សំណួរ
៣១- ដើម្បីអាចក្លាយជាធុរជនល្អបំផុតនៅកម្ពុជា តើធុរជនឬបុគ្គលពាក់ព័ន្ធត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ?
៣២- តើធុរជនល្អបំផុតនៅកម្ពុជាមានកញ្ចប់ប្រព្រឹត្តកម្មលើកទឹកចិត្តអ្វីខ្លះ ?
៣៣- តើមានឯកសារអមភ្ជាប់អ្វីខ្លះ ដើម្បីដាក់ពាក្យស្នើសុំជាធុរជនល្អបំផុត ?
៣៤- តើអ្វីទៅជាប្រវេសន៍កាលិក ?
៣៥- តើការនាំចូលទំនិញក្រោមរបបប្រវេសន៍កាលិក អាចត្រូវបានអនុញ្ញាតចំពោះករណីណាខ្លះ ?
ចម្លើយ
៣១- ដើម្បីអាចក្លាយជាធុរជនល្អបំផុតនៅកម្ពុជា ធុរជនឬបុគ្គលពាក់ព័ន្ធត្រូវមានលក្ខណៈសម្បត្តិ ៖
- ស្ថិតក្នុងបញ្ជីធុរជនចំណាត់ថ្នាក់លេខ១នៃប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជននាពេលដាក់ពាក្យស្នើសុំ
- ជានីតិបុគ្គលដែលមានដើមទុនចុះបញ្ជីមិនតិចជាង១ពាន់លានរៀល
- មិនធ្លាប់ប្រព្រឹត្តបទល្មើសគយធ្ងន់ធ្ងរដោយចេតនាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គិតត្រឹមថ្ងៃដាក់ពាក្យស្នើសុំ
- មិនធ្លាប់ជំពាក់បំណុលពន្ធអាករគយហួសកាលកំណត់ ឬបំណុលផ្សេងទៀតដែលមិនអាចសងបាន
- អនុវត្តបានពេញលេញនូវកាតព្វកិច្ចគ្រប់គ្រងឯកសារ បញ្ជីគណនេយ្យ កំណត់ត្រា និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងការនាំចេញនាំចូលតាមបទប្បញ្ញត្តិជាធរមាន
- ត្រូវតែជាសមាជិកនៃសហគមន៍ធរុកិច្ចណាមួយដែលមានការអនុញ្ញាត និងត្រូវមានការបញ្ជាក់ពីប្រធានសហគមន៍ធុរកិច្ចនោះពីភាពរឹងមាំនៃស្ថានភាពហិរញ្ញវត្ថុនិងអនុលោមភាពរបស់ធុរជន
- ត្រូវមានទំហំពាណិជ្ជកម្មនាំចេញនាំចូលប្រចាំឆ្នាំមិនតិចជាង២លានដុល្លាអាមេរិក និងមានកាតព្វកិច្ចធ្វើរបាយការណ៍តាមទម្រង់នានាដែលកំណត់ដោយអង្គភាពគ្រប់គ្រងធុរជនល្អបំផុតនៃ អគរ ។
៣២- ធុរជនល្អបំផុតនៅកម្ពុជាមានកញ្ចប់ប្រព្រឹត្តកម្មលើកទឹកចិត្តមានដូចជា ៖
- អាទិភាពមិនរង់ចាំតាមជួរលំដាប់លំដោយតាមគោលការណ៍មកមុនផ្តល់សេវាមុន ទាំងក្នុងដំណាក់កាលដាក់ឯកសារ ដំណាក់កាលត្រួតពិនិត្យទំនិញ ឬឯកសារ និងដំណាក់អនុញ្ញាតឲ្យយកទំនិញចេញតាមរូបភាពរហ័សនិងលទ្ធភាពដែលអាចធ្វើទៅបាន
- អាចទទួលបាននូវការអនុញ្ញាតឲ្យជំពាក់បែបបទគយ ដោយលើកលេងការតម្កល់និមុត្តិធានា
- ការលើកលែងនីតិវិធីនៃការផ្ទៀងផ្ទាត់ជាមុននូវតម្លៃគិតពន្ធគយនិងវិញ្ញាបនបត្រប្រភពដើមទំនិញ
- ការលើកលែងកាតព្វកិច្ចអមលិខិតអនុញ្ញាតដឹកជញ្ជូនកាតព្វកិច្ចត្រាពន្ធគយ និងការកាត់បន្ថយកាតព្វកិច្ចឆ្លងម៉ាស៊ីនស្កែន
- លទ្ធភាពនៃការបំពេញបែបបទគយមុនពេលទំនិញមកដល់ និងការបំពេញបែបបទគយចុងទីក្រោមរបបគយឆ្លងកាត់ជាដើម ។
៣៣- ដើម្បីដាក់ពាក្យស្នើសុំជាធុរជនល្អបំផុតត្រូវមានឯកសារអមដូចជា ៖
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងលក្ខន្តិកៈក្រុមហ៊ុន អមបញ្ជីម្ចាស់ភាគហ៊ុននាថ្ងៃស្នើសុំ
- ការប្រកាសពីស្ថានភាពហិរញ្ញវត្ថុ នាពីរឆ្នាំចុងក្រោយ (បើមានការតម្រូវ)
