងថា ការអប់រំ ឬការបណ្តុះបណ្តាលមនុស្សនោះពុំមែនសុទ្ធតែក្នុងគោលបំណងល្អនោះទេដូចករណីខ្លះបណ្តុះបណ្តាលកុមារឲ្យក្លាយជាចោរបង្វិកមនុស្សឲ្យចេះធ្វើគ្រឿងប្រល័យលោក ពុំមែនគ្រាន់តែធ្វើឲ្យសង្គម ពុំរីកចម្រើនទេតែថែមទាំងធ្វើឲ្យសង្គមវិនាសទៀតផង ព្រោះ វិទ្យាសាស្រ្តខ្វះមនសិការ គ្រាន់តែជាការវិនាសនៃអាត្ម័ន តែប៉ុណ្ណោះ ។ ដូចនេះការអប់រំដែលធ្វើឲ្យសង្គមមានការអភិវឌ្ឍគឺអប់រំក្នុងបំណងល្អ អប់រំផ្សារភ្ជាប់និងសីលធម៌ គុណធម៌ មនសិការ ។
ឆ្លងតាមការបកស្រាយខាងលើរួចមក យើងអាចសន្និដ្ឋានបានថា ទស្សនៈដែលលើកឡើង ការអប់រំ គឺអភិវឌ្ឍសង្គម ជាទស្សនៈត្រឹមត្រូវតែពុំទាន់គ្រប់ជ្រុងជ្រោយព្រោះត្រូវមានលក្ខខណ្ធពោលគឺកត្រូវអប់រំក្នុងបំណងល្អអប់រំភ្ជាប់ជាមួយនិងសីលធម៌ ទើបសង្គមមានការអភិវឌ្ឍ ។ ឯការអ់បរំក្នុងបំណងអាក្រក់ អសីលធម៌ អាចធ្វើឲ្យសង្គមអន្តរាយទៅវិញទេ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែខិតខំកអប់រំធនធានមនុស្សឲ្យបានកាន់តែច្រើន ហើយធនធានទាំងនោះត្រូវតែមានសមត្ថភាពជំនាញច្បាស់លាស់ សីលធម៌ល្អ និងមានមនសិការទើបប្រសើរ ។