ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ជំពូកទី ៦
ការត្រួតពិនិត្យ កំណត់ត្រា អធិការកិច្ច
មាត្រា ១៤-
ក្រសួងបរិស្ថានត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីកំណត់ឲ្យម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវទីកន្លែងរោងចក្រ ប្រភពបំពុល តំបន់ឧស្សាហកម្ម ឬតំបន់មានសកម្មភាពអភិវឌ្ឍន៍ធនធានធម្មជាតិនានា ៖
- តម្លើងឬប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ
- ផ្តល់គំរូតាង
- រៀបចំឬរក្សាទុកនឹងផ្ញើជូនពិនិត្យនូវកំណត់ត្រានិងរបាយការណ៍នានា ។
មាត្រា ១៥-
ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួននងិក្នុងការទទួលខុសត្រូវលើតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានដោយសហការជាមួយក្រសួងពាក់ព័ន្ធ អាចចូលធ្វើអធិការកិច្ចក្នុងតំបន់ទីក្នុងបរិវេណអាគារលើ ឬក្នុងមធ្យោបាយដឹកជញ្ជូនឬទីកន្លែងណាមួយ ។ ក្នុងករណីដែលក្រសួងបរិស្ថានពិនិត្យឃើញថាប្រភពនោះធ្វើឲ្យមានការប៉ះពាល់ដល់គុណភាពបរិស្ថាន ។
មន្រ្តីអធិការកិច្ចរបស់ក្រសួងបរិស្ថាន និងមន្រ្តីរបស់ក្រសួងពាក់ព័ន្ធដែលសហការជាមួយត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាបេសកកម្មរបស់ខ្លួននៅមុនពេលធ្វើអធិការកិច្ច ។
នៅពេលធ្វើអធិការកិច្ច កាលណាពិនិត្យឃើញថាមានបទល្មើសព្រហ្មទណ្ឌកើតឡើង នោះមន្រ្តីអធិការកិច្ចត្រូវរាយការណ៍ជាបន្ទាន់ជូនស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់ ។
នីតិវិធីនៃការធ្វើអធិការកិច្ច ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់ក្រសួងបរិស្ថាន ។
ជំពូកទី ៧
ការចូលរួមរបស់សាធារជននិងការស្រង់យកព័ត៌មាន
មាត្រា ១៦-
ក្រសួងបរិស្ថានត្រូវផ្តល់ជូនតាមសំណូមពររបស់សាធារណជន នូវព័ត៌មានពីសកម្មភាពរបស់ខ្លួននិងត្រូវលើកទឹកចិត្តឲ្យមានការចូលរួមពីសាធារណជន ក្នុងកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ ។
មាត្រា ១៧-
បែបបទនៃការចូលរួមរបស់សាធារណជន និងការស្រង់យកព័ត៌មានក្នុងកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់ក្រសួងបរិស្ថាន ។
មាត្រា ១៨-
ព័ត៌មានដែលទាក់ទងទៅនឹងកិច្ចការពារបរិស្ថាន ឬការគ្រប់គ្រងធនធានធម្មជាតិ ត្រូវផ្សព្វផ្សាយជូនគ្នាទៅវិញទៅមក រវាងក្រសួងបរិស្ថាននិងក្រសួងនានា ។
ជំពូកទី ៨
មូលនិធិទាយជ្ឋទានបរិស្ថាន
មាត្រា ១៩-
ត្រូវបង្កើតគណនីពិសេសរបស់រតនាគារជាគណនីមូលនិធិទាយជ្ឋទានបរិស្ថាន សម្រាប់ឲ្យក្រសួងបរិស្ថានយកទៅចាត់ចែងក្នុងកិច្ចការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិក្នុងព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ហរិញ្ញវត្ថុ ។
មូលនិធិទានជ្ឋទានបរិស្ថាន ដែលបានមកពីវិភាគទានផ្សេងៗរបស់រាជរដ្ឋាភិបាល ជំនួយរបស់អង្គការអន្តរជាតិនានា អំណោយពីសប្បុរជន អំណោយពីអង្គការក្រៅរដ្ឋាភិបាលនិងចំណូលស្របច្បាប់ផ្សេងៗ ត្រូវបញ្ចូលក្នុងថវិកាជាតិដើម្បីផ្តល់ឲ្យគណនីពិសេសខាងលើ ។
ជំពូកទី ៩
ទោសប្បញ្ញត្តិ
មាត្រា ២០-
ចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសនឹងការកំណត់របស់ក្រសួងបរិស្ថាន ដូចមានចែងក្នុងមាត្រា ១៤នៃច្បាប់នេះ ក្រសួងបរិស្ថានត្រូវចេញបញ្ជាជាលាយលក្ខណ៍អក្សរតម្រូវឲ្យ ៖
- កែប្រែសកម្មភាពល្មើសជាបន្ទាន់ ឬក្នុងរយៈពេលណាមួយជាក់លាក់ឬ
- ផ្អាកសកម្មភាពរបស់ខ្លួនរហូតដល់បទល្មើសនោះត្រូវបានកែប្រែ ឬ