- លិខិតបញ្ជាក់ទទួលស្គាល់អនុលោមភាពពីសហគមន៍ធុរកិច្ចពាក់ព័ន្ធ
- វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែមនិង/ឬ បណ្ណប៉ាត់ ឬលិខិតអនុញ្ញាតប្រហាក់ប្រហែល
- ច្បាប់ចម្លងនៃអត្តសញ្ញាណបណ្ណ ឬឯកសារប្រហាក់ប្រហែលរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន
- ទំហំនៃការនាំចូលការនាំចេញ និងការលក់ចូលទីផ្សារក្នុងស្រុកនាំឆ្នាំចុងក្រោយ ។
៣៤- ប្រវេសន៍កាលិក គឺជានីតិវិធីគយដែលអាចអនុញ្ញាតឲ្យទំនិញនាំចូលបានក្នុងដែនគយ ក្រោមលក្ខខណ្ឌរួចផុតពីការបង់ពន្ធនិងអាករទាំងស្រុង ឬភាគខ្លះ ។ ទំនិញទាំងនោះត្រូវបាននាំចូលក្នុងគោលបំណងច្បាស់លាស់ ហើយត្រូវនាំចេញទៅវិញក្នុងកម្រិតពេលវេលាជាក់លាក់មួយ និងមិនធ្វើការកែច្នៃ ឬផ្លាស់ប្តូរ លើកលែងតែការរំលស់ជាធម្មតាតាមការប្រើប្រាស់ (មាត្រា៩នៃច្បាប់ស្តីពីគយ) ។
៣៥- ការនាំចូលទំនិញក្រោមរបបប្រវេសន៍កាលិក អាចត្រូវបានអនុញ្ញាតចំពោះករណីដូចជា ៖
- ទំនិញសម្រាប់ដាក់តាំងបង្ហាញ ឬប្រើប្រាស់ក្នុងពិធីតាំពិព័រណ៌កិច្ចប្រជុំ ឬព្រឹត្តិការណ៍ប្រហាក់ប្រហែលដែលមានបរិមាណសមស្រប
- បរិក្ខារវិជ្ជាជីវៈចាំបាច់សម្រាប់អ្នកបច្ចេកទេស ឬបុគ្គលវិជ្ជាជីវៈផ្សេងៗដែលចូលមកព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញភារកិច្ច ឬមុខរបរឯកទេស ដោយមិនរាប់បញ្ជូលនូវបណ្តាលគ្រឿងម៉ាស៊ីនគ្រឿងចក្រ និងបរិក្ខារឯកទេសសម្រាប់សប្រើប្រាស់ក្នុងវិស័យកម្មន្តសាលឧស្សាហកម្ម ការវេចខ្ចប់ទំនិញ អាជីវកម្មធនធានធម្មជាតិ ការកសាងឬការជួសជុលអគារ ការងារដីឬគម្រោងប្រហាក់ប្រហែលនានា
- កុងតឺន័រ ប៉ាឡេត កញ្ចប់ និងទំនិញនាំចូលផ្សេងទៀត ដែលពាក់ព័ន្ធនឹងប្រតិបត្តិការពាណិជ្ជកម្ម តែពុំមែនជាផ្នែកនៃប្រតិបត្តិការពាណិជ្ជកម្មនៅពេលដែលត្រូវបានលក់ឬទិញ
- ទំនិញនាំចូលសម្រាប់សំណូមពរនៃការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ រាប់បញ្ចូលទាំងបំណែកនៃបរិក្ខារវិទ្យាសាស្រ្ត និងសម្ភារអប់រំដែលទទួលបានការអនុញ្ញាតឲ្យនាំចូលតាមរបបប្រវេសន៍កាលិក
- ទំនិញនាំចូលសម្រាប់វិស័យកីឡាដែលប្រើប្រាស់ដោយអ្នកទេសចរ កីឡាករ អ្នកដំណើរសម្រាប់ការប្រកួតប្រជែង ការបង្ហាញ ឬការហ្វឹកហាត់ក្នុងដែនគយ
- សម្ភារសម្រាប់ផ្សព្វផ្សាយទេសចរ សម្រាប់ទាក់ទាញការទស្សនាប្រទេសផ្សេងៗទៀត
- ទំនិញនាំចូលដោយអ្នកដំណើរឆ្លងកាត់ព្រំដែនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
- ទំនិញនាំចូលសម្រាប់គោលបំណងមនុស្សធម៌ រាប់បញ្ជូលទាំងបរិក្ខារមន្ទីរពិសោធន៍ មន្ទីរវះកាត់ និងទំនិញជំនួសសង្រ្គោះជនរងគ្រោះដោយគ្រោះធម្មជាតិ និងមហន្តរាយប្រហាក់ប្រហែល
- មធ្យោបាយដឹកជញ្ជូនមនុស្ស និងទំនិញសម្រាប់គោលបំណងពាណិជ្ជកម្ម ដូចជានាវាអាកាសយាន្ត យានយន្តផ្លូវគោក ឬផ្លូវដែក ដែលប្រើប្រាស់ក្នុងចរាចរដឹកជញ្ជូនជាអន្តរជាតិ រាប់បញ្ជូលទាំងគ្រឿងបន្លាស់ គ្រឿងបន្សំ និងបរិក្ខារផ្សងៗទោះបីជាមិនយកកម្រៃក្តី ។
តភាគ