ពិធីបុណ្យឲ្យអ្នកស្លាប់នៅក្នុងសម័យចេនឡា និងសម័យអង្គរមានលក្ខណៈដូចតទៅ៖
- នៅក្នុងសម័យចេនឡា កូនចៅនៃសព ត្រូវកោរសក់យំស្រែកយ៉ាងខ្លាំង ហើយអត់បាយ អស់រយៈ៧ថ្ងៃទៀតផង ។ សពត្រូវគេយកទៅបូជាហើយ គេប្រមូលយកធាតុដាក់ក្នងកោដ្ឋ ធ្វើអំពីមាស ឬប្រាក់ហើយបោះបង់ចោលទៅក្នុងទឹកជ្រៅ ។ អ្នកក្រគេប្រើកោដ្ឋដែលធ្វើពីដី ។ មានអ្នកខ្លះទៀតគេគ្រាន់តែ យកខ្មោចទៅដាក់ចោលនៅក្នុងព្រៃភ្នំទុកឲ្យសត្វស៊ីជាការស្រេច ។
- នៅក្នុងសម័យអង្គរ ពេលមានអ្នកស្លាប់ គេឥតមានដាក់ក្ដារមឈូសទេ គេយកតែកន្ទេលក្រាលពីក្រោម យកកំណាត់សំពត់ក្រាលពីលើហើយគរ យកទៅដាក់ក្នុងព្រៃ ។ លុះសែងដល់ក្រៅក្រុងដល់កន្លែងណាដែលស្ងាត់ គេដាក់ខ្មោចនោះចោល ហើយត្រឡប់មកវិញទុកខ្មោចនោះអោយសត្វស៊ី តែក៏មានគេយកខ្មោចនោះទៅដុត ឬបូជាខ្លះៗដែរ ។ ពេលកាន់ទុកគេអត់ស្លៀកពាក់សទេ គ្រាន់តែក្រាស់សក់សម្រាប់បុរស និងកាត់សក់ខ្លីសម្រាប់ស្រ្តី ។