2021-08-01 22:13
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ពាក្យថា "ស្នេហា" មាននិយមន័យជាច្រើន ទៅតាមគំនិតរបស់បុគ្គល។ ស្នេហ៍ពីដំបូងៗក៏សែនល្អ ដើរទៅជាមួយគ្នាយ៉ាងរលូនដោយប្រើភាសាស្នេហា និងភាពផ្អែមល្ហែម ហើយក៏យល់ចិត្តគ្នាទៅវិញទៅមក។ ប៉ុន្តែនៅពេលដើរដល់ចំណុចមួយដែលមានម្ខាងអស់ចិត្ត អ្វីៗក៏ប្រែប្រួល ផ្ទៃមេឃធ្លាប់តែស្រស់បំព្រងក៏ប្រែក្លាយទៅជាអាប់អួរ។
រូបភាពជាច្រើនសន្លឹកដែលធ្លាប់ថតជាមួយគ្នាក៏ត្រូវលុប រស់នៅដោយគ្មានគ្នាទៀតទេ។ ពាក្យផ្អែមល្ហែមក៏លែងមាន រីឯទង្វើល្អៗដែលធ្វើជាមួយគ្នាក៏លែងមានទៀតដែរ។
ប៉ុន្តែជីវិតជាក់ស្តែង អារម្មណ៍ពិតប្រាកដ ចិត្តដែលនឹកគិត វាមិនងាយនឹងលុបបានដោយងាយនោះទេ។
ធ្លាប់ណា៎! ធ្លាប់ប្រាប់ខ្លួនឯងថាប្រសិនជាថ្ងៃណាមួយគ្មានគេ នោះនឹងធ្វើខ្លួនធម្មតា មិនតូចចិត្ត ឬខូចចិត្តអ្វីឡើយ។ វាប្រហែលជាដូចពាក្យគេនិយាយមែនហើយថា "រូបថតអាចលុបបានដោយងាយ តែចិត្តស្រឡាញ់វាមិនងាយក្នុងការលុបទេ" ក្លាយជាប្រយោគមួយដែលរឹតតែធ្វើឱ្យសោកសៅ ស្តាយវេលាល្អៗដែលធ្លាប់ធ្វើរួមគ្នា នឹកពាក្យសន្យាដែលធ្លាប់ស្បថស្បែ។
បើនៅថ្ងៃណាមួយវាត្រូវលុបចេញពីជីវិត ក៏ត្រូវចំណាយពេលនៃការលុបយូរដែរ។ មិនមាននរណាម្នាក់ដែលអាចកាត់ចិត្តបានភ្លាមៗនោះទេ។ កុំខឹងខ្លួនឯងដែលមិនងាយកាត់ចិត្តពីគេ តែត្រូវលើកទឹកចិត្តខ្លួនឯងឱ្យរឹងមាំឡើង ហើយធ្វើនូវរឿងរ៉ាវផ្សេងៗដែលអាចធ្វើឱ្យខ្លួនឆាប់ភ្លេចគេ។ ចំណាយពេលបន្តិច ដើម្បីលុបមនុស្សដែលមិនល្អចេញជីវិត។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=170457044946458&set=a.105573171434846