ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ៖ ដើម្បីសាងជីវភាពគ្រួសារ អោយបានសម្បូរសប្បាយ រុងរឿងមានកិត្តិយស យើងគប្បីស្រលាញ់ និងខិតខំធ្វើការងារកុំបីខ្ជិលច្រអូស។ ក្នុងរឿងកុលាបប៉ៃលីនក្រោយឪពុកចែកឋានទៅ ចៅចិត្របានប្រឹងប្រែងកសាងជីវភាពរបស់ខ្លួនបានរុងរឿងរីកចំរើន។
តើចៅចិត្រខំប្រតិបត្តិតាមអ្វីដែលនាំអោយខ្លួនទទួលបានជោគជ័យក្នុងជីវិតរស់នៅ?
ដើម្បីជាជំនួយដល់ការបកស្រាយបញ្ហាខាងលើយើងគួរយល់អត្ថន័យនៃពាក្យ ”កសាងជីវភាព“ អោយបានច្បាស់លាស់ជាមុនសិន។ កសាងជីវភាព មានន័យថា ការរៀបចំជីវិតរស់នៅអោយបានល្អប្រសើរ។
ប្រធានបទខាងលើមានន័យថា ការចេះប្រឹងប្រែងរៀបចំឆាកជីវិតរបស់ខ្លួន ដើម្បីអោយខ្លួនទទួលបានភាពជោគជ័យ និងរីកចំរើន។ មុននឹងឪពុកចែកឋានទៅគាត់បានផ្តាំដល់ចិត្តថា ”អត្តាហិអត្តនោនាថោ“ គឺខ្លួនទីពឹងខ្លួន។ បណ្តាំនេះបាននៅជាប់ក្នុងក្រអៅបេះដូចចៅចិត្តជានិច្ច ហើយជាកត្តាជំរុញចិត្តអោយមានស្មារតីមុះមុតប្រឹងប្រែងប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួនឥតបីធ្វេសប្រហែស។ ដោយចិត្តជាមនុស្សមានទំនុកចិត្តលើខ្លួនឯងយ៉ាងមួតមាំនេះហើយ ទើបធ្វើអោយការបំពេញការងារផ្សេងៗរបស់គេចេះតែទទួលបានជ័យជំនៈ ចំណុចនេះលេចចេញពីគំនិតមួយដែលគិតថា ”គេដទៃយ៉ាងណា ខ្ញុំក៏គង់តែធ្វើបានដូចគេដែរ“។ ហើយជ័យជំនៈដែលចិត្តទទួលបានជាបន្តបន្ទាប់នេះ ក៏ព្រោះតែចិត្រមានចំណេះដឹងគ្រប់គ្រាន់ ទាំងការសិក្សារៀនសូត្រ និងបំនិនប្រសព្វក្នុងជំនាញផ្សេងៗដែរ។ ចៅចិត្របានឆ្លងកាត់ការសិក្សារហូតបានទទួលប្រកាសនីប័ត្រ ធ្វើអោយគេមានសមត្ថភាពអាចគ្រប់គ្រងកម្មករ និងលុយកាក់បាន។ មិនត្រឹមតែជួសជុល និងបើកបររថយន្តទេ គេអាចធ្វើជាកម្មករត្បូងដ៏ល្អ មានមិត្តភក្តិស្រលាញ់រាប់អានច្រើន ពិសេសជាងនេះទៅទៀត គេចេះធ្វើអោយចៅហ្វាយនាយពេញចិត្តនឹងគេទៀតផង ក្នុងការងារដណ្តាំបាយស្លស្លុក ធ្វើម្ហូបអាហារ និងការចេះកាន់កាំភ្លើងយ៉ាងអង់អាចក្លាហានក្នុងការការពារចៅហ្វាយនាយអោយរួចផុតពីគ្រោះថ្នាក់។ បន្ថែមពីនេះ ចៅចិត្រជាមនុស្សមានបទពិសោធជាមួយនឹងការងារ ទាក់ទងល្អជាមួយមិត្តភក្តិកម្មករផ្សេងៗទៀត និងចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមកយ៉ាងស្និទ្ធស្នាលទៀតផង។ សូម្បីតែតាសុនជាអ្នកបើកឡានជូនលោក ហ្វួងក៏ពេញចិត្តចៅចិត្រដែរ ជាក់ស្តែងពេលតាសុនបញ្ឆេះឡានមិនឆេះចៅចិត្រចេះជួយឈឺឆ្អាល បើកឡានជូនលោកហ្វួងជំនួសតាសុនវិញ ធ្វើអោយតាសុនសប្បាយចិត្តជាខ្លាំង ហើយពោលថា ”ពូកែគ្រាន់បើក្មួយអញ“។ មិនតែប៉ុណ្ណោះចៅចិត្តចេះសម្របសម្រួលខ្លួនគ្រប់មជ្ឈដ្ឋានដូចជារស់នៅជាមួយកម្មករដូចគ្នា ក៏ដូចជាការយួរកន្រ្តទៅផ្សារតាមឃុននារីយ៉ាងតត្រុក។ មិនតែប៉ុណ្ណោះចៅចិត្រមានកំលាំងកាយគ្រប់គ្រាន់អាចធ្វើជាកម្មករ អណ្តូងរ៉ែដូចកម្មករដទៃទៀតបាន ព្រមទាំងអាចប្រយុទ្ធជាមួយចោរហារយនៅក្នុងព្រៃ ការពារម្ចាស់យ៉ាងស្វាហាប់ និងវាយបាឡាត់ដួលផ្ងារនៅពេលដែលបំរុងរំលោភ ឃុននារីស្រី។ ផ្សេងពីនេះទៅទៀត ប្រការដែលជំរុញអោយចៅចិត្រមានជីវភាព រីកចំរើននោះគឺកំលាំងចិត្រ និងកំលាំងប្រាជ្ញារបស់គេផ្ទាល់។ កំលាំងចិត្តនេះសំខាន់ណាស់ក្នុងការជួយមនុស្សអោយទទួលជោគជ័យក្នុងការងារគ្រប់យ៉ាង។ ចៅចិត្រចេះតស៊ូអំណត់អត់ធន់ ក្នុងការងារក្លាហានចំពោះបញ្ហាដែលកើនមានចំពោះមុខ និងឈ្លាសវៃក្នុងការដោះស្រាយបានភ្លាមៗ។ ចំណុចពិសេសមួយទៀតនោះគឺចៅចិត្រអាចធ្វើអោយចៅហ្វាយនាយស្រលាញ់ គឺគេមិនចេះរើសអើងការងារ ហើយការងារអ្វីក៏ចិត្រធ្វើបានដែរ។ ប្រសើលើសអ្វីទាំងអស់នោះ ចៅចិត្រជាមនុស្សស្មោះត្រង់ជាមួយចៅហ្វាយនាយ កម្មករដូចគ្នា ព្រមទាំងឃុននារី។ ចៅចិត្រមិនដែលកិបកេងយកចំណេញពីចៅម្វាយនាយឡើយទាំងការងារ និងសេចក្តីស្នេហា។ បើចៅចិត្រមិនស្មោះត្រង់ទេប្រហែលជា មិនបានឋានៈកូនប្រសារថៅកែត្បូងឡើយ។ សរុបសេចក្តីមក ចៅចិត្រមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការងាររស់នៅរបស់ខ្លួន នឹងអាចធ្វើអោយខ្លួនទទួលបានជោគជ័យនេះក៏សំអាងបណ្តាំឪពុក ”អត្ថាហិអត្តនោនាថោ“ នេះហើយ។
ប្រធានបទខាងលើមានអត្ថន័យល្អត្រឹមត្រូវសំរាប់អប់រំមនុស្សអោយចេះជឿជាក់លើសមត្ថភាពរបស់ខ្លួន និងចេះតស៊ូអំ ណត់អត់ធនក្នុងការធ្វើការងារ។ ដូចនេះខេមរបុត្រទាំងឡាយអើយ ត្រូវចេះកសាងខ្លួនអោយមានសមត្ថភាពក្នុងការដឹកនាំជោគវាសនារបស់ខ្លួនអោយបានល្អប្រសើរ និងពោពេញដោយភាពជោគជ័យ៕