- លុបបំបាត់ការបំពុលជាបន្ទាន់ ។
មាត្រា ២១-
បុគ្គលណាមិនអនុញ្ញាតឬរារាំងមិនឲ្យមន្រ្តីអធិការកិច្ចចូលធ្វើការត្រួតពិនិត្យ ឬធ្វើអធិការកិច្ចលើទីតាំងដូចមានចែងក្នុងវាក្យខណ្ឌទី១ មាត្រា១៥ នៃច្បាប់នេះ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពីប្រាំសែងរៀល(៥០០,០០០រៀល) ដល់មួយលានរៀល(១,០០០,០០០រៀល) ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយលានរៀល(១,០០០,០០០រៀល) ដល់ប្រាំលានរៀល(៥,០០០,០០០រៀល) ឬផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែដល់៣ខែ ឬទោសទាំងពីរនេះ ។
បុគ្គលណាប្រព្រឹត្តល្មើសនិងមាត្រា២០នៃច្បាប់នេះ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពីមួយលានរៀល(១,០០០,០០០រៀល) ដល់ដប់លានរៀល(១,០០០,០០០រៀល) ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីម្ភៃមួយលានរៀល (២១,០០០,០០០រៀល) ដល់សាមសិបលានរៀល (៣០,០០០,០០០រៀល) ឬផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែដល់១ឆ្នាំ ឬទោសទាំងពីរនេះ ។
មាត្រា ២២-
បើការប្រព្រឹត្តល្មើសបង្កឲ្យមានគ្រោះថ្នាក់ដល់រាងកាយឬជីវិតមនុស្ស ដល់ទ្រព្យសម្បត្តិឯកជន ដល់ទ្រព្យសម្បត្តិសាធារណៈ ដល់បរិស្ថាន ដល់ធនធានធម្មជាតិ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីដប់លានរៀល(១០,០០០,០០០រៀល) ដល់ហាសិបលានរៀល(៥០,០០០,០០០រៀល) ឬផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំដល់ប្រាំឆ្នាំឬទោសទាំងពីរនេះ ។
បុគ្គលដែលប្រព្រឹត្តល្មើសត្រូវទទួលជួសជុលសងការខូចខាតនឹងសងជំងឺចិត្តថែមទៀត ។
មាត្រា ២៣-
ក្នុងករណីដែលការប្រព្រឹត្តល្មើសបង្កឲ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរចំពោះសង្គមជាតិ តុលាការអាចនឹងយកកាលៈទេសៈទម្ងន់ទោស ទៅប្រកបផ្សំនឹងបទល្មើសណាមួយខាងលើនេះ ដើម្បីផ្តន្ទាទោស ។
មាត្រា ២៤-
មន្ត្រីឬភ្នាក់ងារអធិការកិច្ចបរិស្ថានរូបណាដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពបទបញ្ជារបស់ក្រសួង ឬរួមគំនិតនិងអ្នកប្រព្រឹត្តបទល្មើស ឬជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសនេះ ត្រូវទទួលការផ្តន្ទាទោសផ្នែករដ្ឋបាល ឬនឹងត្រូវដាក់បទចោទប្រកាន់ចំពោះមុខតុលាការ ។
មាត្រា ២៥-
ក្រសួងបរិស្ថាន ត្រូវអនុវត្តទៅតាមបទប្បញ្ញត្តិនៃមាត្រា ២០ខាងលើចំពោះបុគ្គលណា ដែលប្រព្រឹត្តល្មើសនឹងអនុក្រឹត្យនិងលិខិតបទដ្ឋានផ្សេងៗ ដែលពាក់ព័ន្ធនឹងបទប្បញ្ញត្តិនៃច្បាប់នេះ ។
ក្នុងករណីរឹងទទឹង ត្រូវអនុវត្តទៅតាមបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២១នៃច្បាប់នេះ ។
ជំពូកទី ១០
អន្តរប្បញ្ញត្តិ
មាត្រា ២៦-
ក្រោយពេលច្បាប់នេះចូលជាធរមានរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០១ ចំពោះសកម្មភាពដែលកំពុងដំណើរការបច្ចុប្បន្ន រាជរដ្ឋាភិបាលអាចពន្យារពេលការប្រតិបត្តិអនុក្រឹត្យ ដែលចែងក្នុងមាត្រា ១៣នៃច្បាប់នេះ តាមសំណើរបស់ក្រសួងបរិស្ថាន ។
ក្នុងការសម្រេចពន្យារពេលនេះត្រូវ ៖
- ថ្លឹងថ្លែងពីប្រភេទនិងទំហំនៃគ្រោះថ្នាក់ដល់សុខភាពមនុស្ស ដល់បរិស្ថាននិងដល់ធនធានធម្មជាតិ ដែលអាចកើតឡើងពីការពន្យារពេលនេះ
- ពិនិត្យទៅលើលទ្ធភាព មធ្យោបាយ បច្ចេកទេសនិងហរិញ្ញវត្ថុរបស់សកម្មភាពដែលកំពុងដំណើរនេះ ។
ជំពូកទី ១១
អវសានប្បញ្ញត្តិ
មាត្រា ២៧-
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ ។