សំណួរ
៤៦- តើទំនិញនាំចូល/នាំចេញដែលតម្រូវឲ្យស្នើសុំលិខិតអនុញ្ញាតគយនៅ អគរ មានអ្វីខ្លះ ?
៤៧- ចូររៀបរាប់ពីនីតិវិធីក្នុងការនាំចេញរូបិយបណ្ណបរទេស ?
៤៨- តើប្រភេទពន្ធប្រយោលមានអ្វីខ្លះ ?
៤៩- តើការនាំចេញនាំចូលក្នុងករណីអ្វីខ្លះដែលត្រូវបានលើកលែងពន្ធ ?
៥០- តើរបៀបរាយការណ៍របស់គយមានប៉ុន្មានយ៉ាង ?
ចម្លើយ
៤៦- ទំនិញនាំចូល/នាំចេញដែលតម្រូវឲ្យស្នើសុំលិខិតអនុញ្ញាតគយនៅ អគរ មានដូចជា ៖
- ទំនិញគ្រប់ប្រភេទ ដែលនាំចូលដោយគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.ត) ដែលស្ថិតនៅខាងក្រៅតំបន់រួចពន្ធនានា និងដែលពន្ធ និង/ឬអាករជាបន្ទុករបស់រដ្ឋ
- ទំនិញនាំចូល/នាំចេញគ្រប់ប្រភេទ ដែលមាននៅក្នុងបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ក្នុងការនាំចូលនិងនាំចេញនៃឧបសម្ព័ន្ធ១នៃអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
- ទំនិញនាំចូលគ្រប់ប្រភេទ ដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ក្រោមក្របខណ្ឌវិនិយោគសាធារណៈ
- ទំនិញនាំចូលគ្រប់ប្រភេទដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋក្រោមក្របខណ្ឌជំនួយឥតសំណង ឥណទាន និងជំនួយមនុស្សធម៌
- ទំនិញនាំចូលគ្រប់ប្រភេទ ដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋ និងដែលនាំចូលសម្រាប់បេសកកម្មការទូត ឬបេសកកម្មកុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការិយកិច្ចនៃមុខងារជាផ្លូវការ និងប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិក
- ទំនិញនាំចូលគ្រប់ប្រភេទដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋ និងដែលជាសម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារប្រើប្រាស់ផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិផ្សេងទៀតលើកលែងយានយន្ត ដែលនាំចូលដោយបុគ្គលដែលផ្ទាល់ទីលំនៅស្ថានមកកម្ពុជា
- ទំនិញផ្សេងទៀតតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
៤៧- អ្នកដំណើរដែលនាំចេញរូបិយបណ្ណបរទេសត្រូវអនុវត្តដូចជា ៖
- បង្ហាញចំពោះមន្ត្រីគយ នូវលិខិតអនុញ្ញតឲ្យនាំចេញដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា
- បំពេញប្រវេទន៍គយឲ្យបានត្រឹមត្រូវគ្រប់គ្រាន់និងច្បាស់លាស់
- ធ្វើដំណើរតាមមាត់ច្រកចូល-ចេញ ដែលបានកំណត់ដោយភ្នាក់ងារមានសមត្ថកិច្ច ។ ការយករូបិយបណ្ណធ្វើដំណើរតាមផ្លូវផ្សេង ឬដោយអ្នកកាន់បញ្ញើដទៃ ក្រៅពីម្ចាស់កម្មសិទ្ធិត្រូវហាមឃាត់ជាដាច់ខាត
- បំបេញជាលាយលក្ខណ៍អក្សរឲ្យបានត្រឹមត្រូវគ្រប់គ្រាន់ និងច្បាស់លាស់លើប្រតិវេទន៍គយ អំពីប្រភេទនិងចំនួនរូបិយបណ្ណ ដែលមានជាប់នឹងខ្លួន បញ្ញើជាមួយអ្នកដទៃ បញ្ញើតាមយន្តហោះ ដើម្បិបង្ហាញដល់មន្ត្រីគយដែលមានភារកិច្ចត្រួតពិនិត្យ នៅក្នុងការិយាល័យគយនិងរដ្ឋាករ ។
៤៨- ប្រភេទពន្ធប្រយោលមានដូចជា ៖
- អាករបំភ្លឺសាធារណៈ គឺជាប្រភេទពន្ធប្រយោលដែលគិតលើតម្លៃស្រា និងបារីដែលអ្នកប្រើប្រាស់មានកាតព្វកិច្ចត្រូវបង់ ហើយកាត់ទុកដោយអ្នកលក់ បង់ជូនរដ្ឋនាពេលក្រោយទៀត ។
- អាករស្នាក់នៅ គឺជាប្រភេទពន្ធប្រយោលដែលគិតលើសតម្លៃសរុបនៃការជួលកន្លែងស្នាក់នៅ ដែលអ្នកប្រើប្រាស់សេវាស្នាក់នៅជាប់កាតព្វកិច្ចត្រូវបង់និងទទួលកាត់ទុកដោយអ្នកផ្គត់ផ្គង់និងបង់បន្តជូនរដ្ឋ ។
- អាករលើផលរបរ គឺជាប្រភេទពន្ធប្រយោលដែលត្រូវបានយកពីសកម្មភាពសេដ្ឋកិច្ចផ្សេងៗដូចជា ពាណិជ្ជកម្មផលិតកម្ម អាជីវកម្មនិងសេវាកម្ម ។ អាករផលរបរប្រមូលពីអ្នកប្រើប្រាស់និងបង់ជូនរដ្ឋដោយអ្នកលក់ ។
- អាករពិសេសលើទំនិញនិងសេវាកម្មមួយចំនួន គឺជាប្រភេទពន្ធប្រយោល ដែលយកទៅលើទំនិញនិងសេវាមួយចំនួនដែលប្រែប្រួលទៅតាមប្រទេសនីមួយៗ ។ អ្នកលក់ ឬអ្នកផ្គត់ផ្គង់ត្រូវប្រមូលអាករនេះពីអ្នកទិញ (អ្នកប្រើប្រាស់) ហើយបង់ជូនរដ្ឋជាបន្តនៅពេលក្រោយ ។
- ពន្ធនាំចេញនាំចូលឬពន្ធគយ គឺជាប្រភេទពន្ធប្រយោលដែលកម្រិតទៅលើទំនិញនាំចេញនាំចូលដោយឆ្លងកាត់ច្រកព្រំដែន ។ អ្នកនាំចេញអ្នកនាំចូលត្រូវប្រមូលពន្ធនេះពីអ្នកប្រើប្រាស់និងបង់ជូនរដ្ឋនាពេលក្រោយ ។
៤៩- ការនាំចេញនាំចូលដែលត្រូវបានលើកលែងពន្ធមានដូចជា ៖
- ទំនិញសម្រាប់ប្រើប្រាស់ក្នុងគោលបំណងសិក្សាស្រាវជ្រាវរបស់ស្ថាប័នសិក្សា ឬស្ថាប័នផ្សេងៗទៀត
- ទំនិញដែលនាំចូលបណ្តោះអាសន្ន ហើយនាំចេញទៅវិញ ឬទំនិញដែលចេញជាបណ្តោះអាសន្នហើយនាំចូលមកវិញ
- ទំនិញនាំចេញដើម្បីសងបំណុលបរទេសរបស់រដ្ឋាភិបាល
- រាល់ករណីពិសេសអនុវត្តដោយឡែកចំពោះទំនិញនាំចេញនាំចូលរបស់សហគ្រាសវិនិយោគបរទេស ដែលស្ថិតនៅក្រោមការលើកលែងពន្ធរបស់ច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា
- កសិផលកែច្នៃនិងមិនទាន់កែច្នៃមួយចំនួន ។
៥០- របៀបរាយការណ៍របស់គយមានពីរយ៉ាងគឺ រាយការណ៍ដោយប្រកាស និងរាយការណ៍ដោយមាត់ទទេ ។ ការរាយការណ៍របស់គយគឺមានគោលបំណង ៖
- ឲ្យដឹងពីសភាពការណ៍ទំនិញ ឥវ៉ាន់អ្នកដំណើរ មធ្យោបាយដឹកជញ្ជូន ដើម្បីឲ្យរដ្ឋបាលគយដឹងថាទំនិញទាំងនោះពិតជានាំចូល នាំចេញបានសមស្របនិងមានលិខិតអនុញ្ញាតត្រឹមត្រូវ
- ដើម្បីធ្វើការផ្ទៀងផ្ទាត់រវាងលិខិតនិងទំនិញដែលជាមូលដ្ឋានសម្រេច និងបែបបទផ្សេងៗទៀត
- ដើម្បីទុកជាឯកសារ ឬជាសក្ខីភាពប្រសិនមានការតវ៉ានៅក្រោយទៀតរបស់ម្ចាស់ទំនិញ ។
តភាគ